របៀបរស់នៅជាគ្រិស្តសាសនិក
ចូររីករាយក្នុងការផ្សព្វផ្សាយដំណឹងល្អ
តើអ្នកធ្លាប់មានអារម្មណ៍ថាពិបាកផ្សព្វផ្សាយទេ? យើងជាច្រើននាក់នឹងឆ្លើយថាធ្លាប់។ ហេតុអ្វី? យើងប្រហែលជាតែងតែជួបមនុស្សដែលមិនសូវចាប់អារម្មណ៍ ឬមិនសូវរួសរាយក្នុងតំបន់ផ្សាយរបស់យើង ឬក៏យើងមិនហ៊ាននិយាយជាមួយនឹងមនុស្សដែលមិនធ្លាប់ស្គាល់។ អ្វីទាំងនេះច្បាស់ជាអាចធ្វើឲ្យយើងលែងសូវមានអំណរ។ ប៉ុន្តែ យើងគោរពប្រណិប័តន៍ព្រះដ៏សប្បាយដែលចង់ឲ្យយើងបម្រើលោកដោយមានអំណរ។ (ទំនុក. ១០០:២; ១ធី. ១:១១) តើមានមូលហេតុបីយ៉ាងអ្វីដើម្បីឲ្យយើងសប្បាយរីករាយក្នុងកិច្ចផ្សព្វផ្សាយ?
ទី១ យើងប្រកាសប្រាប់អំពីដំណឹងដែលមានសេចក្ដីសង្ឃឹម។ ទោះជាសង្គមរបស់មនុស្សសព្វថ្ងៃនេះមិនសូវមានសេចក្ដីសង្ឃឹមក្ដី យើងអាចធ្វើឲ្យមនុស្សឯទៀតមានសេចក្ដីសង្ឃឹមតាមរយៈ«ដំណឹងល្អពីការប្រសើរ»។ (អេ. ៥២:៧) ប៉ុន្តែ ដំណឹងល្អអំពីរាជាណាចក្រព្រះក៏អាចធ្វើឲ្យយើងមានអំណរដែរ។ មុនចេញទៅផ្សព្វផ្សាយ សូមរំពឹងគិតអំពីពរដែលរាជាណាចក្រព្រះនឹងផ្ដល់មកផែនដី។
ទី២ ដំណឹងល្អដែលយើងផ្សព្វផ្សាយផ្ដល់ប្រយោជន៍ដល់មនុស្សឯទៀតទាំងខាងរូបកាយទាំងខាងចំណងមិត្តភាពជាមួយនឹងព្រះ។ ពួកគេរៀនឲ្យចេះលះបង់ការប្រព្រឹត្តផ្សេងៗដែលនាំឲ្យមានផលវិបាក ហើយមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់។ (អេ. ៤៨:១៧, ១៨; រ៉ូម ១:១៦) យើងអាចស្រមៃឃើញថាខ្លួនយើងកំពុងធ្វើកិច្ចការស្វែងរកនិងសង្គ្រោះជីវិតមនុស្ស។ ទោះជាមនុស្សខ្លះមិនចង់ទទួលសេចក្ដីសង្គ្រោះក្ដី យើងនៅតែបន្តស្វែងរកបុគ្គលដែលចង់ទទួល។—ម៉ាថ. ១០:១១-១៤
ទី៣ ការដែលសំខាន់បំផុតគឺកិច្ចការផ្សព្វផ្សាយរបស់យើងលើកកិត្ដិយសព្រះយេហូវ៉ា។ លោកឲ្យតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចការផ្សព្វផ្សាយរបស់យើង។ (អេ. ៤៣:១០; ហេ. ៦:១០) លើសពីនេះទៅទៀត លោកផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់យើងដោយចិត្តទូលាយដើម្បីសម្រេចកិច្ចការរបស់លោក។ យ៉ាងណាមិញ ចូរអង្វរសុំព្រះយេហូវ៉ានូវអំណរដែលជាផលដែលបង្កើតដោយសកម្មពលបរិសុទ្ធ។ (កាឡ. ៥:២២) ដោយមានជំនួយពីលោក យើងអាចយកឈ្នះទុក្ខកង្វល់របស់យើង ហើយផ្សព្វផ្សាយដោយអង់អាចក្លាហាន។ (សកម្ម. ៤:៣១) ដូច្នេះ ទោះជាមនុស្សក្នុងតំបន់ផ្សាយរបស់យើងមានប្រតិកម្មបែបណាក្ដី យើងនឹងសប្បាយរីករាយពេលបំពេញភារកិច្ចរបស់យើងក្នុងការផ្សព្វផ្សាយ។—អេស. ៣:៣
តើអ្នកចង់មានទស្សនៈបែបណាចំពោះកិច្ចបម្រើផ្សាយ? តើអ្នកអាចបង្ហាញអំណរយ៉ាងដូចម្ដេច?
សូមទស្សនាវីដេអូការទទួលអំណរមកវិញតាមរយៈការសិក្សានិងការរំពឹងគិត រួចមកសូមឆ្លើយសំណួរដូចតទៅនេះ៖
ទោះជាយើងផ្សព្វផ្សាយច្រើនម៉ោងក្នុងមួយខែក្ដី ហេតុអ្វីយើងត្រូវចាត់ទុកការសិក្សាសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារយ៉ាងទៀងទាត់ គឺជាអ្វីដ៏សំខាន់បំផុត?
តើតាមរបៀបណាយើងគួរយកតម្រាប់ម៉ារៀ?
តើយើងអាចលៃទុកពេលដើម្បីរំពឹងគិតអំពីបណ្ដាំរបស់ព្រះនៅពេលណា?
ពេលផ្សព្វផ្សាយដំណឹងល្អ តើអ្វីធ្វើឲ្យអ្នករីករាយ?