ចូររៀបចំគោលដៅខាងវិញ្ញាណ
១ លទ្ធភាពអាចសរសើរព្រះយេហូវ៉ាជារៀងរហូត ជាឯកសិទ្ធិមួយដ៏ប្រសើរណាស់! ដើម្បីជួយយើងសម្រេចគោលដៅនេះ យើងអាចរៀបចំគោលដៅឯទៀតខាងវិញ្ញាណ ដែលយើងអាចព្យាយាមសម្រេចតាំងពីឥឡូវនេះ។ ការរៀបចំគោលដៅ ជួយយើងប្រើពេលនិងកម្លាំងរបស់យើងតាមរបៀបដ៏ល្អបំផុត។ (១កូ. ៩:២៦) តើមានគោលដៅអ្វីខ្លះដែលអ្នកអាចសម្រេចបាន?
២ ការសិក្សាព្រះគម្ពីរ: តើអ្នកមានទម្លាប់រៀបចំសំរាប់កិច្ចប្រជុំក្រុមជំនុំនិមួយៗឬទេ? បើអ្នករៀបចំមែន តើអ្នកឆ្លៀតពេលក្នុងការសិក្សាអំពីនោះដើម្បីស្រាវជ្រាវនិងរំពឹងគិតឬទេ? ជាឧទាហរណ៍ ពេលអ្នករៀបចំសំរាប់ការសិក្សាទស្សនាវដ្ដីប៉មយាម និងការសិក្សាសៀវភៅតាមក្រុមជំនុំ តើអ្នកគ្រាន់តែគូសចម្លើយប៉ុណ្ណោះឬ? ឬក៏តើអ្នកបើកមើលខគម្ពីរ និងរំពឹងគិតអំពីមូលហេតុដែលវគ្គទាំងនេះពន្យល់អំពីខគម្ពីរទាំងនោះដូច្នោះ? រាល់សប្ដាហ៍ តើអ្នកអាចរៀបចំគោលដៅស្រាវជ្រាវចំណុចពីរបីពីអំនានព្រះគម្ពីរ សំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យបានឬទេ? ដើម្បីស្រាវជ្រាវរិះរកពត៌មានខាងវិញ្ញាណដូច្នេះ អ្នកត្រូវព្យាយាមនិងចំណាយពេលខ្លះៗដែរ ប៉ុន្តែ ផលប្រយោជន៍ដែលអ្នកនឹងទទួលគឺល្អប្រសើរណាស់។—សុ. ២:៤, ៥
៣ កិច្ចប្រជុំក្រុមជំនុំ: មួយទៀតគឺគោលដៅទៅកិច្ចប្រជុំក្រុមជំនុំគ្រប់ទាំងប្រាំជាទៀងទាត់។ អ្នកអាចជួយលើកទឹកចិត្តក្រុមជំនុំដែរ បើអ្នកមកមុនម៉ោងនោះអាចសំណេះសំណាលជាមួយនឹងបងប្អូន និងចូលរួមច្រៀងចំរៀងនិងស្ដាប់សេចក្ដីអធិស្ឋាន។ យើងក៏អាចព្យាយាមឆ្លើយនៅកិច្ចប្រជុំនិមួយៗ និងព្យាយាមរៀបចំចម្លើយឲ្យបានប្រសើរថែមទៀត។ ប្រហែលជាអ្នកអាចពន្យល់ទំនាក់ទំនងរវាងខគម្ពីរនឹងពត៌មានក្នុងវគ្គ ឬមួយក៏ពន្យល់របៀបចំណុចមួយអាចត្រូវយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។—ហេ. ១០:២៤, ២៥
៤ កិច្ចផ្សព្វផ្សាយ: កាលណាយើងផ្សព្វផ្សាយដោយមានគោលដៅ កិច្ចបំរើផ្សាយរបស់យើងគឺប្រសើរជាង។ តើអ្នកមានគោលដៅកំណត់ចំនួនម៉ោង ដែលអ្នកនឹងចំណាយក្នុងកិច្ចផ្សព្វផ្សាយរាល់ខែឬទេ? បងប្អូនខ្លះដែលមានគោលដៅនេះ ទទួលផលប្រយោជន៍ជាច្រើន។ មួយទៀត តើអ្នកអាចរីកចំរើនក្នុងផ្នែកមួយនៃកិច្ចបំរើបានឬទេ ដូចជាការប្រើព្រះគម្ពីរក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ការត្រឡប់ទៅជួប ការព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ឬក៏ការបង្កើនប្រសិទ្ធិភាពក្នុងការបង្រៀនសិស្សព្រះគម្ពីរ?
៥ មាតាបិតាទាំងឡាយអើយ! តើអ្នកលើកទឹកចិត្តកូនរបស់ខ្លួនឲ្យរៀបចំគោលដៅក្នុងកិច្ចបំរើព្រះយេហូវ៉ាឬទេ? ចូរជួយកូនយល់ថា ការបំរើជាអ្នកត្រួសត្រាយ សាសនទូត ឬសមាជិកនៃក្រុមគ្រួសារបេតអែល ជាវិធីដ៏ល្អមួយដែលកូនអាចបង្ហាញជម្រៅចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាបាន។—សាស. ១២:១
៦ ពេលយើងពិនិត្យមើលសកម្មភាពរបស់យើងផ្ទាល់ និងរៀបចំគោលដៅខាងវិញ្ញាណ ព្រមទាំងព្យាយាមសម្រេចគោលដៅទាំងនោះ យើងនឹងមានអំណរច្រើនជាងក្នុងកិច្ចបំរើ ហើយយើងក៏នឹងលើកទឹកចិត្តអ្នកឯទៀតដែរ។—រ៉ូម ១:១២