តើអ្នកអាចបង្កើនកិច្ចបម្រើផ្សាយរបស់អ្នកបានឬទេ?
១. តើត្រូវការអ្វីជាបន្ទាន់ក្នុងកិច្ចបម្រើផ្សាយ? ហេតុអ្វី?
១ ដោយឃើញមនុស្សជាច្រើនចាប់អារម្មណ៍នឹងដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ នោះលោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោក ឲ្យ«អង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។ (ម៉ាថ. ៩:៣៧, ៣៨) ដោយសាររដូវប្រមូលផលដំណាំជិតអស់ពេលទៅហើយ នោះកិច្ចការរបស់យើងមានភាពបន្ទាន់ជាងមុនៗទៅទៀត។ នេះបានន័យថា យើងគួរអធិដ្ឋានដើម្បីឲ្យយើងអាចចូលរួមបានច្រើនថែមទៀតក្នុងកិច្ចបម្រើផ្សាយ។—យ៉ូន. ១៤:១៣, ១៤
២. តើបងប្អូនខ្លះបានធ្វើយ៉ាងណា ចំពោះការសុំកម្មករថែមទៀតឲ្យចូលរួមកិច្ចបម្រើផ្សាយ?
២ របៀបបង្កើនកិច្ចបម្រើផ្សាយ : ដោយមានការដឹកនាំនិងជំនួយពីព្រះយេហូវ៉ា បងប្អូនជាច្រើនបានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេល។ (ទំនុក. ២៦:២, ៣; ភី. ៤:៦) បងប្អូនខ្លះខំប្រឹងព្យាយាមដើម្បីបម្រើជាអ្នកត្រួសត្រាយជំនួយមួយខែឬច្រើនជាងជាប្រចាំឆ្នាំ។ នេះជារបៀបដ៏ល្អដែលពួកគាត់អាចបង្កើនកិច្ចបម្រើផ្សាយរបស់ខ្លួន។ សុភមង្គលដែលពួកគាត់មានដោយសារបម្រើជាអ្នកត្រួសត្រាយជំនួយ បានធ្វើឲ្យពួកគាត់ជាច្រើននាក់គិតអំពីការបម្រើជាអ្នកត្រួសត្រាយពេញពេល។—សកម្ម. ២០:៣៥
៣. ប្រសិនបើអ្នកធ្លាប់បម្រើជាអ្នកត្រួសត្រាយពេញពេល តើឥឡូវអ្នកអាចគិតអំពីអ្វី?
៣ តើអ្នកអាចបម្រើជាអ្នកត្រួសត្រាយពេញពេលម្ដងទៀតបានទេ? : ប្រសិនបើអ្នកធ្លាប់បម្រើជាអ្នកត្រួសត្រាយពេញពេល អ្នកច្បាស់ជានៅនឹកចាំអំពីអនុស្សាវរីយ៍ដ៏ល្អនៅគ្រានោះ។ តើអ្នកបានអធិដ្ឋានហើយគិតអំពីលទ្ធភាព ដើម្បីបម្រើជាអ្នកត្រួសត្រាយពេញពេលម្ដងទៀតទេ? កាលៈទេសៈដែលបានបណ្ដាលឲ្យអ្នកឈប់បម្រើជាអ្នកត្រួសត្រាយពេញពេល ប្រហែលលែងជាឧបសគ្គទៀតហើយ។ ប្រហែលឥឡូវជាពេលដើម្បីបម្រើជាអ្នកត្រួសត្រាយពេញពេលម្ដងទៀតបាន។—១យ៉ូន. ៥:១៤, ១៥
៤. តើយើងម្នាក់ៗមានឱកាសដ៏ល្អដើម្បីធ្វើអ្វី?
៤ កិច្ចការប្រមូលផលដំណាំ ឬរដូវច្រូតកាត់កំពុងមានដំណើរការ ហើយមិនយូរប៉ុន្មានទៀតនឹងត្រូវចប់។ (យ៉ូន. ៤:៣៥, ៣៦) សូមឲ្យយើងគ្រប់គ្នាពិចារណាអំពីស្ថានការណ៍របស់ខ្លួន ដើម្បីឲ្យដឹងថា បើយើងអាចកែសម្រួលកិច្ចការប្រចាំថ្ងៃរបស់យើង ដើម្បីអាចបង្កើនកិច្ចបម្រើផ្សាយបាន។ ប៉ុន្តែ ប្រសិនបើយើងពិតជាមិនអាចចំណាយពេលច្រើនថែមទៀតក្នុងកិច្ចបម្រើផ្សាយបានមែននោះ តើយើងអាចរកវិធីដើម្បីឲ្យកិច្ចផ្សព្វផ្សាយរបស់យើងមានប្រសិទ្ធភាពជាងឬទេ? (ម៉ាក. ១២:៤១-៤៤) ចំពោះអស់អ្នកដែលមានកាលៈទេសៈឲ្យព្រះយេហូវ៉ាប្រើគេក្នុងកិច្ចបម្រើត្រួសត្រាយដ៏អស្ចារ្យនេះ នោះពិតជាឯកសិទ្ធិដ៏ល្អមែន!—ទំនុក. ១១០:៣