ចូររីកចម្រើនក្នុងកិច្ចបម្រើផ្សាយ
១ បិតានៅស្ថានសួគ៌របស់យើងពិតជាសប្បាយចិត្តពេលអ្នកបម្រើរបស់ទ្រង់រីកចម្រើនក្នុងកិច្ចបម្រើទ្រង់។ នេះបូករួមទាំងការបង្កើនសមត្ថភាពជាអ្នកផ្សាយដំណឹងល្អដែលមានប្រសិទ្ធភាព និងគំនិតចាស់ទុំ។ សាវ័កប៉ុលបានលើកទឹកចិត្តធីម៉ូថេដែលបម្រើជាអ្នកត្រួតពិនិត្យឲ្យបន្តយកចិត្តទុកដាក់ក្នុងការអានគម្ពីរ និងការបង្រៀនដើម្បីឲ្យអ្នកឯទៀតឃើញសេចក្ដីជំនឿនរបស់គាត់។ (១ធី. ៤:១៣-១៥) គប្បីឲ្យយើងគ្រប់គ្នាខំប្រឹងប្រែងក្នុងការធ្វើឲ្យកិច្ចបម្រើខ្លួនរឹតតែប្រសើរឡើងថែមទៀត សូម្បីតែយើងមានបទពិសោធន៍ជាអ្នកផ្សាយយូរឆ្នាំហើយក៏ដោយ។
២ ចូររៀបចំគោលដៅសម្រាប់ខ្លួន : ការរីកចម្រើនតម្រូវឲ្យយើងតាំងគោលដៅសម្រាប់ខ្លួន។ តើយើងអាចតាំងគោលដៅណាខ្លះ? ប្រហែលយើងអាចព្យាយាមដើម្បីឲ្យបានប៉ិនប្រសប់ជាងក្នុងការប្រើដាវរបស់យើង ពោលគឺគម្ពីរ។ (អេភ. ៦:១៧) ប្រហែលមានកិច្ចផ្សព្វផ្សាយម្យ៉ាងដែលយើងមិនទាន់ធ្វើដោយប៉ិនប្រសប់ តួយ៉ាងដូចជាការផ្សព្វផ្សាយតាមផ្លូវ តាមទូរស័ព្ទ ឬនៅតំបន់ជំនួញ។ ប្រហែលយើងអាចខំប្រឹងធ្វើការត្រឡប់ទៅជួបដែលមានប្រសិទ្ធភាពច្រើនជាង។ ការបង្កើនសមត្ថភាពក្នុងការចាប់ផ្ដើមនិងបង្រៀនសិស្សគម្ពីរ នោះប្រហែលជាគោលដៅដ៏ល្អមួយទៀត។
៣ វិធានការដែលអាចជួយយើង : កិច្ចប្រជុំផ្សេងៗប្រចាំសប្ដាហ៍ ជាពិសេសសាលាកិច្ចបម្រើផ្សាយនិងការប្រជុំអប់រំកិច្ចបម្រើ ត្រូវបានរៀបចំឡើងដើម្បីជួយយើងបង្កើនសមត្ថភាពជាអ្នកផ្សាយ។ ដរាបណាដែលយើងខំប្រឹងកាន់តែច្រើនក្នុងការរៀបចំនិងចូលរួមកិច្ចប្រជុំ ព្រមទាំងអនុវត្តអ្វីដែលយើងបានរៀន ដរាបនោះយើងនឹងទទួលពរកាន់តែច្រើនដែរ។—២កូ. ៩:៦
៤ យើងក៏ត្រូវការជួយគ្នាបង្កើនសមត្ថភាពដែរ។ (សុ. ២៧:១៧) ដោយយកចិត្តទុកដាក់ស្ដាប់ពាក្យផ្សាយរបស់ដៃគូយើង នោះនឹងជួយបង្កើនសមត្ថភាពរបស់យើង។ បន្ថែមទៅទៀត អ្នកត្រួតពិនិត្យក្រុមសិក្សាប្រហែលអាចចាត់ចែងឲ្យយើងទទួលជំនួយក្នុងកិច្ចផ្សព្វផ្សាយ។ ពិតជាមានប្រយោជន៍មែន! បើមានអ្នកត្រួសត្រាយពេញពេលឬអ្នកផ្សាយឯទៀតដែលមានបទពិសោធន៍ច្រើនជួយយើងឲ្យមានប្រសិទ្ធភាព និងអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។ ប្រសិនបើមានអ្នកផ្សាយថ្មីក្នុងក្រុមសិក្សាយើង ប្រហែលយើងអាចចាត់វិធានការអញ្ជើញគាត់ឲ្យទៅផ្សាយជាមួយគ្នា។
៥ កិច្ចការដ៏សំខាន់បំផុតនៅសព្វថ្ងៃនេះ គឺកិច្ចបម្រើផ្សាយ។ នៅពេលដែលយើង«ថ្វាយពាក្យសរសើរ»ទៅព្រះយេហូវ៉ា យើងចង់ធ្វើដូច្នេះអស់ពីសមត្ថភាពរបស់យើង។ (ហេ. ១៣:១៥) ប្រសិនបើយើងព្យាយាមបង្កើនសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ នោះយើងនឹងក្លាយជាអ្នកធ្វើការ«ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។—២ធី. ២:១៥