ចូរយកតម្រាប់តាមហាបាគុកជាអ្នកប្រកាសទំនាយ
១. ហេតុអ្វីយើងអាចយល់អារម្មណ៍របស់ហាបាគុកជាអ្នកប្រកាសទំនាយ?
១ កាលដែលពិភពលោកនេះមានអំពើអាក្រក់កាន់តែច្រើនឡើងៗ យើងប្រហែលជាមានអារម្មណ៍ដូចហាបាគុកដែរ ដែលបានសួរព្រះយេហូវ៉ាថា៖ «ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្ដីទំនាស់ចិត្តដូច្នេះ?»។ (ហាប. ១:៣; ២ធី. ៣:១, ១៣) បើយើងរំពឹងគិតអំពីដំណឹងដែលហាបាគុកបានផ្សាយនិងអំពីគំរូនៃភាពស្មោះត្រង់របស់គាត់ នោះអាចជួយពង្រឹងទំនុកចិត្តយើង កាលដែលយើងរង់ចាំថ្ងៃវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ា។—២ពេ. ៣:៧
២. នៅសព្វថ្ងៃនេះ តើយើងអាចបង្ហាញយ៉ាងណាថាយើងរស់នៅដោយសារជំនឿ?
២ រស់នៅដោយសារជំនឿ: ហាបាគុកមិនផ្ដោតអារម្មណ៍ទៅលើស្ថានភាពអាក្រក់ដែលនៅជុំវិញគាត់នោះទេ ផ្ទុយទៅវិញ គាត់បានជាប់រវល់ជានិច្ចក្នុងកិច្ចបម្រើព្រះ។ (ហាប. ២:១) ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តគាត់ថា ប្រសាសន៍របស់លោកនឹងកើតឡើងមិនខានតាមពេលកំណត់ ហើយ«មនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន»។ (ហាប. ២:២-៤) តើនេះមានន័យយ៉ាងណាសម្រាប់គ្រិស្តសាសនិកពិតដែលកំពុងរស់នៅគ្រាចុងបញ្ចប់នៃពិភពលោកនេះ? ការជឿជាក់ថាទីបញ្ចប់នឹងមកដល់ គឺសំខាន់ជាងការផ្ដោតអារម្មណ៍ទៅលើពេលណាដែលទីបញ្ចប់នឹងមកដល់។ ជំនឿនឹងជំរុញចិត្តយើងឲ្យចាំយាមជានិច្ច និងបន្តចាត់ទុកកិច្ចបម្រើផ្សាយជាអ្វីដែលសំខាន់បំផុត។—ហេ. ១០:៣៨, ៣៩
៣. ហេតុអ្វីយើងត្រូវរក្សាអំណរក្នុងការបម្រើព្រះយេហូវ៉ា?
៣ រីករាយដោយសារព្រះយេហូវ៉ា: ពេលកូកនៃស្រុកម៉ាកូកវាយប្រហារមកលើរាស្ត្ររបស់ព្រះយេហូវ៉ា ជំនឿរបស់យើងនឹងត្រូវល្បងល។ (អេស. ៣៨:២, ១០-១២) ការវាយប្រហារនោះនាំឲ្យមានទុក្ខលំបាក សូម្បីតែពួកអ្នកដែលឈ្នះការល្បងលក៏រងទុក្ខដែរ។ នៅពេលនោះ យើងប្រហែលជាខ្វះស្បៀងអាហារ បាត់បង់ទ្រព្យសម្បត្ដិ ហើយមានជីវភាពរស់នៅយ៉ាប់យ៉ឺនដែរ។ តើយើងនឹងមានប្រតិកម្មយ៉ាងណាពេលមានទុក្ខលំបាកបែបនេះ? ហាបាគុកបានដឹងថានឹងមានការពិបាក ដូច្នេះគាត់បានតាំងចិត្តរក្សាអំណរក្នុងការបម្រើព្រះយេហូវ៉ា។ (ហាប. ៣:១៦-១៩) «អំណររបស់ព្រះយេហូវ៉ា»ក៏នឹងជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដែលមាននាពេលខាងមុខដែរ។—នេហ. ៨:១០; ហេ. ១២:២
៤. តើយើងអាចមានអំណរអ្វីខ្លះនៅសព្វថ្ងៃនេះនិងនាពេលអនាគត?
៤ បន្ដិចទៀតថ្ងៃវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ានឹងមកដល់ អស់អ្នកដែលព្រះយេហូវ៉ាសង្គ្រោះនឹងបន្តទទួលការអប់រំឲ្យមានរបៀបរស់នៅដែលព្រះពេញចិត្ត។ (ហាប. ២:១៤) ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញក៏នឹងទទួលការអប់រំអំពីព្រះយេហូវ៉ាដែរ។ ទោះជានៅសព្វថ្ងៃនេះក្ដី សូមឲ្យយើងឆ្លៀតគ្រប់ឱកាសដើម្បីនិយាយអំពីព្រះយេហូវ៉ានិងកិច្ចការដ៏អស្ចារ្យរបស់លោក!—ទំនុក. ៣៤:១; ៧១:១៧