‹នេះជាសេចក្ដីរំលឹកដល់អ្នករាល់គ្នា›
«ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា»។—និក្ខ. ១២:១៤
១, ២. តើបុណ្យអ្វីដែលគ្រិស្តសាសនិកទាំងអស់គួរចាប់អារម្មណ៍ ហើយហេតុអ្វី?
ពេលអ្នកគិតអំពីថ្ងៃរំលឹក តើអ្នកនឹកឃើញដល់ថ្ងៃអ្វី? បុគ្គលដែលបានរៀបការហើយប្រហែលជានិយាយថា «ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្ញុំ»។ អ្នកឯទៀតប្រហែលជាគិតអំពីថ្ងៃដ៏សំខាន់មួយក្នុងប្រវត្ដិសាស្ត្រដែលគេរំលឹក ដូចជាពេលប្រទេសរបស់ពួកគេបានឯករាជ្យជាដើម។ ប៉ុន្តែ តើអ្នកដឹងអំពីបុណ្យជាតិប្រចាំឆ្នាំមួយដែលបានធ្វើឡើងអស់ជាង៣.៥០០ឆ្នាំមកហើយឬទេ?
២ បុណ្យនោះគឺបុណ្យរំលង។ បុណ្យនោះរំលឹកអំពីការរំដោះជនជាតិអ៊ីស្រាអែលសម័យបុរាណពីទាសភាពនៅស្រុកអេស៊ីប។ ព្រឹត្ដិការណ៍នោះគួរតែសំខាន់ចំពោះអ្នក។ ហេតុអ្វី? ពីព្រោះបុណ្យនោះជាប់ទាក់ទងនឹងផ្នែកសំខាន់ខ្លះនៃជីវិតរបស់អ្នក។ ប៉ុន្តែអ្នកប្រហែលជាគិតថា ‹ទោះជាជនជាតិយូដាធ្វើបុណ្យរំលងក៏ដោយ ខ្ញុំមិនកាន់សាសនាយូដាទេ។ ហេតុអ្វីខ្ញុំគួរចាប់អារម្មណ៍នឹងបុណ្យនោះ?›។ ចម្លើយគឺនៅក្នុងពាក្យដែលមានន័យជ្រាលជ្រៅនេះដែលថា៖ «គ្រិស្តដែលជាកូនចៀមបុណ្យរំលងរបស់យើងបានត្រូវបូជាហើយ»។ (១កូ. ៥:៧) ដើម្បីយល់សារៈសំខាន់នៃពាក្យពិតនោះ យើងត្រូវដឹងអំពីបុណ្យរំលងរបស់ជនជាតិយូដា ហើយត្រូវពិចារណាថាបុណ្យនោះជាប់ទាក់ទងយ៉ាងណានឹងបង្គាប់មួយដែលបានត្រូវផ្ដល់ឲ្យគ្រិស្តសាសនិកទាំងអស់។
ហេតុអ្វីជនជាតិអ៊ីស្រាអែលធ្វើបុណ្យរំលង?
៣, ៤. តើបុណ្យរំលងលើកទី១មានប្រវត្ដិយ៉ាងណា?
៣ មនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោកដែលមិនមែនជាជនជាតិយូដាដឹងខ្លះៗអំពីព្រឹត្ដិការណ៍ដែលនាំឲ្យមានបុណ្យរំលងលើកទី១។ ពួកគេប្រហែលជាបានអានអំពីព្រឹត្ដិការណ៍នោះក្នុងគម្ពីរនៅសៀវភៅនិក្ខមនំ បានឮគេនិយាយអំពីរឿងនោះ ឬបានឃើញរឿងនោះក្នុងភាពយន្ត។
៤ ពេលដែលជនជាតិអ៊ីស្រាអែលជាខ្ញុំបម្រើនៅស្រុកអេស៊ីបអស់ជាច្រើនឆ្នាំ ព្រះយេហូវ៉ាបានចាត់ម៉ូសេនិងអេរ៉ុនដែលជាបងប្រុសរបស់គាត់ឲ្យទៅជួបផារ៉ូដើម្បីសុំគាត់ឲ្យដោះលែងរាស្ត្ររបស់លោក។ អ្នកគ្រប់គ្រងជនជាតិអេស៊ីបដ៏ក្រអឺតក្រទមនេះមិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទេ ហេតុនេះព្រះយេហូវ៉ាបានបណ្ដាលឲ្យមានសេចក្ដីវេទនាជាបន្តបន្ទាប់កើតឡើងដល់ស្រុកនោះ។ នៅទីបំផុត ព្រះបានធ្វើឲ្យមានសេចក្ដីវេទនាទី១០ ដែលបណ្ដាលឲ្យកូនច្បងនៅស្រុកអេស៊ីបស្លាប់ ហើយនេះបានជំរុញផារ៉ូឲ្យដោះលែងពួកគេ។—និក្ខ. ១:១១; ៣:៩, ១០; ៥:១, ២; ១១:១, ៥
៥. តើព្រះបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យធ្វើអ្វី មុនពួកគេបានត្រូវរំដោះ? (សូមមើលរូបភាពនៅដើមអត្ថបទ)។
៥ ប៉ុន្តែ តើជនជាតិអ៊ីស្រាអែលត្រូវធ្វើអ្វី មុនពួកគេបានត្រូវរំដោះ? គឺជិតដល់ពេលដែលមានថ្ងៃនិងយប់ស្មើគ្នានារដូវផ្ការីកនៅឆ្នាំ១៥១៣ មុនគ.ស. នៅខែអាប៊ីបដែលជាខែរបស់ជនជាតិហេប្រឺ ដែលក្រោយមកហៅថាខែណែសាន។a ព្រះបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យចាប់ផ្ដើមរៀបចំនៅថ្ងៃទី១០ ខែណែសានសម្រាប់ព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅថ្ងៃទី១៤ ខែណែសាននាពេលថ្ងៃលិច។ ថ្ងៃនោះបានចាប់ផ្ដើមនៅពេលថ្ងៃលិច ពីព្រោះថ្ងៃរបស់ជនជាតិហេប្រឺចាប់ផ្ដើមពីថ្ងៃលិចមួយដល់ថ្ងៃលិចមួយទៀត។ នៅថ្ងៃទី១៤ ខែណែសាន ក្រុមគ្រួសារនីមួយៗត្រូវសម្លាប់ចៀមឈ្មោល (ឬពពែ) មួយ ហើយប្រោះឈាមខ្លះលើក្របទ្វារនិងធ្នឹមទ្វារផ្ទះ។ (និក្ខ. ១២:៣-៧, ២២, ២៣) ក្រុមគ្រួសារនោះត្រូវបរិភោគសាច់កូនចៀមអាំងជាមួយនឹងនំប៉័ងឥតដំបែ និងបន្លែខ្លះ។ ទេវតារបស់ព្រះបានឆ្លងកាត់ស្រុកនោះ ហើយសម្លាប់កូនច្បងរបស់ជនជាតិអេស៊ីប ប៉ុន្តែជនជាតិអ៊ីស្រាអែលដែលធ្វើតាមបង្គាប់ព្រះបានត្រូវការពារ ហើយក្រោយមកពួកគេអាចមានសេរីភាព។—និក្ខ. ១២:៨-១៣, ២៩-៣២
៦. តើរាស្ត្ររបស់ព្រះត្រូវមានទស្សនៈយ៉ាងណាចំពោះបុណ្យរំលងនៅគ្រាក្រោយមក?
៦ អ្វីនោះបានកើតឡើងមែន ហើយជនជាតិអ៊ីស្រាអែលត្រូវចាំអំពីការរំដោះរបស់ពួកគេជាច្រើនឆ្នាំទៅមុខទៀត។ ព្រះបានប្រាប់ពួកគេថា៖ «ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ»។ បន្ទាប់ពីបុណ្យនៅថ្ងៃទី១៤ ពួកគេត្រូវធ្វើបុណ្យ៧ថ្ងៃទៀត។ តាមការពិត ថ្ងៃទី១៤ ខែណែសាន គឺជាថ្ងៃបុណ្យរំលង ប៉ុន្តែឈ្មោះបុណ្យរំលងអាចសំដៅលើថ្ងៃបុណ្យទាំង៨ថ្ងៃ។ (និក្ខ. ១២:១៤-១៧; លូក. ២២:១; យ៉ូន. ១៨:២៨; ១៩:១៤) បុណ្យរំលងគឺជាបុណ្យដែលបានត្រូវកំណត់ ដែលជនជាតិហេប្រឺត្រូវធ្វើជារៀងរាល់ឆ្នាំ។—២រប. ៨:១៣
៧. តើលោកយេស៊ូបានចាប់ផ្ដើមធ្វើពិធីអ្វីនៅបុណ្យរំលងចុងក្រោយជាមួយនឹងពួកសាវ័ករបស់លោក?
