តើអ្វីជំរុញយើងឲ្យផ្សព្វផ្សាយ?
១. តើសេចក្ដីស្រឡាញ់ចំពោះអ្នកណាខ្លះជំរុញយើងឲ្យផ្សព្វផ្សាយ?
១ ការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះគឺជាកិច្ចការដ៏មានន័យបំផុតដែលយើងអាចធ្វើនៅសព្វថ្ងៃនេះ។ ពិតណាស់ដោយសារកិច្ចការនេះ យើងបង្ហាញថាយើងស្ដាប់បង្គាប់បញ្ញត្ដិពីរដ៏សំខាន់បំផុត ពោលគឺស្រឡាញ់ព្រះយេហូវ៉ានិងស្រឡាញ់អ្នកជិតខាង។ (ម៉ាក. ១២:២៩-៣១) សេចក្ដីស្រឡាញ់គឺជាថាមពលខ្លាំងបំផុតដែលជំរុញយើងឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។—១យ៉ូន. ៥:៣
២. តើតាមរបៀបណាកិច្ចផ្សព្វផ្សាយរបស់យើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា?
២ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា: ព្រះយេហូវ៉ាជាមិត្តសម្លាញ់ដែលយើងស្រឡាញ់ខ្លាំងបំផុត។ សេចក្ដីស្រឡាញ់នេះជំរុញយើងឲ្យនិយាយការពារលោក។ អស់រយៈពេលប្រហែល៦.០០០ឆ្នាំ សាថានបាននិយាយបង្កាច់បង្ខូចព្រះយេហូវ៉ា។ (២កូ. ៤:៣, ៤) ដូច្នេះហើយ មនុស្សជឿថាព្រះធ្វើទារុណកម្មអ្នកដែលធ្វើអំពើខុសឆ្គងក្នុងភ្លើងនរក លោកជាព្រះបីអង្គរួមជាព្រះតែមួយដែលជាសេចក្ដីបង្រៀនដ៏អាថ៌កំបាំង ហើយលោកមិនយកចិត្តទុកដាក់នឹងមនុស្សជាតិសោះឡើយ។ មនុស្សជាច្រើនថែមទាំងសន្និដ្ឋានថាគ្មានព្រះទេ។ យើងពិតជាចង់ឲ្យមនុស្សស្គាល់សេចក្ដីពិតអំពីលោកដែលជាបិតានៅស្ថានសួគ៌! ដោយធ្វើជាសាក្សីខ្នះខ្នែងរបស់ព្រះ យើងធ្វើឲ្យលោកមានចិត្តរីករាយក្រៃលែង តែនាំឲ្យសាថានខឹងវិញ។—សុភ. ២៧:១១; ហេ. ១៣:១៥, ១៦
៣. តើតាមរបៀបណាកិច្ចបម្រើផ្សាយរបស់យើងបង្ហាញថាយើងស្រឡាញ់អ្នកជិតខាង?
៣ សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង: រាល់ពេលយើងផ្សព្វផ្សាយដល់នរណាម្នាក់ យើងបង្ហាញថាយើងស្រឡាញ់គាត់។ នៅគ្រាដ៏លំបាកនេះ មនុស្សពិតជាត្រូវការឮដំណឹងល្អ។ មនុស្សជាច្រើនសព្វថ្ងៃ គឺដូចបណ្ដាជននៅក្រុងនីនីវេនាសម័យយ៉ូណាសដែល«មិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេងសោះ»។ (យ៉ូណ. ៤:១១) កិច្ចបម្រើផ្សាយរបស់យើងជួយបង្រៀនមនុស្សឲ្យមានរបៀបរស់នៅដែលប្រកបដោយសុភមង្គល។ (អេ. ៤៨:១៧-១៩) កិច្ចការនេះផ្ដល់ឲ្យពួកគេនូវសេចក្ដីសង្ឃឹម។ (រ៉ូម ១៥:៤) ប្រសិនបើពួកគេស្ដាប់និងប្រព្រឹត្តតាមអ្វីដែលបានរៀន ពួកគេ«នឹងត្រូវសង្គ្រោះ»។—រ៉ូម ១០:១៣, ១៤
៤. តើព្រះយេហូវ៉ាប្រាកដជាមិនភ្លេចអ្វី?
៤ កូនល្អខំបង្ហាញសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយគ្រប់ពេល មិនគ្រាន់តែបង្ហាញនៅពេលខ្លះៗប៉ុណ្ណោះទេ។ ស្រដៀងគ្នាដែរ សេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះនិងអ្នកជិតខាងនឹងជំរុញយើងឲ្យឆ្លៀតគ្រប់ឱកាសដើម្បីផ្សព្វផ្សាយ មិនគ្រាន់តែនៅពេលដែលមានកម្មវិធីផ្សព្វផ្សាយប៉ុណ្ណោះទេ។ យើងនឹងផ្សព្វផ្សាយឥតឈប់។ (សកម្ម. ៥:៤២) ព្រះយេហូវ៉ាប្រាកដជាមិនភ្លេចសេចក្ដីស្រឡាញ់បែបនេះឡើយ។—ហេ. ៦:១០