ប្រអប់សំណួរ
◼ តើសាក្សីព្រះយេហូវ៉ាគួរចែកសុន្ទរកថាថតចម្លងឬទេ?
យើងទទួលការលើកទឹកចិត្តនិងកម្លាំងចិត្តពីសុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរ។ (សកម្ម. ១៥:៣២) ដូច្នេះហើយ គឺជាការធម្មតាទេ ដែលយើងចង់ចែកព័ត៌មានដែលលើកទឹកចិត្តនេះជាមួយនឹងអ្នកដែលមិនបានមកប្រជុំ។ សព្វថ្ងៃនេះ ដោយសារមានប្រដាប់ថតសំឡេងច្រើនប្រភេទ នោះបងប្អូនអាចថតសុន្ទរកថានិងចែកដល់អ្នកឯទៀតយ៉ាងស្រួល។ អ្នកខ្លះបានថតសុន្ទរកថាទុកយ៉ាងច្រើន រួមបញ្ចូលសុន្ទរកថាដែលថ្លែងយូរមកហើយ និងដោយមានបំណងល្អ ពួកគេចម្លងជូនមិត្តភក្ដិ ឬឲ្យអ្នកឯទៀតខ្ចីស្ដាប់។ អ្នកឯទៀតបានបង្កើតគេហទំព័រនិងដាក់សុន្ទរកថាផ្សេងៗនៅទីនោះ ដើម្បីឲ្យអ្នកណាក៏ដោយដែលចង់ស្ដាប់អាចចម្លងបាន។
គឺមិនជាការខុសអ្វីទេ ប្រសិនបើយើងថតសុន្ទរកថាសម្រាប់ខ្លួនយើងផ្ទាល់ ឬសម្រាប់សមាជិកក្រុមគ្រួសារយើង។ ម្យ៉ាងទៀត ពួកអ្នកចាស់ទុំអាចរៀបចំថតសុន្ទរកថាសម្រាប់បងប្អូនវ័យចាស់ក្នុងក្រុមជំនុំ ដែលមិនអាចមកប្រជុំបាន។ ប៉ុន្តែ មានមូលហេតុល្អដែលយើងមិនគួរចែកសុន្ទរកថាដែលយើងបានថតចម្លងឬសរសេរចម្លង។
អ្នកដែលថ្លែងសុន្ទរកថាច្រើនតែនិយាយដោយគិតអំពីសេចក្ដីត្រូវការក្នុងតំបន់។ ដូច្នេះ បើយើងស្ដាប់សុន្ទរកថាដែលបងប្អូនផ្សេងបានថតចម្លងនោះ យើងអាចយល់ច្រឡំអំពីអ្វីដែលអ្នកថ្លែងចង់និយាយ ពីព្រោះយើងមិនដឹងអំពីស្ថានភាពនៅកន្លែងនោះទេ។ ម្យ៉ាងទៀត គឺពិបាកឲ្យយើងដឹងច្បាស់ថានរណាជាអ្នកថ្លែងសុន្ទរកថានោះ ហើយយើងក៏ពិបាកដឹងថាសុន្ទរកថានោះបានត្រូវថ្លែងនៅពេលណាដែរ។ ដូច្នេះ យើងមិនអាចប្រាកដថាព័ត៌មាននោះគឺជាព័ត៌មានថ្មីបំផុតហើយត្រឹមត្រូវនោះទេ។ (លូក. ១:១-៤) បន្ថែមទៅទៀត ការចែកសុន្ទរកថាដែលបងប្អូនបានថតឬសរសេរចម្លងនោះ អាចនាំឲ្យអ្នកខ្លះលើកតម្កើងអ្នកថ្លែងណាម្នាក់ហួសហេតុពេក ឬក៏អាចទាញចិត្តគាត់ឲ្យព្រមទទួលការលើកតម្កើងនោះវិញ។—១កូ. ៣:៥-៧
ខ្ញុំបម្រើដ៏ស្មោះត្រង់ ហើយចេះពិចារណា ខំប្រឹងធ្វើការនឿយហត់ដើម្បីផ្ដល់ការបង្ហាត់បង្រៀនដែលប្រៀបដូចជាអាហារ«បរិភោគគ្រប់គ្រាន់» និង«តាមពេលកំណត់»។ (លូក. ១២:៤២) នេះរួមបញ្ចូលការរៀបចំឲ្យមានសុន្ទរកថាផ្សេងៗថ្លែងក្នុងក្រុមជំនុំនៃសាក្សីព្រះយេហូវ៉ា ហើយមានឯកសារសំឡេងដែលអាចត្រូវថតចម្លងបានពីគេហទំព័រjw.orgដែលជាគេហទំព័រផ្លូវការ។ យើងអាចមានទំនុកចិត្តថាខ្ញុំបម្រើដ៏ស្មោះត្រង់ ហើយចេះពិចារណានិងគណៈអភិបាលនឹងផ្ដល់នូវអ្វីដែលយើងត្រូវការដើម្បីពង្រឹងជំនឿរបស់យើង។—សកម្ម. ១៦:៤, ៥