អត្ថបទសិក្សា ១៤
ចម្រៀងលេខ៥៦ ចូរសម្រេចចិត្តកាន់តាមសេចក្ដីពិត
«[ចូរ]ខំប្រឹងឈានទៅរកភាពចាស់ទុំ»
«ចូរយើងខំប្រឹងឈានទៅរកភាពចាស់ទុំ»។—ហេ. ៦:១
ចំណុចផ្ដោត
សូមរៀនអំពីរបៀបដែលគ្រិស្តសាសនិកដែលមានភាពចាស់ទុំគិតនិងប្រព្រឹត្តស្របតាមបំណងប្រាថ្នារបស់ព្រះ ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។
១. តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង?
គ្រាដ៏សប្បាយបំផុតមួយសម្រាប់ប្ដីប្រពន្ធគឺជាពេលដែលកូនរបស់ពួកគេកើតមក។ ប៉ុន្តែ ទោះជាឪពុកម្ដាយស្រឡាញ់ទារកជាទីសំណព្វរបស់ពួកគេក្ដី ពួកគេមិនចង់ឲ្យកូននៅជាទារករហូតនោះទេ។ តាមពិត ពួកគេនឹងព្រួយបារម្ភជាខ្លាំង បើទារកនោះមិនធំលូតលាស់ឡើង។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាសប្បាយចិត្តពេលយើងបោះជំហានដំបូងជាអ្នកកាន់តាមលោកយេស៊ូ ប៉ុន្តែលោកមិនចង់ឲ្យយើងនៅតែជាកូនខ្ចីក្នុងសេចក្ដីពិតទេ។ (១កូ. ៣:១) ផ្ទុយទៅវិញ លោកសុំយើងឲ្យធ្វើជាគ្រិស្តសាសនិក«ពេញវ័យ»។—១កូ. ១៤:២០
២. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ តើគ្រិស្តសាសនិកដែលមានភាពចាស់ទុំគិតនិងប្រព្រឹត្តយ៉ាងដូចម្ដេច? តើតាមរបៀបណាយើងអាចរីកចម្រើនជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ? តើសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅពីគម្ពីរដែលប្រៀបដូចជាអាហាររឹង ជួយយើងឲ្យរីកចម្រើនតាមរបៀបណា? ហើយហេតុអ្វីយើងគួរជៀសវាងពីការមានទំនុកចិត្តហួសហេតុពេកដោយគិតថាយើងមានភាពចាស់ទុំរួចហើយ មិនចាំបាច់បន្តពង្រឹងចំណងមិត្តភាពជាមួយព្រះយេហូវ៉ា? ក្នុងអត្ថបទនេះ យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
តើគ្រិស្តសាសនិកដែលមានភាពចាស់ទុំគិតនិងប្រព្រឹត្តយ៉ាងដូចម្ដេច?
៣. តើការធ្វើជាគ្រិស្តសាសនិកពេញវ័យមានន័យយ៉ាងណា?
៣ ក្នុងគម្ពីរ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ពេញវ័យ»ក៏អាចមានន័យថា«ភាពចាស់ទុំ» «ល្អឥតខ្ចោះ» និង«ពេញលក្ខណៈ»។ (១កូ. ២:៦) ដូច្នេះ ដូចទារកបន្ដធំឡើងរហូតដល់ទៅជាមនុស្សពេញវ័យ យើងក៏គួរបន្ដរីកចម្រើនដើម្បីមានចំណងមិត្តភាពកាន់តែរឹងមាំជាមួយព្រះយេហូវ៉ាដែរ។ យ៉ាងនេះ យើងទៅជាគ្រិស្តសាសនិកដែលមានចាស់ទុំ។ តាមពិត សូម្បីតែពេលដែលយើងបានសម្រេចគោលដៅនេះហើយ ក៏យើងមិនគួរឈប់រីកចម្រើនឡើយ។ (១ធី. ៤:១៥) យើងទាំងអស់គ្នា រួមទាំងប្អូនៗវ័យក្មេងអាចធ្វើជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ប៉ុន្តែ តើអ្វីបង្ហាញថាគ្រិស្តសាសនិកណាម្នាក់មានភាពចាស់ទុំ?
៤. តើគ្រិស្តសាសនិកដែលមានភាពចាស់ទុំគឺជាបុគ្គលបែបណា?
៤ គ្រិស្តសាសនិកដែលមានភាពចាស់ទុំគឺជាបុគ្គលដែលធ្វើអ្វីទាំងអស់ដែលព្រះយេហូវ៉ាសុំគាត់ឲ្យធ្វើ មិនមែនគ្រាន់តែធ្វើអ្វីដែលគាត់ចង់ធ្វើប៉ុណ្ណោះទេ។ ពិតមែនថាគាត់នឹងធ្វើខុសដោយសារគាត់ជាមនុស្សមិនល្អឥតខ្ចោះ ប៉ុន្តែគាត់បង្ហាញក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ថាគាត់គិតនិងប្រព្រឹត្តស្របតាមបំណងប្រាថ្នារបស់ព្រះ។ គាត់បានបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ហើយព្យាយាមជានិច្ចឲ្យមានរបៀបគិតគូរកាន់តែដូចព្រះយេហូវ៉ា។ (អេភ. ៤:២២-២៤) គាត់បានបង្វឹកបង្ហាត់ខ្លួនឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដោយមានមូលដ្ឋានលើច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា ដូច្នេះគាត់មិនត្រូវការបញ្ជីច្បាប់ដ៏វែងដើម្បីគ្រប់គ្រងការប្រព្រឹត្តរបស់គាត់ទេ។ ពេលគាត់ធ្វើការសម្រេចចិត្តអំពីអ្វីមួយ គាត់ខំប្រឹងធ្វើតាមការសម្រេចចិត្តនោះ។—១កូ. ៩:២៦, ២៧
៥. តើគ្រិស្តសាសនិកដែលមិនមានភាពចាស់ទុំជួបគ្រោះថ្នាក់អ្វីខ្លះ? (អេភេសូរ ៤:១៤, ១៥)
៥ ប៉ុន្តែ គ្រិស្តសាសនិកដែលនៅតែមិនមានភាពចាស់ទុំអាចងាយត្រូវបំភាន់ដោយការ«បោកបញ្ឆោត»និង«កលល្បិច»ប្រឌិតរឿងមិនពិត។ គាត់ប្រហែលជាជឿពួកអ្នកដែលផ្សាយព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម និងរឿងមិនពិតតាមប្រព័ន្ធផ្សាយព័ត៌មាន ឬគាត់ប្រហែលជាចាញ់បោកពួកអ្នកក្បត់ជំនឿ។a (សូមអាន អេភេសូរ ៤:១៤, ១៥) គាត់ប្រហែលជាចេះតែច្រណែន ទើសចិត្ត ធ្វើឲ្យមានការឈ្លោះប្រកែកគ្នា ឬចុះចាញ់នឹងការល្បួង។—១កូ. ៣:៣
៦. ហេតុអ្វីយើងអាចប្រដូចការរីកចម្រើនទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំទៅនឹងការធំលូតលាស់របស់កូនក្មេង? (សូមមើលរូបភាពផងដែរ)
៦ ដូចបានត្រូវរៀបរាប់នៅខាងលើ គម្ពីរប្រដូចការរីកចម្រើនទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំទៅនឹងការធំលូតលាស់ទៅជាមនុស្សពេញវ័យ។ តាមធម្មតា កូនក្មេងខ្វះការយល់ធ្លុះជ្រៅ ដូច្នេះគាត់ត្រូវការការណែនាំនិងការការពារពីមនុស្សពេញវ័យ។ ជាឧទាហរណ៍ ម្ដាយម្នាក់ប្រហែលជាប្រាប់កូនស្រីតូចឲ្យកាន់ដៃគាត់កាលដែលឆ្លងផ្លូវ។ ពេលកូនស្រីនោះកាន់តែធំឡើង ម្ដាយនោះប្រហែលជាអនុញ្ញាតឲ្យនាងឆ្លងផ្លូវដោយខ្លួនឯង ប៉ុន្តែនៅតែនឹងរំលឹកកូនស្រីរបស់គាត់ឲ្យមើលឆ្វេងមើលស្ដាំមុនឆ្លងផ្លូវ។ ពេលកូននោះទៅជាមនុស្សពេញវ័យ នាងចេះជៀសវាងពីគ្រោះថ្នាក់ដោយខ្លួនឯង។ ដូចកូនក្មេងតូចត្រូវការជំនួយពីមនុស្សពេញវ័យដើម្បីជៀសវាងពីគ្រោះថ្នាក់ គ្រិស្តសាសនិកដែលមិនមានភាពចាស់ទុំច្រើនតែត្រូវការជំនួយពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំដើម្បីជៀសវាងពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយព្រះយេហូវ៉ា ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ក៏ប៉ុន្តែ ពេលគ្រិស្តសាសនិកមានភាពចាស់ទុំ គាត់អាចវែកញែកគោលការណ៍គម្ពីរដើម្បីយល់ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងនោះ ហើយក្រោយមកធ្វើតាម។
គ្រិស្តសាសនិកដែលមិនមានភាពចាស់ទុំត្រូវរៀនអំពីរបៀបធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដោយធ្វើតាមគោលការណ៍គម្ពីរ (សូមមើលវគ្គ៦)
៧. តើគ្រិស្តសាសនិកដែលមានភាពចាស់ទុំត្រូវការជំនួយពីអ្នកឯទៀតឬទេ?
៧ តើនេះមានន័យថាគ្រិស្តសាសនិកដែលមានភាពចាស់ទុំមិនដែលត្រូវការជំនួយពីអ្នកឯទៀតឬ? មិនមែនទេ។ បុគ្គលដែលមានភាពចាស់ទុំក៏ត្រូវសុំជំនួយនៅពេលខ្លះដែរ។ ប៉ុន្តែបុគ្គលដែលមិនមានភាពចាស់ទុំ ប្រហែលជាចង់ឲ្យអ្នកឯទៀតប្រាប់គាត់ថាត្រូវធ្វើអ្វី ឬសម្រេចចិត្តឲ្យ។ រីឯគ្រិស្តសាសនិកដែលមានភាពចាស់ទុំនឹងទាញយកប្រាជ្ញានិងបទពិសោធន៍ពីអ្នកឯទៀត ហើយនៅដំណាលគ្នានោះទទួលស្គាល់ថាព្រះយេហូវ៉ាតម្រូវឲ្យគាត់«ទទួលភារៈរបស់ខ្លួន»។—កាឡ. ៦:៥
៨. តើបុគ្គលដែលមានភាពចាស់ទុំអាចមានគុណសម្បត្តិខុសគ្នាយ៉ាងណា?
៨ ដូចមនុស្សពេញវ័យមិនមានអាការក្រៅដូចគ្នា គ្រិស្តសាសនិកដែលមានភាពចាស់ទុំមិនតែងតែមានគុណសម្បត្តិដូចគ្នាទេ។ ជាឧទាហរណ៍ អ្នកខ្លះប្រហែលជាមានប្រាជ្ញាច្រើន។ អ្នកឯទៀតអាចមានចិត្តក្លាហានយ៉ាងខ្លាំង។ ខ្លះទៀតប្រហែលជាមានចិត្តទូលាយណាស់។ រីឯអ្នកឯទៀតប្រហែលជាពូកែយល់អារម្មណ៍។ បន្ថែមទៅទៀត ពេលគ្រិស្តសាសនិកដែលមានភាពចាស់ទុំពីរនាក់ជួបស្ថានភាពស្រដៀងគ្នា ពួកគេប្រហែលជាធ្វើការសម្រេចចិត្តខុសគ្នា តែការសម្រេចចិត្តទាំងពីរនោះស្របតាមគោលការណ៍គម្ពីរ។ នេះច្រើនតែកើតឡើងពេលគ្រិស្តសាសនិកត្រូវធ្វើការសម្រេចចិត្តដែលផ្អែកលើសមត្ថភាពវិនិច្ឆ័យរបស់ខ្លួន។ ដោយដឹងដូច្នេះ ពួកគេជៀសវាងពីការវិនិច្ឆ័យគ្នាទៅវិញទៅមកចំពោះភាពខុសគ្នាបែបនេះ។ ផ្ទុយទៅវិញ ពួកគេផ្ដោតអារម្មណ៍ទៅលើការរក្សាឲ្យមានសាមគ្គីភាព។—រ៉ូម ១៤:១០; ១កូ. ១:១០
តើតាមរបៀបណាយើងអាចឈានទៅរកភាពចាស់ទុំជាគ្រិស្តសាសនិក?
៩. តើយើងរីកចម្រើនទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំដោយស្វ័យប្រវត្តិឬទេ? សូមពន្យល់។
៩ យើងប្រហែលជាធំលូតលាស់ទៅជាមនុស្សពេញវ័យតាមដំណើរការធម្មជាតិនៃជីវិត ប៉ុន្តែគ្មានអ្នកណារីកចម្រើនទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំដោយស្វ័យប្រវត្តិទេ។ ជាឧទាហរណ៍ បងប្អូនប្រុសស្រីនៅក្រុងកូរិនថូសបានទទួលយកដំណឹងល្អ បានទទួលការជ្រមុជទឹក បានទទួលឫទ្ធានុភាពបរិសុទ្ធ និងបានទទួលប្រយោជន៍ពីការណែនាំដោយផ្ទាល់ពីសាវ័កប៉ូល។ (សកម្ម. ១៨:៨-១១) ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយពីពួកគេបានទទួលការជ្រមុជទឹក ពួកគេជាច្រើននាក់នៅតែមិនមានភាពចាស់ទុំ។ (១កូ. ៣:២) តើតាមរបៀបណាយើងអាចប្រាកដថានេះមិនកើតឡើងចំពោះយើង?
១០. តើយើងត្រូវធ្វើអ្វីដើម្បីឈានទៅរកភាពចាស់ទុំ? (យូដាស ២០)
១០ ដើម្បីឈានទៅរកភាពចាស់ទុំ ដំបូងយើងត្រូវបណ្ដុះឲ្យមានបំណងចិត្តចង់មានភាពចាស់ទុំ។ បុគ្គលដែលចង់«ខ្វះបទពិសោធន៍»និងមិនចង់រីកចម្រើន នឹងមិនមានភាពចាស់ទុំទេ។ (សុភ. ១:២២) យើងមិនចង់ធ្វើដូចពួកអ្នកដែលធំពេញវ័យហើយ ប៉ុន្តែបន្ដពឹងផ្អែកលើឪពុកម្ដាយរបស់ពួកគេដើម្បីធ្វើការសម្រេចចិត្តឲ្យពួកគេឡើយ។ ផ្ទុយទៅវិញ យើងចង់មានទំនួលខុសត្រូវដោយខ្លួនឯង ហើយធ្វើឲ្យប្រាកដថាចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាបន្ដកើនឡើង។ (សូមអាន យូដាស ២០) បើអ្នកនៅតែខំប្រឹងឈានទៅរកភាពចាស់ទុំ សូមអធិដ្ឋានថាព្រះយេហូវ៉ានឹងផ្ដល់ឲ្យអ្នកនូវ«បំណងប្រាថ្នានិងមានការប្រព្រឹត្ត»។—ភី. ២:១៣
១១. តើព្រះយេហូវ៉ាផ្ដល់ជំនួយអ្វីដើម្បីឲ្យយើងមានភាពចាស់ទុំ? (អេភេសូរ ៤:១១-១៣)
១១ ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងរីកចម្រើនឲ្យមានភាពចាស់ទុំដោយពឹងខ្លួនឯងទេ។ ពួកអ្នកដែលបម្រើជាគង្វាលនិងអ្នកបង្រៀនក្នុងក្រុមជំនុំគ្រិស្តសាសនិក បានត្រៀមខ្លួនជួយយើងឲ្យមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា«ស្មើកម្រិតកម្ពស់របស់គ្រិស្ត»។ (សូមអាន អេភេសូរ ៤:១១-១៣) ព្រះយេហូវ៉ាក៏ផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដើម្បីជួយយើងឲ្យមាន«ចិត្តគំនិតរបស់គ្រិស្ត»។ (១កូ. ២:១៤-១៦) បន្ថែមទៅទៀត ព្រះបានដឹកនាំឲ្យសរសេរសៀវភៅដំណឹងល្អទាំងបួនដើម្បីបង្ហាញយើងអំពីរបៀបដែលលោកយេស៊ូគិត និយាយ និងប្រព្រឹត្តក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី។ ដោយមានរបៀបគិតគូរនិងការប្រព្រឹត្តដូចលោកយេស៊ូ អ្នកអាចសម្រេចគោលដៅរបស់អ្នកឲ្យទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។
សារៈសំខាន់នៃអាហាររឹង
១២. តើ«សេចក្ដីបង្រៀនជាមូលដ្ឋានអំពីគ្រិស្ត»គឺជាអ្វី?
១២ ដើម្បីឈានទៅរកភាពចាស់ទុំ យើងក៏ត្រូវធ្វើលើសពីការ«រៀនសេចក្ដីបង្រៀនជាមូលដ្ឋានអំពីគ្រិស្ត» ពោលគឺសេចក្ដីបង្រៀនបឋមរបស់គ្រិស្តសាសនា។ ឧទាហរណ៍អំពីសេចក្ដីបង្រៀនបឋមទាំងនេះរួមមានការប្រែចិត្ត ជំនឿ ការជ្រមុជទឹក និងការប្រោសឲ្យរស់ឡើងវិញ។ (ហេ. ៦:១, ២) សេចក្ដីបង្រៀនបែបនេះជាមូលដ្ឋានគ្រឹះនៃគ្រិស្តសាសនា។ ហេតុនេះ សាវ័កពេត្រុសបាននិយាយអំពីសេចក្ដីបង្រៀនទាំងនេះពេលផ្សព្វផ្សាយដល់មនុស្សមួយក្រុមនៅបុណ្យថ្ងៃទី៥០។ (សកម្ម. ២:៣២-៣៥, ៣៨) យើងត្រូវទទួលយកសេចក្ដីបង្រៀនបឋមទាំងនេះដើម្បីទៅជាអ្នកកាន់តាមគ្រិស្ត។ ជាឧទាហរណ៍ ប៉ូលបានព្រមានថាអ្នកណាដែលមិនព្រមទទួលសេចក្ដីបង្រៀនអំពីការប្រោសឲ្យរស់ឡើងវិញ អ្នកនោះមិនអាចធ្វើជាអ្នកកាន់តាមគ្រិស្តទេ។ (១កូ. ១៥:១២-១៤) ប៉ុន្តែយើងមិនត្រូវស្កប់ចិត្តតែនឹងចំណេះបឋមនៃសេចក្ដីពិតឡើយ។
១៣. តើយើងត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីអាហាររឹងដែលបានត្រូវរៀបរាប់នៅហេប្រឺ ៥:១៤? (សូមមើលរូបភាពផងដែរ)
១៣ ខុសពីសេចក្ដីបង្រៀនជាមូលដ្ឋាន អាហាររឹងមិនគ្រាន់តែរួមបញ្ចូលច្បាប់របស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏រួមបញ្ចូលគោលការណ៍របស់លោកដែរ ដែលជួយយើងឲ្យយល់អំពីទស្សនៈរបស់លោក។ ដើម្បីទទួលប្រយោជន៍ពីអាហារនេះ យើងត្រូវសិក្សា រំពឹងគិត និងអនុវត្តបណ្ដាំរបស់ព្រះយ៉ាងយកចិត្តទុកដាក់។ កាលដែលយើងធ្វើដូច្នេះ យើងបង្វឹកបង្ហាត់ខ្លួនឲ្យធ្វើការសម្រេចចិត្តដែលព្រះយេហូវ៉ាពេញចិត្ត។b—សូមអាន ហេប្រឺ ៥:១៤
សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហាររឹងបង្រៀនយើងអំពីរបៀបធ្វើការសម្រេចចិត្តដែលព្រះយេហូវ៉ាពេញចិត្ត (សូមមើលវគ្គ១៣)c
១៤. តើប៉ូលបានជួយគ្រិស្តសាសនិកនៅក្រុងកូរិនថូសឲ្យឈានទៅរកភាពចាស់ទុំយ៉ាងដូចម្ដេច?
១៤ គ្រិស្តសាសនិកដែលមិនមានភាពចាស់ទុំច្រើនតែមានការពិបាកពេលប្រឈមមុខនឹងស្ថានភាពដែលតម្រូវឲ្យពួកគេវែកញែកអំពីគោលការណ៍គម្ពីរ និងធ្វើតាមគោលការណ៍ទាំងនោះ។ បើគ្មានច្បាប់ក្នុងគម្ពីរទេ អ្នកខ្លះប្រហែលជាមានអារម្មណ៍ថាពួកគេអាចធ្វើអ្វីតាមចិត្ត។ អ្នកឯទៀតប្រហែលជាសុំឲ្យមានច្បាប់មួយក្នុងស្ថានភាពដែលមិនតម្រូវឲ្យមានច្បាប់។ ជាឧទាហរណ៍ តាមមើលទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូសបានសុំប៉ូលឲ្យបង្កើតច្បាប់ថាពួកគេអាចឬមិនអាចបរិភោគអាហារដែលបានត្រូវសែនដល់រូបព្រះ។ ជាជាងប្រាប់ពួកគេថាត្រូវធ្វើអ្វី ប៉ូលបានបង្ហាញថាពួកគេម្នាក់ៗមាន«សិទ្ធិ»ធ្វើការសម្រេចចិត្ត ដោយផ្អែកទៅលើសមត្ថភាពវិនិច្ឆ័យរបស់ពួកគេថាពួកគេអាចធ្វើអ្វី។ គាត់បានវែកញែកលើគោលការណ៍ដែលអនុញ្ញាតឲ្យបុគ្គលម្នាក់ៗធ្វើការសម្រេចចិត្តដែលនឹងមិននាំឲ្យសមត្ថភាពវិនិច្ឆ័យរបស់ពួកគេផ្ដន្ទាទោសពួកគេ ហើយនៅដំណាលគ្នានោះមិនធ្វើឲ្យអ្នកឯទៀតជំពប់ដួល។ (១កូ. ៨:៤, ៧-៩) យ៉ាងនេះ ប៉ូលកំពុងជួយគ្រិស្តសាសនិកនៅក្រុងកូរិនថូសឲ្យរីកចម្រើនដើម្បីពួកគេអាចប្រើសមត្ថភាពវែកញែករបស់ខ្លួនជាជាងពឹងផ្អែកទៅលើអ្នកឯទៀត ឬគ្រាន់តែស្វែងរកច្បាប់។
១៥. តើប៉ូលបានជួយគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យរីកចម្រើនយ៉ាងដូចម្ដេច?
១៥ យើងរៀនមេរៀនដ៏សំខាន់មួយទៀតពីអ្វីដែលប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ។ គ្រិស្តសាសនិកខ្លះមិនបានបន្តរីកចម្រើនទេ។ តាមពិតពួកគេបាន«ត្រឡប់ទៅជាអ្នកដែលត្រូវការទឹកដោះ មិនមែនអាហាររឹងទេ»។ (ហេ. ៥:១២) ពួកគេមិនបានរៀននិងព្រមទទួលយកអ្វីថ្មីៗដែលព្រះយេហូវ៉ាកំពុងបង្រៀនពួកគេតាមរយៈក្រុមជំនុំឡើយ។ (សុភ. ៤:១៨) ជាឧទាហរណ៍ អ្នកជឿជនជាតិយូដាជាច្រើននាក់នៅតែលើកស្ទួយច្បាប់ម៉ូសេ ទោះជាច្បាប់នោះបានត្រូវបញ្ចប់ដោយផ្អែកលើគ្រឿងបូជារបស់គ្រិស្តប្រហែលជា៣០ឆ្នាំមុននោះក្ដី។ (រ៉ូម ១០:៤; ទីត. ១:១០) រយៈពេល៣០ឆ្នាំនោះផ្ដល់ឱកាសយូរល្មមឲ្យគ្រិស្តសាសនិកទាំងនោះយល់ថាពួកគេលែងត្រូវធ្វើតាមច្បាប់នោះទៀត! អ្នកណាក៏ដោយដែលបានអានសំបុត្ររបស់ប៉ូលដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ អាចបញ្ជាក់ថាសៀវភៅនោះមានសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហាររឹង។ សំបុត្រពីគាត់បានជួយពួកគេឲ្យឃើញថារបៀបគោរពប្រណិប័តន៍ថ្មីដែលព្រះយេហូវ៉ាបានរៀបចំតាមរយៈលោកយេស៊ូគឺល្អប្រសើរជាង ហើយក៏ផ្ដល់ចិត្តក្លាហានឲ្យពួកគេបន្ដផ្សព្វផ្សាយ ទោះជាមានការប្រឆាំងពីជនជាតិយូដាក្ដី។—ហេ. ១០:១៩-២៣
ចូរជៀសវាងពីការមានទំនុកចិត្តហួសហេតុពេក
១៦. ក្រៅពីការរីកចម្រើនឲ្យមានភាពចាស់ទុំ តើយើងត្រូវធ្វើអ្វីទៀត?
១៦ យើងមិនគ្រាន់តែត្រូវខំប្រឹងឈានទៅរកភាពចាស់ទុំប៉ុណ្ណោះទេ តែក៏ត្រូវខំប្រឹងរក្សាឲ្យមានភាពចាស់ទុំដែរ។ នេះតម្រូវឲ្យយើងជៀសវាងពីការមានទំនុកចិត្តហួសហេតុពេក។ (១កូ. ១០:១២) យើងគួរ«ពិនិត្យពិចារណាអំពីខ្លួនឥតឈប់»ដើម្បីធ្វើឲ្យប្រាកដថាយើងបន្ដរីកចម្រើន។—២កូ. ១៣:៥
១៧. តើសំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងកូឡុសបង្ហាញយ៉ាងណាថាយើងត្រូវរក្សាឲ្យមានភាពចាស់ទុំ?
១៧ ក្នុងសំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងកូឡុស គាត់បានបង្ហាញម្ដងទៀតថាយើងត្រូវរក្សាឲ្យមានភាពចាស់ទុំ។ ទោះជាបងប្អូននៅក្រុងកូឡុសជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំរួចហើយក្ដី ប៉ូលបានប្រាប់ពួកគេឲ្យប្រុងប្រយ័ត្នយ៉ាងខ្លាំងដើម្បីពួកគេនឹងមិនចាញ់ការបោកបញ្ឆោតពីទស្សនៈរបស់មនុស្សក្នុងពិភពលោក។ (កូឡ. ២:៦-១០) ម្យ៉ាងទៀត អេប៉ាប្រាសដែលទំនងជាស្គាល់ពួកអ្នកដែលនៅក្នុងក្រុមជំនុំនោះយ៉ាងច្បាស់បានអធិដ្ឋានជានិច្ចឲ្យពួកគេ«បន្តមានភាពចាស់ទុំ»។ (កូឡ. ៤:១២) តើយើងអាចរៀនអ្វី? ទាំងប៉ូល ទាំងអេប៉ាប្រាសបានយល់ថាការរក្សាឲ្យមានភាពចាស់ទុំតម្រូវឲ្យបុគ្គលម្នាក់ៗខំប្រឹងព្យាយាម ហើយមានការគាំទ្រពីព្រះ។ ពួកគេចង់ឲ្យបងប្អូននៅក្រុងកូឡុសរក្សាឲ្យមានភាព«ពេញវ័យ»ឬភាពចាស់ទុំជាគ្រិស្តសាសនិក ទោះជាពួកគេជួបការពិបាកណាក៏ដោយ។
១៨. តើអ្វីអាចកើតឡើងដល់គ្រិស្តសាសនិកដែលមានភាពចាស់ទុំ? (សូមមើលរូបភាពផងដែរ)
១៨ ប៉ូលបានព្រមានបងប្អូនជនជាតិហេប្រឺថា បើគ្រិស្តសាសនិកណាម្នាក់បាត់បង់ភាពចាស់ទុំ គាត់អាចលែងទទួលការពេញចិត្តពីព្រះជារៀងរហូត។ នោះអាចកើតឡើងបើចិត្តគាត់ទៅជារឹងរហូតដល់គាត់មិនអាចប្រែចិត្ត ហើយទទួលការអភ័យទោសពីព្រះ។ គួរឲ្យសប្បាយ បងប្អូនជនជាតិហេប្រឺមិនស្ថិតក្នុងស្ថានភាពនេះទេ។ (ហេ. ៦:៤-៩) ចុះយ៉ាងណាពួកអ្នកនៅសព្វថ្ងៃនេះដែលបានទៅជាអសកម្មឬបានត្រូវបណ្ដាច់មិត្តភាព តែក្រោយមកបានប្រែចិត្ត? ការប្រែចិត្តដោយចិត្តរាបទាបរបស់ពួកគេបង្ហាញថាពួកគេខុសពីពួកអ្នកដែលប៉ូលបានសរសេរនោះ។ ទោះជាយ៉ាងនេះក្ដី ពេលពួកគេត្រឡប់មកព្រះយេហូវ៉ាវិញ ពួកគេត្រូវការជំនួយដែលលោកផ្ដល់ឲ្យ។ (អេគ. ៣៤:១៥, ១៦) ពួកអ្នកចាស់ទុំប្រហែលជារៀបចំឲ្យសាក្សីដែលមានបទពិសោធន៍ជួយពួកគេឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាឡើងវិញ។
ព្រះយេហូវ៉ាផ្ដល់ជំនួយដល់ពួកអ្នកដែលត្រូវមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាឡើងវិញ (សូមមើលវគ្គ១៨)
១៩. តើយើងគួរមានគោលដៅអ្វី?
១៩ បើអ្នកកំពុងឈានទៅរកភាពចាស់ទុំជាគ្រិស្តសាសនិក អ្នកអាចសម្រេចគោលដៅរបស់អ្នកបាន! សូមបន្ដទទួលយកអាហាររឹង ហើយកែតម្រង់របៀបគិតគូររបស់អ្នកឲ្យកាន់តែដូចរបៀបគិតគូរព្រះយេហូវ៉ា។ ម្យ៉ាងទៀត បើអ្នកមានភាពចាស់ទុំរួចហើយ សូមខំអស់ពីសមត្ថភាពដើម្បីរក្សាភាពចាស់ទុំនៅឥឡូវនេះនិងជារៀងរហូត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើការទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំមានន័យយ៉ាងណា?
តើយើងអាចឈានទៅរកភាពចាស់ទុំជាគ្រិស្តសាសនិកយ៉ាងដូចម្ដេច?
ហេតុអ្វីយើងគួរជៀសវាងពីការមានទំនុកចិត្តហួសហេតុពេក?
ចម្រៀងលេខ៦៥ ឈានទៅមុខ!
a សូមមើលវីដេអូដែលមានចំណងជើងថា «ចូរការពារខ្លួនពីព័ត៌មានមិនត្រឹមត្រូវ» ដែលមាននៅគេហទំព័រjw.org/kmនិងJWបណ្ណាល័យ។
b សូមមើលអត្ថបទខ្លីដែលមានចំណងជើងថា «ការសិក្សាតាមប្រធានបទ»ក្នុងលេខនេះ។
c ការពណ៌នាអំពីរូបភាព៖ បងប្រុសម្នាក់ធ្វើតាមគោលការណ៍ដែលគាត់បានរៀនពីបណ្ដាំរបស់ព្រះពេលជ្រើសរើសការកម្សាន្ត។