ការបង្រៀនមនុស្សដែលមិនសូវចេះអាន
១. តើយើងអាចជួបការពិបាកអ្វីក្នុងកិច្ចបម្រើផ្សាយ?
១ ជួនកាលនៅក្នុងកិច្ចបម្រើផ្សាយ យើងជួបមនុស្សដែលមិនសូវចេះអានអក្សរទេ ហើយនេះអាចជាការពិបាកបន្ដិចក្នុងការបង្រៀនសេចក្ដីពិតដល់ពួកគាត់។ តើយើងអាចធ្វើយ៉ាងណា?
២. តើយើងបង្ហាញការគោរពចំពោះអ្នកដែលមិនសូវចេះអានយ៉ាងដូចម្ដេច? ហើយហេតុអ្វី?
២ ចូរបង្ហាញការគោរពចំពោះពួកគាត់ : អ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ា គឺសន្ដានចិត្តរបស់មនុស្ស មិនមែនការរៀនសូត្រខ្ពង់ខ្ពស់របស់គាត់ទេ។ (១សាំ. ១៦:៧; សុភ. ២១:២) ហេតុដូច្នេះហើយ យើងមិនមើលងាយមនុស្សដែលមិនសូវចេះអានអក្សរនោះទេ។ បុគ្គលបែបនេះប្រហែលនឹងព្រមទទួលជំនួយពីយើង ពេលយើងបង្ហាញការគោរពនិងចិត្តអត់ធ្មត់ចំពោះពួកគាត់។ (១ពេ. ៣:១៥) យើងបង្ហាញការគោរព ដោយមិនបង្ខំឲ្យគាត់អានបទគម្ពីរមួយឬវគ្គមួយឡើយ។ កាលដែលបុគ្គលម្នាក់រៀនបានច្រើននូវសេចក្ដីពិតដែលមានតម្លៃពីគម្ពីរ នោះគាត់អាចមានចិត្តចង់បង្កើនសមត្ថភាពអាន ដើម្បីឲ្យបានអំណរច្រើនទៀតពីការអានបណ្ដាំរបស់ព្រះ តាមបែប«រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។—ទំនុក. ១:២, ៣
៣. តើយើងអាចប្រើវិធីអ្វី ដើម្បីបង្រៀនមនុស្សដែលមិនសូវចេះអាន?
៣ វិធីផ្សេងៗដើម្បីបង្រៀនគម្ពីរ : រូបភាពផ្សេងៗគឺជាវិធីដ៏ល្អចំពោះការបង្រៀនមនុស្ស និងជួយពួកគាត់ឲ្យចងចាំនូវអ្វីដែលពួកគាត់បានរៀន។ អ្នកអាចសួរសិស្សនូវអ្វីដែលគាត់មើលឃើញក្នុងរូបភាពមួយនៃសៀវភៅដែលអ្នកប្រើនោះ។ រួចមក ចូរប្រើសំណួរជាក់លាក់ដើម្បីជួយគាត់ឲ្យយល់នូវអ្វីដែលរូបភាពនោះបង្រៀន។ ចូរប្រើគម្ពីរដែលបង្រៀននូវចំណុចជាក់លាក់ណាមួយក្នុងរូបភាពនោះ។ យើងក៏អាចប្រើរូបភាពផ្សេងៗដើម្បីពិនិត្យសាឡើងវិញនូវមេរៀននោះដែរ។ ចូរកុំលើកចំណុចច្រើនពេកពេលបង្រៀនម្ដងៗ។ ចូរបញ្ជាក់នូវប្រធាន និងគោលចំណុចផ្សេងៗនៃមេរៀន និងកុំពិគ្រោះចំណុចផ្សេងៗដែលគ្មានក្នុងសៀវភៅនោះ។ ចូរអានខគម្ពីរពីបណ្ដាំរបស់ព្រះ និងប្រើសំណួរផ្សេងៗដើម្បីឲ្យប្រាកដថា សិស្សនោះយល់នូវអ្វីដែលអ្នកបានអាន។ នេះអាចធ្វើឲ្យគាត់ចង់បង្កើនសមត្ថភាពអានរបស់គាត់ ដើម្បីស្វែងយល់នូវចំណុចផ្សេងៗដោយខ្លួនឯង។
៤. តើយើងអាចជួយសិស្សគម្ពីរឲ្យបង្កើនសមត្ថភាពអានយ៉ាងដូចម្ដេច?
៤ ជំនួយដើម្បីបង្កើនសមត្ថភាពអាន : មនុស្សដែលមិនសូវចេះអានឬឥតមានឱកាសរៀនអានឲ្យបានស្ទាត់ អាចយល់និងចាំព័ត៌មានបានល្អ។ បើមានកាស្សែតអំពីសៀវភៅរបស់យើង អ្នកអាចលើកទឹកចិត្តពួកគាត់ឲ្យចាក់ស្ដាប់។ បើប្រុងស្ដាប់តាមការអាន ដោយផ្ទៀងតាមសៀវភៅ សូម្បីតែថាតាម នឹងជួយបុគ្គលនោះបង្កើនសមត្ថភាពអានដែរ។ នៅតាមតំបន់ខ្លះ ពួកអ្នកចាស់ទុំក៏អាចរៀបចំឲ្យមានក្រុម ដើម្បីរៀនអានក្នុងក្រុមជំនុំ។ យោបល់ដែលមានប្រយោជន៍ទាំងនេះអាចជួយយើង ឲ្យជួយមនុស្សដែលមិនសូវចេះអានអក្សរឲ្យយល់«ឯកសារបរិសុទ្ធនានា» ដែលអាចធ្វើឲ្យពួកគាត់មានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ។—២ធី. ៣:១៥