ចូរបង្ហាត់បង្រៀនកូន ឲ្យក្លាយជាអ្នកបម្រើព្រះ
១. តើទំនុកតម្កើង ១៤៨:១២,១៣ដាស់តឿនឪពុកម្ដាយដែលជាគ្រិស្តសាសនិកឲ្យធ្វើអ្វី?
១ ព្រះយេហូវ៉ាអញ្ជើញកូនក្មេងឲ្យសរសើរលោក។ (ទំនុក. ១៤៨:១២, ១៣) ដូច្នេះ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកមិនត្រឹមតែបង្រៀនកូននូវសេចក្ដីពិតក្នុងគម្ពីរនិងច្បាប់សីលធម៌របស់ព្រះប៉ុណ្ណោះទេ តែពួកគេក៏បង្ហាត់បង្រៀនកូនឲ្យក្លាយទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អដែរ។ តើពួកគេអាចបង្ហាត់បង្រៀនកូនបន្ដិចម្ដងៗយ៉ាងដូចម្ដេច?
២. តើគំរូល្អរបស់ឪពុកម្ដាយអាចមានឥទ្ធិពលយ៉ាងណាទៅលើកូន?
២ គំរូល្អ: គេឌានបានប្រាប់បុរស៣០០នាក់របស់គាត់ថា៖ «ចូរមើលមកអញ ហើយធ្វើតាមអញចុះ»។ (ចៅ. ៧:១៧) ធម្មតា កូនមើលនិងធ្វើតាមគំរូឪពុកម្ដាយ។ ជាឧទាហរណ៍ ឪពុកម្នាក់ធ្វើការពេលយប់ ប៉ុន្តែពេលគាត់មកពីធ្វើការវិញនៅថ្ងៃសៅរ៍ គាត់យកកូនទៅផ្សព្វផ្សាយជាជាងដេក ទោះជាគាត់អស់កម្លាំងក៏ដោយ។ ដោយមិនចាំបាច់និយាយអ្វីសោះ គាត់កំពុងបង្រៀនកូនថា កិច្ចបម្រើជាអ្វីមួយដ៏សំខាន់បំផុត។ (ម៉ាថ. ៦:៣៣) តើកូនរបស់អ្នកឃើញថា អ្នកចូលរួមដោយចិត្តរីករាយក្នុងផ្នែកផ្សេងៗនៃការគោរពប្រណិប័តបន៍ ដូចជាការអធិដ្ឋាន អានគម្ពីរ ឆ្លើយនៅកិច្ចប្រជុំ និងផ្សព្វផ្សាយឬទេ? ពិតមែនតែអ្នកពុំអាចធ្វើជាគំរូល្អឥតខ្ចោះបានទេ ប៉ុន្តែបើកូនឃើញថាអ្នកខំប្រឹងព្យាយាមបម្រើព្រះយេហូវ៉ា នោះកូននឹងមានចិត្តចង់ធ្វើតាមពេលដែលអ្នកបង្រៀនពួកគេឲ្យគោរពប្រណិប័តន៍លោក។—ចោ. ៦:៦, ៧; រ៉ូម ២:២១, ២២
៣. តើឪពុកម្ដាយគួរជួយកូនជ្រើសរើសនិងសម្រេចគោលដៅអ្វីខ្លះក្នុងការគោរពប្រណិប័តន៍ព្រះ?
៣ គោលដៅដែលត្រូវបំពេញជាបន្តបន្ទាប់: ឪពុកម្ដាយព្យាយាមមិនចេះនឿយហត់ដើម្បីបង្រៀនកូនឲ្យចេះដើរ ចេះនិយាយ និងស្លៀកពាក់ដោយខ្លួនឯងជាដើម។ កាលដែលកូនសម្រេចគោលដៅមួយ ឪពុកម្ដាយជ្រើសរើសគោលដៅមួយទៀតសម្រាប់កូន។ បើឪពុកម្ដាយនោះជាគ្រិស្តសាសនិក ពួកគេជួយកូនជ្រើសរើសនិងសម្រេចគោលដៅក្នុងការគោរពប្រណិប័តន៍ព្រះ ឲ្យសមស្របតាមអាយុនិងសមត្ថភាពរបស់កូន។ (១កូ. ៩:២៦) តើអ្នកបង្រៀនកូនឲ្យចេះឆ្លើយចេញពីចិត្ត ហើយរៀបចំសុន្ទរកថាដោយខ្លួនឯងសម្រាប់សាលាកិច្ចបម្រើផ្សាយឬទេ? (ទំនុក. ៣៥:១៨) តើអ្នកបង្រៀនពួកគេឲ្យចេះចូលរួមក្នុងផ្នែកផ្សេងៗនៃកិច្ចបម្រើទេ? តើអ្នកលើកទឹកចិត្តកូនឲ្យមានគោលដៅទទួលការជ្រមុជទឹកនិងចូលរួមកិច្ចបម្រើពេញពេលឬទេ? តើអ្នកជួយពួកគេឲ្យមានឱកាសសេពគប់ជាមួយនឹងអ្នកប្រកាសដំណឹងល្អដែលមានចិត្តរំភើបនិងចិត្តរីករាយចំពោះកិច្ចបម្រើព្រះឬទេ?—សុភ. ១៣:២០
៤. បើឪពុកម្ដាយចាប់ផ្ដើមបង្ហាត់បង្រៀនកូនក្នុងកិច្ចបម្រើព្រះតាំងពីកូននៅតូច នោះតើកូនទទួលប្រយោជន៍អ្វីខ្លះ?
៤ អ្នកតែងទំនុកតម្កើងបានចែងថា៖ «ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំតាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់»។ (ទំនុក. ៧១:១៧) ចូរចាប់ផ្ដើមបង្រៀនកូនរបស់អ្នកតាំងពីពួកគេនៅតូច ឲ្យធ្វើជាអ្នកបម្រើព្រះ។ ការបង្ហាត់បង្រៀនក្នុងការគោរពប្រណិប័តន៍ព្រះដែលពួកគេបានទទួលពីអ្នក ប្រាកដជានឹងជួយពួកគេរហូតដល់ទៅជាមនុស្សពេញវ័យ!—សុភ. ២២:៦