វិធីដែលជួយអ្នកឲ្យសម្រេចគោលដៅខាងវិញ្ញាណ
១ បន្ទូលរបស់ព្រះយេស៊ូទៅកាន់គ្រីស្ទានគ្រប់រូបឲ្យ‹ស្វែងរកនគរព្រះជាមុនសិន›និងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាពិតជាមានឥទ្ធិពលទៅលើគោលដៅផ្សេងៗក្នុងជីវិតរបស់អ្នកដែលជាយុវវ័យគ្រីស្ទាន។ (ម៉ាថ. ៦:៣៣) ប្រហែលជាអ្នកមានគោលដៅពង្រីកកិច្ចបម្រើផ្សាយដោយធ្វើជាអ្នកត្រួសត្រាយឬបម្រើនៅទីណាដែលមានសេចក្ដីត្រូវការច្រើនជាង។ បងប្អូនខ្លះប្រហែលជាគិតចង់ស្ម័គ្រចិត្តបម្រើការងារសាងសង់នៅប្រទេសផ្សេងៗ បម្រើនៅការិយាល័យសាខា ឬធ្វើជាសាសនទូត។ ទាំងអស់នេះពិតជាគោលដៅនាំឲ្យគាប់ចិត្តនិងគួរឲ្យសរសើរមែន!
២ ការសរសេរឬធ្វើតារាងនៃគោលដៅខាងវិញ្ញាណនឹងជួយអ្នកឲ្យសម្រេចគោលដៅនោះ។ ទស្សនាវដ្ដីប៉មយាម ចេញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤សរសេរថា៖ «គំនិតស្រពេចស្រពិលមួយក្លាយទៅជាច្បាស់និងជាក់លាក់កាលណា[អ្នក]សរសេរគំនិតនោះឲ្យចេញជាពាក្យ។ ហេតុនេះហើយ [អ្នក]ប្រហែលជាចង់សរសេរនៅលើក្រដាសអំពីគោលដៅនិងគម្រោងការណ៍[របស់អ្នក]ដើម្បីសម្រេចគោលដៅនោះ»។ ម្យ៉ាងទៀត គោលដៅដែលអ្នកកំពុងតែបំពេញក្នុងពេលរង់ចាំសម្រេចគោលដៅសម្រាប់អនាគត អាចជួយអ្នកឲ្យចេះប៉ាន់ប្រមាណនិងបន្តផ្ដោតអារម្មណ៍ទៅលើគោលដៅនោះ។
៣ គោលដៅបច្ចុប្បន្ន : ប្រសិនបើអ្នកមិនទាន់បានធ្វើបុណ្យជ្រមុជទឹកទេ នោះសូមគិតពិចារណាអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅនោះ។ អ្នកប្រហែលជាត្រូវការយល់ដឹងច្បាស់ជាងមុនអំពីសេចក្ដីបង្រៀនបឋមនៃព្រះគម្ពីរ។ បើដូច្នោះមែន សូមទុកនោះជាគោលដៅដើម្បីសិក្សាយ៉ាងហ្មត់ចត់នូវសៀវភៅព្រះគម្ពីរបង្រៀន ដោយបើកមើលខគម្ពីរទាំងអស់ដែលបានរៀបរាប់ក្នុងសៀវភៅនោះ។ (១ធី. ៤:១៥) ដូចពួកអ្នកធ្វើការនៅឯបេតអែលនិងសិស្សសាលាគីលាតដែរ ចូរកំណត់គោលដៅដើម្បីអានព្រះគម្ពីរទាំងមូលពីលោកុប្បត្តិដល់វិវរណៈ។ បន្ទាប់មក ចូររក្សាឲ្យមានកម្មវិធីអានអំនានព្រះគម្ពីរប្រចាំថ្ងៃជាទៀងទាត់។ (ទំនុក. ១:២, ៣) បើធ្វើដូច្នេះ នោះនឹងជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណយ៉ាងឆាប់រហ័ស! ពេលដែលអ្នកអានអំនានព្រះគម្ពីរ ចូរចាប់ផ្ដើមនិងបញ្ចប់ដោយការអធិស្ឋានយ៉ាងស្មោះអស់ពីចិត្ត ហើយខំអនុវត្តតាមអ្វីដែលអ្នកបានរៀន។—យ៉ា. ១:២៥
