បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • od ជំ. ១៤ ទំ. ១៤១-១៥៦
  • ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ
  • អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • វិធី​ដោះ​ស្រាយ​រឿង​រ៉ាវ​តូច​តាច
  • ការ​ឲ្យ​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ
  • ការ​ចំណាំ​ពួក​អ្នក​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង
  • របៀប​ដោះ​ស្រាយ​ពេល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ខ្លះ
  • របៀប​ដោះ​ស្រាយ​ពេល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ
  • សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ប្រដៅ​តម្រង់
  • ពេល​សម្រេច​ចិត្ត​បណ្ដាច់​មិត្តភាព
  • សេចក្ដី​ជូន​ដំណឹង​អំពី​ការ​បណ្ដាច់​មិត្តភាព
  • ការ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ
  • ពេល​បុគ្គល​ម្នាក់​ស្នើ​សុំ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ
  • សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ
  • បញ្ហា​ដែល​ទាក់​ទង​នឹង​ក្មេង​មិន​ទាន់​គ្រប់​អាយុ ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ
  • ពេល​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង
  • ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​រក្សា​ភាព​ស្អាត​ស្អំ​និង​សេចក្ដី​សុខ​សាន្ត​ទទួល​ពរ​ពី​លោក
  • ចូរទទួលយកសេចក្ដីប្រៀនប្រដៅរបស់ព្រះយេហូវ៉ាជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ជំនួយ​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចៀមរបស់ព្រះយេហូវ៉ាត្រូវការមើលថែរក្សាដ៏ថ្នាក់ថ្នម
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
od ជំ. ១៤ ទំ. ១៤១-១៥៦

ជំពូក​ទី​១៤

ការ​រក្សា​សេចក្ដី​សុខ​សាន្ត​និង​ភាព​ស្អាត​ស្អំ​នៅ​ក្នុង​ក្រុម​ជំនុំ

ស្រប​តាម​ទំនាយ​ក្នុង​គម្ពីរ មនុស្ស​រាប់​ពាន់​នាក់​ចូល​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ឆ្នាំ។ (​មីកា ៤:១, ២​) យើង​សប្បាយ​រីក​រាយ​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​«​ក្រុម​ជំនុំ​របស់​ព្រះ​»​! (​សកម្ម. ២០:២៨​) ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ឯកសិទ្ធិ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង ក៏​ឲ្យ​តម្លៃ​ទៅ​លើ​ស្ថាន​ភាព​ដ៏​សុខ​សាន្ត​និង​ស្អាត​ស្អំ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ដែរ ជា​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។ សកម្មពល​បរិសុទ្ធ​របស់​ព្រះ​និង​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​គម្ពីរ ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។—ទំនុក. ១១៩:១០៥; សាក. ៤:៦

២ ដោយ​អនុវត្ត​គោល​ការណ៍​គម្ពីរ យើង​បំពាក់​ខ្លួន​ដោយ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»។ (​កូឡ. ៣:១០​) យើង​មិន​ឲ្យ​ទំនាស់​តូច​តាច​និង​ការ​ខ្វែង​គំនិត​គ្នា​បណ្ដាល​ឲ្យ​យើង​បែក​បាក់​សាមគ្គី​ទេ។ ដោយ​សារ​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា យើង​យក​ឈ្នះ​ឥទ្ធិពល​ពី​ពិភព​លោក​ដែល​នាំ​ឲ្យ​បែក​បាក់​គ្នា។ ជា​លទ្ធផល យើង​បន្ត​បម្រើ​ព្រះ​ដោយ​សាមគ្គី​ភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ទូទាំង​ពិភព​លោក។—សកម្ម. ១០:៣៤, ៣៥

៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ម្ដង​ម្កាល​មាន​បញ្ហា​កើត​ឡើង​ដែល​ប៉ះ​ពាល់​ដល់​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ តើ​អ្វី​នាំ​ឲ្យ​មាន​បញ្ហា​នេះ? ក្នុង​ករណី​ភាគ​ច្រើន បញ្ហា​នេះ​ផ្ដើម​មក​ពី​ការ​មិន​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ។ យើង​នៅ​តែ​ត្រូវ​ខំ​ប្រឹង​យក​ឈ្នះ​ទំនោរ​ចិត្ត​ដែល​ទោរ​ទន់​ទៅ​រក​ភាព​ខុស​ឆ្គង។ យើង​គ្រប់​គ្នា​មាន​ការ​ខុស​ឆ្គង។ (​១យ៉ូន. ១:១០​) ប្រហែល​ជា​បុគ្គល​ម្នាក់​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន ហើយ​នេះ​អាច​នាំ​ឲ្យ​មាន​ភាព​មិន​ស្អាត​ស្អំ​ខាង​សីលធម៌​ឬ​ខាង​ការ​គោរព​ប្រណិប័តន៍​ក្នុង​ក្រុម​ជំនុំ។ ម្យ៉ាង​ទៀត ប្រហែល​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ត​ដោយ​សារ​យើង​ប្រព្រឹត្ត​ឬ​និយាយ​ដោយ​មិន​គិត​ពិចារណា​ជា​មុន ឬ​ក៏​ប្រហែល​ជា​យើង​តូច​ចិត្ត​ដោយ​សារ​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​របស់​អ្នក​ណា​ម្នាក់​ដែរ។ (​រ៉ូម ៣:២៣​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បែប​នេះ?

៤ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដោយ​គិត​អំពី​ដំណោះ​ស្រាយ​ចំពោះ​រឿង​ទាំង​នេះ។ បណ្ដាំ​របស់​ព្រះ​មាន​ឱវាទ​ស្ដី​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ពេល​មាន​បញ្ហា​កើត​ឡើង។ យើង​ម្នាក់​ៗ​អាច​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ដែល​ឃ្វាល​យើង​ដោយ​សេចក្ដី​ស្រឡាញ់។ ដោយ​ធ្វើ​តាម​ឱវាទ​ដែល​ពួក​គាត់​ឲ្យ​ពី​គម្ពីរ នោះ​យើង​អាច​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ម្ដង​ទៀត​ជា​មួយ​អ្នក​ឯ​ទៀត ក៏​អាច​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ ប្រសិន​បើ​យើង​ទទួល​ការ​ប្រៀន​ប្រដៅ​ឬ​បាន​ត្រូវ​ប្រដៅ​តម្រង់​ដោយ​សារ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ណា​មួយ នោះ​យើង​អាច​ប្រាកដ​ថា បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង​ណាស់ បាន​ជា​លោក​កែ​តម្រង់​យើង​បែប​នេះ។—សុភ. ៣:១១, ១២; ហេ. ១២:៦

វិធី​ដោះ​ស្រាយ​រឿង​រ៉ាវ​តូច​តាច

៥ ជួន​កាល អាច​មាន​ទំនាស់​តូច​តាច​ឬ​ការ​ខ្វែង​គំនិត​គ្នា​រវាង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ យើង​ត្រូវ​ដោះ​ស្រាយ​រឿង​រ៉ាវ​ទាំង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។ (​អេភ. ៤:២៦; ភី. ២:២​-​៤; កូឡ. ៣:១២​-​១៤​) អ្នក​ទំនង​ជា​នឹង​ឃើញ​ថា បញ្ហា​ភាគ​ច្រើន​ដែល​អ្នក​មាន​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ អាច​ត្រូវ​ដោះ​ស្រាយ​បាន​ដោយ​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ពេត្រុស ដែល​ណែនាំ​ឲ្យ​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។ (​១ពេ. ៤:៨​) គម្ពីរ​ចែង​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»។ (​យ៉ា. ៣:២​) ដោយ​ប្រព្រឹត្ត​តាម​គោល​ការណ៍​គម្ពីរ​ដ៏​ល្បី​ល្បាញ​ដែល​ថា យើង​គួរ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូច​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ នោះ​ធម្មតា​យើង​អាច​ដោះ​ស្រាយ​រឿង​រ៉ាវ​តូច​តាច ដោយ​អភ័យ​ទោស រួច​បំភ្លេច​ចោល។—ម៉ាថ. ៦:១៤, ១៥; ៧:១២

៦ បើ​អ្នក​បាន​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ឈឺ​ចិត្ត​ដោយ​សារ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ឬ​និយាយ នោះ​អ្នក​គួរ​ទៅ​រក​ជា​នឹង​គាត់​ដោយ​មិន​បង្អែ​បង្អង់។ សូម​ចាំ​ថា នេះ​ក៏​ប៉ះ​ពាល់​ដល់​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ​»។ (​ម៉ាថ. ៥:២៣, ២៤​) ជួន​កាល បញ្ហា​កើត​ឡើង​ដោយ​សារ​ការ​យល់​ច្រឡំ។ បើ​ដូច្នេះ​មែន សូម​បន្ត​ប្រស្រ័យ​ទាក់​ទង​គ្នា ពី​ព្រោះ​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​រវាង​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ ពិត​ជា​សំខាន់​ណាស់​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង។

ការ​ឲ្យ​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ

៧ ជួន​កាល អ្នក​ត្រួត​ពិនិត្យ​ប្រហែល​ជា​ត្រូវ​ឲ្យ​ឱវាទ​ដល់​បុគ្គល​ណា​ម្នាក់ ដើម្បី​កែ​តម្រង់​របៀប​គិត​គូរ​របស់​គាត់។ ការ​ឲ្យ​ឱវាទ​មិន​តែង​តែ​ស្រួល​ទេ។ សាវ័ក​ប៉ូល​បាន​សរសេរ​ជូន​គ្រិស្ត​សាសនិក​នៅ​ខេត្ត​កាឡាទី​ថា​៖ ​«​បង​ប្អូន​អើយ ទោះ​ជា​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ជា​គ្រិស្ត​សាសនិក​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត​»។—កាឡ. ៦:១

៨ ដោយ​សារ​ពួក​អ្នក​ត្រួត​ពិនិត្យ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ នោះ​ពួក​គាត់​អាច​ការ​ពារ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ពី​គ្រោះ​ថ្នាក់​ជា​ច្រើន​ដែល​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​អាច​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​កើត​ឡើង។ ពួក​អ្នក​ចាស់​ទុំ​ខំ​ព្យាយាម​បម្រើ​ក្រុម​ជំនុំ ដូច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​តាម​រយៈ​អេសាយ​ថា​៖ ​«​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្ម​ដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ​»។—អេ. ៣២:២

ការ​ចំណាំ​ពួក​អ្នក​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង

៩ សាវ័ក​ប៉ូល​បាន​ផ្ដល់​ការ​ព្រមាន​អំពី​បុគ្គល​ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​លើ​ក្រុម​ជំនុំ ដោយ​សរសេរ​ថា​៖ ​«​យើង​បង្គាប់​អ្នក​រាល់​គ្នា . . . ឲ្យ​ដក​ខ្លួន​ចេញ​ពី​បង​ប្អូន​ណា​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង មិន​ស្រប​តាម​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​យើង​»។ គាត់​បញ្ជាក់​ថែម​ទៀត​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​ដែល​មិន​ស្ដាប់​តាម​ពាក្យ​របស់​យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នក​នោះ ហើយ​ឈប់​សេព​គប់​ជា​មួយ ដើម្បី​ឲ្យ​គាត់​អៀន​ខ្មាស។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កុំ​ចាត់​ទុក​គាត់​ជា​សត្រូវ តែ​ចូរ​បន្ត​ដាស់​តឿន​គាត់​ជា​បង​ប្អូន​»។—២ថែ. ៣:៦, ១៤, ១៥

១០ ជួន​កាល មាន​បុគ្គល​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​អាច​នាំ​ឲ្យ​គាត់​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ​ទេ ក៏​ប៉ុន្តែ គាត់​មិន​អើពើ​ទាល់​តែ​សោះ​នឹង​ខ្នាត​តម្រា​របស់​ព្រះ​ដែល​គួរ​ដឹក​នាំ​ជីវិត​របស់​គ្រិស្ត​សាសនិក។ នេះ​អាច​រួម​បញ្ចូល​មនុស្ស​ដែល​ខ្ជិល​ហួស​ហេតុ ចេះ​តែ​រិះ​គន់ ឬ​ស្មោក​គ្រោក​ខ្វះ​អនាម័យ។ គាត់​ប្រហែល​ជា​«​ចេះ​តែ​ជ្រៀត​ជ្រែក​ក្នុង​រឿង​ដែល​មិន​ទាក់​ទង​នឹង​[​គាត់​]​»។ (​២ថែ. ៣:១១​) ម្យ៉ាង​ទៀត គាត់​ប្រហែល​ជា​ប្រើ​ល្បិច​កេង​យក​ប្រយោជន៍​ពី​អ្នក​ឯ​ទៀត ឬ​ចូល​ចិត្ត​ការ​កម្សាន្ត​ដែល​មិន​សម​រម្យ​សោះ។ បុគ្គល​នេះ​មាន​ការ​ប្រព្រឹត្ត​ខុស​គន្លង​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ក្រុម​ជំនុំ ហើយ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​គ្រិស្ត​សាសនិក​ឯ​ទៀត។

១១ មុន​ដំបូង ពួក​អ្នក​ចាស់​ទុំ​នឹង​ឲ្យ​ឱវាទ​ពី​គម្ពីរ​ដល់​បុគ្គល​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង ដើម្បី​ព្យាយាម​កែ​តម្រង់​គាត់។ ក៏​ប៉ុន្តែ បើ​អ្នក​ចាស់​ទុំ​បាន​ដាស់​តឿន​ច្រើន​ដង​ហើយ តែ​គាត់​នៅ​តែ​មិន​អើពើ​នឹង​គោល​ការណ៍​គម្ពីរ នោះ​ពួក​អ្នក​ចាស់​ទុំ​អាច​សម្រេច​ចិត្ត​ថ្លែង​សុន្ទរកថា​ព្រមាន​ក្រុម​ជំនុំ។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ប្រើ​សមត្ថភាព​វែក​ញែក​ដើម្បី​ដឹង​ថា​ស្ថានភាព​នោះ​ធ្ងន់​ធ្ងរ​ដល់​កម្រិត​ណា ហើយ​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​បង​ប្អូន​ឯ​ទៀត មុន​នឹង​សម្រេច​ចិត្ត​ថ្លែង​សុន្ទរកថា​ព្រមាន។ អ្នក​ថ្លែង​នឹង​ឲ្យ​ឱវាទ​សម​រម្យ​ដែល​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ខុស​គន្លង តែ​គាត់​មិន​ប្រាប់​ឈ្មោះ​របស់​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គន្លង​នោះ​ទេ។ ហេតុ​នេះ ពួក​អ្នក​ដែល​ដឹង​អំពី​រឿង​នោះ​នឹង​ជៀស​វាង​ការ​សេព​គប់​ធម្មតា​ជា​មួយ​បុគ្គល​បែប​នេះ តែ​ពួក​គេ​បន្ត​ទាក់​ទង​ជា​មួយ​គាត់​ក្នុង​រឿង​ខាង​ជំនឿ ដោយ​«​ដាស់​តឿន​គាត់​ជា​បង​ប្អូន​»។

១២ ពេល​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ក្នុង​ក្រុម​ជំនុំ​កាន់​ជំហរ​មាំ​មួន នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង​មាន​ការ​អៀន​ខ្មាស​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន ហើយ​ប្រែ​ចិត្ត​វិញ។ ពេល​ឃើញ​ច្បាស់​ថា​បុគ្គល​នេះ​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​ខុស​គន្លង នោះ​គឺ​មិន​ចាំ​បាច់​ចំណាំ​គាត់​ត​ទៅ​ទៀត​ទេ។

របៀប​ដោះ​ស្រាយ​ពេល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ខ្លះ

១៣ ការ​ដែល​យើង​សុខ​ចិត្ត​អភ័យ​ទោស​និង​បំភ្លេច​ចោល​កំហុស​ខ្លះ មិន​មែន​មាន​ន័យ​ថា​យើង​មិន​អើពើ​ចំពោះ​អំពើ​ខុស​ឆ្គង ឬ​ពេញ​ចិត្ត​នឹង​អំពើ​ខុស​ឆ្គង​នោះ​ទេ។ យើង​មិន​ត្រូវ​គិត​ថា​អំពើ​ខុស​ឆ្គង​ទាំង​អស់​ផុស​ចេញ​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​យើង​បាន​ទទួល​តាម​រយៈ​អាដាម​ឡើយ ហើយ​យើង​ក៏​មិន​ត្រូវ​មើល​រំលង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែរ។ (​លេវី. ១៩:១៧; ទំនុក. ១៤១:៥​) កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ឲ្យ​ដឹង​ថា អំពើ​ខុស​ឆ្គង​ខ្លះ​គឺ​ធ្ងន់​ធ្ងរ​ជាង​អំពើ​ខុស​ឆ្គង​ឯ​ទៀត ហើយ​គ្រិស្ត​សាសនិក​ក៏​ទទួល​ស្គាល់​ដូច្នោះ​ដែរ។—១យ៉ូន. ៥:១៦, ១៧

១៤ លោក​យេស៊ូ​បាន​ពន្យល់​យ៉ាង​ជាក់​លាក់​អំពី​វិធី​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​ដែល​អាច​កើត​ឡើង​រវាង​បង​ប្អូន​រួម​ជំនឿ។ សូម​កត់​សម្គាល់​ជំហាន​ផ្សេង​ៗ តាម​ប្រសាសន៍​របស់​លោក​ថា​៖ ​«​ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្វើ​ខុស​អ្វី​មួយ [​១​] ចូរ​ទៅ​ជួប​គាត់​ម្នាក់​ឯង ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់។ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​បាន​បង​ប្អូន​នោះ​មក​វិញ។ ប៉ុន្តែ​បើ​គាត់​មិន​ស្ដាប់​អ្នក​ទេ [​២​] ចូរ​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​រឿង​ទាំង​អស់​អាច​ត្រូវ​ទុក​ជា​ការ​ពិត ដោយ​ការ​បញ្ជាក់​របស់​សាក្សី​ពីរ​ឬ​បី​នាក់។ បើ​គាត់​មិន​ស្ដាប់​ពួក​គេ​ទេ [​៣​] ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ។ ប្រសិន​បើ​គាត់​មិន​ស្ដាប់​ក្រុម​ជំនុំ​ទៀត នោះ​ចូរ​ចាត់​ទុក​គាត់​ជា​ជន​ជាតិ​ដទៃ និង​ជា​អ្នក​យក​ពន្ធ​»។—ម៉ាថ. ១៨:១៥​-​១៧

១៥ តាម​មើល​ទៅ អំពើ​ខុស​ឆ្គង​មួយ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ១៨:១៥​-​១៧ ទាក់​ទង​នឹង​រឿង​លុយ​កាក់​ឬ​អចលនទ្រព្យ ដូច​ជា​ការ​មិន​សង​ប្រាក់​គេ​ឬ​ការ​ឆបោក។ យើង​អាច​សន្និដ្ឋាន​ដូច្នេះ ពេល​គិត​អំពី​ឧទាហរណ៍​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​ក្រោយ​មក នៅ​ម៉ាថាយ ១៨:២៣​-​៣៥។ ឬ​ក៏​ប្រហែល​ជា​អំពើ​ខុស​ឆ្គង​នៅ​ម៉ាថាយ ១៨:១៥​-​១៧ ទាក់​ទង​នឹង​ការ​និយាយ​បង្កាច់​បង្ខូច ដែល​ធ្វើ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ណា​ម្នាក់។

១៦ ប្រសិន​បើ​អ្នក​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា បុគ្គល​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច​នេះ​ចំពោះ​អ្នក សូម​កុំ​ប្រញាប់​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​សុំ​ឲ្យ​ពួក​គាត់​ជួយ​ដោះ​ស្រាយ។ ដូច​លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ អ្នក​ត្រូវ​ទៅ​និយាយ​ជា​មុន​សិនជា​មួយ​នឹង​បង​ប្អូន​ដែល​ធ្វើ​ខុស​នឹង​អ្នក។ ចូរ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ សូម​ចាំ​ថា លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់›​ទេ។ ដូច្នេះ ប្រសិន​បើ​បុគ្គល​នោះ​មិន​សារភាព​កំហុស​ហើយ​សុំ​ការ​អភ័យ​ទោស​ទេ ប្រហែល​ជា​ការ​ល្អ​បើ​អ្នក​ទៅ​ជួប​គាត់​ម្នាក់​ឯង​នៅ​លើក​ក្រោយ​ទៀត។ បើ​អាច​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​នេះ បុគ្គល​ដែល​ធ្វើ​ខុស​នោះ​ច្បាស់​ជា​ដឹង​គុណ​ដែល​អ្នក​មិន​បាន​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​កំហុស​របស់​គាត់ ឬ​ធ្វើ​ឲ្យ​គាត់​ខូច​កេរ្ដិ៍​ឈ្មោះ​ក្នុង​ក្រុម​ជំនុំ។ យ៉ាង​នេះ អ្នក​នឹង​«​បាន​បង​ប្អូន​នោះ​មក​វិញ​»។

១៧ ប្រសិន​បើ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​ទទួល​ស្គាល់​ថា​ខ្លួន​ខុស សុំ​ការ​អភ័យ​ទោស ហើយ​ព្យាយាម​កែ​តម្រូវ​អ្វី​ដែល​ខុស អ្នក​អាច​ចាត់​ទុក​ថា​រឿង​នោះ​បាន​ដោះ​ស្រាយ​រួច​ហើយ។ ទោះ​បី​ជា​អំពើ​ខុស​ឆ្គង​បែប​នេះ​គឺ​ធ្ងន់​ធ្ងរ​ក្ដី តែ​បញ្ហា​ដូច​នេះ​អាច​ត្រូវ​ដោះ​ស្រាយ​រវាង​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ​បាន។

១៨ ប្រសិន​បើ​អ្នក​បាន​«​ទៅ​ជួប​គាត់​ម្នាក់​ឯង​»​ដើម្បី​លាត​ត្រដាង​កំហុស​របស់​គាត់ ប៉ុន្តែ​អ្នក​មិន​អាច​បាន​បង​ប្អូន​នោះ​មក​វិញ​ទេ នោះ​អ្នក​អាច​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ ដោយ​«​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​»​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​នោះ​ម្ដង​ទៀត។ បុគ្គល​ដែល​ទៅ​ជា​មួយ​អ្នក ក៏​គួរ​មាន​គោល​បំណង​ឲ្យ​បាន​បង​ប្អូន​នោះ​មក​វិញ​ដែរ។ ជា​ការ​ល្អ​បើ​បុគ្គល​ទាំង​នោះ​ជា​សាក្សី​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​នោះ ក៏​ប៉ុន្តែ បើ​គ្មាន​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ អ្នក​អាច​សុំ​បង​ប្អូន​ម្នាក់​ឬ​ពីរ​នាក់​ធ្វើ​ជា​សាក្សី​ចំពោះ​ការ​ពិភាក្សា​គ្នា។ ពួក​គេ​ប្រហែល​ជា​មាន​បទ​ពិសោធន៍​ក្នុង​រឿង​បែប​នោះ ហើយ​អាច​ដឹង​ថា​អ្វី​ដែល​បាន​កើត​ឡើង​ជា​អំពើ​ខុស​ឆ្គង​មែន​ឬ​មិន​មែន។ បើ​យក​អ្នក​ចាស់​ទុំ​ទៅ​ជា​មួយ​ឲ្យ​ធ្វើ​ជា​សាក្សី នោះ​ពួក​គាត់​មិន​មែន​ជា​តំណាង​ក្រុម​ជំនុំ​ទេ ពី​ព្រោះ​ក្រុម​អ្នក​ចាស់​ទុំ​មិន​បាន​ចាត់​ពួក​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។

១៩ បើ​អ្នក​បាន​ព្យាយាម​ដោះ​ស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត (​ពោល​គឺ​អ្នក​បាន​ទៅ​និយាយ​ជា​មួយ​គាត់​ម្នាក់​ឯង ក្រោយ​មក​អ្នក​បាន​នាំ​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៅ​និយាយ​ជា​មួយ​នឹង​គាត់​ទៀត​) ប៉ុន្តែ​រឿង​នោះ​នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​ទេ ហើយ​អ្នក​ពុំ​អាច​បំភ្លេច​រឿង​នេះ​បាន នោះ​អ្នក​គួរ​ប្រាប់​រឿង​នេះ​ដល់​ពួក​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ។ ចូរ​ចាំ​ថា ពួក​អ្នក​ចាស់​ទុំ​មាន​គោល​ដៅ​រក្សា​សេចក្ដី​សុខ​សាន្ត​និង​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ។ ក្រោយ​ពី​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ ចូរ​ទុក​បញ្ហា​នេះ​ឲ្យ​ពួក​គាត់​ដោះ​ស្រាយ ហើយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ សូម​កុំ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល ឬ​ធ្វើ​ឲ្យ​អ្នក​លែង​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។—ទំនុក. ១១៩:១៦៥

២០ ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​ភារកិច្ច​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ នឹង​សួរ​ព័ត៌មាន​អំពី​រឿង​នោះ។ បើ​អ្នក​ចាស់​ទុំ​ឃើញ​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​មែន ហើយ​គាត់​មិន​ប្រែ​ចិត្ត​និង​មិន​ព្រម​ចាត់​វិធានការ​ដែល​សម​ត្រឹម​ត្រូវ​ដើម្បី​កែ​តម្រូវ​អ្វី​ដែល​ខុស​ទេ ប្រហែល​ជា​គណៈ​កម្មាធិការ​នៃ​ពួក​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​បណ្ដេញ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នេះ​ចេញ​ពី​ក្រុម​ជំនុំ។ ធ្វើ​ដូច្នេះ ពួក​គាត់​ការ​ពារ​ហ្វូង​ចៀម​របស់​ព្រះ ហើយ​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ។—ម៉ាថ. ១៨:១៧

របៀប​ដោះ​ស្រាយ​ពេល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ

២១ អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ខ្លះ​ដូច​ជា អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​ផិត​ក្បត់ ការ​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា ការ​ពោល​ពាក្យ​ប្រមាថ​ព្រះ ការ​ក្បត់​ជំនឿ ការ​គោរព​បូជា​រូប​ព្រះ ឬ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ស្រដៀង​នេះ គឺ​មិន​អាច​ដោះ​ស្រាយ​ដោយ​គ្រាន់​តែ​សុំ​ការ​អភ័យ​ទោស​ពី​បុគ្គល​ម្នាក់​ដែល​ឈឺ​ចិត្ត​ដោយ​សារ​អំពើ​ខុស​ឆ្គង​នោះ​ទេ។ (​១កូ. ៦:៩, ១០; កាឡ. ៥:១៩​-​២១​) អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​បាត់​បង់​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដូច្នេះ​យើង​ត្រូវ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​បញ្ហា​នោះ ហើយ​ទុក​ឲ្យ​ពួក​គាត់​ដោះ​ស្រាយ។ (​១កូ. ៥:៦; យ៉ា. ៥:១៤, ១៥​) បុគ្គល​ម្នាក់​អាច​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​សារភាព​ប្រាប់​អំពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ឬ​ដើម្បី​ប្រាប់​អ្វី​ដែល​គាត់​ដឹង​អំពី​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត។ (​លេវី. ៥:១; យ៉ា. ៥:១៦​) ទោះ​ជា​អ្នក​ចាស់​ទុំ​បាន​ឮ​តាម​របៀប​ណា​ក៏​ដោយ​ថា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ នោះ​អ្នក​ចាស់​ទុំ​ពីរ​នាក់​នឹង​ស៊ើប​សួរ​ព័ត៌មាន​ជា​មុន​សិន។ ប្រសិន​បើ​រក​ឃើញ​ថា​បញ្ហា​នោះ​បាន​កើត​ឡើង​ពិត​មែន ព្រម​ទាំង​មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ នោះ​ក្រុម​អ្នក​ចាស់​ទុំ​នឹង​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ដែល​មាន​អ្នក​ចាស់​ទុំ​យ៉ាង​តិច​បី​នាក់ ដើម្បី​ដោះ​ស្រាយ​បញ្ហា។

២២ ពួក​អ្នក​ចាស់​ទុំ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ហ្វូង​ចៀម​របស់​ព្រះ ហើយ​ខំ​ការ​ពារ​ពួក​គេ​ពី​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ។ ពួក​គាត់​ក៏​ខំ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដោយ​ប៉ិន​ប្រសប់ ដើម្បី​ប្រដៅ​តម្រង់​ពួក​អ្នក​ដែល​បាន​ធ្វើ​ខុស និង​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​នឹង​ព្រះ។ (​យូ. ២១​-​២៣​) នេះ​គឺ​ស្រប​តាម​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ ពេល​គាត់​ណែនាំ​ធីម៉ូថេ​ថា​៖ ​«​នៅ​ចំពោះ​មុខ​ព្រះ​និង​គ្រិស្ត​យេស៊ូ ជា​អ្នក​ដែល​ត្រូវ​វិនិច្ឆ័យ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់ . . . ចូរ​ប្រដៅ​តម្រង់ ស្ដី​បន្ទោស បំផុស​ទឹក​ចិត្ត ដោយ​មាន​ចិត្ត​ធ្ងន់​គ្រប់​យ៉ាង និង​ការ​ប៉ិន​ប្រសប់​សព្វ​គ្រប់​ក្នុង​ការ​បង្រៀន​»។ (​២ធី. ៤:១, ២​) ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ធ្វើ​អ្វី​ទាំង​នេះ ប៉ុន្តែ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ការ​ដ៏​ខ្នះ​ខ្នែង​របស់​ពួក​គាត់។ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដឹង​គុណ​អ្នក​ចាស់​ទុំ​ចំពោះ​កិច្ច​ការ​របស់​ពួក​គាត់ ហើយ​រាប់​ពួក​គាត់​ជា​អ្នក​ដែល​«​គួរ​នឹង​ទទួល​កិត្តិយស​មួយ​ជា​ពីរ​»។—១ធី. ៥:១៧

២៣ ក្នុង​គ្រប់​ករណី​ទាំង​អស់​ដែល​អ្នក​ចាស់​ទុំ​រក​ឃើញ​ថា​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មែន នោះ​គោល​ដៅ​ចម្បង​របស់​ពួក​គាត់​គឺ​ជួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ឡើង​វិញ​ជា​មួយ​នឹង​ព្រះ។ ប្រសិន​បើ​គាត់​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ហើយ​អ្នក​ចាស់​ទុំ​អាច​ជួយ​គាត់​បាន នោះ​អ្នក​ចាស់​ទុំ​នឹង​ផ្ដល់​ការ​ប្រដៅ​តម្រង់​ដើម្បី​អប់រំ​គាត់។ បើ​មាន​សាក្សី​ដែល​ផ្ដល់​សក្ខី​ភាព​ក្នុង​អំឡុង​ការ​វិនិច្ឆ័យ អ្នក​ចាស់​ទុំ​នឹង​ប្រដៅ​តម្រង់​គាត់​នៅ​មុខ​ពួក​គេ ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ទី​នោះ​កោត​ខ្លាច​ព្រះ។ (​២សាំ. ១២:១៣; ១ធី. ៥:២០​) ក្នុង​គ្រប់​ករណី​ទាំង​អស់ គណៈ​កម្មាធិការ​វិនិច្ឆ័យ​គួរ​ដក​ឯកសិទ្ធិ​ខ្លះ​ពី​បុគ្គល​ដែល​បាន​ត្រូវ​ប្រដៅ​តម្រង់។ នេះ​អាច​ជួយ​ឲ្យ​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង ធ្វើ​«​ផ្លូវ​ត្រង់​»​សម្រាប់​ជើង​គាត់​ចាប់​ពី​ពេល​នោះ​ត​ទៅ។ (​ហេ. ១២:១៣​) នៅ​អនាគត ពួក​អ្នក​ចាស់​ទុំ​អាច​ឲ្យ​ឯកសិទ្ធិ​វិញ​កាល​ណា​ពួក​គាត់​ឃើញ​ថា បុគ្គល​នោះ​ចាប់​ផ្ដើម​មាំ​មួន​ឡើង​វិញ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ប្រដៅ​តម្រង់

២៤ ប្រសិន​បើ​គណៈ​កម្មាធិការ​វិនិច្ឆ័យ​សម្រេច​ចិត្ត​ថា បុគ្គល​ម្នាក់​បាន​បាន​ប្រែ​ចិត្ត ប៉ុន្តែ​ក្រុម​ជំនុំ​ឬ​មនុស្ស​ក្នុង​សហគមន៍​ទំនង​ជា​នឹង​ដឹង​ឮ​អំពី​បញ្ហា​របស់​គាត់ ឬ​បើ​ក្រុម​ជំនុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តែ​បាន​ប្រែ​ចិត្ត នោះ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ដែល​អាន​ថា​៖ ​«​បង/ប្អូន [​ឈ្មោះ​របស់​បុគ្គល​នោះ​] បាន​ត្រូវ​ប្រដៅ​តម្រង់​»។

ពេល​សម្រេច​ចិត្ត​បណ្ដាច់​មិត្តភាព

២៥ ក្នុង​ករណី​ខ្លះ អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បែរ​ជា​រឹង​រូស​មិន​ព្រម​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​ខ្លួន ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មិន​ព្រម​ស្ដាប់​ពេល​ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​គាត់។ ម្យ៉ាង​ទៀត នៅ​ពេល​មាន​គណៈ​កម្មាធិការ​វិនិច្ឆ័យ ប្រហែល​ជា​គាត់​គ្មាន​‹ការ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត›​ឡើយ។ (​សកម្ម. ២៦:២០​) បើ​ដូច្នេះ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​គាត់? ក្នុង​ករណី​បែប​នេះ អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ។ យ៉ាង​នេះ គាត់​មិន​អាច​សេព​គប់​រាស្ត្រ​ដ៏​ស្អាត​ស្អំ​របស់​ព្រះ​យេហូវ៉ា​ទៀត​ឡើយ។ ការ​ធ្វើ​ដូច្នេះ​នឹង​បំបាត់​ឥទ្ធិពល​អាក្រក់​របស់​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ពី​ក្រុម​ជំនុំ ហើយ​នេះ​នឹង​ការ​ពារ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​ការ​ពារ​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​ក្រុម​ជំនុំ​ផង​ដែរ។ (​ចោ. ២១:២០, ២១; ២២:២៣, ២៤​) ពេល​សាវ័ក​ប៉ូល​បាន​ដឹង​ថា បុគ្គល​ម្នាក់​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​បាន​ប្រព្រឹត្ត​អំពើ​ដែល​គួរ​ឲ្យ​អៀន​ខ្មាស នោះ​គាត់​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​«​ប្រគល់​បុរស​បែប​នេះ​ទៅ​សាថាន . . . ដើម្បី​រក្សា​ការ​ពារ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​»។ (​១កូ. ៥:៥, ១១​-​១៣​) ប៉ូល​ក៏​បាន​រៀប​រាប់​ដែរ​អំពី​អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១ ព្រោះ​ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​សេចក្ដី​ពិត។—១ធី. ១:២០

២៦ នៅ​ពេល​សម្រេច​ចិត្ត​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​បាន​ប្រែ​ចិត្ត​ត្រូវ​បណ្ដាច់​មិត្តភាព គណៈ​កម្មាធិការ​វិនិច្ឆ័យ​គួរ​ជម្រាប​អ្នក​នោះ​អំពី​ការ​សម្រេច​ចិត្ត​នេះ ដោយ​ប្រើ​បទ​គម្ពីរ​ដើម្បី​បញ្ជាក់​មូលហេតុ​យ៉ាង​ច្បាស់​ដែល​គាត់​ត្រូវ​បណ្ដាច់​មិត្តភាព។ នៅ​ពេល​ដែល​ប្រាប់​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អំពី​ការ​សម្រេច​ចិត្ត​នេះ គណៈ​កម្មាធិការ​វិនិច្ឆ័យ​ក៏​នឹង​ប្រាប់​គាត់​ដែរ​ថា បើ​គាត់​ចង់​ប្ដឹង​តវ៉ា​ដោយ​សារ​គិត​ថា​ពួក​អ្នក​ចាស់​ទុំ​បាន​ធ្វើ​ការ​វិនិច្ឆ័យ​ខុស​ទាំង​ស្រុង នោះ​គាត់​អាច​សរសេរ​សំបុត្រ​ប្រាប់​មូលហេតុ​យ៉ាង​ច្បាស់​ដែល​គាត់​ប្ដឹង​តវ៉ា។ ចាប់​ពី​ពេល​ដែល​គណៈ​កម្មាធិការ​ប្រាប់​គាត់​អំពី​ការ​សម្រេច​ចិត្ត​បណ្ដាច់​មិត្តភាព គាត់​នឹង​មាន​ពេល​៧​ថ្ងៃ​ដើម្បី​សរសេរ​សំបុត្រ​ប្ដឹង​តវ៉ា។ បើ​ក្រុម​អ្នក​ចាស់​ទុំ​ទទួល​ពាក្យ​បណ្ដឹង​តវ៉ា ពួក​គាត់​ត្រូវ​ទាក់​ទង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល រួច​គាត់​នឹង​ជ្រើស​រើស​អ្នក​ចាស់​ទុំ​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់ ឲ្យ​ធ្វើ​ជា​គណៈ​កម្មាធិការ​ឧទ្ធរណ៍​ដើម្បី​វិនិច្ឆ័យ​សា​ជា​ថ្មី។ ពួក​គាត់​នឹង​ខំ​ព្យាយាម​ធ្វើ​ការ​វិនិច្ឆ័យ​ក្នុង​អំឡុង​មួយ​សប្ដាហ៍ ក្រោយ​ពី​ទទួល​សំបុត្រ​ប្ដឹង​តវ៉ា។ បើ​មាន​ការ​ប្ដឹង​តវ៉ា សេចក្ដី​ជូន​ដំណឹង​អំពី​ការ​បណ្ដាច់​មិត្តភាព​គួរ​ផ្អាក​សិន។ នៅ​ចន្លោះ​ពេល​នោះ ជន​ជាប់​ចោទ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លើយ​ឬ​អធិដ្ឋាន​នៅ​កិច្ច​ប្រជុំ ហើយ​មិន​អាច​មាន​ឯកសិទ្ធិ​ពិសេស​ណា​មួយ​ឡើយ។

២៧ ការ​ឲ្យ​សិទ្ធិ​ប្ដឹង​តវ៉ា​ដូច​នេះ គឺ​ជា​ការ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​ជន​ជាប់​ចោទ ហើយ​ផ្ដល់​ឱកាស​ឲ្យ​គាត់​ធ្វើ​ការ​តវ៉ា។ យ៉ាង​នេះ បើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មាន​ចេតនា​មិន​មក​ជួប​គណៈ​កម្មាធិការ​ឧទ្ធរណ៍​ទេ ទោះ​ជា​ពួក​អ្នក​ចាស់​ទុំ​បាន​ខំ​ប្រឹង​ទាក់​ទង​នឹង​គាត់​ក្ដី នោះ​អ្នក​ចាស់​ទុំ​នឹង​ប្រកាស​អំពី​ការ​បណ្ដាច់​មិត្តភាព។

២៨ ប្រសិន​បើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មិន​ចង់​ប្ដឹង​តវ៉ា​ទេ នោះ​គណៈ​កម្មាធិការ​វិនិច្ឆ័យ​នឹង​ពន្យល់​គាត់​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រែ​ចិត្ត និង​អំពី​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ដើម្បី​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​នៅ​ពេល​អនាគត។ ការ​ពន្យល់​បែប​នេះ​គឺ​ដើម្បី​ជួយ​គាត់​និង​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​គាត់។ អ្នក​ចាស់​ទុំ​ធ្វើ​ដូច្នេះ​ដោយ​សង្ឃឹម​ថា​គាត់​នឹង​កែ​ខ្លួន ហើយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ត្រឡប់​មក​អង្គការ​របស់​ព្រះ​យេហូវ៉ា​វិញ។—២កូ. ២:៦, ៧

សេចក្ដី​ជូន​ដំណឹង​អំពី​ការ​បណ្ដាច់​មិត្តភាព

២៩ ពេល​ត្រូវ​បណ្ដាច់​មិត្តភាព​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត នោះ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​យ៉ាង​ខ្លី​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ហើយ​»។ សេចក្ដី​ជូន​ដំណឹង​នេះ​ធ្វើ​ឲ្យ​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ក្រុម​ជំនុំ​ដឹង​ថា ពួក​គេ​ត្រូវ​ឈប់​សេព​គប់​បុគ្គល​នោះ។—១កូ. ៥:១១

ការ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ

៣០ ពាក្យ​ថា​«​ការ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​»​ គឺ​សំដៅ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា ពេល​គាត់​បោះ​បង់​ចោល​ជីវិត​ជា​គ្រិស្ត​សាសនិក​ដោយ​ចេតនា។ គាត់​ធ្វើ​ដូច្នេះ​ដោយ​ប្រាប់​យ៉ាង​ច្បាស់​ថា​គាត់​លែង​ចង់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទៀត។ ម្យ៉ាង​ទៀត បុគ្គល​ម្នាក់​អាច​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​គាត់។ ការ​ប្រព្រឹត្ត​នេះ​រួម​បញ្ចូល​ការ​ចូល​រួម​ជា​មួយ​អង្គការ​ណា​មួយ​របស់​ពិភព​លោក​នេះ​ដែល​ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស ជា​អង្គការ​ដែល​មាន​គោល​ដៅ​ខុស​ស្រឡះ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។—អេ. ២:៤; បប. ១៩:១៧​-​២១

៣១ សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​ពួក​អ្នក​ដែល​បាន​បោះ​បង់​ចោល​ជំនឿ​ជា​គ្រិស្ត​សាសនិក​នៅ​សម័យ​គាត់​ថា​៖ ​«​ពួក​គេ​បាន​ចេញ​ពី​ចំណោម​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ ពី​ព្រោះ​បើ​ជា​គ្នា​យើង​មែន នោះ​ពួក​គេ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​យើង​»។—១យ៉ូន. ២:១៩

៣២ ពេល​បុគ្គល​ម្នាក់​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ ស្ថានភាព​របស់​គាត់​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ស្ថានភាព​របស់​គ្រិស្ត​សាសនិក​អសកម្ម​ម្នាក់​ដែល​លែង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ប្រហែល​ជា​បុគ្គល​ម្នាក់​បាន​ទៅ​ជា​អសកម្ម ដោយ​សារ​តែ​គាត់​មិន​បាន​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ ឬ​ដោយ​សារ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ឬ​មាន​ការ​បៀត​បៀន ដូច្នេះ​ហើយ​គាត់​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ នឹង​បន្ត​លើក​ទឹក​ចិត្ត​ឲ្យ​គ្រិស្ត​សាសនិក​អសកម្ម​គោរព​ប្រណិប័តន៍​ព្រះ។—រ៉ូម ១៥:១; ១ថែ. ៥:១៤; ហេ. ១២:១២

៣៣ ផ្ទុយ​ទៅ​វិញ បើ​គ្រិស្ត​សាសនិក​ម្នាក់​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ នោះ​ក្រុម​ជំនុំ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​ខ្លី​មួយ​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ហើយ​»។ បុគ្គល​បែប​នោះ​នឹង​ត្រូវ​ចាត់​ទុក​ដូច​ជា​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ដែរ។

ពេល​បុគ្គល​ម្នាក់​ស្នើ​សុំ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ

៣៤ បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ អាច​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ពេល​គាត់​បង្ហាញ​យ៉ាង​ច្បាស់​ថា​គាត់​បាន​ប្រែ​ចិត្ត និង​ពេល​គាត់​បង្ហាញ​អស់​មួយ​រយៈ​ពេល​ល្មម​គ្រប់​គ្រាន់​ថា គាត់​បាន​បោះ​បង់​ចោល​ការ​ប្រព្រឹត្ត​ដ៏​ខុស​ឆ្គង។ គាត់​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​ចង់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ពួក​អ្នក​ចាស់​ទុំ​គួរ​ទុក​ពេល​ឲ្យ​បាន​គ្រប់​គ្រាន់ អាច​ជា​ច្រើន​ខែ មួយ​ឆ្នាំ ឬ​យូរ​ជាង​នេះ​ទៀត​ស្រប​តាម​កាលៈទេសៈ ដើម្បី​ឲ្យ​បុគ្គល​នោះ​បង្ហាញ​ថា​គាត់​បាន​ប្រែ​ចិត្ត​ដោយ​ស្មោះ។ ពេល​ក្រុម​អ្នក​ចាស់​ទុំ​ទទួល​សំបុត្រ​ស្នើ​សុំ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ នោះ​គណៈ​កម្មាធិការ​វិនិច្ឆ័យ​អ្នក​ដែល​ចង់​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​នឹង​និយាយ​ជា​មួយ​បុគ្គល​នោះ។ គណៈ​កម្មាធិការ​នោះ​នឹង​ពិចារណា​ទី​សំអាង​ដែល​បញ្ជាក់​ថា គាត់​បាន​«​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​»​ រួច​សម្រេច​ចិត្ត​ថា​គួរ​ឲ្យ​គាត់​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​នៅ​ពេល​នោះ​ឬ​មិន​គួរ។—សកម្ម. ២៦:២០

៣៥ ប្រសិន​បើ​បុគ្គល​ដែល​ស្នើ​សុំ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ បាន​ត្រូវ​បណ្ដាច់​មិត្តភាព​នៅ​ក្រុម​ជំនុំ​ផ្សេង នោះ​គណៈ​កម្មាធិការ​វិនិច្ឆ័យ​អ្នក​ដែល​ចង់​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​នៅ​ក្រុម​ជំនុំ​ដែល​គាត់​កំពុង​ចូល​រួម នឹង​ជួប​ជា​មួយ​បុគ្គល​នោះ​ហើយ​ពិចារណា​សំណូម​ពរ​របស់​គាត់។ បើ​សមាជិក​គណៈ​កម្មាធិការ​នេះ​គិត​ថា បុគ្គល​នោះ​សម​នឹង​ចូល​ក្រុម​ជំនុំ​ឡើង​វិញ ពួក​គាត់​នឹង​ទាក់​ទង​ក្រុម​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​នៅ​លើក​ដំបូង ហើយ​ប្រាប់​អំពី​យោបល់​របស់​ពួក​គាត់។ គណៈ​កម្មាធិការ​ដែល​ពាក់​ព័ន្ធ​នឹង​សហការ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ព័ត៌មាន​សព្វ​គ្រប់​ដើម្បី​ពួក​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​យុត្តិធម៌។ ក៏​ប៉ុន្តែ គណៈ​កម្មាធិការ​វិនិច្ឆ័យ​អ្នក​ដែល​ចង់​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​នៅ​ក្រុម​ជំនុំ​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​លើក​ដំបូង មាន​ភារកិច្ច​សម្រេច​ចិត្ត​ថា​គួរ​ឲ្យ​បុគ្គល​នោះ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ឬ​មិន​គួរ។

សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ

៣៦ នៅ​ពេល​ដែល​គណៈ​កម្មាធិការ​វិនិច្ឆ័យ​អ្នក​ដែល​ចង់​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ជឿ​ជាក់​ថា បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​បាន​ប្រែ​ចិត្ត​ដោយ​ស្មោះ ហើយ​គួរ​អនុញ្ញាត​ឲ្យ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ នោះ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​នៅ​ក្រុម​ជំនុំ​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​លើក​ដំបូង។ បើ​បុគ្គល​នោះ​បាន​រើ​ទៅ​ក្រុម​ជំនុំ​ផ្សេង សេចក្ដី​ជូន​ដំណឹង​ក៏​នឹង​ត្រូវ​ប្រកាស​នៅ​ក្រុម​ជំនុំ​នោះ​ដែរ។ សេចក្ដី​ជូន​ដំណឹង​នោះ​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឡើង​វិញ​»។

បញ្ហា​ដែល​ទាក់​ទង​នឹង​ក្មេង​មិន​ទាន់​គ្រប់​អាយុ ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ

៣៧ ប្រសិន​បើ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ អ្នក​ដែល​ដឹង​អំពី​បញ្ហា​នោះ​គួរ​ប្រាប់​ដល់​ពួក​អ្នក​ចាស់​ទុំ។ ពេល​អ្នក​ចាស់​ទុំ​ដោះ​ស្រាយ​បញ្ហា​របស់​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ជា​ការ​ល្អ​បើ​ឪពុក​ម្ដាយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ មាន​វត្តមាន​ដែរ។ ឪពុក​ម្ដាយ​គួរ​សហការ​ជា​មួយ​នឹង​គណៈ​កម្មាធិការ​វិនិច្ឆ័យ ហើយ​មិន​គួរ​ព្យាយាម​ការ​ពារ​កូន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង មិន​ឲ្យ​ទទួល​ការ​ប្រៀន​ប្រដៅ​ទេ។ គណៈ​កម្មាធិការ​វិនិច្ឆ័យ​នឹង​ព្យាយាម​កែ​តម្រង់​ក្មេង​នោះ ហើយ​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​នឹង​ព្រះ ដូច​ដែល​ពួក​គាត់​ធ្វើ​ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។ ក៏​ប៉ុន្តែ ប្រសិន​បើ​ក្មេង​នោះ​មិន​ព្រម​ប្រែ​ចិត្ត គាត់​នឹង​ត្រូវ​បណ្ដាច់​មិត្តភាព។

ពេល​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

៣៨ តើ​ក្រុម​ជំនុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? ដោយ​សារ​ពួក​គេ​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា ពួក​គេ​មិន​អាច​ត្រូវ​បណ្ដាច់​មិត្តភាព​ទេ។ ក៏​ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​មិន​យល់​ច្បាស់​អំពី​ខ្នាត​តម្រា​ផ្សេង​ៗ​ក្នុង​គម្ពីរ ដូច្នេះ​បើ​អ្នក​ចាស់​ទុំ​ជូន​ឱវាទ​ដោយ​ចិត្ត​សប្បុរស នេះ​អាច​ជួយ​ឲ្យ​ពួក​គេ​ធ្វើ​«​ផ្លូវ​ត្រង់​»​សម្រាប់​ជើង​របស់​ពួក​គេ។—ហេ. ១២:១៣

៣៩ បើ​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​ចាស់​ទុំ​ពីរ​នាក់​នឹង​ខំ​ព្យាយាម​ជួយ​គាត់។ ប៉ុន្តែ បើ​គាត់​មិន​ព្រម​ប្រែ​ចិត្ត អ្នក​ចាស់​ទុំ​ត្រូវ​ប្រាប់​ក្រុម​ជំនុំ​អំពី​រឿង​នេះ ដោយ​ប្រកាស​យ៉ាង​ខ្លី​ថា​៖ ​«​ក្រុម​ជំនុំ​លែង​ទទួល​ស្គាល់ [​ឈ្មោះ​បុគ្គល​នោះ​] ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​ទៀត​ហើយ​»។ ក្រោយ​មក ក្រុម​ជំនុំ​នឹង​ចាត់​ទុក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នេះ​ជា​មនុស្ស​ខាង​ពិភព​លោក។ ទោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នេះ​មិន​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ក៏​ដោយ ប៉ុន្តែ​គ្រិស្ត​សាសនិក​ពិត​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​សេព​គប់​គ្រប់​បែប​យ៉ាង​ជា​មួយ​គាត់។ (​១កូ. ១៥:៣៣​) ក្រុម​ជំនុំ​ក៏​មិន​ទទួល​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​បម្រើ​ផ្សាយ​ពី​គាត់​ទៀត​ដែរ។

៤០ នៅ​ពេល​ក្រោយ​មក បុគ្គល​ម្នាក់​ដែល​ពី​មុន​បាន​ត្រូវ​បញ្ឈប់​មិន​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ប្រហែល​ជា​ចង់​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ម្ដង​ទៀត។ ក្នុង​ករណី​ដូច​នេះ អ្នក​ចាស់​ទុំ​ពីរ​នាក់​នឹង​ជួប​គាត់​ដើម្បី​ពិចារណា​ថា តើ​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឡើង​វិញ​ឬ​យ៉ាង​ណា។ បើ​គាត់​មាន​មែន នឹង​មាន​សេចក្ដី​ជូន​ដំណឹង​យ៉ាង​ខ្លី​ដែល​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​] បាន​ត្រូវ​ទទួល​ស្គាល់​ម្ដង​ទៀត ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​»។

ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​រក្សា​ភាព​ស្អាត​ស្អំ​និង​សេចក្ដី​សុខ​សាន្ត​ទទួល​ពរ​ពី​លោក

៤១ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ អាច​រីក​រាយ​នឹង​ស្ថានភាព​សុខ​សាន្ត​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​លោក។ យើង​ទទួល​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​អាហារ និង​មាន​សេចក្ដី​ពិត​ដែល​នាំ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ យើង​ក៏​បាន​ទទួល​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា​ដែរ តាម​រយៈ​អង្គការ​របស់​លោក​ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត។ (​ទំនុក. ២៣; អេ. ៣២:១, ២​) ការ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​ច្របូក​ច្របល់​នេះ ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុខ​សាន្ត​មែន។

ដោយ​រក្សា​សេចក្ដី​សុខ​សាន្ត​និង​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ នោះ​យើង​បន្ត​ឲ្យ​ពន្លឺ​នៃ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ បាន​ភ្លឺ​នៅ​មុខ​មនុស្ស​ទាំង​ឡាយ

៤២ ដោយ​រក្សា​សេចក្ដី​សុខ​សាន្ត​និង​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ នោះ​យើង​បន្ត​ឲ្យ​ពន្លឺ​នៃ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ បាន​ភ្លឺ​នៅ​មុខ​មនុស្ស​ទាំង​ឡាយ។ (​ម៉ាថ. ៥:១៦; យ៉ា. ៣:១៨​) ដោយ​មាន​ពរ​ពី​ព្រះ​យេហូវ៉ា យើង​នឹង​មាន​ចិត្ត​រីក​រាយ​ពេល​ឃើញ​មនុស្ស​កាន់​តែ​ច្រើន​ទៀត​មាន​ចំណេះ​ដឹង​អំពី​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​មួយ​នឹង​យើង​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក