ចូរផ្សព្វផ្សាយដំណឹងល្អដោយឥតឈប់ឈរ
១ ជួនកាលយើងប្រហែលជាគិតថា យើងបានផ្សព្វផ្សាយក្នុងតំបន់ណាមួយជាញឹកញាប់និងសព្វគ្រប់ហើយ តែមិនសូវមានមនុស្សចាប់អារម្មណ៍ទេ។ ក៏ប៉ុន្តែ មានមូលហេតុជាច្រើន ដែលគួរជំរុញទឹកចិត្តយើងឲ្យបន្តផ្សព្វផ្សាយ។—ម៉ាថ. ២៨:១៩, ២០
២ ទុកជាទីបន្ទាល់ : ព្រះយេស៊ូបានទាយថា ការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះនឹងទៅជាផ្នែកដ៏សំខាន់នៃលក្ខណៈផ្សេងៗនៃទី«បំផុតកល្ប» ឬគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ ហើយនឹងត្រូវប្រកាស«ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។ (ម៉ាថ. ២៤:៣, ១៤) នៅពេលដែលមនុស្សឃើញយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ នេះជាទីបន្ទាល់ដែលមានឥទ្ធិពលខ្លាំងក្លា។ ក្រោយពីយើងចេញពីតំបន់ផ្សាយនោះទៅ ម្ចាស់ផ្ទះខ្លះ ប្រហែលជានិយាយអស់ច្រើនម៉ោងឬច្រើនថ្ងៃអំពីការដែលយើងបានទៅផ្សាយនៅតំបន់នោះ ទោះជាពួកគេមិនបានស្ដាប់អ្វីដែលយើងផ្សព្វផ្សាយក៏ដោយ។ បើយើងយល់ដឹងនូវមូលហេតុផ្សេងៗដែលយើងផ្សព្វផ្សាយនេះ នោះនឹងជួយយើងឲ្យតស៊ូព្យាយាម។ ព្រះយេហូវ៉ាពេញចិត្តនឹងយើង កាលណាយើងចូលរួមបំពេញទំនាយក្នុងគម្ពីរ ពោលគឺដោយផ្សព្វផ្សាយហើយដោយប្រកាសព្រមានពួកគេអំពីសេចក្ដីហិនវិនាសដែលនៅខាងមុខ។—២ថែ. ១:៦-៩
៣ យើងត្រូវតស៊ូព្យាយាម : យើងត្រូវតស៊ូព្យាយាមនៅពេលដែលខំបណ្ដុះឲ្យមនុស្សមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីព្រោះជីវិតមនុស្សជាប់រវល់ណាស់ ទាំងមានអ្វីៗជាច្រើនដែលបំបែរអារម្មណ៍របស់ពួកគេ។ សាក្សីព្រះយេហូវ៉ាបានទៅផ្សាយនៅផ្ទះរបស់ស្ត្រីម្នាក់រៀងរាល់សប្ដាហ៍អស់រយៈមួយឆ្នាំ មុននឹងគាត់សម្រេចចិត្តអញ្ជើញសាក្សីព្រះយេហូវ៉ាឲ្យចូលផ្ទះដើម្បីពិភាក្សាអំពីបទគម្ពីរ។ គាត់បានចូលចិត្តនឹងព័ត៌មាននោះដល់ម្ល៉េះដែលគាត់បានយល់ព្រមសិក្សាគម្ពីរ ចាប់ផ្ដើមទៅប្រជុំ ហើយមិនយូរប៉ុន្មានក្រោយមកមានចិត្តចង់ទទួលការជ្រមុជទឹក។
៤ ស្ថានភាពក្នុងពិភពលោកនិងចិត្តគំនិតរបស់មនុស្សកំពុងតែប្រែប្រួលយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនដែលពីមុនមិនព្រមស្ដាប់ពេលដែលយើងផ្សព្វផ្សាយ ឥឡូវប្រហែលជាសុខចិត្តស្ដាប់អំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់អនាគត។ ទោះបីមានមនុស្សតែម្នាក់ប៉ុណ្ណោះចាប់អារម្មណ៍នឹងសាររាជាណាចក្រក្ដី ក៏នោះនៅតែសមនឹងការតស៊ូព្យាយាមរបស់យើង។
៥ មនុស្សកាន់តែច្រើនឡើងនៅទូទាំងពិភពលោកកំពុងតែ«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្ត»នៅសម័យយើងនេះ។ (អេសេ. ៩:៤) លទ្ធផលនៃការផ្សព្វផ្សាយរបស់យើងសឲ្យឃើញថា មនុស្សដែលស្រឡាញ់សេចក្ដីសុចរិតកំពុងតែស្ដាប់តាមសាររាជាណាចក្ររបស់ព្រះ។ (អេសា. ២:២, ៣) ហេតុដូច្នេះហើយ សូមឲ្យយើងបន្តផ្សព្វផ្សាយដោយឥតឈប់ឈរ ដោយបង្ហាញសេចក្ដីស្រឡាញ់ តស៊ូព្យាយាមក្នុងការ«នាំដំណឹងល្អពីការប្រសើរមក»ដល់មនុស្សទាំងឡាយ។—អេសា. ៥២:៧; កិច្ច. ៥:៤២