ចូរបង្រៀនកូនឲ្យចេះសរសើរព្រះយេហូវ៉ា
១ នៅទំនុកដំកើង ១៤៨:១២, ១៣ បានលើកទឹកចិត្តក្មេងប្រុស និងក្មេងស្រីឲ្យ«សរសើរព្រះនាមព្រះយេហូវ៉ា»។ ព្រះគម្ពីរមានគំរូជាច្រើន អំពីក្មេងប្រុសក្មេងស្រីដែលធ្វើដូចនេះ។ ជាឧទាហរណ៍ ពេលសាំយូអែលនៅជា«ក្មេងតូច . . . [គាត់បាន]សំរេចការងារនៅចំពោះព្រះយេហូវ៉ា»។ (១សាំ. ២:១៨) អ្នកដែលបានជម្រាបប្រពន្ធលោកណាម៉ាន់ថា មានអ្នកថ្លែងទំនាយរបស់ព្រះយេហូវ៉ាម្នាក់នៅប្រទេសអ៊ីស្រាអែល អាចព្យាបាលជំងឺឃ្លង់របស់លោកណាម៉ាន់បាន គឺជា«ក្មេងស្រី»។ (២ពង្ស. ៥:១-៣) ពេលព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបានធ្វើអព្ភូតហេតុដ៏អស្ចារ្យ គឺជា«កូនក្មេង»ដែលស្រែកឡើងថា៖ «ជយោ ព្រះរាជវង្សព្រះបាទដាវីឌ!»។ (ម៉ាថ. ២១:១៥; មថ. ២១:១៥, ខ.ស.) តើមាតាបិតាអាចបង្រៀនកូនឲ្យចេះសរសើរព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២ គំរូរបស់អ្នក: មុននឹងប្រិតប្រៀនសេចក្ដីពិតចូលក្នុងចិត្តរបស់កូន បិតាដែលជាជនជាតិអ៊ីស្រាអែលត្រូវបានណែនាំឲ្យស្រឡាញ់ព្រះយេហូវ៉ា ហើយឲ្យសេចក្ដីបង្គាប់របស់ទ្រង់នៅជាប់ក្នុងចិត្តរបស់ខ្លួនជាមុនសិន។ (ចោទិ. ៦:៥-៩) ប្រសិនបើអ្នកនិយាយល្អអំពីកិច្ចបម្រើផ្សាយ ហើយមានកាលវិភាគទៅផ្សាយប្រចាំសប្ដាហ៍ នេះនឹងជំរុញកូនឲ្យមានទស្សនៈថាកិច្ចបម្រើផ្សាយជាកិច្ចការសំខាន់ និងជាកិច្ចការដែលនាំឲ្យគាប់ចិត្ត។
៣ បងស្រីម្នាក់បានរំលឹកដោយក្ដីពេញចិត្តថា៖ «ពេលខ្ញុំនៅក្មេង ក្រុមគ្រួសារយើងមានទម្លាប់ទៅផ្សព្វផ្សាយរៀងរាល់ចុងសប្ដាហ៍។ ខ្ញុំបានយល់ឃើញថា ឪពុកម្ដាយខ្ញុំចូលចិត្តទៅផ្សព្វផ្សាយណាស់។ ម្ល៉ោះហើយ ពេលកំពុងធំឡើងយើងទាំងអស់គ្នាមានទស្សនៈថា កិច្ចបម្រើផ្សាយជាអ្វីដែលនាំឲ្យពេញចិត្ត»។ នៅពេលគាត់អាយុ៧ឆ្នាំ បងស្រីនេះបានចាប់ផ្ដើមបម្រើជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក ឥឡូវនេះបានបម្រើពេញពេលច្រើនជាង៣២ឆ្នាំហើយ។
