បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/១៤ ទំ. ២-៤
  • ចូរមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ផែនទីផ្សាយផ្ទាល់ខ្លួន តើមានប្រយោជន៍អ្វី?
    ២០១៣ កិច្ចបម្រើព្រះ
  • ប្រើពេលវេលារបស់អ្នកតាមរបៀបដែលមានប្រសិទ្ធិភាព
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ក្នុងកិច្ចបម្រើផ្សាយ ចូរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ៦/១៤ ទំ. ២-៤

ចូរ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ

១ មេឃ​ចាប់​ផ្ដើម​ងងឹត ហើយ​មាន​សំឡេង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ឮ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ពពក​ដែល​មាន​សភាព​ដូច​ផ្សែង​កំពុង​ចុះ​កាន់​តែ​ទាប​ទៅ​ៗ។ តើ​នោះ​ជា​អ្វី? គឺ​ជា​កង​ទ័ព​កណ្ដូប​ជា​ច្រើន​លាន​ដែល​កំពុង​មក​ដើម្បី​បំផ្លិចបំផ្លាញ​ផែន​ដី​ទាំង​ស្រុង! ទិដ្ឋភាព​នេះ​បាន​រៀប​រាប់​ដោយ​អ្នក​ប្រកាស​ទំនាយ​យ៉ូអែល។ ទំនាយ​នេះ​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​អ្នក​បម្រើ​ដែល​លោក​បាន​រើស​តាំង​និង​អ្នក​ដែល​គាំ​ទ្រ​ពួក​គាត់ គឺ​មនុស្ស​មួយ​ក្រុម​ធំ។

២ ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​១៩៩៨ ទំព័រ​១០ វគ្គ​១៩ សរសេរ​ថា​៖ ​«​ពល​កណ្ដូប​របស់​ព្រះ​នៅ​សម័យ​ទំនើប​នេះ បាន​ផ្សាយ​យ៉ាង​ហ្មត់​ចត់​នៅ​ក្នុង‹ទី​ក្រុង›នៃ​ពិភព​គ្រីស្ទ​សាសនា។ (​យ៉ូអែល ២:៩​) . . . គេ​កំពុង​តែ​មាន​ជ័យ​ជំនះ​លើ​ឧបសគ្គ​ទាំង​ឡាយ ដោយ​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ជា​ច្រើន​លាន​នាក់ ហើយ​ទៅ​ជួប​មនុស្ស​នៅ​តាម​ផ្លូវ និយាយ​ជា​មួយ​គេ​ដោយ​ប្រើ​ទូរស័ព្ទ ហើយ​ទៅ​ជួប​គេ​តាម​របៀប​ណា​ក៏​ដោយ កាល​ដែល​គេ​ប្រកាស​ផ្សាយ​សារ​របស់​ព្រះ​យេហូវ៉ា​»។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​អស្ចារ្យ​ណាស់​ដែល​អាច​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នេះ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​យើង មែន​ទេ?

៣ បើ​យើង​គិត​ពី​សត្វ​កណ្ដូប វា​គ្រាន់​តែ​មាន​គោល​ដៅ​រក​ចំណី​ចិញ្ចឹម​ខ្លួន​វា​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​ខុស​គ្នា​ពី​សត្វ​កណ្ដូប យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ដែល​មាន​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ជួយ​ពួក​គេ​ឲ្យ​ឈាន​ទៅ​ដំណាក់​កាល​ផ្សេង​ៗ​ដែល​នឹង​នាំ​ពួក​គេ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​រស់​ជា​រៀង​រហូត។ (​យ៉ូន. ១៧:៣; ១ធី. ៤:១៦​) ដូច្នេះ​ហើយ យើង​ចង់​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ មិន​ថា​យើង​ផ្សព្វ​ផ្សាយ​តាម​វិធី​ណា​ក៏​ដោយ យើង​គួរ​ពិចារណា​ថា តើ​របៀប​ដែល​យើង​ផ្សព្វ​ផ្សាយ និង​ម៉ោង​ដែល​យើង​ផ្សព្វ​ផ្សាយ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​បំផុត​ឬ​យ៉ាង​ណា។ ដោយ​សារ​«​ស្ថានភាព​ពិភព​លោក​កំពុង​ប្រែ​ប្រួល​»​ ដូច្នេះ​យើង​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​វិធី​ផ្សេង​ៗ​ដែល​យើង​ផ្សព្វ​ផ្សាយ ដើម្បី​ប្រាកដ​ថា​វិធី​នោះ​មាន​ប្រសិទ្ធភាព​បំផុត។—១កូ. ៧:៣១

