វិធីប្រើគំរូអំពីពាក្យផ្សាយ
១ គំរូអំពីពាក្យផ្សាយសំរាប់ជូនទស្សនាវដ្ដីនិងសៀវភៅឯទៀត មានជាទៀងទាត់ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង។ នៅពេលដែលចូលរួមកិច្ចផ្សព្វផ្សាយ យើងមិនចាំបាច់សូត្ររត់មាត់ពាក្យទាំងនេះឡើយ។ ពាក្យផ្សព្វផ្សាយនោះគ្រាន់តែជាគំរូពីអ្វីដែលយើងអាចនិយាយបាន។ ធម្មតា មានប្រសិទ្ធភាពជាងបើកែប្រែពាក្យផ្សព្វផ្សាយនោះដើម្បីអាចនិយាយចេញពីចិត្ត។ កាលបើយើងនិយាយចេញពីចិត្ត នោះធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍ស្រួល ហើយក៏បង្ហាញថាយើងនិយាយដោយស្មោះនិងដោយជឿជាក់។—២កូ. ២:១៧; ១ថែ. ១:៥
២ ចូរប្រើពាក្យផ្សាយដែលសមស្របតាមតំបន់: វិធីដែលយើងផ្សព្វផ្សាយដំណឹងល្អទទួលឥទ្ធិពលខ្លាំងពីទំនៀមទំលាប់តាមតំបន់។ តើអ្នកអាចសួរសុខទុក្ខម្ចាស់ផ្ទះមុនសិន រួចចាប់ផ្ដើមផ្សព្វផ្សាយក្រោយបានទេ? ឬក៏តើមនុស្សនៅតំបន់របស់អ្នកចង់ឲ្យអ្នកប្រាប់ភ្លាមៗថាអ្នកមកមានការអ្វីនោះ? ចម្លើយចំពោះសំនួរនោះគឺខុសគ្នាតាមតំបន់ហើយតាមមនុស្ស។ យើងក៏ត្រូវចេះគិតពិចារណាដែរពេលសួរសំនួរ។ សំនួរខ្លះប្រហែលជាសមរម្យនៅតំបន់ខ្លះ រីឯនៅតំបន់ផ្សេងទៀតប្រហែលមនុស្សមិនសូវពេញចិត្តទេបើសួរពួកគេសំនួរនោះ។ ហេតុនេះ យើងត្រូវចេះរិះគិតហើយប្រើពាក្យផ្សាយឲ្យបានសមរម្យទៅតាមតំបន់របស់យើង។
៣ ម្យ៉ាងទៀត យើងត្រូវតែគិតអំពីប្រវត្ដិ និងគំនិតរបស់មនុស្សនៅក្នុងតំបន់របស់យើងពេលដែលរៀបចំសំរាប់កិច្ចផ្សព្វផ្សាយ។ ជាឧទាហរណ៍ បើអ្នកកំពុងតែនិយាយជាមួយនឹងម្ចាស់ផ្ទះដែលកាន់សាសនាកាតូលិកនោះ វិធីដែលអ្នកប្រើម៉ាថាយ ៦:៩, ១០ ទំនងជាខុសគ្នានឹងវិធីដែលអ្នកប្រើបទគម្ពីរនោះជាមួយនឹងអ្នកដែលមិនធ្លាប់ស្គាល់សេចក្ដីអធិស្ឋានក្នុងខនោះ។ បើគិតទុកជាមុន យើងអាចផ្លាស់ប្ដូរពាក្យផ្សព្វផ្សាយរបស់យើងដើម្បីធ្វើឲ្យមនុស្សក្នុងតំបន់ផ្សាយចាប់អារម្មណ៍ជាង។—១កូ. ៩:២០-២៣
៤ សូម្បីតែយើងប្រើពាក្យផ្សព្វផ្សាយដូចក្នុងគំរូក៏ដោយ ការរៀបចំទុកជាមុននៅតែសំខាន់។ យើងគួរអានដោយយកចិត្តទុកដាក់នូវអត្ថបទឬជំពូកដែលយើងនឹងបង្ហាញម្ចាស់ផ្ទះ ហើយរកចំណុចណាដែលអាចធ្វើឲ្យគាត់ចាប់អារម្មណ៍ រួចមកយើងបញ្ចូលចំណុចនោះក្នុងពាក្យផ្សាយរបស់យើង។ លុះត្រាតែយើងស្គាល់ពត៌មានល្អៗក្នុងសៀវភៅរបស់យើង ទើបអាចជូនសៀវភៅដោយបង្ហាញអារម្មណ៍សាទរបាន។
៥ វិធីឯទៀត: តើយើងអាចប្រើត្រឹមតែពាក្យដែលមានក្នុងគំរូអំពីពាក្យផ្សាយទាំងនោះប៉ុណ្ណោះឬ? មិនមែនទេ! បើពាក្យផ្សេងទៀតឬបទគម្ពីរណាផ្សេងគឺស្រួលជាងសំរាប់អ្នក ចូរប្រើនោះចុះ! ជាពិសេសពេលដែលជូនទស្សនាវដ្ដី ចូររកឱកាស បង្ហាញអត្ថបទបន្ថែមដែលប្រហែលជាមានរឿងគួរឲ្យចាប់អារម្មណ៍សំរាប់តំបន់របស់អ្នក។ នៅពេលដែលមានការសម្ដែងនៅប្រជុំអប់រំកិច្ចបំរើ ការសម្ដែងនោះអាចត្រូវរៀបចំដោយប្រើពាក្យផ្សាយដែលមានប្រសិទ្ធភាពក្នុងតំបន់របស់អ្នក។ តាមវិធីនេះបងប្អូនទាំងអស់នឹងត្រូវជួយឲ្យផ្សាយដំណឹងល្អដោយប្រសិទ្ធភាព។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះគំរូអំពីពាក្យផ្សាយ?
២. ហេតុអ្វីបានជាយើងត្រូវគិតពិចារណាអំពីទំនៀមទំលាប់តាមតំបន់ពេលដែលរៀបចំពាក្យផ្សព្វផ្សាយ?
៣. ហេតុអ្វីយើងគួរគិតអំពីប្រវត្ដិនិងគំនិតរបស់មនុស្សដែលយើងជួប?
៤. ហេតុអ្វីការរៀបចំយ៉ាងល្អគឺចាំបាច់?
៥. ហេតុអ្វីយើងអាចរៀបចំពាក្យផ្សព្វផ្សាយផ្សេងទៀត? តើយើងអាចរៀបចំនោះដោយដូចម្ដេច?