អត្ថបទសិក្សា ៣៥
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
ជំនួយសម្រាប់ពួកអ្នកដែលបានត្រូវដកចេញពីក្រុមជំនុំ
«នៅស្ថានសួគ៌នឹងមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងម្នាក់ដែលប្រែចិត្ត ខ្លាំងជាងចំពោះមនុស្សសុចរិត៩៩នាក់ដែលមិនត្រូវការការប្រែចិត្តទៅទៀត»។—លូក. ១៥:៧
ចំណុចផ្ដោត
មូលហេតុដែលបុគ្គលខ្លះត្រូវដកចេញពីក្រុមជំនុំ និងរបៀបដែលអ្នកចាស់ទុំអាចជួយបុគ្គលបែបនោះឲ្យប្រែចិត្ដ ហើយទទួលការពេញចិត្តពីព្រះយេហូវ៉ាម្ដងទៀត។
១-២. (ក) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយមិនប្រែចិត្ត? (ខ) តើព្រះយេហូវ៉ាសង្ឃឹមថាពួកអ្នកប្រព្រឹត្តអំពើខុសឆ្គងនឹងធ្វើអ្វី?
ដោយសារព្រះយេហូវ៉ាស្អប់អំពើខុសឆ្គង នោះលោកមិនបណ្ដោយឲ្យយើងធ្វើអ្វីណាក៏ដោយតាមចិត្តទេ។ (ចសព. ៥:៤-៦) លោកតម្រូវឲ្យយើងធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់លោកដែលបានត្រូវសរសេរទុកនៅក្នុងបណ្ដាំរបស់លោក។ ប៉ុន្តែ ព្រះយេហូវ៉ាដឹងថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយយើងមិនអាចស្ដាប់បង្គាប់លោកយ៉ាងល្អឥតខ្ចោះទេ។ (ចសព. ១៣០:៣, ៤) នៅដំណាលគ្នានោះ លោកមិនទ្រាំនឹង‹បុគ្គលដែលមិនគោរពព្រះ ហើយយកគុណដ៏វិសេសលើសលប់របស់ព្រះជាលេស ដើម្បីបណ្ដោយខ្លួនទៅតាមការប្រព្រឹត្តដោយឥតកោតក្រែង›ឡើយ។ (យូ. ៤) មែនហើយ គម្ពីររៀបរាប់អំពីការបំផ្លាញចោលនៃ«មនុស្សដែលមិនកោតខ្លាចព្រះ»នៅសង្គ្រាមអាម៉ាគេដូន។—២ពេ. ៣:៧; បប. ១៦:១៦
២ ប៉ុន្តែ ព្រះយេហូវ៉ាមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ។ ដូចយើងបានរៀននៅក្នុងអត្ថបទមុនៗនៃអត្ថបទតភាគនេះ គម្ពីរបានចែងយ៉ាងច្បាស់ថាព្រះយេហូវ៉ា«ចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩) ដូចព្រះយេហូវ៉ា ពួកអ្នកចាស់ទុំមានចិត្តអត់ធ្មត់ពេលពួកគេព្យាយាមជួយអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យប្រែចិត្ត ហើយចូលទៅជិតព្រះយេហូវ៉ាម្ដងទៀត។ ទោះជាយ៉ាងនោះក៏ដោយ បុគ្គលខ្លះដែលប្រព្រឹត្តអំពើខុសឆ្គងមិនប្រែចិត្តទេ។ (អេ. ៦:៩) បុគ្គលខ្លះបន្តធ្វើអ្វីដែលខុស ទោះបីជាអ្នកចាស់ទុំព្យាយាមជួយពួកគេម្ដងហើយម្ដងទៀតឲ្យប្រែចិត្តក៏ដោយ។ ក្នុងករណីបែបនេះ តើអ្នកចាស់ទុំត្រូវធ្វើអ្វី?
