វិធីរៀបចំពាក្យផ្សាយដើម្បីស្នើផ្ដល់ទស្សនាវដ្ដី
១ អ្នកប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីបានជាយើងគួររៀបចំពាក្យផ្សាយដើម្បីស្នើផ្ដល់ទស្សនាវដ្ដី ដោយហេតុថាពាក្យផ្សាយនេះមានចេញរាល់លើករួចហើយក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង?›។ ទោះជាច្រើននាក់យល់ថាពាក្យស្នើផ្ដល់ជាគំរូមានប្រយោជន៍ក៏ពិតមែន តែការរៀបចំដោយខ្លួនឯងគឺនៅតែសំខាន់។ ពាក្យផ្សាយដែលមានប្រសិទ្ធភាពនៅតំបន់ផ្សាយមួយ មិនប្រាកដថាមានប្រសិទ្ធភាពនៅតំបន់ផ្សាយមួយទៀតទេ។ ហេតុដូច្នេះហើយ យើងមិនចាំបាច់ប្រើពាក្យឲ្យដូចបេះបិទតាមពាក្យជាគំរូទេ។ សូម្បីតែយើងជ្រើសរើសពាក្យស្នើផ្ដល់ជាគំរូមកប្រើក្ដី យកល្អសូមយល់គំនិតដោយប្រើពាក្យដែលចេញពីចិត្តវិញ។
២ ជ្រើសរើសអត្ថបទមួយ: ក្រោយពីអានទស្សនាវដ្ដី សូមជ្រើសរើសអត្ថបទមួយដែលសមរម្យសម្រាប់តំបន់ផ្សាយរបស់អ្នក ហើយដែលអ្នកចូលចិត្ត។ នៅពេលដែលអ្នកបង្ហាញអត្ថបទដោយជំនឿស៊ប់និងដោយចិត្តរំភើប នោះអាចជំរុញទឹកចិត្តម្ចាស់ផ្ទះឲ្យចង់អានដែរ។ ថ្វីបើប្រហែលជាអ្នកបង្ហាញអត្ថបទមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍នៅតំបន់ផ្សាយរបស់អ្នក អ្នកក៏គួរយល់ឲ្យច្បាស់ពីអត្ថបទផ្សេងៗទៀតដែលមានក្នុងទស្សនាវដ្ដីនោះផងដែរ។ នេះនឹងជួយឲ្យអ្នកអាចកែប្រែពាក្យផ្សាយ នៅពេលដែលអ្នកជួបមនុស្សដែលចាប់អារម្មណ៍នឹងរឿងផ្សេងទៀត។
៣ សួរសំណួរមួយ: បន្ទាប់មកសូមអ្នករៀបចំពាក្យផ្ដើមឲ្យបានល្អ។ ព្រោះពាក្យផ្ដើមរបស់អ្នកសំខាន់ណាស់។ ជាការល្អបើយើងអាចប្រើសំណួរត្រិះរិះដើម្បីបង្កើនចំណាប់អារម្មណ៍ទៅលើអត្ថបទដែលអ្នកបានជ្រើសរើសដើម្បីបង្ហាញគាត់។ សំណួរដើម្បីឲ្យដឹងពីទស្សនៈរបស់ម្ចាស់ផ្ទះមានប្រសិទ្ធភាពបំផុត។ ចូរជៀសវាងសួរពីអ្វីដែលធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍មិនល្អ ឬប្រកែកយកឈ្នះ។
៤ អានបទគម្ពីរមួយ: នៅទីបំផុត បើកាលៈទេសៈរបស់ម្ចាស់ផ្ទះអនុញ្ញាត សូមជ្រើសរើសខគម្ពីរមួយអាន ឬអានខគម្ពីរណាមួយនៅក្នុងអត្ថបទដែលអ្នកនឹងបង្ហាញគាត់។ ការអានបទគម្ពីរនឹងជួយឲ្យម្ចាស់ផ្ទះឃើញថាសាររបស់យើងគឺពិតជាមកពីព្រះបន្ទូលរបស់ព្រះមែន។ (១ថែ. ២:១៣) សូម្បីតែគាត់បដិសេធទស្សនាវដ្ដីក៏ដោយ គាត់នៅតែបានទទួលដំណឹងដែលជាព្រះបន្ទូលរបស់ព្រះ។ អ្នកផ្សព្វផ្សាយខ្លះបានធ្វើឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍ដោយអានបទគម្ពីរ មុនពេលដែលពួកគាត់សួរសំណួរទៅទៀត។ អ្នកអាចបង្ហាញបទគម្ពីរដោយនិយាយថា៖ «ខ្ញុំចង់បានយោបល់របស់អ្នកពីអ្វីដែលបានចែងក្នុងខគម្ពីរនេះ»។ បន្ទាប់មកអញ្ជើញម្ចាស់ផ្ទះឲ្យគិតទៅលើចំណុចសំខាន់មួយ ដែលមាននៅក្នុងទស្សនាវដ្ដី រួចហើយនិយាយយ៉ាងខ្លីដើម្បីបង្កើនចំណាប់អារម្មណ៍មុនពេលស្នើជូនទស្សនាវដ្ដី។
៥ គ្មានល័ក្ខខ័ណ្ឌជាក់លាក់ស្តីពីអ្វីដែលត្រូវនិយាយពេលស្នើផ្ដល់ទស្សនាវដ្ដីទេ។ យកល្អបើពាក្យផ្សាយរបស់យើងមិនស្មុគស្មាញហើយខ្លី។ សូមប្រើពាក្យផ្សាយដែលងាយស្រួលសម្រាប់អ្នក និងដែលនាំឲ្យមានលទ្ធផលល្អ។ លើកបញ្ជាក់ពីគុណប្រយោជន៍នៃទស្សនាវដ្ដី ព្រមទាំងបង្ហាញចិត្តរំភើប។ បើរៀបចំបានល្អ អ្នកនឹងមានប្រសិទ្ធភាពច្រើនជាងក្នុងការចែកជូនទស្សនាវដ្ដីប៉មយាមដល់«អស់អ្នកដែលត្រូវបាន[ឬ«សមទទួល»]ជីវិតអស់កល្បជានិច្ច»។—កិច្ច. ១៣:៤៨; ព.ថ.
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីល្អដែលយើងត្រូវរៀបចំពាក្យផ្សាយ ជាជាងទន្ទេញចាំមាត់តាមគំរូដែលមាននៅកិច្ចបម្រើព្រះរាជាណាចក្រយើងនោះ?
២. ក្នុងការជ្រើសរើសអត្ថបទណាមួយដើម្បីបង្ហាញម្ចាស់ផ្ទះ តើអ្នកគួរធ្វើអ្វីខ្លះ?
៣. តើពាក្យផ្ដើមបែបណាដែលមានប្រសិទ្ធភាពបំផុត?
៤. ពេលកាលៈទេសៈអនុញ្ញាត តើការអានបទគម្ពីរជូនម្ចាស់ផ្ទះមានប្រយោជន៍អ្វីខ្លះ?
៥. តើយើងគួរគិតពីចំណុចអ្វីខ្លះពេលរៀបចំពាក្យផ្សាយដើម្បីស្នើផ្ដល់ទស្សនាវដ្ដី?