សំណួរពីអ្នកអាន
ពេលលោកយេស៊ូចាប់ផ្ដើមធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ តើពួកអ្នកកាន់តាម៧០នាក់ដែលលោកបានចាត់ឲ្យទៅផ្សព្វផ្សាយមុននោះនៅឯណា? តើពួកគេបានបោះបង់ចោលលោកឬ?
ពួកអ្នកកាន់តាម៧០នាក់មិនបានមានវត្តមាននៅពេលដែលលោកយេស៊ូធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ទេ។ ប៉ុន្តែ នេះមិនមានន័យថាពួកគេបោះបង់ចោលលោកយេស៊ូ ឬថាលោកយេស៊ូលែងទទួលស្គាល់ពួកគេនោះឡើយ។ លោកយេស៊ូគ្រាន់តែចង់នៅជាមួយពួកសាវ័ករបស់លោកនៅពេលនោះប៉ុណ្ណោះ។
លោកពេញចិត្តពួកអ្នកកាន់តាមទាំង១២នាក់ ទាំង៧០នាក់។ ដំបូង លោកយេស៊ូបានជ្រើសរើសបុរស១២នាក់ពីចំណោមពួកអ្នកកាន់តាមជាច្រើន ហើយហៅពួកគេថាសាវ័ក។ (លូក. ៦:១២-១៦) ពេលលោកយេស៊ូនៅស្រុកកាលីឡេ លោកបាន«ហៅសាវ័កទាំង១២នាក់» និង«ចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ហើយទៅធ្វើឲ្យមនុស្សជាសះស្បើយ»។ (លូក. ៩:១-៦) ក្រោយមកនៅតំបន់យូឌា លោកយេស៊ូ«បានរើស៧០នាក់ទៀត» ហើយក៏បាន«ចាត់ពួកគេជាគូៗ»។ (លូក. ៩:៥១; ១០:១) ដូច្នេះ លោកយេស៊ូមានពួកអ្នកកាន់តាមនៅតំបន់ផ្សេងៗដែលផ្សព្វផ្សាយអំពីលោក។
ជនជាតិយូដាដែលបានទៅជាអ្នកកាន់តាមលោកយេស៊ូនៅតែធ្វើពិធីបុណ្យរំលងជារៀងរាល់ឆ្នាំ ហើយពួកគេទំនងជាធ្វើពិធីបុណ្យនេះជាមួយនឹងក្រុមគ្រួសារ។ (ដច. ១២:៦-១១, ១៧-២០) មិនយូរមុនលោកយេស៊ូស្លាប់ លោកនិងពួកសាវ័ករបស់លោកបានទៅក្រុងយេរូសាឡិម។ ប៉ុន្តែ លោកយេស៊ូមិនបានហៅពួកអ្នកកាន់តាមទាំងអស់ពីតំបន់យូឌា តំបន់កាលីឡេ និងតំបន់ភេរៀឲ្យមកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលងទេ។ តាមមើលទៅ លោកយេស៊ូគ្រាន់តែចង់នៅជាមួយនឹងពួកសាវ័ករបស់លោកប៉ុណ្ណោះនៅពេលនោះ។ លោកបានប្រាប់ពួកគេថា៖ «ខ្ញុំចង់បរិភោគអាហារបុណ្យរំលងនេះជាមួយនឹងអ្នករាល់គ្នាខ្លាំងណាស់ មុននឹងខ្ញុំរងទុក្ខ»។—លូក. ២២:១៥
មានមូលហេតុដែលលោកយេស៊ូធ្វើដូច្នេះ។ មិនយូរទៀត លោកយេស៊ូនឹងស្លាប់ជា«កូនចៀមរបស់ព្រះ ដែលដកយកភាពខុសឆ្គងរបស់ពិភពលោកចេញ!»។ (យ៉ូន. ១:២៩) នេះត្រូវតែកើតឡើងនៅក្រុងយេរូសាឡិមជាកន្លែងដែលបណ្ដាជនជូនគ្រឿងបូជាទៅព្រះជាយូរមកហើយ។ គ្រឿងបូជារបស់លោកយេស៊ូគឺអស្ចារ្យជាងកូនចៀមបុណ្យរំលងដែលជនជាតិអ៊ីស្រាអែលបរិភោគនៅស្រុកអេហ្ស៊ីប។ ហេតុអ្វី? ដោយសារគ្រឿងបូជារបស់លោកនឹងរំដោះមនុស្សជាតិឲ្យចេញពីភាពខុសឆ្គងនិងសេចក្ដីស្លាប់! (១កូ. ៥:៧, ៨) អ្វីដែលលោកយេស៊ូបានធ្វើបើកឱកាសឲ្យពួកសាវ័កទាំង១២នាក់នោះទៅជាគ្រឹះនៃក្រុមជំនុំគ្រិស្តសាសនិក។ (អេភ. ២:២០-២២) គួរឲ្យចាប់អារម្មណ៍ នៅក្រុងយេរូសាឡិមដែលជាក្រុងបរិសុទ្ធមាន«ថ្មគ្រឹះ១២» ហើយនៅលើថ្មទាំងនោះ«មានឈ្មោះសាវ័កទាំង១២របស់កូនចៀម»។ (បប. ២១:១០-១៤) ដូច្នេះ ពួកសាវ័កដ៏ស្មោះត្រង់ច្បាស់ជាមានតួនាទីសំខាន់ក្នុងការសម្រេចគោលបំណងរបស់ព្រះ។ ឥឡូវយើងអាចយល់មូលហេតុដែលលោកយេស៊ូចង់ឲ្យពួកសាវ័កនៅជាមួយលោកនៅបុណ្យរំលងជាលើកចុងក្រោយ និងនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ដែលធ្វើឡើងភ្លាមៗបន្ទាប់ពីបុណ្យរំលងចុងក្រោយនោះ។
ពួកអ្នកកាន់តាម៧០នាក់និងអ្នកកាន់តាមឯទៀតមិនបាននៅក្នុងពិធីអាហារល្ងាចជាមួយលោកយេស៊ូទេ។ ទោះជាយ៉ាងនោះក្ដី ពួកអ្នកកាន់តាមទាំងអស់ដែលស្មោះត្រង់នឹងទទួលប្រយោជន៍ពីអាហារល្ងាចរបស់លោកម្ចាស់។ ពួកអ្នកកាន់តាមទាំងអស់នោះដែលក្រោយមកបានទៅជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង នឹងចូលជាភាគីនៃកិច្ចព្រមព្រៀងរាជាណាចក្រដែលលោកយេស៊ូបានប្រាប់ទៅកាន់ពួកសាវ័កនៅយប់នោះ។—លូក. ២២:២៩, ៣០