៤ ទោះ​ជា​យើង​ព្យាយាម​ជួប​មនុស្ស​តាម​វិធី​ផ្សេង​ៗ​ក៏​ដោយ តែ​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​តែ​ជា​វិធី​ដ៏​សំខាន់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​អ្នក​ទៅ​ផ្សព្វ​ផ្សាយ តើ​អ្នក​ឃើញ​ថា មនុស្ស​ច្រើន​តែ​មិន​នៅ​ផ្ទះ​ឬ​កំពុង​គេង​ឬ​ទេ? ពេល​ដែល​យើង​ជួប​ស្ថានភាព​ដូច​នោះ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ណាស់! ហេតុ​អ្វី? ដោយ​សារ​យើង​មិន​អាច​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ​បាន។ តើ​អ្នក​អាច​យក​ឈ្នះ​ការ​ពិបាក​នេះ​យ៉ាង​ដូច​ម្ដេច?

៥ ចេះ​ប្រែ​ប្រួល​និង​សម​ហេតុ​ផល: នៅ​ប្រទេស​អ៊ីស្រាអែល​នា​សតវត្សរ៍​ទី១ អ្នក​នេសាទ​ទៅ​នេសាទ​ត្រី​នៅ​ពេល​យប់។ ហេតុ​អ្វី​នៅ​ពេល​យប់? ទោះ​ជា​ពេល​យប់​ជា​ពេល​ដែល​ពិបាក​បំផុត​សម្រាប់​ពួក​គេ​ក្ដី តែ​នោះ​ជា​ពេល​ដ៏​ល្អ​ណាស់​ដើម្បី​នេសាទ​ត្រី​បាន​ច្រើន​បំផុត។ ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៩២ ជា​ភាសា​អង់គ្លេស បាន​ពន្យល់​អំពី​រឿង​នេះ​ថា​៖ ​«​ដូច​ជា​អ្នក​នេសាទ​ដែល​បាន​គិត​អំពី​ពេល​ណា​ល្អ​បំផុត​ដើម្បី​ទៅ​នេសាទ​ត្រី នោះ​យើង​ក៏​គួរ​គិត​អំពី​តំបន់​ផ្សាយ​របស់​យើង​ដែរ ពោល​គឺ​អំពី​ពេល​ណា​ដែល​មនុស្ស​ជា​ច្រើន​ព្រម​ស្ដាប់​យើង និង​ពេល​ណា​ដែល​ពួក​គេ​នៅ​ផ្ទះ​»។ ឧទាហរណ៍ ក្នុង​តំបន់​ជា​ច្រើន កម្មករ​រោង​ចក្រ​ច្រើន​តែ​នៅ​ផ្ទះ​នៅ​ថ្ងៃ​អាទិត្យ ដោយ​សារ​ពួក​គេ​ឈប់​សម្រាក​ពី​ការ​ងារ។ ដូច្នេះ ដើម្បី​យើង​អាច​ជួប​ពួក​គេ​បាន យើង​គួរ​កែ​សម្រួល​ពេល​វេលា​របស់​យើង។ នោះ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

៦ ចេះ​ពិចារណា​និង​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត: ពេល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ យើង​នឹង​ជួប​ម្ចាស់​ផ្ទះ​ដែល​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​ដំណឹង​ល្អ​របស់​យើង។ ម្ចាស់​ផ្ទះ​ខ្លះ​ព្រម​ទទួល​ដំណឹង​ដែល​យើង​ផ្សាយ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ទទួល​ទេ ហើយ​ម្ចាស់​ផ្ទះ​ផ្សេង​ទៀត​ប្រហែល​ជា​ចង់​រក​រឿង​យើង។ ក្នុង​ករណី​ដូច​នេះ កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​គម្ពីរ ទំព័រ​៧​-​៨ បាន​រំលឹក​យើង​ថា មិន​មែន​មនុស្ស​ម្នាក់​ៗ​សុខ​ចិត្ត​ស្ដាប់​នោះ​ទេ ហើយ​យើង​ក៏​មិន​បង្ខំ​គេ​ដែរ។ បើ​យើង​ឃើញ​ម្ចាស់​ផ្ទះ​ចង់​រក​រឿង​យើង ជា​ការ​ល្អ​បំផុត​ដែល​យើង​ចេញ​ពី​ទី​នោះ។ យើង​មិន​គួរ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ខឹង ដោយ​សារ​យើង​ទាម​ទារ​ឲ្យ​គាត់​ស្ដាប់​យើង ឬ​ឲ្យ​មាន​ទស្សនៈ​ដូច​យើង​នោះ​ទេ។ ការ​ធ្វើ​ដូច្នោះ​គឺ​មិន​សម​ហេតុ​ផល​ឡើយ ហើយ​អាច​បង្ក​បញ្ហា​ដល់​សាក្សី​ឯ​ទៀត ព្រម​ទាំង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ដែរ។

៧ ពេល​ខ្លះ យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ភ្ញាក់​ពី​ដំណេក​ឬ​រំខាន​គាត់ ដោយ​គ្មាន​ចេតនា​ទេ។ គាត់​ប្រហែល​ជា​មើល​ទៅ​ខឹង​នឹង​យើង​ដែរ។ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា? សុភាសិត ១៧:២៧ ចែង​ថា​៖ ​«​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ​»។ ពិត​មែន​តែ​យើង​មិន​សុំ​ទោស​ម្ចាស់​ផ្ទះ​ចំពោះ​ការ​មក​ផ្សព្វ​ផ្សាយ​របស់​យើង ប៉ុន្តែ​យើង​អាច​បង្ហាញ​ថា​យើង​ស្ដាយ​ណាស់​ដែល​បាន​មក​ជួប​គាត់​នៅ​ពេល​មិន​ល្អ​សម្រាប់​គាត់។ ដូច្នេះ​យើង​អាច​សួរ​គាត់​ដោយ​គួរ​សម​ថា តើ​យើង​អាច​មក​ជួប​គាត់​នៅ​ពេល​ណា​មួយ​ល្អ​ជាង​បាន​ទេ? រួច​មក​ស្នើ​សុំ​ត្រឡប់​ទៅ​ជួប​គាត់​វិញ។ ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ដោយ​និយាយ​ស្រទន់​ច្រើន​តែ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​ល្អ​ជាង។—សុភ. ១៥:១

៨ យើង​ក៏​គួរ​ចេះ​ពិចារណា​ដែរ ពេល​ដែល​ម្ចាស់​ផ្ទះ​អញ្ជើញ​យើង​ឲ្យ​ចូល​ក្នុង​ផ្ទះ។ សូម​កុំ​ធ្វើ​ឲ្យ​ប្រឡាក់​ឥដ្ឋ​ផ្ទះ​របស់​គាត់។ សូម​ចេះ​គិត​ពិចារណា​ដែរ​ថា តើ​គួរ​បន្ត​និយាយ​ឬ​យ៉ាង​ណា ពេល​ដែល​ឆ្កែ​កំពុង​ព្រុស។ ពេល​យើង​ផ្សព្វ​ផ្សាយ​ក្នុង​ខុនដូ សូម​និយាយ​តិច​ៗ ព្រោះ​ការ​និយាយ​ឮ​ៗ​អាច​រំខាន​ដល់​អ្នក​ឯ​ទៀត​ដែល​នៅ​ក្បែរ​នោះ។

៩ មាន​របៀប​រៀប​រយ​និង​ថ្លៃ​ថ្នូរ: បើ​យើង​រៀបចំ​ល្អ យើង​អាច​ជៀស​វាង​ពី​ការ​មាន​ក្រុម​ធំ​ក្នុង​តំបន់​ផ្សាយ ដែល​នាំ​ឲ្យ​មនុស្ស​ងាយ​កត់​សម្គាល់​យើង។ ជា​ឧទាហរណ៍ ម្ចាស់​ផ្ទះ​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​ខ្លាច ពេល​ឃើញ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន ជិះ​ឡាន​ឬ​ម៉ូតូ​មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​ពួក​គេ​តែ​ម្ដង។ ម្យ៉ាង​ទៀត យើង​មិន​ចង់​ឲ្យ​ពួក​គេ​គិត​ថា​យើង​«​កំពុង​ចូល​រុករាន​»​ក្នុង​តំបន់​រស់​នៅ​របស់​ពួក​គេ​នោះ​ទេ។ ជា​ការ​ល្អ​បំផុត បើ​ចាត់​ចែង​ឲ្យ​ផ្សាយ​ក្នុង​តំបន់​ផ្សាយ​ណា​មួយ នៅ​ពេល​មាន​ប្រជុំ​សម្រាប់​ផ្សព្វ​ផ្សាយ។ សូម​ផ្សព្វ​ផ្សាយ​ជា​ក្រុម​តូច​ៗ ឧទាហរណ៍​ក្រុម​គ្រួសារ​មួយ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា នោះ​មិន​សូវ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ភ័យ​ខ្លាច​ទេ។ ណា​មួយ​ទៀត បើ​មាន​ក្រុម​ផ្សាយ​តូច មិន​ចាំ​បាច់​រៀបចំ​ច្រើន​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​ឡើយ។

