តើយើងអាចជួយអ្នកដែលមិនសូវចេះអានយ៉ាងដូចម្ដេច?
១. ហេតុអ្វីពិបាកក្នុងការបង្រៀនគម្ពីរដល់អ្នកដែលមិនសូវចេះអក្សរ?
១ ម្ចាស់ផ្ទះដែលមិនសូវចេះអានប្រហែលជាចាប់អារម្មណ៍ចង់ដឹងសេចក្ដីពិត ប៉ុន្តែពេលពួកគេឃើញគម្ពីរឬសៀវភៅក្រាស់ៗអាចធ្វើឲ្យពួកគេភ័យខ្លាចនឹងអានអក្សរ។ ដូច្នេះ បើស្នើសុំបង្រៀនពួកគេដោយប្រើសៀវភៅព្រះគម្ពីរបង្រៀនជាលើកដំបូង ប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ។ តើយើងអាចជួយពួកគេឲ្យមានចំណងមិត្តភាពជាមួយព្រះយ៉ាងដូចម្ដេច? ស្តីអំពីរឿងនេះ យើងបានសួរអ្នកផ្សព្វផ្សាយដែលមានបទពិសោធន៍ដែលមកពីជាង២០ប្រទេស។ ពួកគាត់មានយោបល់ដូចខាងក្រោម។
២. តើមានជំនួយសិក្សាណាខ្លះដែលមានប្រសិទ្ធភាពក្នុងការជួយអ្នកដែលមិនសូវចេះអានអក្សរ?
២ បើសិស្សគម្ពីរមិនសូវចេះអាន ឬមិនចេះអានតែម្ដង អ្នកប្រហែលជាចាប់ផ្ដើមបង្រៀនដោយប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត។ អ្នកត្រួសត្រាយម្នាក់នៅសហរដ្ឋអាម៉េរិកបានបង្ហាញសៀវភៅស្តើងទាំងពីរដល់ម្ចាស់ផ្ទះហើយសួរថា ក្នុងចំណោមសៀវភៅទាំងពីរនេះ គាត់ស្រួលអានសៀវភៅមួយណាជាង។ ការិយាល័យសាខានៅប្រទេសកេនយ៉ាបានរាយការណ៍ថាសៀវភៅស្តើងទាំងពីរនេះជាជំនួយសិក្សាដែលមានប្រសិទ្ធភាពណាស់ ពីព្រោះប្រជាជននៅតំបន់អាហ្វ្រិកមានទម្លាប់រៀនតាមរយៈស្ដាប់ការនិទានរឿង មិនមែនរៀនដោយសួរសំណួរនិងចម្លើយទេ។ រីឯអ្នកដែលមានការអប់រំវិញប្រហែលជាស្រួលរៀនដោយអាននិងសួរសំណួរ តែវិធីបង្រៀនបែបនេះប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ សម្រាប់អ្នកដែលមានការអប់រំទាប។ បើសិស្សគម្ពីរចេះអានខ្លះៗ អ្នកផ្សាយជាច្រើនចូលចិត្តចាប់ផ្ដើមបង្រៀនដោយប្រើសៀវភៅស្តើង ព្រះមានដំណឹងល្អសម្រាប់យើង! ឬលោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ឬប្រហែលជាប្រើសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។
៣. ចំពោះអ្នកដែលមិនចេះអាន តើការយល់ដឹងអ្វីខ្លះដែលនឹងជួយយើងឲ្យបង្រៀនពួកគេដោយមានប្រសិទ្ធភាព?
៣ សរសើរ: អ្នកដែលមិនចេះអានប្រហែលជាមានអារម្មណ៍ខ្មាស ហើយពួកគេជាច្រើនមិនសូវឲ្យតម្លៃខ្លួនទេ។ ដូច្នេះ តាមធម្មតា ដើម្បីបង្រៀនពួកគេនូវសេចក្ដីពិត យើងត្រូវជួយពួកគេឲ្យមានអារម្មណ៍ស្រួលសិន។ មនុស្សភាគច្រើនដែលមិនចេះអាន ជាមនុស្សឆ្លាតហើយអាចរៀនបាន។ សូមបង្ហាញការគោរពចំពោះពួកគេ ហើយប្រព្រឹត្តទៅលើពួកគេដោយថ្លៃថ្នូរ។ (១ពេ. ៣:១៥) បើពួកគេមានអារម្មណ៍ថាការព្យាយាមរបស់ខ្លួនគឺមានប្រយោជន៍ ហើយថាពួកគេកំពុងរីកចម្រើន នោះនឹងជំរុញចិត្តពួកគេឲ្យរៀនថែមទៀត។ ដូច្នេះ សូមឧស្សាហ៍សរសើរពួកគេ។
៤. តើយើងអាចលើកទឹកចិត្តអ្នកដែលមិនសូវចេះអានឲ្យរៀបចំមេរៀនទុកជាមុនយ៉ាងដូចម្ដេច?
៤ ទោះបើសិស្សគម្ពីរមិនសូវចេះអានក្ដី សូមលើកទឹកចិត្តគាត់ឲ្យរៀបចំមេរៀនសម្រាប់សិក្សាទុកជាមុន។ អ្នកផ្សាយខ្លះនៅអាហ្វ្រិកខាងត្បូងបានលើកទឹកចិត្តសិស្សគម្ពីរឲ្យសុំសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារ ឬមិត្តភក្ដិដែលចេះអានស្ទាត់ជួយគាត់រៀបចំមេរៀន។ អ្នកផ្សាយម្នាក់នៅប្រទេសអង់គ្លេសបានជំរុញចិត្តសិស្សគម្ពីររបស់គាត់ឲ្យរៀបចំមេរៀន។ ដើម្បីធ្វើដូច្នេះ ក្នុងអំឡុងពេលសិក្សា គាត់ឲ្យសិស្សខ្ចីសៀវភៅរបស់គាត់ប្រើដើម្បីរៀនអស់ពីរបីវគ្គ។ នេះជួយឲ្យសិស្សអាចឃើញថាគឺស្រួលជាងក្នុងការរកចម្លើយ បើសិស្សគូសបន្ទាត់ពីក្រោមចម្លើយនីមួយៗ។ បងប្រុសម្នាក់នៅប្រទេសឥណ្ឌា បានលើកទឹកចិត្តសិស្សគម្ពីរឲ្យមើលរូបភាពក្នុងមេរៀនសម្រាប់សប្ដាហ៍ក្រោយ ហើយរំពឹងគិតអំពីរូបភាពនោះទុកជាមុន។
៥. ពេលយើងបង្រៀនគម្ពីរ តើយើងអាចបង្ហាញចិត្តអត់ធ្មត់យ៉ាងដូចម្ដេច?
៥ អត់ធ្មត់: មិនថាអ្នកប្រើសៀវភៅណាមួយក៏ដោយ សូមផ្ដោតទៅលើចំណុចសំខាន់ៗក្នុងមេរៀននីមួយៗ ហើយជួយសិស្សគម្ពីរឲ្យយល់ច្បាស់អំពីចំណុចទាំងនោះ។ នៅពេលបង្រៀនលើកដំបូង ប្រហែលជាល្អបំផុត ចំណាយពេល១០ទៅ១៥នាទីដើម្បីពិគ្រោះខ្លីៗ។ សូមកុំព្យាយាមប្រាប់ព័ត៌មានច្រើនពេក ពេលបង្រៀនម្ដងៗប្រហែលជាបង្រៀនតែពីរបីវគ្គបានហើយ។ សូមអត់ធ្មត់នឹងសិស្សនោះ បើគាត់អានយឺតៗ។ ពេលដែលគាត់យល់កាន់តែច្បាស់អំពីព្រះយេហូវ៉ា នេះទំនងជានឹងជំរុញចិត្តគាត់ឲ្យខំរៀនអានថែមទៀត។ ដើម្បីជួយសិស្សគម្ពីរឲ្យធ្វើដូច្នោះ ជាការល្អបើយើងអញ្ជើញគាត់ឲ្យចូលរួមកិច្ចប្រជុំតាំងពីរៀននៅលើកដំបូងម្ល៉េះ។
៦. តើយើងអាចជួយបុគ្គលម្នាក់ឲ្យរៀនចេះអានយ៉ាងដូចម្ដេច?