«ចូរដកមនុស្សទុច្ចរិតចេញ»
៣. (ក) តើគម្ពីរចែងយ៉ាងណាអំពីអ្វីដែលគួរកើតឡើងចំពោះបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្ត? (ខ) ហេតុអ្វីយើងអាចនិយាយថាគឺហាក់ដូចជាគាត់បានសម្រេចចិត្តឲ្យក្រុមជំនុំដកគាត់ចេញ?
៣ ពេលបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងមិនប្រែចិត្ត អ្នកចាស់ទុំត្រូវធ្វើតាមការណែនាំដែលមាននៅកូរិនថូសទី១ ៥:១៣ដែលថា៖ «ចូរដកមនុស្សទុច្ចរិតចេញពីចំណោមអ្នករាល់គ្នា»។ បុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដឹងថាបើគាត់មិនប្រែចិត្ត គាត់នឹងត្រូវដកចេញពីក្រុមជំនុំ។ ដូច្នេះ ដោយសារបុគ្គលនោះមិនប្រែចិត្ត នេះហាក់ដូចជាគាត់បានសម្រេចចិត្តឲ្យក្រុមជំនុំដកគាត់ចេញ។ នេះជាលទ្ធផលដែលគាត់ទទួលពីការប្រព្រឹត្តរបស់គាត់។ (កាឡ. ៦:៧) ហេតុអ្វីយើងអាចនិយាយដូច្នោះ? ព្រោះអ្នកចាស់ទុំបានខំព្យាយាមជួយគាត់អស់ជាច្រើនដងហើយ តែគាត់នៅតែមិនព្រមកែប្រែ។ (២បស. ១៧:១២-១៥) ការប្រព្រឹត្តរបស់គាត់បង្ហាញថាគាត់សម្រេចចិត្តមិនធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។—បច. ៣០:១៩, ២០
៤. ហេតុអ្វីមានសេចក្ដីជូនដំណឹងពេលបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តបានត្រូវដកចេញពីក្រុមជំនុំ?
៤ ពេលបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តបានត្រូវដកចេញពីក្រុមជំនុំ នោះនឹងមានសេចក្ដីជូនដំណឹងដើម្បីប្រាប់ក្រុមជំនុំថាបុគ្គលនោះលែងជាសាក្សីព្រះយេហូវ៉ាហើយ។a គោលបំណងនៃសេចក្ដីជូនដំណឹងនោះគឺមិនមែនធ្វើឲ្យបុគ្គលនោះខ្មាសគេទេ។ ផ្ទុយទៅវិញ សេចក្ដីជូនដំណឹងនោះជួយបងប្អូនក្នុងក្រុមជំនុំឲ្យធ្វើតាមបង្គាប់ក្នុងគម្ពីរដែលថា៖ «ឈប់ទាក់ទង»ជាមួយបុគ្គលនោះ ‹សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងគាត់ដែរ›។ (១កូ. ៥:៩-១១) មានមូលហេតុល្អដែលព្រះយេហូវ៉ាផ្ដល់បង្គាប់នោះ។ សាវ័កប៉ូលបានសរសេរថា៖ «ដំបែតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង»។ (១កូ. ៥:៦) បើក្រុមជំនុំមិនដកបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តចេញទេ នោះអ្នកឯទៀតប្រហែលជាគិតថាពួកគេក៏មិនចាំបាច់ធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដែរ។—សុភ. ១៣:២០; ១កូ. ១៥:៣៣
៥. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំ ហើយហេតុអ្វី?
៥ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះបងប្អូនរួមជំនឿដែលបានត្រូវដកចេញពីក្រុមជំនុំ? ទោះជាយើងមិនសេពគប់ជាមួយនឹងគាត់ក្ដី យើងគួរមានទស្សនៈថាគាត់ជាចៀមដែលវង្វេងបាត់ តែនោះមិនមែនមានន័យថាយើងអស់សង្ឃឹមចំពោះគាត់ឡើយ។ ចៀមដែលវង្វេងចេញពីហ្វូងអាចត្រឡប់មកវិញ។ សូមចាំថាចៀមដែលវង្វេងបាត់នោះធ្លាប់ប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ គួរឲ្យស្ដាយ គាត់លែងរស់នៅស្របតាមការប្រគល់ខ្លួននៅឥឡូវនេះ ហើយនេះអាចនាំឲ្យគាត់បាត់បង់ឱកាសរស់ជារៀងរហូត។ (អេគ. ១៨:៣១) ទោះជាយ៉ាងនោះក្ដី ដរាបណាព្រះយេហូវ៉ាពេញចិត្តបង្ហាញសេចក្ដីមេត្តាករុណា ដរាបនោះយើងនៅតែមានសេចក្ដីសង្ឃឹមថាបុគ្គលនោះនឹងត្រឡប់មកវិញ។ ដូច្នេះ តើតាមរបៀបណាពួកអ្នកចាស់ទុំអាចជួយបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានត្រូវដកចេញពីក្រុមជំនុំ?
របៀបដែលពួកអ្នកចាស់ទុំជួយបុគ្គលដែលបានត្រូវដកចេញ
៦. តើពួកអ្នកចាស់ទុំនឹងធ្វើអ្វីដើម្បីជួយបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំ?
៦ ពេលបុគ្គលណាម្នាក់បានត្រូវដកចេញពីក្រុមជំនុំ តើអ្នកចាស់ទុំឈប់ព្យាយាមជួយគាត់ឲ្យត្រឡប់មកព្រះយេហូវ៉ាវិញទេ? មិនមែនទេ! ពេលគណៈកម្មាធិការពួកអ្នកចាស់ទុំប្រាប់បុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តថាគាត់នឹងត្រូវដកចេញពីក្រុមជំនុំ នោះពួកគេនឹងពន្យល់គាត់អំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីត្រឡប់មកក្រុមជំនុំវិញ។ ក៏ប៉ុន្តែ អ្នកចាស់ទុំនឹងធ្វើលើសពីនោះទៅទៀត។ ក្នុងករណីភាគច្រើន អ្នកចាស់ទុំនឹងប្រាប់បុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងថា នៅប៉ុន្មានខែទៀតពួកគេចង់ជួបជាមួយគាត់ម្ដងទៀតដើម្បីដឹងថាគាត់បានផ្លាស់ប្ដូររបៀបគិតគូរឬយ៉ាងណា។ បើបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងសុខចិត្តជួបជាមួយពួកអ្នកចាស់ទុំម្ដងទៀត នោះពួកគេនឹងលើកទឹកចិត្តគាត់នៅពេលនោះឲ្យប្រែចិត្តនិងត្រឡប់មកវិញ។ ទោះជាបុគ្គលនោះមិនទាន់ប្រែចិត្តនៅពេលនោះក្ដី អ្នកចាស់ទុំនឹងព្យាយាមជួបគាត់នៅថ្ងៃខាងមុខទៀតដើម្បីលើកទឹកចិត្តគាត់ឲ្យប្រែចិត្ត។
៧. ពេលបុគ្គលម្នាក់បានត្រូវដកចេញពីក្រុមជំនុំ តើអ្នកចាស់ទុំអាចបង្ហាញសេចក្ដីអាណិតមេត្តាដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (យេរេមា ៣:១២)
៧ ពួកអ្នកចាស់ទុំព្យាយាមយកតម្រាប់ព្រះយេហូវ៉ាដោយបង្ហាញសេចក្ដីអាណិតមេត្តាចំពោះពួកអ្នកដែលបានត្រូវដកចេញពីក្រុមជំនុំ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាមិនបានរង់ចាំឲ្យជនជាតិអ៊ីស្រាអែលសម័យបុរាណដែលជារាស្ត្ររបស់លោកដែលមានចិត្តវៀចវេរចាត់វិធានការជានានឹងលោកជាមុនទេ។ ផ្ទុយទៅវិញ លោកបានចាត់វិធានការមុនពួកគេបង្ហាញថាពួកគេបានប្រែចិត្ត។ ដូចបានរៀបរាប់នៅអត្ថបទទីពីរនៃអត្ថបទតភាគនេះ ព្រះយេហូវ៉ាបង្ហាញអំពីសេចក្ដីអាណិតមេត្តារបស់លោកដោយប្រាប់អ្នកប្រកាសទំនាយហូសេឲ្យអភ័យទោសឲ្យប្រពន្ធរបស់គាត់ដែលនៅតែប្រព្រឹត្តអំពើខុសឆ្គង ហើយទទួលយកនាងមកវិញ។ (ហូ. ៣:១; ម៉ាឡ. ៣:៧) ដូចព្រះយេហូវ៉ា អ្នកចាស់ទុំពិតជាចង់ឲ្យបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងត្រឡប់មកវិញ ហើយពួកគេក៏ចង់ជួយគាត់ឲ្យធ្វើដូច្នេះដែរ។—សូមអាន យេរេមា ៣:១២
៨. តើឧទាហរណ៍របស់លោកយេស៊ូអំពីកូនដែលវង្វេងបាត់ធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (លូកា ១៥:៧)
៨ សូមគិតអំពីឧទាហរណ៍របស់លោកយេស៊ូស្ដីអំពីកូនដែលវង្វេងបាត់ដែលយើងបានពិចារណានៅក្នុងអត្ថបទទី២នៃអត្ថបទតភាគនេះ។ ពេលឪពុកក្រឡេកទៅឃើញកូនត្រឡប់មកផ្ទះវិញ ឪពុកបាន«រត់ទៅឱបកូន ហើយថើបដោយក្ដីស្រឡាញ់»។ (លូក. ១៥:២០) សូមកត់សម្គាល់ថា ឪពុកនោះមិនបានចាំឲ្យកូនគាត់អង្វរសុំការអភ័យទោសទេ។ ផ្ទុយទៅវិញ ឪពុកនោះបានរត់ទៅឯកូនរបស់គាត់ ដោយសារគាត់ស្រឡាញ់កូន។ ពួកអ្នកចាស់ទុំក៏ព្យាយាមបង្ហាញចិត្តគំនិតដូចនេះចំពោះពួកអ្នកដែលបានវង្វេងបាត់ដែរ។ ពួកគេចង់ឲ្យពួកអ្នកដែលចាកចេញពីព្រះយេហូវ៉ាត្រឡប់មកឯលោកវិញ។ (លូក. ១៥:២២-២៤, ៣២) ពេលបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងត្រឡប់មកវិញ ព្រះយេហូវ៉ា លោកយេស៊ូ បណ្ដាទេវតា និងក្រុមជំនុំទាំងមូលត្រេកអរជាខ្លាំង។—សូមអាន លូកា ១៥:៧
៩. តើព្រះយេហូវ៉ាលើកទឹកចិត្តអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យធ្វើអ្វី?
៩ សរុបសេចក្ដីមក យើងរៀនថាព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យពួកអ្នកដែលមិនចង់ប្រែចិត្តពីការខុសឆ្គងរបស់ពួកគេបន្តនៅក្នុងក្រុមជំនុំទេ។ ទោះជាយ៉ាងនោះក៏ដោយ លោកនៅតែព្យាយាមជួយពួកគេ។ លោកចង់ឲ្យពួកគេត្រឡប់មកវិញ។ ហូសេ ១៤:៤រៀបរាប់អំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ ខនោះថា៖ «ខ្ញុំនឹងជួយពួកគេឲ្យបែរចេញពីផ្លូវមិនស្មោះត្រង់ ខ្ញុំនឹងស្រឡាញ់ពួកគេស្ម័គ្រពីចិត្ត ព្រោះខ្ញុំលែងខឹង»។ ដោយដឹងអំពីអារម្មណ៍របស់ព្រះយេហូវ៉ា ពួកអ្នកចាស់ទុំមើលថាតើបុគ្គលនោះបានធ្វើការផ្លាស់ប្ដូរអ្វីខ្លះរួចហើយ ដែលបង្ហាញថាគាត់ចាប់ផ្ដើមប្រែចិត្ត។ ម្យ៉ាងទៀត ពាក្យនៅក្នុងខគម្ពីរនេះគួរពង្រឹងទំនុកចិត្តពួកអ្នកដែលបានចាកចេញពីព្រះយេហូវ៉ាថាលោកស្រឡាញ់ពួកគេ ហើយចង់ឲ្យពួកគេត្រឡប់មកវិញ។
១០-១១. តើពួកអ្នកចាស់ទុំនឹងជួយបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំនៅអតីតកាលយ៉ាងដូចម្ដេច?
១០ ចុះយ៉ាងណាអំពីពួកអ្នកដែលបានត្រូវដកចេញពីក្រុមជំនុំនៅអតីតកាល សូម្បីតែអស់ជាច្រើនឆ្នាំហើយ? បុគ្គលបែបនេះប្រហែលជាលែងប្រព្រឹត្តអំពើខុសឆ្គងដែលនាំឲ្យពួកគេបានត្រូវដកចេញពីក្រុមជំនុំ។ ក្នុងស្ថានភាពខ្លះ ពួកគេប្រហែលជាថែមទាំងមិនចាំអំពីមូលហេតុដែលពួកគេបានត្រូវដកចេញទៀតផង។ មិនថាបុគ្គលទាំងនោះចេញពីក្រុមជំនុំយូរប៉ុណ្ណាក្ដី ពួកអ្នកចាស់ទុំនឹងព្យាយាមស្វែងរកនិងជួបពួកគេ។ ក្នុងអំឡុងការទៅជួប ពួកអ្នកចាស់ទុំក៏ថែមទាំងស្នើសុំអធិដ្ឋានជាមួយពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យត្រឡប់មកក្រុមជំនុំវិញ។ មែនហើយ បើបុគ្គលណាម្នាក់បានចេញពីក្រុមជំនុំអស់ជាច្រើនឆ្នាំ ចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ាទំនងជាខ្សោយខ្លាំងណាស់។ ហេតុនេះ បើបុគ្គលនោះនិយាយថាគាត់ចង់ត្រឡប់មកក្រុមជំនុំវិញ នោះអ្នកចាស់ទុំប្រហែលជានឹងរៀបចំឲ្យបងប្អូនណាម្នាក់ដឹកនាំការសិក្សាគម្ពីរជាមួយគាត់ ទោះជាគាត់មិនទាន់បានចូលក្រុមជំនុំឡើងវិញក៏ដោយ។ ក្នុងករណីទាំងអស់ ពួកអ្នកចាស់ទុំគឺជាអ្នករៀបចំឲ្យមានការសិក្សានោះ។
១១ ពួកអ្នកចាស់ទុំព្យាយាមបង្ហាញចិត្តអាណិតមេត្តាដូចព្រះយេហូវ៉ាចំពោះមនុស្ស។ ដូច្នេះ ពួកគេនឹងស្វែងរកអស់អ្នកដែលបានចាកចេញពីព្រះយេហូវ៉ា ហើយលើកទឹកចិត្តបុគ្គលនោះឲ្យត្រឡប់មកលោកវិញ។ ពេលបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងបង្ហាញថាគាត់កែប្រែរបៀបគិតគូរ និងការប្រព្រឹត្តរបស់គាត់ នោះអ្នកចាស់ទុំអាចឲ្យគាត់ចូលក្នុងក្រុមជំនុំឡើងវិញដោយមិនបង្អែបង្អង់។—២កូ. ២:៦-៨
១២. (ក) តើស្ថានភាពណាខ្លះតម្រូវឲ្យពួកអ្នកចាស់ទុំប្រុងប្រយ័ត្នជាពិសេស? (ខ) ហេតុអ្វីយើងមិនគួរមានអារម្មណ៍ថាបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងប្រភេទខ្លះគ្មានថ្ងៃទទួលសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ា? (សូមមើលកំណត់សម្គាល់ផងដែរ)
១២ ក្នុងករណីខ្លះ ពួកអ្នកចាស់ទុំត្រូវតែប្រុងប្រយ័ត្នជាពិសេស មុនអនុញ្ញាតឲ្យបុគ្គលម្នាក់ចូលក្រុមជំនុំឡើងវិញ។ ជាឧទាហរណ៍ បើបុគ្គលណាម្នាក់ធ្លាប់ធ្វើបាបកុមារ ឬជាអ្នកក្បត់ជំនឿ ឬបានរកកលល្បិចដើម្បីបញ្ចប់ចំណងអាពាហ៍ពិពាហ៍ នោះអ្នកចាស់ទុំត្រូវធ្វើឲ្យប្រាកដថាបុគ្គលនោះបានប្រែចិត្តយ៉ាងពិតប្រាកដ។ (ម៉ាឡ. ២:១៤; ២ធី. ៣:៦) ពួកអ្នកចាស់ទុំត្រូវការពារបងប្អូនក្នុងក្រុមជំនុំ។ នៅដំណាលគ្នានោះ យើងត្រូវទទួលស្គាល់ថាព្រះយេហូវ៉ានឹងទទួលអ្នកប្រព្រឹត្តអំពើខុសឆ្គងបែបណាក៏ដោយមកឯលោកវិញ ឲ្យតែគាត់ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត ហើយបង្ហាញថាគាត់បានប្រែចិត្តយ៉ាងស្មោះ។ ដូច្នេះ ទោះជាអ្នកចាស់ទុំចង់ធ្វើឲ្យប្រាកដថាបុគ្គលដែលរកកលល្បិចធ្វើបាបអ្នកឯទៀតពិតជាបានប្រែចិត្តក្ដី អ្នកចាស់ទុំមិនគួរគិតថាបុគ្គលបែបនោះគ្មានថ្ងៃទទួលសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ាឡើយ។b—១ពេ. ២:១០
អ្វីដែលក្រុមជំនុំអាចធ្វើ
១៣. តើរបៀបដែលយើងប្រព្រឹត្តចំពោះបុគ្គលដែលពួកអ្នកចាស់ទុំបានប្រដៅតម្រង់ និងបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំខុសគ្នាយ៉ាងណា?
១៣ ដូចយើងបានពិចារណានៅអត្ថបទមុន ជួនកាលមានសេចក្ដីជូនដំណឹងថាបុគ្គលណាម្នាក់បានត្រូវប្រដៅតម្រង់។ ក្នុងករណីបែបនោះ យើងអាចបន្តសេពគប់ជាមួយនឹងគាត់ ដោយសារគាត់បានកែប្រែរបៀបគិតគូរនិងការប្រព្រឹត្តដែលខុស។ (១ធី. ៥:២០) គាត់នៅតែជាបងប្អូនរួមជំនឿក្នុងក្រុមជំនុំ ហើយគាត់ត្រូវការការលើកទឹកចិត្តដែលមកពីការសេពគប់ជាមួយនឹងបងប្អូនរួមជំនឿ។ (ហេ. ១០:២៤, ២៥) ប៉ុន្តែ ស្ថានភាពនោះគឺខុសគ្នាឆ្ងាយពីបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំ។ យើង«ឈប់ទាក់ទង»ជាមួយនឹងបុគ្គលនោះ«សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងមនុស្សបែបនោះដែរ»។—១កូ. ៥:១១
១៤. តើគ្រិស្តសាសនិកអាចប្រើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរយ៉ាងណាក្នុងការប្រព្រឹត្តចំពោះបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំ? (សូមមើលរូបភាពផងដែរ)
១៤ តើពាក្យនៅកូរិនថូសទី១ ៥:១១មានន័យថាយើងមិនអាចអញ្ជើញបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំឲ្យចូលរួមកិច្ចប្រជុំ ឬជម្រាបសួរគាត់បើគាត់ចូលរួមកិច្ចប្រជុំឬទេ? មិនមែនទេ។ ពិតមែនថា យើងនឹងមិនសេពគប់ជាមួយនឹងគាត់។ ប៉ុន្តែ គ្រិស្តសាសនិកម្នាក់ៗអាចប្រើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ ដើម្បីសម្រេចចិត្តថាអញ្ជើញបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំឲ្យចូលរួមកិច្ចប្រជុំឬយ៉ាងណា។ បុគ្គលនោះប្រហែលជាសាច់ញាតិ ឬជាបុគ្គលដែលពួកគេធ្លាប់ជិតស្និទ្ធ។ ចុះយ៉ាងណាបើគាត់ចូលរួម? ពីមុនយើងមិនជម្រាបសួរបុគ្គលបែបនោះទេ។ ម្ដងនេះទៀត គ្រិស្តសាសនិកម្នាក់ៗត្រូវប្រើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ។ បងប្អូនខ្លះប្រហែលជាមានអារម្មណ៍ស្រួលជម្រាបសួរឬស្វាគមន៍បុគ្គលនោះពេលគាត់មកកិច្ចប្រជុំ។ ទោះជាយ៉ាងនោះក៏ដោយ យើងនឹងមិនសន្ទនាយ៉ាងយូរឬសេពគប់ជាមួយបុគ្គលនោះឡើយ។
គ្រិស្តសាសនិកអាចប្រើសមត្ថភាពវិនិច្ឆ័យរបស់ពួកគេដែលបានបង្វឹកបង្ហាត់ពីគម្ពីរ ពេលសម្រេចចិត្តអញ្ជើញបុគ្គលដែលបានត្រូវដកចេញពីក្រុមជំនុំឲ្យចូលរួមកិច្ចប្រជុំ ឬនិយាយស្វាគមន៍បុគ្គលនោះពេលគាត់ចូលរួមកិច្ចប្រជុំឬយ៉ាងណា។ (សូមមើលវគ្គ១៤)
១៥. តើយ៉ូហានទី២ ៩-១១សំដៅទៅលើបុគ្គលបែបណា? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «តើយ៉ូហាននិងប៉ូលរៀបរាប់អំពីអំពើខុសឆ្គងប្រភេទដូចគ្នាឬទេ?»)
១៥ អ្នកខ្លះប្រហែលជាឆ្ងល់ថា ‹គម្ពីរចែងថាអ្នកដែលជម្រាបសួរបុគ្គលបែបនោះក៏រួមចំណែកក្នុងអំពើទុច្ចរិតរបស់អ្នកនោះដែរ មែនទេ?›។ (សូមអាន យ៉ូហានទី២ ៩-១១) បរិបទនៃខគម្ពីរនេះបង្ហាញថា ការណែនាំនេះសំដៅទៅលើអ្នកក្បត់ជំនឿនិងបុគ្គលដែលលើកទឹកចិត្តអ្នកឯទៀតតាមពាក្យសម្ដីឬការប្រព្រឹត្តឲ្យធ្វើអ្វីដែលព្រះមិនពេញចិត្ត។ (បប. ២:២០) ដូច្នេះ បើបុគ្គលណាម្នាក់លើកទឹកចិត្តអ្នកឯទៀតឲ្យស្ដាប់សេចក្ដីបង្រៀនរបស់ពួកអ្នកក្បត់ជំនឿឬប្រព្រឹត្តអំពើខុសឆ្គងឯទៀត ពួកអ្នកចាស់ទុំនឹងមិនរៀបចំទៅជួបគាត់ទេ។ ប៉ុន្តែ បុគ្គលនោះប្រហែលជានៅតែអាចប្រែចិត្តនៅពេលក្រោយបាន។ តែទម្រាំដល់ពេលនោះ យើងនឹងមិនជម្រាបសួរបុគ្គលបែបនោះឬអញ្ជើញគាត់ឲ្យចូលរួមកិច្ចប្រជុំឡើយ។
ការបង្ហាញសេចក្ដីមេត្តាករុណាដូចព្រះយេហូវ៉ា
១៦-១៧. (ក) តើព្រះយេហូវ៉ាចង់ឲ្យអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្វើអ្វី? (អេសេគាល ១៨:៣២) (ខ) តើពួកអ្នកចាស់ទុំអាចបង្ហាញយ៉ាងណាថាពួកគេជាអ្នករួមកិច្ចការជាមួយនឹងព្រះយេហូវ៉ាពេលដែលពួកគេព្យាយាមជួយអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង?
១៦ តើយើងបានរៀនអ្វីក្នុងអត្ថបទតភាគនៃទស្សនាវដ្ដីលេខនេះ? ព្រះយេហូវ៉ាមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ! (សូមអាន អេសេគាល ១៨:៣២) លោកចង់ឲ្យអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងផ្សះផ្សាជាមួយលោក។ (២កូ. ៥:២០) នេះជាមូលហេតុដែលម្ដងហើយម្ដងទៀតព្រះយេហូវ៉ាបានដាស់តឿនអ្នកបម្រើរបស់លោកដែលបានចាកចេញពីលោកឲ្យប្រែចិត្ត និងត្រឡប់មកលោកវិញ។ អ្នកចាស់ទុំមានឯកសិទ្ធិរួមកិច្ចការជាមួយព្រះយេហូវ៉ា កាលដែលពួកគេព្យាយាមជួយបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យប្រែចិត្ត។—រ៉ូម ២:៤; ១កូ. ៣:៩
១៧ សូមស្រមៃគិតថានៅស្ថានសួគ៌មានអំណរខ្លាំងប៉ុណ្ណាពេលដែលបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងប្រែចិត្ត! ព្រះយេហូវ៉ាបិតារបស់យើងនៅស្ថានសួគ៌ ត្រេកអរយ៉ាងខ្លាំងរាល់ដងដែលលោកឃើញចៀមរបស់លោកដែលបានវង្វេងបាត់ត្រឡប់មកក្រុមជំនុំវិញ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាបន្តកើនឡើង ពេលដែលយើងរំពឹងគិតអំពីសេចក្ដីមេត្តាករុណានិងគុណដ៏វិសេសលើសលប់របស់លោក។—លូក. ១:៧៨
ចម្រៀងលេខ១១១ មូលហេតុដែលយើងមានអំណរ
a យើងនឹងលែងហៅបុគ្គលបែបនោះថាជាបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពទៀតហើយ។ ប៉ុន្តែ ស្របតាមពាក្យរបស់ប៉ូលដែលបានកត់ទុកនៅកូរិនថូសទី១ ៥:១៣ ឥឡូវយើងនឹងហៅបុគ្គលនោះថាជាអ្នកដែលបានត្រូវដកចេញពីក្រុមជំនុំ។
b គម្ពីររៀបរាប់ថាមនុស្សខ្លះមិនអាចទទួលការអភ័យទោសទេ។ បុគ្គលបែបនេះបានតាំងចិត្តប្រឆាំងនឹងព្រះជានិច្ច។ មានតែព្រះយេហូវ៉ានិងលោកយេស៊ូប៉ុណ្ណោះដែលអាចវិនិច្ឆ័យថាបុគ្គលណាម្នាក់មិនអាចទទួលការអភ័យទោសឬយ៉ាងណា។—ម៉ាក. ៣:២៩; ហេ. ១០:២៦, ២៧