៧ ដោយសារលោកយេស៊ូនិងពួកសាវ័ករបស់លោកជាជនជាតិយូដាដែលនៅក្រោមច្បាប់ម៉ូសេ ពួកគាត់បានធ្វើបុណ្យរំលងប្រចាំឆ្នាំ។ (ម៉ាថ. ២៦:១៧-១៩) នៅលើកចុងក្រោយដែលពួកគាត់បានធ្វើបុណ្យនោះ លោកយេស៊ូបានចាប់ផ្ដើមពិធីថ្មីមួយដែលពួកអ្នកកាន់តាមលោកត្រូវធ្វើជារៀងរាល់ឆ្នាំ ពោលគឺពិធីអាហារល្ងាចរបស់លោកម្ចាស់។ ប៉ុន្តែ តើពួកគាត់ត្រូវធ្វើពិធីនោះនៅថ្ងៃណា?
តើពិធីអាហារល្ងាចរបស់លោកម្ចាស់ធ្វើឡើងនៅថ្ងៃណា?
៨. ស្តីអំពីបុណ្យរំលងនិងពិធីអាហារល្ងាចរបស់លោកម្ចាស់ តើមានសំណួរអ្វី?
៨ ដោយសារលោកយេស៊ូបានចាប់ផ្ដើមពិធីអាហារល្ងាចរបស់លោកម្ចាស់ភ្លាមៗបន្ទាប់ពីបុណ្យរំលងចុងក្រោយ ពិធីថ្មីនោះនឹងធ្វើឡើងចំថ្ងៃបុណ្យរំលង។ ប៉ុន្តែអ្នកប្រហែលជាបានសង្កេតឃើញថា ថ្ងៃបុណ្យរំលងរបស់ជនជាតិយូដានៅក្នុងប្រតិទិនខ្លះនៅសម័យនេះអាចខុសគ្នាមួយថ្ងៃ ឬច្រើនថ្ងៃពីថ្ងៃនៃពិធីរំលឹកមរណភាពរបស់គ្រិស្ត។ ហេតុអ្វីខុសគ្នាដូច្នេះ? ចម្លើយគឺជាប់ទាក់ទងនឹងបង្គាប់របស់ព្រះដល់ជនជាតិអ៊ីស្រាអែល។ ក្រោយពីម៉ូសេបាននិយាយថា៖ «ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាត្រូវសំឡាប់»កូនចៀម គាត់បានបញ្ជាក់ថាពួកគេត្រូវធ្វើដូច្នេះនៅពេលណាក្នុងថ្ងៃទី១៤ ខែណែសាន។—សូមអាន និក្ខមនំ ១២:៥, ៦
៩. យោងទៅតាមនិក្ខមនំ ១២:៦ តើគេត្រូវសម្លាប់កូនចៀមសម្រាប់បុណ្យរំលងនៅពេលណា? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើនៅពេលណាក្នុងថ្ងៃនោះ?»)។
៩ យោងទៅតាមនិក្ខមនំ ១២:៦ កូនចៀមបានត្រូវសម្លាប់«នៅវេលាថ្ងៃលិច»។ ការបកប្រែខ្លះនៃបទគម្ពីរ រួមមានបទគម្ពីរតាណាករបស់ជនជាតិយូដាបកប្រែពាក្យទាំងនេះថា«ក្រោយពីថ្ងៃលិចមុនងងឹត»។ ដូច្នេះ គេត្រូវសម្លាប់កូនចៀមក្រោយថ្ងៃលិច ប៉ុន្តែនៅតែមានពន្លឺនៅឡើយ នៅពេលថ្ងៃទី១៤ ខែណែសានចាប់ផ្ដើម។
១០. តើមនុស្សខ្លះជឿថាកូនចៀមសម្រាប់បុណ្យរំលងបានត្រូវសម្លាប់នៅពេលណា? ប៉ុន្តែតើនេះមានមូលដ្ឋានលើគម្ពីរឬទេ?
