ចូរផ្ដល់ទស្សនាវដ្ដីដែលបញ្ជាក់ពីសេចក្ដីពិត
១ ទស្សនាវដ្ដីប៉មយាមប្រកាសព្រះរាជាណាចក្រនៃព្រះយេហូវ៉ា នៅតែជាផ្នែកសំខាន់មួយក្នុងការផ្សព្វផ្សាយរាជាណាចក្រព្រះ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) យើងរីករាយខ្លាំងណាស់ពេលដែលយើងចូលរួមក្នុងផ្នែកផ្សេងៗនៃកិច្ចបម្រើផ្សាយ ដើម្បីផ្ដល់យ៉ាងទៀងទាត់នូវទស្សនាវដ្ដីតាមត្រូវពេលនេះ។
២ ប៉ុន្មានឆ្នាំហើយ ទស្សនាវដ្ដីប៉មយាមបានមានការផ្លាស់ប្ដូរស្តីអំពីចំនួននៃទំព័រ សាច់រឿង ព្រមទាំងវិធីដែលយើងប្រើដើម្បីចែកទស្សនាវដ្ដីដែរ។ គោលបំណងនៃការផ្លាស់ប្ដូរទាំងនេះ គឺដើម្បីឲ្យទស្សនាវដ្ដីប៉មយាមអាចទាក់ទាញចិត្ត និងមានប្រសិទ្ធភាពជាង ព្រមទាំងជួយឲ្យសាររាជាណាចក្រព្រះមានឥទ្ធិពលទៅលើចិត្តរបស់‹មនុស្សទាំងអស់ ឲ្យគេបានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត›។—១ធី. ២:៤
៣ យោបល់នៃរបៀបនិយាយអំពីទស្សនាវដ្ដីនីមួយៗ គឺមាននៅទំព័រចុងក្រោយនៃកិច្ចបម្រើព្រះរាជាណាចក្រយើង។ យោបល់ទាំងនេះលើកចំណុចពីអត្ថបទដំបូងក្នុងទស្សនាវដ្ដី។ យោបល់នេះអាចមានប្រសិទ្ធភាពបំផុតពេលយើងយល់ច្បាស់ពីព័ត៌មានក្នុងអត្ថបទនៃទស្សនាវដ្ដី ព្រមទាំងជ្រើសរើសពាក្យខ្លួនឯងដើម្បីកែសម្រួលរបៀបនិយាយឲ្យត្រូវនឹងតំបន់ផ្សាយ។
៤ សូម្បីតែកិច្ចបម្រើព្រះរាជាណាចក្រយើងមានយោបល់នៃរបៀបនិយាយពីរយ៉ាង សម្រាប់ទស្សនាវដ្ដីនីមួយៗក្ដី អ្នកអាចនិយាយខុសពីនេះបាន។ មូលហេតុមួយដែលអ្នកចង់ធ្វើដូចនេះ គឺពីព្រោះប្រហែលមានអត្ថបទឯទៀតក្នុងទស្សនាវដ្ដីនោះ ដែលទាក់ទាញចិត្តមនុស្សច្រើនជាងក្នុងតំបន់ផ្សាយរបស់អ្នក។ ម្យ៉ាងទៀត អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកអាចមានប្រសិទ្ធភាពជាងដោយបង្ហាញអត្ថបទណាមួយដែលអ្នកចូលចិត្ត។
៥ វិធីរៀបចំរបៀបនិយាយ : មុនដំបូង អ្នកត្រូវតែយល់ច្បាស់លាស់អំពីអត្ថបទដែលអ្នកនឹងបង្ហាញ។ ប្រហែលអ្នកមិនអាចយល់ច្បាស់អំពីអត្ថបទទាំងអស់ក្នុងទស្សនាវដ្ដី មុននឹងអ្នកចាប់ផ្ដើមផ្ដល់ទស្សនាវដ្ដីនោះទេ។ យ៉ាងណាក៏ដោយ អ្នកត្រូវតែសម្ដែងអារម្មណ៍សាទរ និងចិត្តស្មោះពេលអ្នកបង្ហាញអត្ថបទនោះ។ អ្នកអាចធ្វើដូចនេះបាន ប្រសិនបើអ្នកយល់ច្បាស់អំពីព័ត៌មានដែលអ្នកនឹងប្រាប់អ្នកឯទៀត។
៦ បន្ទាប់មក ចូរចេះផ្លាស់ប្ដូរពាក្យផ្ដើមរបស់អ្នក។ អ្នកអាចចាប់ផ្ដើមការសន្ទនា ដោយសួរសំណួរគួរឲ្យចាប់អារម្មណ៍មួយដែលទាក់ទងនឹងអត្ថបទនោះ។ ដើម្បីឲ្យមានឥទ្ធិពលលើចិត្តគេ សូមពឹងផ្អែកលើអំណាចនៃបណ្ដាំរបស់ព្រះជានិច្ច។ (ហេ. ៤:១២) បន្ទាប់ពីនេះ សូមជ្រើសរើសបទគម្ពីរដែលទាក់ទងនឹងរឿងដែលអ្នកលើកឡើង ហើយបើអាចធ្វើបានសូមជ្រើសរើសបទគម្ពីរដែលបានកត់ទុក ឬដកស្រង់ក្នុងអត្ថបទដែលអ្នកបង្ហាញនោះ។ សូមគិតពិចារណាអំពីរបៀបដែលបទគម្ពីរនោះទាក់ទងនឹងអត្ថបទដែលអ្នកបង្ហាញ។
