ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយរៀបចំពាក្យផ្ដើមទុកជាមុន
ហេតុអ្វីសំខាន់?: បើពាក្យផ្ដើមរបស់យើងមិនធ្វើឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍ទេ គាត់ប្រហែលជាបញ្ចប់ការសន្ទនាជាមួយនឹងយើង មុនពេលដែលយើងអាចផ្សព្វផ្សាយដល់គាត់។ ដូច្នេះ អ្នកផ្សព្វផ្សាយជាច្រើននាក់ចាត់ទុកថា ពាក្យផ្ដើមជាឃ្លាដ៏សំខាន់បំផុតនៃពាក្យផ្សាយ។ ទោះជាមានពាក្យផ្សាយគំរូក្នុងកិច្ចបម្រើព្រះក៏ដោយ ពាក្យផ្សាយគំរូទាំងនោះមិនតែងតែមានពាក្យផ្ដើមទាំងអស់ទេ ដូច្នេះយើងអាចផ្លាស់ប្ដូរពាក្យផ្ដើមតាមតម្រូវការ។ ទោះបើពាក្យផ្សាយគំរូមានពាក្យផ្ដើមហើយក្ដី អ្នកផ្សាយអាចសម្រេចថាត្រូវកែសម្រួលពាក្យផ្ដើមនោះ ឬរៀបចំពាក្យផ្ដើមដោយខ្លួនគាត់ក៏បានដែរ។ ដូច្នេះ បើយើងរៀបចំពាក្យផ្ដើមទុកជាមុន យើងនឹងផ្សាយដោយមានប្រសិទ្ធភាពជាង មិនមែនយើងចេះតែនិយាយអ្វីតាមតែយើងនឹកឃើញពេលជួបម្ចាស់ផ្ទះនោះទេ។—សុភ. ១៥:២៨
របៀបអនុវត្ត:
• ជ្រើសយកប្រធានបទមួយ។ ប្រធានបទនោះគួរមានមូលដ្ឋានលើសៀវភៅដែលអ្នកកំពុងស្នើផ្ដល់ ហើយប្រធានបទនោះក៏គួរជាទីចាប់អារម្មណ៍ចំពោះអ្នកនៅក្នុងតំបន់ផ្សាយដែរ។
• សូមរៀបចំទុកជាមុននូវពាក្យផ្ដើមមួយឃ្លាឬពីរឃ្លាដែលអ្នកនឹងនិយាយ ក្រោយពីអ្នកជម្រាបសួរនិងសួរសុខទុក្ខម្ចាស់ផ្ទះរួច។ អ្នកប្រហែលជាចាប់ផ្ដើមដោយនិយាយថា៖ «ខ្ញុំមកទីនេះ ពីព្រោះ . . . » «មនុស្សជាច្រើនកំពុងខ្វល់ខ្វាយអំពី . . . » «ខ្ញុំចង់ដឹងទស្សនៈរបស់អ្នកស្តីអំពី . . . » ឬក៏រឿងផ្សេងទៀត។ តាមធម្មតាពាក្យផ្ដើមខ្លី ហើយស្រួលយល់គឺមានប្រសិទ្ធភាពបំផុត។ អ្នកផ្សាយខ្លះបានសម្រេចចិត្តថាទន្ទេញឲ្យចាំពាក្យផ្ដើមរបស់ខ្លួន។
• សូមរៀបចំសំណួរមួយដែលនាំឲ្យម្ចាស់ផ្ទះប្រាប់ទស្សនៈរបស់គាត់ ដើម្បីឲ្យគាត់បន្តសន្ទនាជាមួយនឹងអ្នក។ (ម៉ាថ. ១៧:២៥) សូមចាំថាគាត់ទំនងជាកំពុងគិតអំពីរឿងផ្សេងមុនអ្នកមកជួបគាត់ ដូច្នេះសំណួររបស់អ្នកមិនគួរពិបាកពេក ឬធ្វើឲ្យគាត់ឆ្លើយមិនរួចនោះទេ។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ សូមលៃទុកពេលដើម្បីរៀបចំពាក្យផ្ដើមផ្សេងៗ និងហាត់និយាយពាក្យផ្ដើមទាំងនោះ។
• ពេលអ្នកចូលរួមកិច្ចបម្រើផ្សាយជាមួយអ្នកផ្សាយផ្សេងទៀត សូមប្រាប់ពួកគាត់អំពីពាក្យផ្ដើមដែលអ្នកចង់និយាយ។ (សុភ. ២៧:១៧) សូមកែប្រែពាក្យផ្ដើមរបស់អ្នក បើពាក្យផ្ដើមនោះគ្មានប្រសិទ្ធភាពទេ។