៦ បើសិស្សគម្ពីររៀនចេះអាន ពួកគេនឹងយល់សេចក្ដីពិតកាន់តែលឿនជាង។ (ទំនុក. ១:១-៣) អ្នកផ្សាយជាច្រើនបានជួយសិស្សគម្ពីរ ដោយចំណាយពេលបន្ដិចបន្តួចក្រោយរៀនចប់ ដើម្បីបង្រៀនអក្សរ។ បើសិស្សគម្ពីរធ្លាក់ទឹកចិត្ត អ្នកប្រហែលជាអាចជួយគាត់ឲ្យមានទំនុកចិត្តចំពោះខ្លួន ដោយលើកឡើងអំពីអ្វីខ្លះដែលគាត់បានរៀនហើយ។ សូមជួយឲ្យគាត់ជឿជាក់ថា ព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំព្យាយាមរបស់គាត់ ហើយលើកទឹកចិត្តគាត់ឲ្យអធិដ្ឋានទៅព្រះដើម្បីសុំជំនួយ។ (សុភ. ១៦:៣; ១យ៉ូន. ៥:១៤, ១៥) អ្នកផ្សាយខ្លះនៅប្រទេសអង់គ្លេសបានលើកទឹកចិត្តសិស្សគម្ពីររបស់ពួកគាត់ឲ្យកំណត់គោលដៅដែលសមហេតុផល តែជាគោលដៅដែលរីកចម្រើន ពោលគឺ ដំបូងប្រហែលជារៀនព្យញ្ជនៈនិងស្រៈ រួចមករៀនរកបទគម្ពីរនិងរៀនឲ្យចេះអានខគម្ពីរ ហើយនៅទីបំផុតអានសៀវភៅផ្សេងៗដែលស្រួលយល់របស់អង្គការយើង។ ការជួយមនុស្សឲ្យចេះអាន ច្រើនតែទាក់ទងនឹងការជំរុញចិត្តពួកគេឲ្យចង់អាន មិនគ្រាន់តែបង្រៀនពួកគេនូវរបៀបអានប៉ុណ្ណោះទេ។
៧. ហេតុអ្វីយើងមិនគួរស្ទាក់ស្ទើរបង្រៀនសេចក្ដីពិតដល់អ្នកដែលមិនសូវចេះអក្សរ?
៧ ព្រះយេហូវ៉ាមិនមើលងាយអ្នកដែលមិនសូវមានការអប់រំខ្ពស់ឬមិនសូវចេះអក្សរនោះទេ។ (យ៉ូប ៣៤:១៩) ផ្ទុយទៅវិញ លោកពិនិត្យមើលចិត្តរបស់ពួកគេ។ (១រប. ២៨:៩) ដូច្នេះ កុំស្ទាក់ស្ទើរបង្រៀនសេចក្ដីពិតដល់អ្នកដែលមិនសូវចេះអក្សរឡើយ។ អ្នកមានជំនួយសិក្សាល្អៗជាច្រើនដែលអាចប្រើដើម្បីបង្រៀនពួកគេបាន។ នៅទីបំផុត អ្នកអាចប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀនវិញ ដើម្បីជួយពួកគេឲ្យយល់បទគម្ពីរស៊ីជម្រៅជាង។
[រូបភាពនៅទំព័រ៦]
អ្នកដែលមិនចេះអានប្រហែលជាមានអារម្មណ៍ខ្មាស ហើយពួកគេជាច្រើនមិនសូវឲ្យតម្លៃខ្លួនទេ។ ដូច្នេះ តាមធម្មតា ដើម្បីបង្រៀនពួកគេនូវសេចក្ដីពិត យើងត្រូវជួយពួកគេឲ្យមានអារម្មណ៍ស្រួលសិន
[រូបភាពនៅទំព័រ៦]
បើម្ចាស់ផ្ទះមិនចេះអាន សូមសាកធ្វើតាមវិធីនេះ:
• មុនដំបូងសូមប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ និងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ឬសៀវភៅផ្សេងទៀតដែលសមនឹងគាត់។
• សូមប្រព្រឹត្តចំពោះគាត់ដោយថ្លៃថ្នូរ ហើយឧស្សាហ៍សរសើរគាត់។
• សូមបន្តពិគ្រោះខ្លីៗ ហើយកុំព្យាយាមប្រាប់ព័ត៌មានច្រើនពេក។
• សូមជួយគាត់ឲ្យរៀនចេះអានបន្ដិចម្ដងៗ។
ពេលដែលគាត់ឲ្យតម្លៃចំពោះសេចក្ដីពិត ហើយចង់រៀនថែមទៀត អ្នកអាចប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀនវិញ។