ចូរទុកចិត្តព្រះយេហូវ៉ាដើម្បីទទួលជីវិត!
«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។—សុភាសិត ៣:៥
១. ហេតុអ្វីយើងទាំងអស់គ្នាត្រូវការការសម្រាលទុក្ខ?
យើងទាំងអស់គ្នាត្រូវការការសម្រាលទុក្ខ។ ប្រហែលជាជីវិតរបស់យើងពោរពេញទៅដោយការព្រួយបារម្ភ ការខកចិត្ត និងការខ្វល់ខ្វាយ។ យើងប្រហែលជារងទុក្ខដោយសារយើងមានជំងឺ ភាពចាស់ជរា ឬដោយសារបុគ្គលជាទីស្រឡាញ់របស់យើងបានស្លាប់។ ក្នុងចំណោមយើង មានបងប្អូនខ្លះបានត្រូវគេធ្វើបាប។ ម្យ៉ាងទៀត មនុស្សនៅជុំវិញយើងកាន់តែឃោរឃៅទៅៗ។ ការ«លំបាក»ទាំងនេះ បង្ហាញថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ហើយថាជារៀងរាល់ថ្ងៃពិភពលោកថ្មីគឺកាន់តែជិតដល់ហើយ។ (ធីម៉ូថេទី២ ៣:១) ប៉ុន្តែ ប្រហែលជាយើងបានរង់ចាំយូរមកហើយ ដើម្បីឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេច ហើយយើងប្រហែលជាជួបប្រទះការពិបាកកាន់តែច្រើនឡើងៗ។ ដូច្នេះ តើយើងអាចទទួលការសម្រាលទុក្ខពីណា?
២, ៣. (ក) តើយើងដឹងអ្វីខ្លះអំពីហាបាគុក? (ខ) ហេតុអ្វីយើងនឹងពិចារណាអំពីសៀវភៅហាបាគុក?
២ សូមយើងពិចារណាសៀវភៅហាបាគុកដើម្បីរកចម្លើយចំពោះសំណួរនេះ។ ទោះជាបទគម្ពីរមិនផ្ដល់ឲ្យយើងនូវព័ត៌មានល្អិតល្អន់អំពីជីវិតរបស់ហាបាគុកក្ដី សៀវភៅដែលគាត់បានសរសេរគឺពិតជាគួរឲ្យលើកទឹកចិត្ត។ ឈ្មោះរបស់ហាបាគុកទំនងជាមានន័យថា «ឱបយ៉ាងកក់ក្ដៅ»។ នេះអាចសំដៅលើរបៀបដែលព្រះយេហូវ៉ាសម្រាលទុក្ខយើង ហាក់ដូចជាលោកឱបយើងយ៉ាងកក់ក្ដៅ ពោលគឺបីបមថ្នាក់ថ្នមយើង។ ឬនេះក៏អាចសំដៅទៅលើរបៀបដែលយើងតោងព្រះយេហូវ៉ាយ៉ាងជាប់។ ហាបាគុកបាននិយាយជាមួយនឹងព្រះ ហើយបានសួរលោកនូវសំណួរមួយចំនួន។ ព្រះយេហូវ៉ាបានប្រើសកម្មពលរបស់លោក ដើម្បីដឹកនាំហាបាគុកឲ្យកត់ទុកការសន្ទនានេះ ដោយសារលោកដឹងថានេះនឹងនាំឲ្យយើងទទួលប្រយោជន៍។—ហាបាគុក ២:២
៣ គម្ពីរមិនបានប្រាប់យើងអ្វីទៀតអំពីហាបាគុកដែលជាអ្នកប្រកាសទំនាយទេ ក្រៅពីការសន្ទនានេះរវាងព្រះយេហូវ៉ានឹង គាត់។ ប៉ុន្តែ សៀវភៅដែលគាត់បានសរសេរគឺជាផ្នែកមួយនៃ«អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន»ក្នុងបណ្ដាំរបស់ព្រះ «ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) តើសៀវភៅហាបាគុកអាចជួយយើងម្នាក់ៗយ៉ាងដូចម្ដេច? សៀវភៅនេះអាចជួយយើងឲ្យយល់អំពីអត្ថន័យនៃការទុកចិត្តព្រះយេហូវ៉ា។ ម្យ៉ាងទៀត ទំនាយរបស់ហាបាគុកពង្រឹងទំនុកចិត្តរបស់យើងថាយើងអាចមានសេចក្ដីសុខសាន្តក្នុងចិត្ត ទោះជាយើងមានបញ្ហាឬទុក្ខលំបាកអ្វីក៏ដោយ។
ចូរអធិដ្ឋានទៅព្រះយេហូវ៉ា
៤. ហេតុអ្វីហាបាគុកខ្វល់ចិត្ត?
៤ សូមអាន ហាបាគុក ១:២, ៣។ ហាបាគុកបានរស់នៅសម័យមួយដ៏ពិបាកណាស់។ មនុស្សដែលនៅជុំវិញគាត់គឺអាក្រក់និងឃោរឃៅ ហើយនេះបានធ្វើឲ្យគាត់ឈឺចិត្តជាខ្លាំង។ នៅគ្រប់ទីកន្លែង គាត់បានឃើញជនជាតិអ៊ីស្រាអែលប្រព្រឹត្តយ៉ាងឃោរឃៅនិងអយុត្ដិធម៌ចំពោះគ្នា។ ហាបាគុកបានឆ្ងល់ថា ‹តើនៅពេលណានឹងលែងមានអំពើទុច្ចរិតទៀត? ហេតុអ្វីព្រះយេហូវ៉ាទុកពេលយូរម្ល៉េះដើម្បីដោះស្រាយបញ្ហានេះ?›។ គាត់មិនដឹងថាគួរធ្វើអ្វីទេ។ ដូច្នេះ គាត់បានអង្វរសុំព្រះយេហូវ៉ាឲ្យចាត់វិធានការ។ ហាបាគុកប្រហែលជាបានចាប់ផ្ដើមគិតថាព្រះយេហូវ៉ាលែងយកចិត្តទុកដាក់ចំពោះរាស្ត្ររបស់លោក ឬថាលោកនឹងមិនចាត់វិធានការឡើយ។ តើអ្នកធ្លាប់មានអារម្មណ៍បែបនេះឬទេ?
យើងមិនត្រូវខ្លាចប្រាប់ព្រះយេហូវ៉ាអំពីទុក្ខកង្វល់ឬការសង្ស័យរបស់យើង
៥. តើយើងអាចរៀនអ្វីពីសៀវភៅហាបាគុក? (សូមមើលរូបភាពនៅដើមអត្ថបទ)
៥ តើហាបាគុកបានសួរសំណួរទាំងនេះដោយសារគាត់លែងទុកចិត្តព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោកឬ? មិនមែនទេ! ហាបាគុកបានសុំព្រះយេហូវ៉ាឲ្យជួយដោះស្រាយបញ្ហារបស់គាត់និងការសង្ស័យដែលគាត់មាន ហើយនេះបង្ហាញថាគាត់មិនបានអស់សង្ឃឹមទេ ប៉ុន្តែនៅតែទុកចិត្តលោក។ ហាបាគុកពិតជាបានព្រួយបារម្ភ។ គាត់ក៏មិនយល់អំពីមូលហេតុដែលព្រះយេហូវ៉ារង់ចាំដើម្បីចាត់វិធានការ និងអំពីមូលហេតុដែលលោកអនុញ្ញាតឲ្យគាត់រងទុក្ខជាខ្លាំងឡើយ។ ការដែលព្រះយេហូវ៉ាដឹកនាំហាបាគុកឲ្យសរសេរអំពីទុក្ខកង្វល់របស់គាត់ នោះបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយ។ យើងមិនត្រូវខ្លាចប្រាប់ព្រះយេហូវ៉ាអំពីទុក្ខកង្វល់ឬការសង្ស័យរបស់យើងទេ។ ដោយសេចក្ដីសប្បុរស លោកអញ្ជើញយើងឲ្យអធិដ្ឋាននិងប្រាប់លោកអស់ពីចិត្តអំពីអារម្មណ៍របស់យើង។ (ទំនុកតម្កើង ៥០:១៥; ៦២:៨) សុភាសិត ៣:៥លើកទឹកចិត្តយើងទាំងអស់គ្នាថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ ហាបាគុកបានធ្វើតាមពាក្យទាំងនេះក្នុងជីវិតរបស់គាត់។
៦. ហេតុអ្វីការអធិដ្ឋានគឺសំខាន់?
៦ ហាបាគុកបានទុកចិត្តព្រះយេហូវ៉ាដែលជាមិត្តសម្លាញ់និងជាបិតារបស់គាត់ ហើយគាត់បានចាត់វិធានការដើម្បីចូលទៅជិតលោក។ ទោះជាហាបាគុកព្រួយបារម្ភអំពីស្ថានភាពរបស់គាត់ក្ដី គាត់មិនបានព្យាយាមដោះស្រាយបញ្ហានោះដោយខ្លួនឯងទេ។ ផ្ទុយទៅវិញ គាត់បានអធិដ្ឋានអំពីអារម្មណ៍និងការខ្វល់ខ្វាយរបស់គាត់។ នេះជាគំរូល្អសម្រាប់យើង។ ព្រះយេហូវ៉ាដែលជាព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន អញ្ជើញយើងឲ្យបង្ហាញថាយើងទុកចិត្តលោកដោយអធិដ្ឋាននិងប្រាប់លោកអំពីទុក្ខកង្វល់របស់យើង។ (ទំនុកតម្កើង ៦៥:២) ពេលយើងធ្វើដូច្នេះ យើងនឹងឃើញរបៀបដែលព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់យើង។ យើងនឹងមានអារម្មណ៍ថាលោកកំពុងឱបយើងយ៉ាងកក់ក្ដៅ ពេលលោកសម្រាលទុក្ខនិងណែនាំយើង។ (ទំនុកតម្កើង ៧៣:២៣, ២៤) លោកនឹងជួយយើងឲ្យយល់អំពីទស្សនៈរបស់លោកចំពោះស្ថានភាពរបស់យើង ទោះជាយើងរងទុក្ខលំបាកយ៉ាងណាក្ដី។ ការអធិដ្ឋានទៅព្រះយេហូវ៉ាគឺជារបៀបដ៏ល្អបំផុតមួយដែលយើងបង្ហាញថាយើងទុកចិត្តលោក។
ចូរស្ដាប់ព្រះយេហូវ៉ា
៧. តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណាពេលហាបាគុកបានប្រាប់លោកអំពីកង្វល់របស់គាត់?
៧ សូមអាន ហាបាគុក ១:៥-៧។ ក្រោយពីហាបាគុកបានប្រាប់ព្រះយេហូវ៉ាអំពីកង្វល់របស់គាត់ គាត់ប្រហែលជាបានឆ្ងល់ថាតើព្រះយេហូវ៉ានឹងមានប្រតិកម្មយ៉ាងណា។ ក្នុងនាមជាឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានយល់អំពីអារម្មណ៍របស់ហាបាគុក។ លោកដឹងថាហាបាគុករងទុក្ខ ហើយកំពុងអង្វរសុំលោកឲ្យជួយ។ ដូច្នេះ ព្រះយេហូវ៉ាមិនបានស្តីបន្ទោសហាបាគុកទេ ប៉ុន្តែលោកបានប្រាប់គាត់អំពីអ្វីដែលលោកនឹងធ្វើមិនយូរទៀតចំពោះជនជាតិយូដាដែលមិនស្មោះត្រង់។ តាមពិត ហាបាគុកប្រហែលជាមនុស្សដំបូងបង្អស់ដែលព្រះយេហូវ៉ាបានប្រាប់ថាការដាក់ទោសចំពោះជនជាតិយូដាទាំងនោះគឺជិតមកដល់។
៨. ហេតុអ្វីការតបឆ្លើយរបស់ព្រះយេហូវ៉ាមិនដូចអ្វីដែលហាបាគុកបានរំពឹងទុក?
៨ ព្រះយេហូវ៉ាបានពន្យល់ហាបាគុកថាលោកបានត្រៀមរួចជាស្រេចដើម្បីចាត់វិធានការ។ លោកនឹងដាក់ទោសបណ្ដាជននៃស្រុកយូដាដែលប្រព្រឹត្តអំពើអាក្រក់និងឃោរឃៅ។ ដោយមានប្រសាសន៍ថានេះនឹងកើតឡើង«នៅក្នុងជំនាន់របស់ឯង» ព្រះយេហូវ៉ាបានបង្ហាញថាការវិនិច្ឆ័យនេះនឹងមកកាលដែលហាបាគុកឬពួកអ៊ីស្រាអែលដែលនៅជុំវិញគាត់នៅតែមានជីវិតរស់នៅ។ ការតបឆ្លើយរបស់ព្រះយេហូវ៉ាមិនដូចអ្វីដែលហាបាគុកបានរំពឹងទុកទាល់តែសោះ។ ពួកខាល់ដេឬពួកបាប៊ីឡូនគឺជាមនុស្សឃោរឃៅក្រៃលែង។ ពួកគេឃោរឃៅជាងជនជាតិអ៊ីស្រាអែលជាអ្នកដែលដឹងអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ដូច្នេះ ហេតុអ្វីព្រះយេហូវ៉ាប្រើប្រជាជាតិដែលឃោរឃៅនេះ ដែលគោរពបូជាព្រះមិនពិតឲ្យដាក់ទោសរាស្ត្ររបស់លោក? នេះនឹងធ្វើឲ្យជនជាតិយូដាកាន់តែរងទុក្ខថែមទៀត។a (សូមមើលកំណត់សម្គាល់) តើអ្នកនឹងមានអារម្មណ៍យ៉ាងណាបើអ្នកជាហាបាគុក?
៩. តើហាបាគុកបានសួរសំណួរអ្វីទៀត?
៩ សូមអាន ហាបាគុក ១:១២-១៤, ១៧។b (សូមមើលកំណត់សម្គាល់) ទោះជាហាបាគុកបានដឹងថាព្រះយេហូវ៉ានឹងប្រើពួកបាប៊ីឡូនដើម្បីដាក់ទោសមនុស្សអាក្រក់ដែលនៅជុំវិញគាត់ក្ដី គាត់នៅតែច្របូកច្របល់ក្នុងចិត្ត។ ប៉ុន្តែគាត់មានចិត្តរាបទាបនិងតាំងចិត្តបន្តទុកចិត្តព្រះយេហូវ៉ា។ តាមការពិត គាត់បាននិយាយថាព្រះយេហូវ៉ានៅតែជា«ថ្មដា»របស់គាត់។ (ចោទិយកថា ៣២:៤; អេសាយ ២៦:៤) ហាបាគុកបានជឿជាក់ថាព្រះគឺសប្បុរសនិងប្រកបដោយសេចក្ដីស្រឡាញ់ ដូច្នេះគាត់មិនខ្លាចសួរព្រះយេហូវ៉ានូវសំណួរខ្លះៗថែមទៀតដូចជា៖ ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យស្ថានភាពនៅស្រុកយូដាកាន់តែអាក្រក់ទៅនិងឲ្យរាស្ត្ររបស់លោករងទុក្ខថែមទៀត? ហេតុអ្វីលោកមិនចាត់វិធានការភ្លាមៗ? ហេតុអ្វីព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត‹នៅស្ងៀម› ហើយបណ្ដោយឲ្យមានមនុស្សអាក្រក់នៅគ្រប់ទីកន្លែង? ព្រះយេហូវ៉ាជា«ព្រះដ៏បរិសុទ្ធ» ហើយលោក«មានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន» ដូច្នេះហេតុអ្វីលោកអនុញ្ញាតឲ្យអ្វីៗទាំងនោះកើតឡើង?
១០. ហេតុអ្វីពេលខ្លះយើងប្រហែលជាមានអារម្មណ៍ដូចហាបាគុក?
