វិធីបង្ហាត់បង្រៀនអ្នកផ្សាយថ្មីឲ្យចេះផ្សព្វផ្សាយ
១. តើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលផ្សព្វផ្សាយជាលើកដំបូង?
១ តើអ្នកនៅចាំលើកដំបូងដែលអ្នកបានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ? អ្នកទំនងជាភ័យណាស់ពេលនោះ។ បើអ្នកបានផ្សព្វផ្សាយជាមួយនឹងអ្នកដែលបង្រៀនគម្ពីរដល់អ្នក ឬមួយក៏បានផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយម្នាក់ទៀត អ្នកច្បាស់ជាបានសប្បាយដែលមានគេនៅជាមួយដែលអាចជួយអ្នកបាន។ ឥឡូវ អ្នកមានបទពិសោធន៍ក្នុងកិច្ចបម្រើផ្សាយហើយ ដូច្នេះ អ្នកអាចជួយបង្ហាត់បង្រៀនអ្នកថ្មីឲ្យចេះផ្សព្វផ្សាយដែរ។
២. តើអ្នកផ្សព្វផ្សាយថ្មីត្រូវរៀនអ្វីខ្លះ?
២ អ្នកផ្សព្វផ្សាយថ្មីត្រូវរៀនវិធីចាប់ផ្ដើមសន្ទនាជាមួយនឹងម្ចាស់ផ្ទះ វិធីប្រើគម្ពីរពេលដែលផ្សព្វផ្សាយ ហើយក៏ត្រូវរៀនវិធីត្រឡប់ទៅជួប ព្រមទាំងរកនិងបង្រៀនសិស្សគម្ពីរដែរ។ ពួកគេក៏គួររៀនវិធីផ្សព្វផ្សាយផ្សេងៗ ដូចការផ្សព្វផ្សាយតាមផ្លូវ និងការផ្សព្វផ្សាយនៅតំបន់ធ្វើជំនួញ។ គំរូនិងយោបល់របស់អ្នកអាចជួយអ្នកផ្សព្វផ្សាយថ្មីបង្កើនសមត្ថភាពក្នុងរបៀបផ្សព្វផ្សាយទាំងនេះ។
៣. តើគំរូរបស់យើងអាចជួយអ្នកឯទៀតយ៉ាងដូចម្ដេច?
៣ បង្រៀនពួកគេដោយគំរូរបស់អ្នក: លោកយេស៊ូបានបង្ហាញពួកអ្នកកាន់តាមលោកនូវវិធីផ្សព្វផ្សាយ។ (លូក. ៨:១; ១ពេ. ២:២១) ពេលដែលអ្នកណាត់ផ្សព្វផ្សាយជាមួយនឹងអ្នកផ្សព្វផ្សាយថ្មី សូមរៀបចំពាក្យផ្សាយដែលគាត់ស្រួលធ្វើតាម។ ប្រហែលអ្នកអាចប្រើគំរូពាក្យផ្សាយមួយដែលមានក្នុងសៀវភៅរបស់អង្គការយើង។ រួចមក ស្នើសុំផ្សព្វផ្សាយនៅផ្ទះមួយឬក៏ពីរដំបូង ដើម្បីឲ្យអ្នកផ្សាយអាចស្ដាប់អ្វីដែលអ្នកនិយាយ។ ពេលដើរទៅផ្ទះមួយទៀត អ្នកអាចសួរអ្នកផ្សាយថា គាត់គិតយ៉ាងណាអំពីប្រសិទ្ធភាពនៃពាក្យផ្សាយរបស់អ្នក។ នេះនឹងជួយឲ្យគាត់យល់នូវប្រយោជន៍ដែលមកពីការផ្សព្វផ្សាយជាមួយនឹងអ្នកឯទៀត ហើយនឹងធ្វើឲ្យគាត់ស្រួលទទួលយោបល់ពីអ្នក ក្រោយពីគាត់ផ្សព្វផ្សាយ។
៤. ក្រោយពីបានស្ដាប់ពាក្យផ្សាយរបស់អ្នកផ្សព្វផ្សាយថ្មី តើយើងអាចជួយគាត់យ៉ាងដូចម្ដេច?
៤ ជូនយោបល់: លោកយេស៊ូក៏បានផ្ដល់ការណែនាំដល់ពួកអ្នកកាន់តាមលោកអំពីរបៀបផ្សព្វផ្សាយ។ (ម៉ាថ. ១០:៥-១៤) អ្នកអាចជួយអ្នកផ្សាយថ្មីតាមវិធីស្រដៀងនេះដែរ។ ពេលដែលគាត់កំពុងផ្សព្វផ្សាយ សូមស្ដាប់ដោយយកចិត្តទុកដាក់។ ក្រោយពីចេញពីផ្ទះនោះហើយ សូមសរសើរគាត់យ៉ាងច្រើនដោយនិយាយចំ ហើយស្មោះ ទោះជាអ្នកឃើញថាពាក្យផ្សាយរបស់គាត់មានលក្ខណៈដែលគាត់ត្រូវធ្វើឲ្យបានប្រសើរជាងក៏ដោយ។ មុនដែលជូនយោបល់ ប្រហែលជាអ្នកអាចចាំមើលសិន ថាតើគាត់ធ្វើប្រសើរជាងនៅផ្ទះបន្ទាប់ទៀតឬយ៉ាងណា។ ប្រហែលជាគាត់គ្រាន់តែភ័យប៉ុណ្ណោះ។ សូមចាំដែរថា មិនមែនអ្នកផ្សព្វផ្សាយទាំងអស់សុទ្ធតែមានសមត្ថភាពស្មើគ្នានោះទេ ហើយវិធីផ្សព្វផ្សាយមានច្រើនយ៉ាងដែលសុទ្ធតែត្រឹមត្រូវដូចគ្នា។—១កូ. ១២:៤-៧
៥. តើយើងអាចនិយាយអ្វីខ្លះពេលដែលជូនយោបល់?
៥ ជួនកាលអ្នកផ្សព្វផ្សាយថ្មីនឹងសុំយោបល់ពីអ្នក។ ប៉ុន្តែ ប្រសិនបើគាត់មិនសុំទេ សូមចាប់ផ្ដើមជួយគាត់ដោយស្ម័គ្រពីចិត្ត។ តើយើងអាចជួយតាមរបៀបណា ដើម្បីកុំឲ្យគាត់អន់ចិត្ត? អ្នកផ្សព្វផ្សាយខ្លះដែលមានបទពិសោធន៍គ្រាន់តែសួរថា «តើខ្ញុំអាចជូនយោបល់មួយបានទេ?» ឬមួយក៏សួរថា«ក្រោយផ្សព្វផ្សាយនៅផ្ទះនេះហើយ គិតយ៉ាងម៉េចដែរ?»។ ម្យ៉ាងទៀត អ្នកអាចនិយាយថា«នៅពេលដែលខ្ញុំជាអ្នកផ្សព្វផ្សាយថ្មីៗ ខ្ញុំពិបាក . . . ប៉ុន្តែអ្វីមួយដែលបានជួយខ្ញុំគឺ . . . »។ ជួនកាល ជាការល្អបើមើលសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរជាមួយនឹងគាត់។ សូមជូនយោបល់អំពីអ្វីដែលគាត់អាចធ្វើចំពោះលក្ខណៈតែមួយក្នុងពាក្យផ្សាយរបស់គាត់ ដើម្បីមិនធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ទទួលយោបល់ច្រើនពេក មិនដឹងថាត្រូវអនុវត្តយ៉ាងណា។
៦. ស្តីអំពីការផ្សព្វផ្សាយ តើ‹ដែកសំលៀងដែក›យ៉ាងដូចម្ដេច?
៦ ដែករមែងសំលៀងដែក: ធីម៉ូថេមានបទពិសោធន៍ច្រើនខាងការផ្សព្វផ្សាយ តែប៉ូលបានលើកទឹកចិត្តគាត់ឲ្យបន្តព្យាយាមក្នុងការបង្រៀននិងការជឿនទៅមុខ។ (១ធី. ៤:១៣, ១៥) ទោះជាអ្នកបានផ្សព្វផ្សាយយូរឆ្នាំហើយក៏ដោយ ក៏អ្នកមិនគួរឈប់ព្យាយាមបង្កើនសមត្ថភាពរបស់អ្នកដែរ។ ចូររៀនពីអ្នកផ្សព្វផ្សាយឯទៀតដែលអ្នកផ្សព្វផ្សាយជាមួយ ទោះជាពួកគេមានបទពិសោធន៍តិចជាងអ្នកក៏ដោយ។ ចូរឆ្លៀតយកឱកាសដើម្បីជួយអ្នកឯទៀតយ៉ាងសប្បុរស ជាពិសេសអ្នកថ្មី ដើម្បីពួកគេអាចទៅជាអ្នកផ្សាយដំណឹងល្អដែលមានការប៉ិនប្រសប់។—សុភ. ២៧:១៧