តើខ្ញុំកំពុងខំអស់ពីសមត្ថភាពឬ?
១. តើគ្រិស្តសាសនិកស្មោះត្រង់ប្រហែលជាមានកង្វល់អ្វីខ្លះ?
១ តើអ្នកធ្លាប់សួរខ្លួនឯងសំណួរនេះទេ? ប្រហែលជាអ្នកមិនបានរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយច្រើនដូចពីមុនទេ ដោយសារមានវ័យចាស់ បញ្ហាសុខភាព ឬភារកិច្ចច្រើនក្នុងក្រុមគ្រួសារ ហើយនោះបានបណ្ដាលឲ្យអ្នកធ្លាក់ទឹកចិត្ត។ បងស្រីម្នាក់ដែលមានកូនបីនាក់ក្នុងបន្ទុក បានសរសេរថា ជួនកាលគាត់មានអារម្មណ៍បន្ទោសខ្លួន ដោយសារ គាត់ត្រូវប្រើពេលវេលានិងកម្លាំងដើម្បីថែរក្សាក្រុមគ្រួសារ ហើយនេះដាក់កំហិតទៅលើអ្វីដែលគាត់អាចធ្វើក្នុងកិច្ចបម្រើព្រះ។ តើអ្វីអាចជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះរឿងនេះ?
២. តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង?
២ អ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង: យើងទាំងអស់គ្នាប្រាកដជាចង់រួមចំណែកក្នុងកិច្ចបម្រើព្រះឲ្យបានច្រើនជាង។ ប៉ុន្តែ ច្រើនដងអ្វីដែលយើងចង់ធ្វើនិងអ្វីដែលយើងពិតជាអាចធ្វើ គឺខុសគ្នាឆ្ងាយ។ តាមការពិត ពេលដែលយើងចង់ធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះ នេះបង្ហាញថាយើងយកចិត្តទុកដាក់នឹងកិច្ចបម្រើរបស់យើង។ យើងគួរចាំថាព្រះយេហូវ៉ាស្គាល់ច្បាស់ពីកម្រិតសមត្ថភាពរបស់យើង ហើយលោកមិនតម្រូវឲ្យយើងធ្វើអ្វីដែលយើងមិនអាចធ្វើបានទេ។ (ទំនុក. ១០៣:១៣, ១៤) តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង? ព្រះយេហូវ៉ាចង់ឲ្យយើងបម្រើលោកឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តរបស់យើង ពោលគឺខំប្រឹងឲ្យអស់ពីសមត្ថភាព។—កូឡ. ៣:២៣
៣. តើអ្វីអាចជួយយើងឲ្យដឹងថាយើងមានលទ្ធភាពធ្វើច្រើនប៉ុណ្ណាក្នុងកិច្ចបម្រើ?
៣ តើអ្វីនឹងជួយយើងឲ្យដឹងថាយើងមានលទ្ធភាពធ្វើច្រើនប៉ុណ្ណាក្នុងកិច្ចបម្រើ? យើងអាចសុំព្រះយេហូវ៉ាជួយយើងឲ្យទទួលស្គាល់ការពិតអំពីកាលៈទេសៈរបស់យើង។ (ទំនុក. ២៦:២) ជំនួយមួយទៀតគឺ មិត្តភក្ដិជាគ្រិស្តសាសនិកដែលយើងទុកចិត្ត ជាអ្នកដែលស្គាល់យើងច្បាស់ មានភាពចាស់ទុំ ហើយមិនខ្លាចនឹងប្រាប់យើងចំៗបើមានអ្វីដែលយើងគួរធ្វើដើម្បីរីកចម្រើន។ (សុភ. ២៧:៩) សូមចាំដែរថា កាលៈទេសៈរបស់យើងចេះតែផ្លាស់ប្ដូរជានិច្ច ដូច្នេះជាការល្អបើយើងពិចារណាកាលៈទេសៈរបស់យើងជាញឹកញយដែរ។—អេភ. ៥:១០
៤. ស្តីអំពីកិច្ចបម្រើ តើយើងគួរមានទស្សនៈយ៉ាងណាពេលទទួលសេចក្ដីរំលឹកពីបទគម្ពីរ?
៤ ទស្សនៈត្រឹមត្រូវចំពោះការលើកទឹកចិត្ត: ពេលមានកីឡារត់ប្រណាំង ទស្សនិកជនជាច្រើននាក់ស្រែកអបអរ លើកទឹកចិត្តពួកកីឡាករ ដើម្បីផ្ដល់កម្លាំងចិត្តឲ្យពួកគេខំរត់តទៅទៀត មិនមែនដើម្បីធ្វើឲ្យពួកគេធ្លាក់ទឹកចិត្តទេ។ ស្រដៀងគ្នាដែរ នៅកិច្ចប្រជុំនិងក្នុងសៀវភៅរបស់អង្គការយើងមានការលើកទឹកចិត្តនិងសេចក្ដីរំលឹកពីបទគម្ពីរ ដែលជំរុញចិត្តយើងឲ្យ‹ប្រកាសបណ្ដាំរបស់ព្រះជាបន្ទាន់›។ នោះគឺដើម្បីលើកទឹកចិត្តយើង មិនមែនមានន័យថាយើងខ្វះការព្យាយាមនោះទេ។ (២ធី. ៤:២) ដរាបណាយើងខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើ នោះយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងចងចាំមិនភ្លេចនូវ‹ការដែលយើងធ្វើ និងសេចក្ដីស្រឡាញ់›របស់យើង។—ហេ. ៦:១០