៤ បង្ហាត់បង្រៀនកូនបន្ដិចម្ដងៗ: សូមឲ្យកូនមានចំណែក ពេលអ្នកចូលរួមកិច្ចផ្សព្វផ្សាយ។ ប្រហែលកូនអាចគោះទ្វារ ជូនខិត្តប័ណ្ណដល់ម្ចាស់ផ្ទះ ឬអានខគម្ពីរ។ នេះនឹងធ្វើឲ្យកូនបង្កើនចិត្តសប្បាយរីករាយ ហើយជួយកូនឲ្យមានទំនុកចិត្តទៅលើសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមផ្សព្វផ្សាយសារព្រះរាជាណាចក្រ។ កាលដែលកូនបានធំឡើង ការចូលរួមក្នុងកិច្ចផ្សព្វផ្សាយគួរតែរីកចម្រើនថែមទៀត។ ហេតុនេះហើយ សូមជួយកូនឲ្យជឿនទៅមុខ និងជួយកូនឲ្យគិតអំពីគោលដៅក្នុងកិច្ចបម្រើព្រះ។
៥ នៅពេលកូនប្រាប់ថាចង់ផ្សព្វផ្សាយ និងអ្នកគិតថាកូនមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក សូមជម្រាបអ្នកចាស់ទុំ។ ដោយបម្រើជាអ្នកផ្សាយម្នាក់ នេះនឹងនាំឲ្យកូនយល់ឃើញថា ភារកិច្ចរបស់ខ្លួនក្នុងការសរសើរព្រះយេហូវ៉ា គឺសំខាន់ណាស់។ សូមចាំថា មុនដែលកូនក្មេងមានលក្ខណៈគ្រប់គ្រាន់ទៅផ្សព្វផ្សាយ កូនក្មេងមិនចាំបាច់ឲ្យមានចំណេះច្រើនដូចជាមនុស្សពេញវ័យដែលបានជ្រមុជទឹកហើយទេ។ តើកូនយល់សេចក្ដីបង្រៀនបឋមៗពីព្រះគម្ពីរទេ? តើកូនកាន់តាមខ្នាតតម្រាសីលធម៌ព្រះគម្ពីរឬ? តើកូនមានចិត្តចង់ចូលរួមកិច្ចផ្សព្វផ្សាយ និងចង់ឲ្យគេសម្គាល់ខ្លួនជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ? បើឆ្លើយមែនចំពោះសំណួរទាំងនេះ អ្នកចាស់ទុំប្រហែលសម្រេចចិត្តថាកូនមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក (សូមមើលសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើងខែមីនា ឆ្នាំ២០០៧)។
៦ ការបង្រៀនកូនឲ្យចេះសរសើរព្រះយេហូវ៉ាពីចិត្តរបស់គេ ត្រូវការការព្យាយាម។ យ៉ាងណាក៏ដោយ មិនសូវមានអ្វីដែលអាចធ្វើឲ្យមាតាបិតាមានចិត្តសប្បាយច្រើនជាង ការឃើញកូនបណ្ដុះឲ្យមានចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ាទេ។ សំខាន់ជាងនេះទៅទៀត ព្រះយេហូវ៉ាបានពេញចិត្ត ពេលឃើញក្មេងប្រុសក្មេងស្រីផ្សាយអំពីកិច្ចការដ៏អស្ចារ្យរបស់ទ្រង់។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើក្មេងប្រុសក្មេងស្រីអាចសរសើរព្រះយេហូវ៉ាឬទេ?
២. ហេតុអ្វីសំខាន់ឲ្យមាតាបិតាតាំងគំរូល្អសម្រាប់កូន?
៣. តើបងស្រីម្នាក់បានទទួលប្រយោជន៍ពីគំរូរបស់មាតាបិតាតាមរបៀបណា?
៤. តើការបង្ហាត់បង្រៀនកូនបន្ដិចម្ដងៗ មានន័យអ្វី?
៥. តើត្រូវការអ្វីឲ្យកូនក្មេងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក?
៦. ហេតុអ្វីមានប្រយោជន៍ឲ្យមាតាបិតាបង្រៀនកូន?