ចូរជួយសម្រាលទុក្ខអស់អ្នកដែលមានមរណទុក្ខ
១ ការបាត់បង់មនុស្សជាទីស្រឡាញ់ពិតជានាំឲ្យពិបាកចិត្តមែន ជាពិសេសចំពោះអស់អ្នកដែលមិនជឿទៅលើសេចក្ដីសង្ឃឹមពីគម្ពីរ។ (១ថែ. ៤:១៣) មនុស្សជាច្រើនធ្លាប់ឆ្ងល់ថា ‹ហេតុអ្វីមនុស្សស្លាប់? តើមានអ្វីកើតឡើងចំពោះមនុស្សស្លាប់? តើខ្ញុំនឹងអាចជួបអ្នកជាទីស្រឡាញ់ដែលបានស្លាប់ទៅម្ដងទៀតបានទេ?›។ សូមអញ្ជើញពិចារណាយោបល់នៅខាងក្រោមដែលបញ្ជាក់ពីរបៀបសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខដោយសារបងប្អូនញាតិមិត្តស្លាប់ ពេលផ្សាយដំណឹងល្អ។—អេសា. ៦១:២
២ ពីផ្ទះមួយទៅផ្ទះមួយ : ប្រហែលម្ចាស់ផ្ទះប្រាប់យើងថា សមាជិកម្នាក់នៅក្នុងក្រុមគ្រួសារគាត់បានស្លាប់។ តើគាត់នៅតែពិបាកចិត្តខ្លាំងទេ? តើនៅក្នុងផ្ទះគាត់មានញាតិសន្ដានជាច្រើនដែលនៅតែសោកសង្រេងទេ? ក្នុងករណីបែបនេះ យកល្អបើយើងមិនផ្សាយយូរពេកនៅទីនោះ។ (សាស. ៣:១, ៧) ប្រហែលយើងអាចបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ហើយជូនខិត្តប័ណ្ណ ទស្សនាវដ្ដី ឬសៀវភៅស្តើងដែលសមរម្យ ហើយក្រោយមកលាចេញទៅវិញ។ បន្ទាប់មកយើងអាចត្រឡប់ទៅលេងគាត់នៅពេលក្រោយដើម្បីសម្រាលទុក្ខគាត់ថែមទៀតពីគម្ពីរ។
៣ នៅពេលផ្សេងទៀត យើងប្រហែលអាចនិយាយយូរបន្ដិចពេលជួបគេជាលើកដំបូង។ យកល្អបើយើងមិនប្រកែកនឹងទស្សនៈខុសឆ្គងរបស់ម្ចាស់ផ្ទះអំពីមនុស្សស្លាប់។ ប៉ុន្តែ យើងអាចអាននូវសេចក្ដីសន្យាក្នុងគម្ពីរអំពីដំណើររស់ឡើងវិញ។ (យ៉ូន. ៥:២៨, ២៩) ណាមួយទៀត យើងក៏អាចបង្ហាញអ្វីដែលគម្ពីររៀបរាប់អំពីស្ថានភាពនៃមនុស្សស្លាប់។ (សាស. ៩:៥, ១០) កំណត់ហេតុអំពីមនុស្សដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ប្រហែលអាចជួយសម្រាលទុក្ខគាត់ដែរ។ (យ៉ូន. ១១:៣៩-៤៤) ម្យ៉ាងទៀត យើងអាចពិចារណាជាមួយគាត់អំពីពាក្យរបស់លោកយ៉ូបដែលបង្ហាញទំនុកចិត្តទៅលើព្រះ។ (យ៉ូប ១៤:១៤, ១៥) មុននឹងចេញទៅវិញ យើងអាចជូនខិត្តប័ណ្ណតើមានសេចក្ដីសង្ឃឹមអ្វី សម្រាប់មនុស្សដែលយើងស្រឡាញ់ដែលបានស្លាប់ទៅ? ឬក៏សៀវភៅស្តើង និងខិត្តប័ណ្ណឯទៀតដែលសមរម្យ។ ម្យ៉ាងទៀតយើងក៏អាចជូនសៀវភៅព្រះគម្ពីរបង្រៀន និងបង្ហាញព័ត៌មាននៅជំពូកទី៦ ហើយណាត់ពេលត្រឡប់ទៅជួបគាត់ដើម្បីពិភាក្សាអំពីរឿងថែមទៀតនោះ។
៤ ក្នុងកាលៈទេសៈផ្សេងទៀត : ប្រសិនបើមានបុណ្យសពនៅសាលប្រជុំ តើនឹងមានមនុស្សដែលមិនមែនជាសាក្សីព្រះយេហូវ៉ាចូលរួមដែរទេ? បើមានមែន យើងអាចជូនសៀវភៅទៅគាត់ដែលផ្ដល់ការសម្រាលទុក្ខ។ នៅពេលខ្លះ មានសេចក្ដីជូនដំណឹងក្នុងកាសែតដែលប្រកាសពីមរណភាពរបស់បុគ្គលផ្សេងៗ។ យើងអាចឆ្លៀតឱកាសនេះ ដើម្បីសរសេរសំបុត្រយ៉ាងខ្លីដែលមានការសម្រាលទុក្ខជូនដល់សមាជិកគ្រួសារដែលកំពុងតែសោកសង្រេង។ ក្នុងករណីមួយ បន្ទាប់ពីទទួលសំបុត្រនិងខិត្តប័ណ្ណខ្លះៗ បុរសពោះម៉ាយម្នាក់និងកូនស្រីគាត់បានទៅលេងផ្ទះរបស់អ្នកផ្សាយដែលបានផ្ញើសំបុត្រនោះ ហើយសួរថា៖ «អ្នកបានផ្ញើសំបុត្រនេះមកខ្ញុំមែនទេ? ខ្ញុំចង់រៀនថែមទៀនអំពីគម្ពីរ!»។ បុរសនោះ ហើយកូនស្រីរបស់គាត់ បានចាប់ផ្ដើមសិក្សាគម្ពីរនិងចូលរួមកិច្ចប្រជុំ។
៥ សាស្ដា ៧:២ចែងថា៖ «ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង»។ ធម្មតាអ្នកដែលមានការកាន់ទុក្ខមានចិត្តចង់ស្ដាប់បណ្ដាំព្រះជាជាងអ្នកដែលវក់តែនឹងការលេងសប្បាយ។ គប្បីឲ្យយើងទាំងអស់គ្នាឆ្លៀតរកឱកាសដែលសមរម្យដើម្បីផ្ដល់ការសម្រាលទុក្ខចំពោះអ្នកដែលកាន់ទុក្ខ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីមនុស្សដែលមានការកាន់ទុក្ខត្រូវការការសម្រាលទុក្ខ?
២. ប្រសិនបើម្ចាស់ផ្ទះមានការកាន់ទុក្ខ តើយើងគួរខំផ្សព្វផ្សាយដល់គាត់យូរទេ?
៣. ប្រសិនបើសមរម្យ តើយើងអាចបង្ហាញបទគម្ពីរណាខ្លះ ដល់ម្ចាស់ផ្ទះដែលមានមរណទុក្ខ?
៤. តើយើងអាចឆ្លៀតឱកាសណាទៀតដើម្បីផ្ដល់ការសម្រាលទុក្ខ?
៥. ហេតុអ្វីគប្បីឲ្យយើងឆ្លៀតរកឱកាសដើម្បីផ្ដល់ការសម្រាលទុក្ខចំពោះអ្នកដែលកាន់ទុក្ខ?