ចូរចេះប្រុងប្រយ័ត្នក្នុងពេលផ្សព្វផ្សាយ
១. ហេតុអ្វីជាការសំខាន់ដែលយើងចេះប្រុងប្រយ័ត្នក្នុងពេលផ្សព្វផ្សាយ?
១ អ្នកបម្រើរបស់ព្រះកំពុងផ្សព្វផ្សាយ«ក្នុងចំណោមជំនាន់មនុស្សខូចនិងវៀចវេរ» ប្រៀបដូចជា«សត្វចៀមទៅកណ្ដាលហ្វូងឆ្កែចចក»។ (ម៉ាថ. ១០:១៦; ភី. ២:១៥) ជាញឹកញាប់ មានសេចក្ដីរាយការណ៍ដែលគួរឲ្យព្រួយបារម្ភស្តីអំពីសង្គមស៊ីវិលកើតចលាចល អំពើហិង្សាជាច្រើន និងការចាប់ជំរឹតដ៏ឃោរឃៅ។ ព្រឹត្ដិការណ៍ទាំងនេះបញ្ជាក់ឲ្យឃើញថាមនុស្សទុច្ចរិត«កាន់តែអាក្រក់ទៅៗ»។ (២ធី. ៣:១៣) ប៉ុន្តែ តើគោលការណ៍គម្ពីរអ្វីខ្លះដែលនឹងជួយយើងឲ្យចេះ«ប្រុងប្រយ័ត្ន»ក្នុងពេលផ្សព្វផ្សាយ?—ម៉ាថ. ១០:១៦
២. តើមានស្ថានភាពអ្វីខ្លះដែលប្រហែលជាធ្វើឲ្យអ្នកត្រូវទៅផ្សព្វផ្សាយនៅតំបន់មួយផ្សេងទៀត?
២ ប្រព្រឹត្តដោយឆ្លៀវឆ្លាត: សុភាសិត ២២:៣បញ្ជាក់ថា ការចេះ«ពួនខ្លួន»ពីសេចក្ដីអាក្រក់បង្ហាញថាយើងមានប្រាជ្ញា។ ចូរប្រុងប្រយ័ត្នជានិច្ច! ស្ថានភាពនៅតំបន់ខ្លះដែលពីមុនមានសុវត្ថិភាពក៏អាចផ្លាស់ប្ដូរដោយយើងមិនដឹងទុកជាមុនដែរ។ អ្នកប្រហែលជាឃើញថា នៅតំបន់នោះមានប៉ូលិសច្រើន ឬមនុស្សកំពុងប្រមូលផ្ដុំគ្នានៅលើថ្នល់។ ជួនកាលម្ចាស់ផ្ទះដែលមានចិត្តល្អនឹងព្រមានយើង។ ដូច្នេះ ជាជាងនៅអែអង់ចង់ដឹងចង់ឮអំពីរឿងនោះ មនុស្សដែលឆ្លៀវឆ្លាតនឹងចាកចេញពីកន្លែងនោះភ្លាមៗ ហើយទៅផ្សាយនៅតំបន់មួយផ្សេងទៀត។—សុភ. ១៧:១៤; យ៉ូន. ៨:៥៩; ១ថែ. ៤:១១
៣. ក្នុងពេលផ្សព្វផ្សាយ តើយើងអាចធ្វើតាមគោលការណ៍នៅសាស្ដា ៤:៩យ៉ាងដូចម្ដេច?
៣ ផ្សព្វផ្សាយជាមួយគ្នា: សាស្ដា ៤:៩ចែងថា៖ «មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង»។ កាលពីមុន អ្នកប្រហែលជាធ្លាប់ផ្សព្វផ្សាយតែម្នាក់ឯងដោយមានសុវត្ថិភាព តែឥឡូវ តើការធ្វើដូច្នេះនៅតែមានសុវត្ថិភាពទៀតឬទេ? នៅតំបន់ផ្សាយខ្លះមានសុវត្ថិភាពមែន។ ប៉ុន្តែនៅតំបន់ខ្លះដែលគ្មានសុវត្ថិភាព បើបងប្អូនស្រីៗ ឬប្អូនៗវ័យក្មេងផ្សព្វផ្សាយតែម្នាក់ឯង ជាពិសេសក្រោយពេលថ្ងៃលិច នោះបង្ហាញថាគាត់ខ្វះការពិចារណា។ បទពិសោធន៍បង្ហាញថាការមានដៃគូដែលចេះសង្កេតមើលស្ថានភាពក្នុងពេលផ្សព្វផ្សាយនៅតែមានប្រយោជន៍យ៉ាងច្រើន។ (សាស្ដ. ៤:១០, ១២) សូមយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់បងប្អូនឯទៀតក្នុងក្រុមរបស់អ្នក។ មុនពេលអ្នកចាកចេញពីតំបន់ផ្សាយ សូមមានទម្លាប់ប្រាប់បងប្អូនឯទៀតដែលនៅក្នុងក្រុមឲ្យបានដឹង។
៤. តើយើងអាចរួមចំណែកជួយការពារបងប្អូនក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
៤ ដោយសារពួកអ្នកចាស់ទុំជាអ្នក‹កំពុងថែរក្សាយើងរាល់គ្នា› នោះពួកគាត់មានតួនាទីផ្ដល់ការណែនាំស្របតាមស្ថានភាពក្នុងតំបន់ផ្សាយ។ (ហេ. ១៣:១៧) ព្រះយេហូវ៉ាបានធានាថា លោកនឹងឲ្យពរដល់យើង កាលណាយើងមានចិត្តរាបទាប ហើយសហការយ៉ាងពេញលេញជាមួយនឹងពួកគាត់។ (មីកា ៦:៨; ១កូ. ១០:១២) សូមឲ្យអ្នកបម្រើព្រះទាំងអស់ផ្សព្វផ្សាយដោយមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយ ប៉ុន្តែក៏ត្រូវចេះប្រុងប្រយ័ត្នជានិច្ចដែរ។