‹សូមឲ្យនាមរបស់ព្រះបានបរិសុទ្ធ›
១. តើអ្វីជាប្រធានសន្និបាតប្រចាំមណ្ឌលឆ្នាំកិច្ចបម្រើ២០១២? ហើយប្រធាននេះមានមូលដ្ឋានលើអ្វី?
១ យើងមានឯកសិទ្ធិមែន! ពោលគឺយើងត្រូវបានគេស្គាល់ថាជាសាក្សីរបស់មហាក្សត្រនៃសកលលោក គឺព្រះយេហូវ៉ា។ គឺលោកហើយដែលបានឲ្យឈ្មោះយើងតាមឈ្មោះរបស់លោក ហើយជាពិសេសតាំងពីឆ្នាំ១៩៣១ គេស្គាល់យើងជាសាក្សីព្រះយេហូវ៉ា ដោយមាននាមដ៏វិសេសវិសាលរបស់លោក។ (អេ. ៤៣:១០) លោកយេស៊ូជាបុត្រតែមួយរបស់ព្រះបានគោរពនាមរបស់ព្រះយ៉ាងជ្រាលជ្រៅ ដោយអធិដ្ឋានអំពីនាមនោះមុនបង្អស់ក្នុងសេចក្ដីអធិដ្ឋានគំរូរបស់លោក។ (ម៉ាថ. ៦:៩) ប្រធានសន្និបាតប្រចាំមណ្ឌលរបស់យើងក្នុងឆ្នាំកិច្ចបម្រើ២០១២ មានមូលដ្ឋានលើពាក្យទាំងនោះរបស់លោកយេស៊ូ ពោលគឺ«សូមឲ្យនាមរបស់ព្រះបានបរិសុទ្ធ»។
២. តើយើងទន្ទឹងរង់ចាំស្ដាប់អ្វីខ្លះនៅសន្និបាត?
២ អ្វីដែលយើងនឹងឮនៅសន្និបាត: ថ្ងៃសៅរ៍ សុន្ទរកថាដែលមានប្រធានថា «ចូរធ្វើឲ្យគេស្គាល់នាមរបស់ព្រះតាមរយៈកិច្ចបម្រើពេញពេល» នឹងពិចារណាអំពីមូលហេតុដែលកិច្ចបម្រើពេញពេលគឺជារបៀបរស់នៅដែលនាំឲ្យស្កប់ចិត្ត។ យើងនឹងឮសុន្ទរកថាចែកជាផ្នែកៗចំណងជើងថា «ចូរប្រុងប្រយ័ត្នកុំធ្វើឲ្យគេមើលងាយនាមរបស់ព្រះយេហូវ៉ា» ដែលនឹងជួយយើងឲ្យជៀសចេញពីអន្ទាក់បួនយ៉ាង។ សុន្ទរកថាដែលមានចំណងជើងថា «មូលហេតុដែលនាមរបស់ព្រះត្រូវធ្វើឲ្យបរិសុទ្ធ» នឹងឆ្លើយសំណួរ: តើអ្វីដែលនឹងជួយយើងឲ្យផ្សព្វផ្សាយដោយចិត្តខ្នះខ្នែង ពេលដែលមនុស្សហាក់ដូចជាមិនសូវចាប់អារម្មណ៍? ហើយតើអ្វីនឹងជួយឲ្យបង្កើតផលនិងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ? ថ្ងៃអាទិត្យយើងនឹងរីករាយស្ដាប់សុន្ទរកថាដែលចែកជាបួនផ្នែកស្តីអំពីរបៀបដែលយើងអាចធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធតាមរយៈ គំនិត ពាក្យសម្ដី ការសម្រេចចិត្ត និងការប្រព្រឹត្តរបស់យើង។ ជាពិសេសអ្នកថ្មីនឹងអបអរនឹងសុន្ទរកថាសាធារណៈដែលមានចំណងជើងថា «ព្រះយេហូវ៉ានឹងធ្វើឲ្យនាមដ៏ឧត្តមរបស់លោកបានបរិសុទ្ធនៅហាម៉ាគេដូន»។
៣. តើយើងមានឯកសិទ្ធិអ្វី? ហើយតើកម្មវិធីសន្និបាតនេះនឹងជួយយើងយ៉ាងដូចម្ដេច?
៣ នៅពេលឆាប់ៗខាងមុខនេះ ព្រះយេហូវ៉ានឹងចាត់វិធានការដើម្បីធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ (អេស. ៣៦:២៣) ទម្រាំដល់ពេលនោះ យើងមានឯកសិទ្ធិអស្ចារ្យដើម្បីជួយគាំទ្រនូវអ្វីៗទាំងអស់ដែលនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ារួមបញ្ចូល។ យើងមានទំនុកចិត្តថា កម្មវិធីសន្និបាតប្រចាំមណ្ឌលនេះនឹងជួយយើងម្នាក់ៗឲ្យបំពេញភារកិច្ចដ៏ធ្ងន់ធ្ងររបស់យើងជាតំណាងនាមរបស់ព្រះ។