ចូរបង្ហាញការដឹងគុណចំពោះអំណោយវិសេសបំផុតរបស់ព្រះ
១. ហេតុអ្វីយើងដឹងគុណព្រះយេហូវ៉ាជានិច្ច?
១ ក្នុងចំណោម«អំណោយដ៏ល្អ»ជាច្រើនរបស់ព្រះយេហូវ៉ា នោះថ្លៃលោះដែលបុត្ររបស់លោក ផ្ដល់ឲ្យគឺជាអំណោយវិសេសបំផុត។ (យ៉ា. ១:១៧) ដោយសារលោកបានលោះយើង នោះយើងមានលទ្ធភាពទទួលបានពរជាច្រើន ដែលរួមបញ្ចូលការអភ័យទោសចំពោះកំហុសរបស់យើង។ (អេភ. ១:៧) ដូច្នេះហើយបានជាយើងដឹងគុណព្រះជានិច្ច។ ក្នុងអំឡុងខែដែលមានពិធីរំលឹក យើងចង់យកពេលរំពឹងគិតអំពីអំណោយវិសេសបំផុតរបស់ព្រះ។
២. ជាក្រុមគ្រួសារនិងក្នុងចិត្តរបស់យើង តើយើងអាចបណ្ដុះឲ្យមានការដឹងគុណច្រើនជាងចំពោះការលោះយ៉ាងដូចម្ដេច?
២ ជួយក្រុមគ្រួសារបណ្ដុះឲ្យមានការដឹងគុណ: ដើម្បីជួយក្រុមគ្រួសារបណ្ដុះឲ្យមានការដឹងគុណច្រើនជាង នោះប៉ុន្មានសប្ដាហ៍មុនពិធីរំលឹកនៅថ្ងៃទី៣០ ខែមីនា សូមលៃយកពេលក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារដើម្បីពិនិត្យមើលព័ត៌មានអំពីការលោះ។ ម្យ៉ាងវិញទៀត រាល់ថ្ងៃជាក្រុមគ្រួសារ សូមអានអំណានគម្ពីរសម្រាប់ពិធីរំលឹក។ ចូរគិតអំពីប្រយោជន៍ផ្សេងៗដែលអ្នកទទួលពីការលោះនោះ ហើយអំពីឥទ្ធិពលដែលការលោះមានទៅលើអារម្មណ៍របស់អ្នកអំពីព្រះយេហូវ៉ា ខ្លួនឯង អ្នកដទៃ និងអំពីអនាគត។ ប្រហែលជាការល្អបើអ្នកហាត់ច្រៀងចម្រៀងថ្មីពីរ ពោលគឺលេខ៨និង៥ ដែលនឹងត្រូវច្រៀងនៅឯពិធីរំលឹក។—ទំនុក. ៧៧:១២
៣. តើយើងអាចបង្ហាញការដឹងគុណចំពោះការលោះយ៉ាងដូចម្ដេច?
៣ ការបង្ហាញការដឹងគុណ: ការដឹងគុណចំពោះការលោះជំរុញចិត្តយើងឲ្យប្រាប់អ្នកដទៃអំពីព្រះយេហូវ៉ានិងសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុតរបស់លោកក្នុងការចាត់បុត្រលោកមក។ (ទំនុក. ១៤៥:២-៧) ក្នុងអំឡុងខែមីនា មេសានិងឧសភា ក្រុមគ្រួសារខ្លះបង្ហាញការដឹងគុណចំពោះការលោះ ដោយរៀបចំឲ្យមានយ៉ាងហោចណាស់សមាជិកម្នាក់បម្រើជាអ្នកត្រួសត្រាយជំនួយ។ ប្រសិនបើមិនអាចធ្វើបានទេ តើអ្នកអាច«ប្រើគ្រប់ឱកាស»ដើម្បីឲ្យអ្នកអាចចូលរួមបានច្រើនជាងក្នុងកិច្ចបម្រើផ្សាយបានឬទេ? (អេភ. ៥:១៦) ការដឹងគុណចំពោះការលោះក៏ជំរុញចិត្តយើងឲ្យជួយអ្នកដទៃមកចូលរួមពិធីបុណ្យរំលឹកដែរ។ (បប. ២២:១៧) ចូរចាប់ផ្ដើមធ្វើបញ្ជីឈ្មោះអ្នកដែលយើងត្រឡប់ទៅជួប សិស្សគម្ពីរ បងប្អូនញាតិមិត្ត និងអ្នកធ្វើការជាមួយយើង។ រួចមក ចូរខំប្រឹងអស់ពីសមត្ថភាពចូលរួមក្នុងការជូនលិខិតអញ្ជើញមកពិធីពិសេសនេះ។
៤. តើយើងប្រើពេលក្នុងអំឡុងខែដែលមានពិធីរំលឹកឲ្យមានប្រយោជន៍បំផុតយ៉ាងដូចម្ដេច?
៤ អំឡុងខែដែលមានពិធីរំលឹក ហុចឱកាសថ្មីមកឲ្យយើងបង្ហាញប្រាប់ព្រះយេហូវ៉ាថាយើងពិតជាដឹងគុណយ៉ាងណាចំពោះអំណោយរបស់លោកដល់មនុស្សជាតិ។ សូមឲ្យយើងប្រើពេលនោះដើម្បីបង្កើននិងបង្ហាញការដឹងគុណចំពោះការលោះនិងចំពោះ«ទ្រព្យសម្បត្ដិរបស់គ្រិស្តដែលជាទ្រព្យសម្បត្ដិដ៏អស្ចារ្យហួសពីការនឹកស្មាន»។—អេភ. ៣:៨