ចូរធ្វើជាអ្នកជំនួយដ៏ល្អនៅឯមាត់ទ្វារ
១. តើការផ្សព្វផ្សាយជាគូមានប្រយោជន៍អ្វីខ្លះ?
១ នៅពេលមួយ លោកយេស៊ូបានចាត់អ្នកកាន់តាម៧០នាក់ឲ្យទៅផ្សព្វផ្សាយ ហើយលោក«ចាត់គេជាគូៗ»។ (លូក. ១០:១) ការរៀបចំនេះច្បាស់ជាបានឲ្យសិស្សជួយគ្នានិងលើកទឹកចិត្តគ្នាកាលដែលពួកគាត់ផ្សព្វផ្សាយដំណឹងល្អ។ ពេលយើងទៅផ្សព្វផ្សាយជាគូ តើយើងអាចជួយគ្នាយ៉ាងដូចម្ដេច?
២. ពេលដែលដៃគូអ្នកកំពុងនិយាយ តើអ្នកគួរស្ដាប់យ៉ាងណា? ហើយហេតុអ្វី?
២ ដោយចេះស្ដាប់: ចូរយកចិត្តទុកដាក់ស្ដាប់ពេលដែលដៃគូអ្នកកំពុងផ្សព្វផ្សាយ។ (យ៉ា. ១:១៩) បើដៃគូអានខគម្ពីរ ចូរបើកគម្ពីររបស់អ្នកផ្ទៀងតាមដែរ។ ចូរមើលបុគ្គលដែលកំពុងនិយាយ មិនថាដៃគូឬម្ចាស់ផ្ទះ។ ប្រសិនបើអ្នកពិតជាស្ដាប់ដោយយកចិត្តទុកដាក់ នេះអាចលើកទឹកចិត្តម្ចាស់ផ្ទះឲ្យប្រុងស្ដាប់ដែរ។
៣. តើដៃគូរបស់យើងប្រហែលជាពេញចិត្តឲ្យយើងនិយាយនៅពេលណា?
៣ ដោយដឹងថាពេលណាត្រូវនិយាយ: ពេលយើងនៅជាមួយនឹងបុគ្គលម្នាក់ដែលកំពុងផ្សាយ យើងលើកកិត្ដិយសគាត់ ដោយឲ្យគាត់នាំមុខ។ (រ៉ូម ១២:១០) យើងគួរជៀសវាងពីការកាត់សម្ដីគាត់។ ប្រសិនបើគាត់ភ្លេចនូវអ្វីដែលគាត់ចង់និយាយ ឬម្ចាស់ផ្ទះជំទាស់ចំណុចណាមួយឬសួរសំណួរ ហើយដៃគូយើងត្រូវការជំនួយ នោះយើងខំនិយាយបន្ថែមលើពាក្យសម្ដីរបស់ដៃគូយើង ជាជាងចាប់ផ្ដើមនិយាយអំពីប្រធានណាផ្សេង។ (សុភ. ១៦:២៣; សាស្ដ. ៣:១, ៧) ប្រសិនបើយើងនិយាយ នោះពាក្យរបស់យើងគួរបន្ថែមឲ្យបានល្អចំពោះការផ្សព្វផ្សាយនោះ។—១កូ. ១៤:៨
៤. យើងនឹងមានអំណរនិងបានជោគជ័យក្នុងកិច្ចបម្រើផ្សាយ បើយើងចេះធ្វើអ្វី?
៤ នៅពេលអ្នកកាន់តាម៧០នាក់បានផ្សព្វផ្សាយចប់ នោះពួកគាត់«បានវិលត្រឡប់មកវិញទាំងមានអំណរ»។ (លូក. ១០:១៧) យើងក៏នឹងមានអំណរនិងបានជោគជ័យក្នុងកិច្ចបម្រើផ្សាយដែរ កាលដែលយើងស្ដាប់និងដឹងថាពេលណាត្រូវនិយាយក្នុងកាលដែលជួយអស់អ្នកដែលយើងទៅផ្សព្វផ្សាយជាមួយ។