ចូរប្រើjw.orgក្នុងកិច្ចបម្រើផ្សាយ
គេហទំព័ររបស់យើងគឺជាជំនួយដ៏មានតម្លៃសម្រាប់ជួយយើងផ្សព្វផ្សាយដំណឹងល្អ«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) ម្ចាស់ផ្ទះភាគច្រើនមិនអាចដឹងអំពីjw.orgដោយខ្លួនឯងទេ។ ក៏ប៉ុន្តែ ពួកគេដឹងអំពីគេហទំព័ររបស់យើងបាន លុះត្រាតែអ្នកផ្សព្វផ្សាយបង្ហាញពួកគេ។
អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់ បានថតចម្លងវីដេអូហេតុអ្វីគួររៀនគម្ពីរ? ក្នុងទូរស័ព្ទរបស់គាត់ ហើយចាក់វីដេអូនោះរៀងរាល់ពេលដែលគាត់ឃើញថាមានឱកាស។ ជាឧទាហរណ៍ ពេលគាត់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ គាត់និយាយថា៖ «ខ្ញុំមកលេងមួយភ្លែតដើម្បីជួយមនុស្សឲ្យរកចម្លើយចំពោះសំណួរសំខាន់បីគឺ ហេតុអ្វីពិភពលោកនេះមានបញ្ហាច្រើនម្ល៉េះ? តើព្រះនឹងដោះស្រាយតាមរបៀបណា? ហើយតើនៅឥឡូវនេះយើងអាចស៊ូទ្រាំតាមរបៀបណា? វីដេអូខ្លីនេះនឹងឆ្លើយសំណួរទាំងនោះ»។ គាត់បានបង្ហាញវីដេអូនោះតែម្ដង។ រួចមក គាត់សង្កេតមើលប្រតិកម្មរបស់ម្ចាស់ផ្ទះ។ វីដេអូនេះគួរឲ្យជក់ចិត្តមែន ដូច្នេះម្ចាស់ផ្ទះភាគច្រើនមើលមិនដាក់ភ្នែកទេរហូតដល់ចប់។ បន្ទាប់មក អ្នកធ្វើដំណើរត្រួតពិនិត្យនិយាយថា៖ «អ្នកទើបតែឮថា អ្នកអាចស្នើសុំរៀនគម្ពីរតាមរយៈគេហទំព័ររបស់យើង។ ដោយសារខ្ញុំនៅទីនេះ ខ្ញុំអាចបង្ហាញអំពីរបៀបសិក្សាគម្ពីរឥឡូវនេះបាន»។ បើម្ចាស់ផ្ទះយល់ព្រម គាត់អាចបង្ហាញរបៀបសិក្សាគម្ពីរដោយប្រើសៀវភៅស្តើងដំណឹងល្អ។ បើម្ចាស់ផ្ទះជាប់រវល់ គាត់អាចរៀបចំមកវិញដើម្បីបង្ហាញរបៀបសិក្សានេះនៅពេលក្រោយ។ ពេលគាត់ទៅសម្រាកនៅហាងកាហ្វេមួយ គាត់ចាប់ផ្ដើមការសន្ទនាដូចខាងលើ ក្រោយពីគាត់និយាយរាក់ទាក់ជាមួយមនុស្សដែលអង្គុយជិតគាត់ហើយ។ តើបងប្អូនកំពុងប្រើjw.orgក្នុងកិច្ចបម្រើផ្សាយឬទេ?