តើកូនរបស់អ្នកបាន ត្រៀមលក្ខណៈហើយឬនៅ?
១. ហេតុអ្វីកូនដែលនឹងចាប់ផ្ដើមឆ្នាំសិក្សាថ្មីត្រូវត្រៀមលក្ខណៈ?
១ ពេលដែលកូនចាប់ផ្ដើមឆ្នាំសិក្សាថ្មី ពួកគេច្បាស់ជានឹងប្រឈមមុខបញ្ហាថ្មីនិងការពិបាកដែលពួកគេមិនមានពីមុនទេ។ ពួកគេក៏នឹងមានឱកាសថ្មីដើម្បី«ធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត»ដែរ។ (យ៉ូន. ១៨:៣៧) តើកូនបានត្រៀមលក្ខណៈហើយឬនៅ?
២. ដើម្បីត្រៀមលក្ខណៈ តើកូនរបស់អ្នកគួរយល់អ្វីខ្លះ?
២ តើកូនរបស់អ្នកយល់ច្បាស់អំពីអ្វីដែលគេចាត់ទុកថាជាការចូលរួមក្នុងពិធីស្នេហាជាតិនិងបុណ្យសាសនាមិនពិត ហើយយល់អំពីមូលហេតុដែលការចូលរួមក្នុងពិធីបុណ្យទាំងនោះគឺខុសឬទេ? តើពួកគេបានត្រៀមលក្ខណៈដើម្បីមិនចាញ់ការបង្ខិតបង្ខំឲ្យមានសង្សារ ប្រើគ្រឿងញៀន ផឹកស្រា ឬព្យាយាមបានកម្រិតវប្បធម៌ខ្ពស់ក្នុងពិភពលោកនេះឬទេ? តើកូននឹងត្រឹមតែនិយាយថាគាត់មិនព្រមចូលរួមដោយសារនោះខុសបញ្ញត្ដិសាសនារបស់គាត់ ឬកូនចេះពន្យល់អំពីជំនឿរបស់ខ្លួនវិញ?—១ពេ. ៣:១៥
៣. តើឪពុកម្ដាយអាចប្រើពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងដូចម្ដេចដើម្បីជួយកូនត្រៀមលក្ខណៈ?
៣ ប្រើពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ: អ្នកទំនងជានឹងពិភាក្សាជាមួយនឹងកូនអំពីរឿងផ្សេងៗកាលដែលមានបញ្ហាកើតឡើង។ ប៉ុន្តែ បើអ្នកព្យាយាមជាពិសេសដើម្បីពិចារណាជាមួយគ្នានូវប្រធានផ្សេងៗដែលទាក់ទងនឹងសាលារៀនមុនកូនចូលរៀន នោះនឹងពង្រឹងទំនុកចិត្តរបស់កូន។ អ្នកអាចប្រើពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារម្ដងឬច្រើនដងដើម្បីធ្វើដូច្នេះ។ អ្នកអាចសួរកូនអំពីអ្វីដែលធ្វើឲ្យគាត់បារម្ភជាងគេពេលដែលគិតអំពីចូលរៀនវិញ។ រឿងខ្លះដែលអ្នកធ្លាប់ពិភាក្សានៅឆ្នាំមុនៗ អ្នកអាចយកមកពិគ្រោះឡើងវិញ ដោយសារឥឡូវកូនចាស់ជាងបន្ដិចហើយយល់ច្រើនជាង។ (ទំនុក. ១១៩:៩៥) អ្នកអាចរួមបញ្ចូលការហាត់ពាក្យនិយាយ ដោយអ្នកដើរតួជាគ្រូបង្រៀន អ្នកឲ្យឱវាទនៅសាលា ឬសិស្សរួមថ្នាក់។ សូមបង្រៀនកូនឲ្យចេះឆ្លើយពីគម្ពីរនិងពីសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ ម្ដាយម្នាក់ធ្លាប់ហាត់ពាក្យនិយាយជាមួយនឹងកូន ដើម្បីជួយពួកគេឲ្យចេះប្រាប់គ្រូថ្មីថាពួកគេជាសាក្សីព្រះយេហូវ៉ា រៀងរាល់ដងដែលពួកគេចាប់ផ្ដើមឆ្នាំសិក្សាថ្មី។
៤. តើឪពុកម្ដាយដែលមានប្រាជ្ញានឹងធ្វើអ្វី?
៤ បញ្ហាដែលយុវជនគ្រិស្តសាសនិកត្រូវប្រឈមមុខនៅគ្រាចុងក្រោយបង្អស់នេះ គឺកាន់តែ«លំបាកណាស់»។ (២ធី. ៣:១) ឪពុកម្ដាយដែលមានប្រាជ្ញានឹងខំស្វែងយល់ជាមុនអំពីបញ្ហាដែលកូននឹងប្រឈមមុខ ហើយជួយកូនត្រៀមលក្ខណៈ។ (សុភ. ២២:៣) មុនចាប់ផ្ដើមឆ្នាំសិក្សាថ្មី ចូរខំអស់ពីសមត្ថភាពដើម្បីជួយកូនរបស់អ្នកត្រៀមលក្ខណៈ។