៤ ប្រសិនបើអ្នកបានទទួលបុណ្យជ្រមុជទឹកហើយ តើអ្នកអាចតាំងគោលដៅឯទៀតណាខ្លះ? តើអ្នកត្រូវបង្កើនសមត្ថភាពផ្សព្វផ្សាយរបស់អ្នកឬទេ? ជាឧទាហរណ៍ តើអ្នកអាចទុកអ្វីនេះជាគោលដៅដើម្បីបណ្ដុះបំនិនខាងការប្រើបន្ទូលព្រះក្នុងកិច្ចបម្រើផ្សាយឬទេ? (២ធី. ២:១៥) តើតាមរបៀបណាដែលអ្នកអាចពង្រីកកិច្ចបម្រើផ្សាយរបស់អ្នក? ចូរតាំងគោលដៅឲ្យបានជាក់លាក់សម្រាប់បច្ចុប្បន្នដែលសមស្របតាមអាយុនិងកាលៈទេសៈរបស់អ្នក ហើយនោះនឹងជួយអ្នកឲ្យសម្រេចគោលដៅសម្រាប់អនាគតបាន។
៥ បទពិសោធន៍នៃការសម្រេចគោលដៅខាងវិញ្ញាណ : ពេលដែលប្អូនប្រុសថូនីមានអាយុ១៩ឆ្នាំ គាត់បានទៅលេងការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ពេលនោះគាត់ក៏កើតមានចិត្តប្រាថ្នាចង់បម្រើនៅឯបេតអែល។ ក៏ប៉ុន្តែ គាត់មានរបៀបរស់នៅធ្វើតាមតែទំនើងចិត្តខ្លួនហើយក៏មិនទាំងទាន់បានឧទ្ទិសថ្វាយខ្លួនដល់ព្រះនៅឡើយផង។ ប្អូនប្រុសថូនីបានសម្រេចចិត្តកែប្រែជីវិតរបស់គាត់ឲ្យសមស្របទៅនឹងផ្លូវរបស់ព្រះយេហូវ៉ា ហើយមានគោលដៅបំពេញតម្រូវការសម្រាប់ទទួលបុណ្យជ្រមុជទឹក។ បន្ទាប់ពីបានសម្រេចគោលដៅនេះហើយ គាត់បានតាំងគោលដៅធ្វើជាអ្នកត្រួសត្រាយជំនួយ បន្ទាប់មកជាអ្នកត្រួសត្រាយពេញពេល ដោយសរសេរនៅលើប្រក្រតិទិនរបស់គាត់នូវថ្ងៃខែដែលគាត់ចង់ចាប់ផ្ដើមបំពេញគោលដៅទាំងនោះ។ គាត់ពិតជាមានអំណរមែន! បន្ទាប់ពីបានត្រួសត្រាយអស់មួយរយៈពេលមក គាត់ត្រូវបានអញ្ជើញឲ្យទៅបម្រើនៅឯបេតអែល។
៦ អ្នកក៏អាចសម្រេចគោលដៅខាងវិញ្ញាណបានដែរ ពេលដែលអ្នកខំចាត់ទុកកិច្ចបម្រើព្រះជាអាទិភាព។ ចូរបន្តអធិស្ឋានសូមព្រះយេហូវ៉ាប្រទានពរដល់‹អស់ទាំងការរបស់អ្នក› ហើយខំប្រឹងសម្រេចកិច្ចការទាំងនោះ។—សុ. ១៦:៣; ២១:៥
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើយុវវ័យគ្រីស្ទានជាច្រើនមានគោលដៅខាងវិញ្ញាណអ្វីខ្លះ?
២. តើអ្វីអាចជួយអ្នកឲ្យសម្រេចគោលដៅខាងវិញ្ញាណ?
៣. ចំពោះអ្នកចង់ទទួលបុណ្យជ្រមុជទឹក សូមប្រាប់អំពីគោលដៅខ្លះៗដែលអាចជួយគាត់ឲ្យមានលក្ខណៈគ្រប់គ្រាន់។
៤. តើបច្ចុប្បន្ននេះ គ្រីស្ទានដែលមានគោលដៅបម្រើនៅបេតអែលឬជាសាសនទូតនាពេលអនាគតអាចតាំងគោលដៅបានយ៉ាងណា?
៥. តើការតាំងគោលដៅបច្ចុប្បន្នបានជួយប្អូនប្រុសម្នាក់ឲ្យសម្រេចគោលដៅដើម្បីបម្រើនៅឯបេតអែលយ៉ាងដូចម្ដេច?
៦. តើអ្វីអាចជួយអ្នកឲ្យសម្រេចគោលដៅខាងវិញ្ញាណ?