១០ ការ​មាន​របៀប​រៀប​រយ​ពេល​កំពុង​ផ្សព្វ​ផ្សាយ ក៏​តម្រូវ​ឲ្យ​ឪពុក​ម្ដាយ​មើល​ការ​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​កូន​ដែរ។ កូន​ៗ​គួរ​មាន​ការ​ប្រព្រឹត្ត​ល្អ​ជា​និច្ច។ កូន​ៗ​មិន​គួរ​ត្រូវ​អនុញ្ញាត​ឲ្យ​លេង​ឬ​ដើរ​ទៅ​នេះ​ទៅ​នោះ​ឡើយ ព្រោះ​នេះ​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ម្ដុំ​នោះ​ឬ​អ្នក​ដែល​ឆ្លង​កាត់​ទី​នោះ​ឆ្ងល់។

១១ សម្បក​ក្រៅ​របស់​យើង​គួរ​ថ្លៃ​ថ្នូរ​ជា​និច្ច ដែល​សម​ជា​អ្នក​តំណាង​នាម​ព្រះ​យេហូវ៉ា។ នេះ​ក៏​រួម​បញ្ចូល​ឧបករណ៍​ផ្សេង​ៗ​ដែល​យើង​ប្រើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ជា​ឧទាហរណ៍ កាតាប​ផ្សព្វ​ផ្សាយ​របស់​យើង​មិន​គួរ​សឹក​រេចរឹល​ពេក​ទេ ហើយ​គម្ពីរ​ដែល​យើង​ប្រើ​មិន​គួរ​កខ្វក់ ឬ​ខ្ទេច​ចុង​ឡើយ។ ព្រោះ​បើ​ដូច្នេះ អាច​នាំ​ឲ្យ​មនុស្ស​មិន​ឲ្យ​តម្លៃ​ចំពោះ​ដំណឹង​រាជាណាចក្រ​ព្រះ។ ម្យ៉ាង​ទៀត នេះ​ក៏​ទាក់​ទង​នឹង​ការ​ស្លៀក​ពាក់ ហើយ​ការ​សម្អិតសម្អាង​ខ្លួន​ដែរ។ ហេតុ​អ្វី? ព្រោះ​ការ​ស្លៀក​ពាក់​និង​ការ​សម្អិតសម្អាង​ខ្លួន​របស់​យើង​«​ធ្វើ​ឲ្យ​អ្នក​ដែល​ជុំ​វិញ​ខ្លួន​យើង​ដឹង​ថា​យើង​ជា​អ្នក​ណា យើង​មក​ទី​នេះ​ធ្វើ​អ្វី ហើយ​ថា​យើង​ជា​មនុស្ស​បែប​ណា​»។ ហេតុ​នេះ ការ​ស្លៀក​ពាក់​របស់​យើង​មិន​គួរ​គ្មាន​សណ្ដាប់​ធ្នាប់​ឬ​រយីករយាក​នោះ​ទេ ហើយ​ក៏​មិន​គួរ​ហ៊ឺហា​ឬ​ឆើត​ឆាយ​ពេក​ដែរ ប៉ុន្តែ​តែង​តែ​«​សម​នឹង​ដំណឹង​ល្អ​»​ជា​និច្ច។—ភី. ១:២៧; សូម​ពិនិត្យ​បន្ថែម ធីម៉ូថេ​ទី១ ២:៩, ១០

១២ នៅ​កូរិនថូស​ទី១ ៩:២៦ ចែង​ថា​៖ ​«​របៀប​ដែល​ខ្ញុំ​កំពុង​រត់ មិន​មែន​ដូច​ជា​រត់​ដោយ​គ្មាន​គោល​ដៅ​ទេ។ របៀប​ដែល​ខ្ញុំ​ដាល់ មិន​ដូច​ជា​ដាល់​ខ្យល់​ឡើយ​»។ ដោយ​ធ្វើ​តាម​គំរូ​របស់​ប៉ូល យើង​តាំង​ចិត្ត​ធ្វើ​ឲ្យ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​មាន​ប្រសិទ្ធភាព។ កាល​ដែល​យើង​មាន​ចិត្ត​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ នោះ​យើង​ប្រៀប​ដូច​ជា​ផ្នែក​មួយ​នៃ​«​ពល​កណ្ដូប​»​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ ជា​គ្រិស្ត​សាសនិក សូម​ឲ្យ​យើង​ចេះ​ពិចារណា​និង​មាន​គំនិត​សម​ហេតុ​ផល ពេល​ដែល​យើង​នាំ​ដំណឹង​អំពី​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់​ក្នុង​តំបន់​ផ្សាយ​របស់​យើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក