ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយធ្វើជាដៃគូផ្សាយល្អ
ហេតុអ្វីសំខាន់?: លោកយេស៊ូបានទទួលស្គាល់ប្រយោជន៍នៃការផ្សព្វផ្សាយជាគូៗ។ ដូច្នេះពេលលោកចាត់ពួកអ្នកកាន់តាមលោក៧០នាក់ឲ្យទៅផ្សព្វផ្សាយមុនលោក លោកបានចាត់ពួកគាត់ឲ្យទៅមួយគូៗ។ (លូក. ១០:១) អ្នកផ្សាយម្នាក់អាចជួយដៃគូផ្សាយរបស់គាត់បាន ពេលដៃគូផ្សាយជួបនឹងស្ថានភាពពិបាក ឬមិនប្រាកដថាត្រូវឆ្លើយយ៉ាងណាទៅកាន់ម្ចាស់ផ្ទះ។ (សាស្ដ. ៤:៩, ១០) គាត់អាចប្រាប់បទពិសោធន៍របស់គាត់ ហើយនៅពេលខ្លះគាត់អាចសុំជូនយោបល់ណាមួយដែលប្រហែលជាអាចជួយដៃគូផ្សាយឲ្យក្លាយទៅជាអ្នកផ្សាយដែលមានប្រសិទ្ធភាពជាង។ (សុភ. ២៧:១៧) គាត់ក៏អាចលើកទឹកចិត្តដៃគូផ្សាយរបស់គាត់ផងដែរ ដោយនិយាយរឿងដែលលើកទឹកចិត្ត ចន្លោះពេលដែលពួកគាត់ដើរពីផ្ទះមួយទៅផ្ទះមួយ។—ភី. ៤:៨
របៀបអនុវត្ត:
• សូមយកចិត្តទុកដាក់ស្ដាប់ ពេលដៃគូផ្សាយរបស់អ្នកកំពុងផ្សព្វផ្សាយ។ (យ៉ា. ១:១៩) ពេលគាត់អានខគម្ពីរ សូមបើកគម្ពីរផ្ទៀងតាមដែរ។ បើអ្នកធ្វើដូច្នោះ នោះស្រួលដឹងថាគាត់ត្រូវការជំនួយឬយ៉ាងណា។
• សូមគិតពិចារណាដើម្បីដឹងថាអ្នកគួរចូលរួមក្នុងការសន្ទនានោះឬមិនគួរ។ (សុភ. ២៥:១១) ពេលអ្នកចូលរួមបង្រៀនគម្ពីរជាមួយអ្នកផ្សាយម្នាក់ទៀត បើម្ដងម្កាលអ្នកជួយពន្យល់ គាត់ទំនងជាពេញចិត្ត។ ប៉ុន្តែ ពេលអ្នកទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយដៃគូផ្សាយ គាត់ប្រហែលជាចង់ឲ្យអ្នកទុកឲ្យគាត់និយាយសិន បើដល់វេនគាត់ត្រូវនិយាយ។ ពិតណាស់ បើគាត់ជាអ្នកផ្សាយថ្មី ឬគាត់មិនដឹងប្រាកដថាត្រូវឆ្លើយយ៉ាងណានឹងសំណួរឬពាក្យជំទាស់ គាត់ទំនងជាដឹងគុណអ្នកដែលបានជួយឆ្លើយ។ ប៉ុន្តែ មិនថាអ្នកចូលរួមកិច្ចបម្រើផ្សាយជាមួយអ្នកណាម្នាក់ ទោះជាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ត្រឡប់ទៅជួប ឬបង្រៀនគម្ពីរក្ដី អ្នកមិនត្រូវនិយាយច្រើនពេក និយាយកាត់គាត់ ឬនាំចូលទៅរឿងផ្សេងទេ។
• សូមប្រាប់បទពិសោធន៍របស់អ្នក។ ពេលខ្លះអ្នកអាចសុំជូនយោបល់មួយដើម្បីជួយដៃគូផ្សាយឲ្យមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចបម្រើផ្សាយ។ បើឃើញមានចំណុចណាមួយដែលគាត់អាចធ្វើឲ្យបានប្រសើរថែមទៀត សូមកុំស្ទាក់ស្ទើរជូនយោបល់។ (សុភ. ៣:២៧) នៅពេលសមរម្យ អ្នកអាចចាប់ផ្ដើមដោយនិយាយថា៖ «ការពិគ្រោះជាមួយម្ចាស់ផ្ទះនោះ តើបងគិតយ៉ាងម៉េចដែរ?» ឬ«តើខ្ញុំអាចជូនយោបល់មួយបានទេ?» ឬ«ពេលខ្ញុំផ្សព្វផ្សាយ ខ្ញុំខំធ្វើតាមចំណុច . . . »។ សូមចាំថា នៅពេលខ្លះបងប្អូនប្រហែលជាពេញចិត្តទទួលយោបល់ពីយើង តែពួកគាត់នឹងធ្លាក់ទឹកចិត្ត បើយើងជូនយោបល់គាត់រាល់តែដងនោះ។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• ក្រោយពីចូលរួមកិច្ចបម្រើផ្សាយជាមួយដៃគូផ្សាយ សូមប្រាប់គាត់អំពីចំណុចល្អៗដែលគាត់បានជួយនិយាយឬជួយអ្នកក្នុងនាមជាដៃគូផ្សាយ។