៧ ចូរឆ្លៀតគ្រប់ឱកាស : ដើម្បីឲ្យរបៀបនិយាយពិតជាមានប្រសិទ្ធភាព អ្នកត្រូវតែប្រើពាក្យនោះ។ សូមចូលរួមផ្ដល់ទស្សនាវដ្ដីជាមួយនឹងក្រុមជំនុំនៅថ្ងៃសៅរ៍។ សូមផ្ដល់ទស្សនាវដ្ដីដល់អស់អ្នកដែលធ្លាប់ទទួលសៀវភៅឯទៀត និងផ្ដល់ឲ្យសិស្សគម្ពីរជានិច្ច ហើយអ្នកផ្សេងទៀតដែលអ្នកជួបពេលធ្វើការត្រឡប់ទៅជួប។ អ្នកប្រហែលអាចជូនទស្សនាវដ្ដីដល់មនុស្សដែលអ្នកនិយាយជាមួយ នៅឯផ្សារឬនៅបន្ទប់រង់ចាំពេទ្យ។ សូមធ្វើឲ្យរបៀបនិយាយរបស់អ្នកកាន់តែប្រសើរឡើងៗ ពេលអ្នកប្រើរបៀបនិយាយក្នុងអំឡុងខែនីមួយៗ។
៨ ទស្សនាវដ្ដីប៉មយាម គឺល្អឯក ពីព្រោះទស្សនាវដ្ដីនេះលើកតម្កើងព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក។ (កិច្ច. ៤:២៤) ទស្សនាវដ្ដីប៉មយាមជួយសម្រាលទុក្ខដល់មនុស្សដោយដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ ហើយលើកទឹកចិត្តឲ្យមានជំនឿទៅលើព្រះយេស៊ូគ្រិស្ត។ (ម៉ាថ. ២៤:១៤; កិច្ច. ១០:៤៣) បន្ថែមទៅទៀត ទស្សនាវដ្ដីប៉មយាម សង្កេតមើលព្រឹត្ដិការណ៍នានានៃពិភពលោក កាលដែលការណ៍ទាំងនេះកំពុងតែបំពេញបទទំនាយក្នុងគម្ពីរ។ (ម៉ាថ. ២៥:១៣) សូមជួយអស់អ្នកនៅតំបន់ផ្សាយឲ្យទទួលប្រយោជន៍ពីទស្សនាវដ្ដីនេះ ដោយរៀបចំផ្ដល់នៅគ្រប់ពេលវេលាដែលសមរម្យ!
៩ ពេលអ្នកបានជូនទស្សនាវដ្ដី ឬក៏គ្រាន់តែមានការសន្ទនាដ៏រាក់ទាក់អំពីរឿងសាសនាណាមួយក្ដី សូមត្រៀមខ្លួនទុកជាមុនដោយមានសំណួរឬពាក្យគួរឲ្យចាប់អារម្មណ៍ណាមួយ។ សំណួរឬពាក្យនោះប្រហែលអនុញ្ញាតឲ្យអ្នកត្រឡប់ទៅវិញ និងមានការសន្ទនាអំពីរឿងសាសនាថែមទៀត។ ប្រសិនបើយើងខ្នះខ្នែងក្នុងការព្រោះពូជនៃសេចក្ដីពិត នោះយើងអាចប្រាកដថា ព្រះយេហូវ៉ានឹងបើកចិត្តរបស់អស់អ្នកដែលប្រាថ្នាចង់ស្គាល់និងបម្រើទ្រង់។—១កូ. ៣:៦
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើទស្សនាវដ្ដីប៉មយាមមានតួនាទីអ្វី?
២. តើទស្សនាវដ្ដីប៉មយាមបានផ្លាស់ប្ដូរអ្វីខ្លះ? ហើយហេតុអ្វីមានការផ្លាស់ប្ដូរ?
៣. តើទស្សនាវដ្ដីប៉មយាមត្រូវបានប្រើក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៤. ហេតុអ្វីការប្រើរបៀបនិយាយឯទៀតក្រៅពីយោបល់នៅកិច្ចបម្រើព្រះរាជាណាចក្រយើង អាចមានប្រយោជន៍?
៥. មុននឹងរៀបចំរបៀបនិយាយអំពីទស្សនាវដ្ដី តើអ្នកគួរធ្វើអ្វី?
៦. តើយើងអាចរៀបចំរបៀបនិយាយដោយខ្លួនឯងយ៉ាងដូចម្ដេច?
៧. តើយើងអាចធ្វើឲ្យរបៀបនិយាយរបស់យើង កាន់តែប្រសើរឡើងយ៉ាងដូចម្ដេច?
៨. តើតាមរបៀបណាទស្សនាវដ្ដីប៉មយាមគឺល្អឯក?
៩. តើយើងអាចរៀបចំដើម្បីត្រឡប់ទៅវិញពេលជួបគេលើកដំបូងយ៉ាងដូចម្ដេច?