តើអ្នកបំពេញកិច្ចបំរើរបស់អ្នកយ៉ាងផ្ចិតផ្ចង់ឬទេ?
១ សៀវភៅកិច្ចការចែងថា៖ សិស្សរបស់ព្រះយេស៊ូបានបំពេញកិច្ចបំរើរបស់គេយ៉ាងផ្ចិតផ្ចង់ដោយ«ធ្វើបន្ទាល់អស់ពីចិត្ត»ដល់បណ្ដាជន។ (កិច្ចការ ២:៤០; ៨:២៥; ២៨:២៣) នេះពិតជាគោលដៅរបស់សាវ័កប៉ុលដែរ។ (កិច្ចការ ២០:២៤) នេះក៏ជាគោលដៅរបស់អ្នក ដែលជាអ្នកបំរើខាងដំណឹងល្អដែរ មែនទេ? តើអ្នកអាចសម្រេចគោលដៅនេះយ៉ាងដូចម្ដេចបាន?
២ ចូររៀបចំពាក្យផ្សព្វផ្សាយរបស់អ្នក: ដើម្បីប្រាកដថាយើងនឹងធ្វើបន្ទាល់ដោយប្រសិទ្ធិភាព នោះការរៀបចំគឺចាំបាច់ ជាពិសេសពេលយើងស្នើផ្ដល់ទស្សនាវដ្ដី ពីព្រោះសាច់រឿងក្នុងនោះតែងតែថ្មីជានិច្ច។ ដើម្បីជួយយើងបង្កើនសមត្ថភាពរបស់យើង នោះកិច្ចបំរើព្រះរាជាណាចក្រយើងច្បាប់នេះ មានលក្ខណៈថ្មីមួយ គឺជាប្រអប់ខាងឆ្វេងដែលមានពាក្យផ្សព្វផ្សាយជាគំរូសំរាប់ទស្សនាវដ្ដីប៉មយាមថ្មីៗនេះ។ ប្រអប់នោះនឹងលើកបញ្ជាក់រឿងថ្មីៗក្នុងទស្សនាវដ្ដីនិមួយៗដែលនឹងធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍។ តើអ្នកអាចរៀបចំពាក្យផ្សព្វផ្សាយត្រួសៗនេះយ៉ាងដូចម្ដេច?
៣ សូមជ្រើសរើសយោបល់មួយដែលអ្នកគិតថា នឹងមានប្រសិទ្ធិភាពច្រើនបំផុតក្នុងតំបន់ផ្សាយរបស់អ្នក។ អានអត្ថបទដែលត្រូវបញ្ជាក់នោះយ៉ាងហ្មត់ចត់ និងកត់សម្គាល់ចំណុចជាក់លាក់ដែលអាចធ្វើឲ្យគេចាប់អារម្មណ៍។ រកបទគម្ពីរមួយក្នុងទស្សនាវដ្ដីនោះដែលជាប់ទាក់ទងនឹងការពិគ្រោះ ដែលអ្នកអាចអានឲ្យម្ចាស់ផ្ទះស្ដាប់។ បន្ថែមសេចក្ដីបញ្ចប់មួយដើម្បីលើកទឹកចិត្តអ្នកស្ដាប់ឲ្យអានទស្សនាវដ្ដី ហើយបើសិនជាសមរម្យ នោះបន្ថែមពាក្យយ៉ាងខ្លីដែលជំរាបម្ចាស់ផ្ទះថា គាត់អាចជូនវិភាគទានបានចំពោះកិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក។ ក្រោយនោះមក ហាត់ពាក្យផ្សព្វផ្សាយរបស់អ្នក។
៤ រៀបចំឲ្យមានគោលដៅចង់ប្រើព្រះគម្ពីរ: ធម្មតា បើសិនជាអ្នករៀបចំឲ្យបានល្អ នោះអ្នកអាចអានបទគម្ពីរមួយក្នុងពាក្យផ្សព្វផ្សាយរបស់អ្នក។ តួយ៉ាងដូចជានៅកន្លែងជាច្រើន អ្នកផ្សាយដែលមានបទពិសោធន៍ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ គេផ្សព្វផ្សាយដោយកាន់ព្រះគម្ពីរក្នុងដៃស្រាប់ ទាំងសួរសុខទុក្ខម្ចាស់ផ្ទះ និងនិយាយថា៖
▪ «យើងខ្ញុំកំពុងតែសួរប្រជាជនថា តើគេជឿសេចក្ដីនេះទេដែលថា៖ . . . » អានលោកុប្បត្តិ ១:១ និងសួរគេថា៖ «តើអ្នកជឿដូច្នេះទេ?»។ បើសិនជាគាត់យល់ព្រម អ្នកអាចនិយាយថា៖ «ខ្ញុំក៏ជឿដូច្នេះដែរ។ ក៏ប៉ុន្តែ បើសិនជាព្រះបានបង្កើតរបស់សព្វសារពើមក តើអ្នកគិតថាទ្រង់ក៏បានបង្កើតឲ្យមានអំពើអាក្រក់ដែរឬទេ?»។ ក្រោយពីស្ដាប់ចម្លើយរបស់គេរួច នោះសូមអានសាស្ដា ៧:២៩។ បើកសៀវភៅចំណេះ មើលទំព័រ៧១ និងអានវគ្គទី២។ លើកទឹកចិត្តគាត់ឲ្យអានសៀវភៅនោះ។ បើសិនជាម្ចាស់ផ្ទះមិនជឿតាមសេចក្ដីនៅលោកុប្បត្តិ ១:១ នោះសូមលើកទឹកចិត្តគាត់ឲ្យពិនិត្យមើលជំពូកទី៨ វគ្គ៦-៨ និង១៥-២៥ ក្នុងសៀវភៅព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
៥ ចូរត្រឡប់ទៅជួបអស់អ្នកដែលចាប់អារម្មណ៍: អ្នកមិនអាចបំពេញកិច្ចបំរើរបស់អ្នកយ៉ាងផ្ចិតផ្ចង់បានទេ បើសិនជាអ្នកមិនត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍នោះវិញ។ ពេលដែលអ្នកមានការពិគ្រោះគ្នាដ៏ល្អនោះ មិនថាគេព្រមទទួលទស្សនាវដ្ដីឬប្រកាសនវត្ថុផ្សេងទៀតក៏ដោយ ចូរកត់ឈ្មោះនិងអាស័យដ្ឋានរបស់គេ។ ព្យាយាមបណ្ដុះបណ្ដាលចំណាប់អារម្មណ៍របស់គេដោយត្រឡប់ទៅជួបគេយ៉ាងឆាប់បំផុត។ អ្នកក៏ត្រូវអញ្ជើញគេសិក្សាព្រះគម្ពីរផងដែរ។
៦ សិស្សរបស់ព្រះយេស៊ូនៅសតវត្សទីមួយនោះ ដឹងថាទ្រង់បានបញ្ជាឲ្យគេ«ធ្វើបន្ទាល់សព្វគ្រប់»យ៉ាងផ្ចិតផ្ចង់។ (កិច្ចការ ១០:៤២) យើងក៏ជាប់ក្នុងបទបញ្ជាដដែលនោះដែរ ដ្បិតមានតែវិធីនោះប៉ុណ្ណោះទើបយើងអាចបញ្ចុះបញ្ចូលឲ្យមានសិស្សបាន។ (ម៉ាថាយ ២៨:១៩, ២០) ចូរឲ្យយើងធ្វើអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចបំរើរបស់យើងយ៉ាងផ្ចិតផ្ចង់។—ធីម៉ូថេទី២ ៤:៥