តើប្អូនៗត្រៀមខ្លួនចូលរៀនឬទេ?
១. ចំពោះប្អូនៗដែលចាប់ផ្ដើមរៀននៅសាលា តើប្អូនមានឱកាសអ្វី?
១ ទោះជា ប្អូនចុះឈ្មោះដើម្បីរៀនជាលើកដំបូងឬឡើងថ្នាក់មួយទៀតក៏ដោយ ជាគ្រិស្តសាសនិកប្អូននឹងប្រឈមមុខការពិបាកផ្សេងៗ។ ប៉ុន្តែ ប្អូនក៏មានឱកាសថ្មីដើម្បី«ធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត»ដែរ។ (យ៉ូន. ១៨:៣៧) តើប្អូនបានរៀបចំយ៉ាងល្អ ហើយត្រៀមខ្លួនដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិតឬទេ?
២. តើប្អូនត្រៀមខ្លួនយ៉ាងណា ដើម្បីចូលរៀន?
២ ដើម្បីជួយប្អូនឲ្យបានជោគជ័យគ្រប់ទិដ្ឋភាពនៃជីវិត ប្អូនបានទទួលការអប់រំយ៉ាងច្រើនពីព្រះយេហូវ៉ា ពីឪពុកម្ដាយ និងពីខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា។ (សុភ. ១:៨; ៦:២០; ២៣:២៣-២៥; អេភ. ៦:១-៤; ២ធី. ៣:១៦, ១៧) ប្អូនៗច្បាស់ជាដឹងនូវការពិបាកខ្លះៗដែលប្អូននឹងមាននៅឯសាលា។ ដោយបានទទួលការអប់រំដែលព្រះតម្រូវ និងស្គាល់ស្ថានភាពដែលប្អូននឹងប្រឈមមុខ នោះចូរត្រៀមខ្លួនដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិតចុះ។ (សុភ. ២២:៣) ចូរពិនិត្យឲ្យបានដិតដល់នូវការបង្ហាត់បង្រៀននិងយោបល់ផ្សេងៗក្នុងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ។
៣. តើតាមរបៀបណាដែលប្អូនអាចផ្សព្វផ្សាយ?
៣ ប្អូនៗមានតំបន់ផ្សាយដ៏ពិសេស ដែលនឹងហុចឱកាសឲ្យប្អូនផ្សព្វផ្សាយតាមរបៀបជាច្រើនយ៉ាង។ នៅពេលដែលអ្នកដទៃសង្កេតឃើញនូវរបៀបប្អូនស្លៀកពាក់សម្អិតសម្អាងខ្លួនយ៉ាងថ្លៃថ្នូរ ការប្រព្រឹត្តនិងពាក្យសម្ដីសមរម្យ ចេះគោរពមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រូ បានពិន្ទុល្អ ហើយគេដឹងថាជីវិតប្អូនមានមូលដ្ឋានមាំមួន នោះអ្នកខ្លះប្រហែលជាសួរថា«ហេតុអ្វីបានជាអ្នកខុសប្លែកពីគេម្ល៉េះ?»។ (ម៉ាឡ. ៣:១៨; យ៉ូន. ១៥:១៩) ប្អូនប្រហែលជាមានឱកាសផ្សព្វផ្សាយនិងពន្យល់អំពីជំនឿរបស់ប្អូន។ (១ធី. ២:៩, ១០) នៅអំឡុងឆ្នាំសិក្សា ប្អូននឹងប្រឈមមុខនឹងការពិបាកផ្សេងៗ ដូចជាថ្ងៃបុណ្យជាតិនិងពិធីបុណ្យផ្សេងៗ។ ប្រសិនបើគេសួរប្អូននូវហេតុដែលប្អូនមិនចូលរួម តើប្អូនគ្រាន់តែនិយាយថា៖ «នេះគឺខុសនឹងសាសនារបស់ខ្ញុំ។ ខ្ញុំជាសាក្សីព្រះយេហូវ៉ា»។ ឬក៏ តើប្អូននឹងយកឱកាសនេះដើម្បីផ្សព្វផ្សាយអំពីព្រះយេហូវ៉ាជាបិតាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ឬទេ? ដោយរៀបចំឲ្យបានល្អក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា នោះនឹងជួយប្អូនឲ្យត្រៀមខ្លួនដើម្បីផ្សព្វផ្សាយដល់លោកគ្រូអ្នកគ្រូ សិស្សរួមថ្នាក់និងមនុស្សឯទៀត។—១ពេ. ៣:១៥
៤. ហេតុអ្វីក៏ប្អូនមានទំនុកចិត្តថាប្អូននឹងបានជោគជ័យនៅឯសាលា?
៤ ថ្វីបើប្អូនប្រហែលជាមានកង្វល់បន្ដិចពេលចូលរៀន ចូរដឹងថា ប្អូនមានអ្នកគាំទ្រជាច្រើននាក់ដែលចង់ឲ្យប្អូនបានជោគជ័យនៅឯសាលា។ ម្យ៉ាងវិញទៀត យើងត្រេកអរដោយប្អូនៗមានឱកាសផ្សព្វផ្សាយដល់មនុស្សដទៃក្នុងតំបន់ផ្សាយពិសេសនៅឯសាលា។ ហេតុនេះ ចូរមានចិត្តក្លាហានឡើង ហើយត្រៀមខ្លួនដើម្បីចូលរៀនចុះ!