១០ ពេលខ្លះយើងប្រហែលជាមានអារម្មណ៍ដូចហាបាគុក។ យើងស្ដាប់ព្រះយេហូវ៉ា ទុកចិត្តលោក អាននិងសិក្សាបណ្ដាំរបស់លោក ហើយនេះពង្រឹងសេចក្ដីសង្ឃឹមរបស់យើង។ យើងក៏ឮអំពីសេចក្ដីសន្យារបស់លោកពេលយើងស្ដាប់អ្វីដែលអង្គការរបស់លោកបង្រៀនយើង។ ប៉ុន្តែ យើងប្រហែលជានៅតែឆ្ងល់ថា ‹តើពេលណាយើងនឹងលែងរងទុក្ខលំបាកទៀត?›។ យើងអាចទាញយកមេរៀនពីអ្វីដែលហាបាគុកបានធ្វើបន្ទាប់មក។
ចូររង់ចាំឲ្យព្រះយេហូវ៉ាចាត់វិធានការ
១១. តើហាបាគុកបានតាំងចិត្តធ្វើអ្វី?
១១ សូមអាន ហាបាគុក ២:១។c (សូមអានពីកំណត់សម្គាល់) ការសន្ទនារបស់ហាបាគុកជាមួយនឹងព្រះយេហូវ៉ា បានធ្វើឲ្យគាត់មានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយបានធ្វើឲ្យគាត់តាំងចិត្តរង់ចាំឲ្យព្រះយេហូវ៉ាចាត់វិធានការ។ ហាបាគុកបាននិយាយម្ដងទៀតអំពីការតាំងចិត្តរបស់គាត់ ដោយនិយាយថា៖ ‹ខ្ញុំរង់ចាំថ្ងៃវេទនាដោយអំណត់›។ (ហាបាគុក ៣:១៦) អ្នកបម្រើដ៏ស្មោះត្រង់ឯទៀតរបស់ព្រះ ក៏បានបន្តរង់ចាំដោយចិត្តអត់ធ្មត់ឲ្យព្រះយេហូវ៉ាចាត់វិធានការ។ គំរូរបស់ពួកគេលើកទឹកចិត្តយើង ដោយសារនេះបង្ហាញថាយើងក៏អាចធ្វើដូចពួកគេដែរ។—មីកា ៧:៧; យ៉ាកុប ៥:៧, ៨
យើងគួររង់ចាំដោយអត់ធ្មត់ឲ្យព្រះយេហូវ៉ាចាត់វិធានការ ហើយទុកចិត្តថាលោកនឹងធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលឡើងវិញនៅពេលដែលលោកគិតថាល្អបំផុត
១២. តើយើងអាចរៀនអ្វីពីហាបាគុក?
១២ តើយើងអាចរៀនអ្វីពីការតាំងចិត្តរបស់ហាបាគុក? ទី១ យើងមិនត្រូវឈប់អធិដ្ឋានទៅព្រះយេហូវ៉ា ទោះជាយើងមានបញ្ហាណាក៏ដោយ។ ទី២ យើងត្រូវធ្វើតាមអ្វីដែលព្រះយេហូវ៉ាប្រាប់យើងតាមរយៈគម្ពីរនិងអង្គការរបស់លោក។ ទី៣ យើងគួររង់ចាំដោយអត់ធ្មត់ឲ្យព្រះយេហូវ៉ាចាត់វិធានការ ហើយទុកចិត្តថាលោកនឹងធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលឡើងវិញនៅពេលដែលលោកគិតថាល្អបំផុត។ បើយើងយកតម្រាប់ហាបាគុក យើងនឹងមានសេចក្ដីសុខសាន្តក្នុងចិត្តនិងអាចបន្តស៊ូទ្រាំបាន។ សេចក្ដីសង្ឃឹមរបស់យើងនឹងជួយយើងឲ្យមានចិត្តអត់ធ្មត់និងមានចិត្តសប្បាយរីករាយ ទោះជាយើងមានបញ្ហាអ្វីក៏ដោយ។ យើងមានទំនុកចិត្តថាបិតារបស់យើងដែលនៅស្ថានសួគ៌នឹងចាត់វិធានការជាមិនខាន។—រ៉ូម ១២:១២
១៣. តើព្រះយេហូវ៉ាបានសម្រាលទុក្ខហាបាគុកតាមរបៀបណា?
១៣ សូមអាន ហាបាគុក ២:៣។ យើងអាចប្រាកដថាព្រះយេហូវ៉ាពេញចិត្តនឹងការសម្រេចចិត្តរបស់ហាបាគុកក្នុងការរង់ចាំឲ្យលោកចាត់វិធានការ។ ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតបានដឹងច្បាស់អំពីអ្វីដែលហាបាគុកកំពុងរងទុក្ខ ដូច្នេះលោកបានសម្រាលទុក្ខអ្នកប្រកាសទំនាយនោះ ហើយបានពង្រឹងទំនុកចិត្តរបស់គាត់ថាលោកនឹងតបឆ្លើយចំពោះសំណួរដ៏ស្មោះរបស់គាត់។ មិនយូរទៀត ហាបាគុកនឹងមានអារម្មណ៍ធូរស្រាលពីការខ្វល់ខ្វាយទាំងអស់ដែលគាត់មាន។ នេះគឺហាក់ដូចជាព្រះយេហូវ៉ាបានប្រាប់ហាបាគុកថា «ចូរអត់ធ្មត់ ហើយទុកចិត្តខ្ញុំចុះ។ ខ្ញុំនឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់អ្នក ទោះជាមើលទៅយូរក៏ដោយ»។ ព្រះយេហូវ៉ាបានរំលឹកហាបាគុកថាលោកបានសម្រេចចិត្តរួចហើយអំពីពេលណាដែលលោកនឹងធ្វើឲ្យសេចក្ដីសន្យារបស់លោកបានសម្រេច។ ដូច្នេះ លោកបានលើកទឹកចិត្តហាបាគុកឲ្យបន្តរង់ចាំ។ នៅទីបំផុត អ្នកប្រកាសទំនាយនោះមិនខកចិត្តឡើយ។
ហេតុអ្វីយើងតាំងចិត្តខំអស់ពីសមត្ថភាពក្នុងការបម្រើព្រះយេហូវ៉ា? (សូមមើលវគ្គ១៤)
១៤. តើយើងគួរតាំងចិត្តធ្វើអ្វីពេលយើងរងទុក្ខលំបាក?
១៤ យើងក៏ត្រូវរង់ចាំឲ្យព្រះយេហូវ៉ាចាត់វិធានការ ហើយក៏ត្រូវស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលលោកប្រាប់យើងដែរ។ យ៉ាងនេះ យើងនឹងមានទំនុកចិត្តនិងមានសេចក្ដីសុខសាន្តក្នុងចិត្ត ទោះជាយើងរងទុក្ខលំបាកណាក៏ដោយ។ លោកយេស៊ូបានលើកទឹកចិត្តយើងមិនឲ្យផ្ដោតអារម្មណ៍ទៅលើ«ពេលវេលានិងគ្រាកំណត់»ដែលព្រះមិនបានប្រាប់យើងនោះទេ។ (សកម្មភាព ១:៧) យើងត្រូវមានទំនុកចិត្តថាព្រះយេហូវ៉ាដឹងថាពេលណាជាពេលដ៏ល្អបំផុតដើម្បីចាត់វិធានការ។ ដូច្នេះ យើងមិនគួរឈប់ព្យាយាមឡើយ តែយើងគួរមានចិត្តរាបទាបនិងចិត្តអត់ធ្មត់ ហើយមានជំនឿលើព្រះ។ ម្យ៉ាងទៀត កាលដែលយើងរង់ចាំ យើងគួរប្រើពេលវេលារបស់យើងដោយឈ្លាសវៃ ហើយបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព។—ម៉ាកុស ១៣:៣៥-៣៧; កាឡាទី ៦:៩
ព្រះយេហូវ៉ាផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់ពួកអ្នកដែលទុកចិត្តលោក
១៥, ១៦. (ក) តើសៀវភៅហាបាគុកមានសេចក្ដីសន្យាអ្វី? (ខ) តើយើងអាចរៀនអ្វីពីសេចក្ដីសន្យាទាំងនេះ?
១៥ ព្រះយេហូវ៉ាបានសន្យាថា៖ «មនុស្សសុចរិតនឹងរស់នៅដោយសារសេចក្ដីជំនឿរបស់ខ្លួន» ហើយ«មនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ានៅពេញលើផែនដី»។ (ហាបាគុក ២:៤, ១៤) ព្រះយេហូវ៉ាសន្យាថាលោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់ពួកអ្នកដែលមានចិត្តអត់ធ្មត់និងទុកចិត្តលោក។
១៦ សេចក្ដីសន្យានៅហាបាគុក ២:៤ គឺសំខាន់ដល់ម្ល៉េះបានជាសាវ័កប៉ូលបានដកស្រង់ពីបទគម្ពីរនេះបីដងក្នុងសំបុត្ររបស់គាត់! (រ៉ូម ១:១៧; កាឡាទី ៣:១១; ហេប្រឺ ១០:៣៨) យើងអាចជឿជាក់ថាទោះជាយើងរងទុក្ខលំបាកអ្វីក៏ដោយ បើយើងទុកចិត្តព្រះយេហូវ៉ា យើងនឹងឃើញសេចក្ដីសន្យារបស់លោកក្លាយទៅជាការពិត។ ព្រះយេហូវ៉ាចង់ឲ្យយើងផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃអនាគត។
១៧. បើយើងទុកចិត្តព្រះយេហូវ៉ា តើលោកសន្យាថាលោកនឹងធ្វើអ្វីសម្រាប់យើង?
១៧ សៀវភៅហាបាគុកមានមេរៀនដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាដែលកំពុងរស់នៅគ្រាចុងក្រោយបង្អស់នេះ។ ព្រះយេហូវ៉ាសន្យាថាលោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់មនុស្សសុចរិតដែលទុកចិត្តលោក។ ដូច្នេះ សូមយើងបន្តពង្រឹងទំនុកចិត្តរបស់យើងលើព្រះ ទោះជាយើងព្រួយបារម្ភនិងមានបញ្ហាអ្វីក៏ដោយ។ អ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ហាបាគុក ពង្រឹងទំនុកចិត្តយើងថាលោកនឹងគាំទ្រយើង ហើយសង្គ្រោះយើង។ លោកបានកំណត់រួចហើយនូវពេលវេលាដែលរាជាណាចក្ររបស់លោកនឹងគ្រប់គ្រងលើផែនដី។ ដោយសេចក្ដីសប្បុរស លោកសុំយើងឲ្យទុកចិត្តលោក និងរង់ចាំដោយចិត្តអត់ធ្មត់សម្រាប់ពេលនោះ។ ពេលរាជាណាចក្រនោះគ្រប់គ្រង ផែនដីនឹងពេញទៅដោយពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយពួកគេនឹងមានសុភមង្គលនិងសេចក្ដីសុខសាន្ត។—ម៉ាថាយ ៥:៥; ហេប្រឺ ១០:៣៦-៣៩
ចូរទុកចិត្តព្រះយេហូវ៉ាដើម្បីមានអំណរ
១៨. តើពាក្យរបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាលើហាបាគុក?
១៨ សូមអាន ហាបាគុក ៣:១៦-១៩។ អ្វីដែលព្រះយេហូវ៉ាបានប្រាប់ហាបាគុក មានឥទ្ធិពលយ៉ាងខ្លាំងលើគាត់។ ហាបាគុកបានរំពឹងគិតអំពីអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើសម្រាប់រាស្ត្ររបស់លោកនៅអតីតកាល។ នេះបានពង្រឹងទំនុកចិត្តរបស់គាត់ទៅលើព្រះយេហូវ៉ា។ គាត់ក៏ជឿជាក់ថាព្រះយេហូវ៉ានឹងចាត់វិធានការនៅពេលឆាប់ៗ! នេះបានសម្រាលទុក្ខអ្នកប្រកាសទំនាយនោះ ទោះជាគាត់ដឹងថាគាត់ប្រហែលជានឹងត្រូវរងទុក្ខអស់មួយរយៈពេលទៀតក្ដី។ ហាបាគុកលែងមានការសង្ស័យទៀត។ តែគាត់មានទំនុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងសង្គ្រោះគាត់។ តាមពិត ក្នុងបទគម្ពីរទាំងមូល អ្វីដែលគាត់និយាយក្នុងខ១៨ ប្រហែលជាពាក្យសម្ដីដែលបញ្ជាក់អំពីទំនុកចិត្តខ្លាំងបំផុត។ បណ្ឌិតខ្លះគិតថាខនេះមានន័យថា«ខ្ញុំលោតកញ្ឆេងដោយមានអំណរក្នុងលោកម្ចាស់ ខ្ញុំនឹងបង្វិលខ្លួនយ៉ាងសប្បាយរីករាយចំពោះព្រះ»។ នេះជាមេរៀនដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា! ព្រះយេហូវ៉ាមិនគ្រាន់តែផ្ដល់សេចក្ដីសន្យាដ៏អស្ចារ្យដល់យើងសម្រាប់ថ្ងៃអនាគតប៉ុណ្ណោះទេ តែលោកក៏ពង្រឹងទំនុកចិត្តរបស់យើងដែរថា នៅពេលឆាប់ៗខាងមុខនេះ លោកនឹងធ្វើឲ្យសេចក្ដីសន្យាទាំងនោះបានសម្រេច។
១៩. តើយើងអាចធ្វើអ្វីខ្លះដើម្បីទទួលការសម្រាលទុក្ខពីព្រះយេហូវ៉ាដូចហាបាគុក?
១៩ មេរៀនដ៏សំខាន់ដែលយើងរៀនពីសៀវភៅហាបាគុកគឺ ចូរទុកចិត្តព្រះយេហូវ៉ា។ (ហាបាគុក ២:៤) ដើម្បីបន្តទុកចិត្តព្រះយេហូវ៉ា យើងត្រូវពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ ដូច្នេះយើងត្រូវធ្វើអ្វីមួយចំនួនដូចតទៅនេះ៖ (១) បន្តអធិដ្ឋានដោយប្រាប់ព្រះយេហូវ៉ាអំពីការព្រួយបារម្ភនិងទុក្ខកង្វល់ទាំងអស់ដែលយើងមាន។ (២) ស្ដាប់ដោយយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះយេហូវ៉ាប្រាប់យើងក្នុងបណ្ដាំរបស់លោក ហើយធ្វើតាមការណែនាំដែលលោកផ្ដល់ឲ្យយើងតាមរយៈអង្គការរបស់លោក។ (៣) រក្សាភាពស្មោះត្រង់និងមានចិត្តអត់ធ្មត់កាលដែលយើងរង់ចាំឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេច។ នេះជាអ្វីដែលហាបាគុកបានធ្វើ។ ទោះជាគាត់ពិបាកចិត្តយ៉ាងខ្លាំងពេលគាត់ចាប់ផ្ដើមសន្ទនាជាមួយនឹងព្រះយេហូវ៉ាក្ដី នៅទីបំផុតគាត់បានទទួលការលើកទឹកចិត្តនិងមានអំណរ! បើយើងយកតម្រាប់ហាបាគុក យើងក៏នឹងទទួលការសម្រាលទុក្ខពីការឱបយ៉ាងកក់ក្ដៅរបស់ព្រះយេហូវ៉ាដែលជាបិតារបស់យើងដែរ។ ក្នុងពិភពលោកដ៏អាក្រក់នេះ យើងមិនអាចទទួលការសម្រាលទុក្ខដ៏ល្អប្រសើរជាងនោះទេ។
a ហាបាគុក ១:៥ប្រើពាក្យ«ឯងរាល់គ្នា»ដែលបង្ហាញថាការបំផ្លាញចោលនេះនឹងមានឥទ្ធិពលលើបណ្ដាជនទាំងអស់នៃស្រុកយូដា។
b ហាបាគុក ១:១២(ព.ថ.)ចែងថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី ទ្រង់នឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានដំរូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល»។
c ហាបាគុក ២:១(ព.ថ.)ចែងថា៖ «ខ្ញុំនឹងនៅត្រង់ទីចាំយាម ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងជាទ្រង់នឹងមានបន្ទូលមកដូចម្ដេច ហើយថាខ្ញុំនឹងឆ្លើយយ៉ាងណាពេលខ្ញុំបានត្រូវកែតម្រង់»។