១០ នៅគ្រាក្រោយមក ជនជាតិយូដាខ្លះបានគិតថា គឺត្រូវការពេលជាច្រើនម៉ោងដើម្បីសម្លាប់កូនចៀមទាំងអស់ដែលគេយកមកវិហារ។ ដូច្នេះ គេបានយល់ថានិក្ខមនំ ១២:៦ គឺសំដៅលើចុងថ្ងៃទី១៤ ខែណែសាន រវាងពេលដែលថ្ងៃចាប់ផ្ដើមជ្រេ (ក្រោយថ្ងៃត្រង់) និងទីបញ្ចប់នៃថ្ងៃនោះនៅពេលថ្ងៃលិច។ ប៉ុន្តែ បើកូនចៀមបានត្រូវសម្លាប់នៅចុងថ្ងៃទី១៤ ខែណែសាន តើជនជាតិអ៊ីស្រាអែលបានបរិភោគអាហារបុណ្យរំលងនៅពេលណា? យោងទៅតាមសាស្ដ្រាចារ្យយ៉ូណាថិន ខ្លឺវ៉ាន អាហារបុណ្យរំលងបានត្រូវបរិភោគនៅថ្ងៃទី១៥ ខែណែសាន។ ប៉ុន្តែគាត់បានទទួលស្គាល់ថា ចំណុចនេះមិនបានចែងចំៗនៅក្នុងសៀវភៅនិក្ខមនំឡើយ។ គាត់ក៏បាននិយាយដែរថាសំណេររបស់គ្រូបង្រៀនសាសនាយូដាមិនរៀបរាប់អំពីរបៀបដែលបុណ្យរំលងបានត្រូវធ្វើឡើងមុនឆ្នាំ៧០ ដែលជាឆ្នាំដែលវិហារបានត្រូវបំផ្លាញចោលនោះទេ។
១១. (ក) តើអ្វីបានកើតឡើងដល់លោកយេស៊ូនៅថ្ងៃបុណ្យរំលង ឆ្នាំ៣៣ គ.ស.? (ខ) ហេតុអ្វីថ្ងៃទី១៥ ខែណែសាន ឆ្នាំ៣៣ គ.ស. បានត្រូវហៅថា«ថ្ងៃឈប់សម្រាកដ៏ធំ»? (សូមមើលកំណត់សម្គាល់)។
១១ ហេតុនេះ យើងមានមូលហេតុសួរថា តើបុណ្យរំលងនៅឆ្នាំ៣៣ គ.ស. បានធ្វើឡើងនៅថ្ងៃណា? នៅថ្ងៃទី១៣ ខែណែសាន កាលដែលថ្ងៃនោះជិតមកដល់ ជា«ពេលដែលគេបូជាសត្វសម្រាប់បុណ្យរំលង» គ្រិស្តបានប្រាប់ពេត្រុសនិងយ៉ូហានថា៖ «ចូរទៅរៀបចំអាហារបុណ្យរំលងឲ្យយើងបរិភោគ»។ (លូក. ២២:៧, ៨) «លុះដល់ពេល»សម្រាប់អាហារបុណ្យរំលង ក្រោយថ្ងៃលិចនាថ្ងៃទី១៤ ខែណែសាន ដែលជាល្ងាចថ្ងៃព្រហស្បតិ៍ លោកយេស៊ូបានបរិភោគអាហារនោះជាមួយនឹងសាវ័ករបស់លោក ហើយបន្ទាប់មកលោកបានចាប់ផ្ដើមពិធីអាហារល្ងាចរបស់លោកម្ចាស់។ (លូក. ២២:១៤, ១៥) នៅយប់នោះ លោកបានត្រូវគេចាប់ខ្លួន ហើយបានត្រូវកាត់ទោស។ លោកយេស៊ូបានត្រូវព្យួរជិតពេលថ្ងៃត្រង់នាថ្ងៃទី១៤ ខែណែសាន ហើយនៅថ្ងៃរសៀលនោះលោកបានទទួលមរណភាព។ (យ៉ូន. ១៩:១៤) ហេតុនេះ «គ្រិស្តដែលជាកូនចៀមបុណ្យរំលងរបស់យើងបានត្រូវបូជា»នៅថ្ងៃដូចគ្នានឹងថ្ងៃដែលកូនចៀមសម្រាប់បុណ្យរំលងបានត្រូវសម្លាប់។ (១កូ. ៥:៧; ១១:២៣; ម៉ាថ. ២៦:២) កាលដែលជិតដល់ទីបញ្ចប់នៃថ្ងៃរបស់ជនជាតិយូដានោះ លោកយេស៊ូបានត្រូវបញ្ចុះ នោះគឺមុនពេលដែលថ្ងៃទី១៥ ខែណែសានចាប់ផ្ដើម។b—លេវី. ២៣:៥-៧; លូក. ២៣:៥៤
ពិធីរំលឹកដែលមានន័យខ្លឹមសារចំពោះអ្នក
១២, ១៣. តើបុណ្យរំលងជាប់ទាក់ទងនឹងកូនរបស់ជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេច?
១២ នៅបុណ្យរំលងលើកទី១នៅស្រុកអេស៊ីប ព្រះបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យធ្វើបុណ្យនេះរាល់ឆ្នាំ«តរៀងទៅ»។ រាល់ឆ្នាំនៅបុណ្យរំលង កូនក្មេងនឹងសួរឪពុកម្ដាយរបស់ពួកគេអំពីមូលហេតុដែលពួកគេធ្វើបុណ្យនោះ។ (សូមអាន និក្ខមនំ ១២:២៤-២៧; ចោ. ៦:២០-២៣) អាស្រ័យហេតុនេះ បុណ្យរំលងនឹងជា«សេចក្ដីរំឭក»ដែលសូម្បីតែកូនក្មេងក៏អាចទាញមេរៀនពីបុណ្យនោះដែរ។—និក្ខ. ១២:១៤
១៣ ពីជំនាន់មួយទៅជំនាន់មួយ ជនជាតិអ៊ីស្រាអែលបានបង្រៀនកូនរបស់ពួកគេនូវមេរៀនសំខាន់ៗអំពីបុណ្យរំលង។ មេរៀនមួយ គឺព្រះយេហូវ៉ាអាចការពារពួកអ្នកគោរពប្រណិប័តន៍លោក។ កូនក្មេងបានរៀនថាព្រះយេហូវ៉ាគឺជាព្រះពិតដែលមានជីវិតរស់នៅ ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរាស្ត្ររបស់លោក ហើយការពារពួកគេ។ លោកបានបង្ហាញនេះនៅពេលដែលលោកបានការពារកូនច្បងរបស់ជនជាតិអ៊ីស្រាអែល កាលដែលលោក«បានវាយពួកសាសន៍អេស៊ីព្ទ»។ លោកបានរក្សាជីវិតពួកកូនច្បង។
១៤. តើឪពុកម្ដាយជាគ្រិស្តសាសនិកអាចប្រើកំណត់ហេតុស្តីអំពីបុណ្យរំលងដើម្បីជួយកូនៗរបស់ពួកគេឲ្យយល់អំពីអ្វី?
១៤ ឪពុកម្ដាយជាគ្រិស្តសាសនិកមិនរៀបរាប់ប្រាប់កូនប្រុសស្រីរបស់ពួកគេអំពីអត្ថន័យនៃបុណ្យរំលងនោះជារៀងរាល់ឆ្នាំទេ។ ប៉ុន្តែ តើអ្នកបង្រៀនមេរៀននេះដល់កូនរបស់អ្នកថា ព្រះការពាររាស្ត្ររបស់លោកឬទេ? តើអ្នកបង្ហាញឲ្យពួកគេដឹងថាអ្នកជឿជាក់យ៉ាងខ្លាំងថាព្រះយេហូវ៉ានៅតែជាអ្នកការពារដ៏ពិតនៃរាស្ត្ររបស់លោកឬទេ? (ទំនុក. ២៧:១១; អេ. ១២:២) តើអ្នកធ្វើដូច្នេះមិនមែនតាមរបៀបជាការស្តីប្រដៅកូន ប៉ុន្តែជាការសន្ទនាដ៏សប្បាយរីករាយរវាងអ្នកនឹងកូនរបស់អ្នកឬទេ? មេរៀននេះនឹងជួយក្រុមគ្រួសាររបស់អ្នកឲ្យទុកចិត្តព្រះយេហូវ៉ាកាន់តែខ្លាំងឡើង។
១៥, ១៦. តើយើងអាចប្រើកំណត់ហេតុនៅសៀវភៅនិក្ខមនំ ជំពូក១២-១៥ដើម្បីបញ្ជាក់អ្វី អំពីព្រះយេហូវ៉ា?
១៥ អ្វីដែលយើងអាចរៀនពីបុណ្យរំលង គឺមិនគ្រាន់តែសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីការពាររាស្ត្ររបស់លោកប៉ុណ្ណោះទេ។ លោកក៏បានរំដោះពួកគេ ដោយ‹នាំពួកគេចេញពីស្រុកអេស៊ីព្ទ›ដែរ។ សូមគិតថានេះរួមបញ្ចូលអ្វីខ្លះ។ ពួកគេបានត្រូវនាំមុខដោយបង្គោលពពកនិងបង្គោលភ្លើង។ ពួកគេបានដើរលើបាតសមុទ្រកាលដែលមានទឹកសមុទ្រក្រហមនៅខាងឆ្វេងនិងខាងស្ដាំយ៉ាងខ្ពស់។ ពេលដែលពួកគេបានឆ្លងសមុទ្រនោះដោយសុវត្ថិភាព ពួកគេបានឃើញទឹកទាំងនោះធ្លាក់មកលើកងទ័ពអេស៊ីប។ ក្រោយមក ជនជាតិអ៊ីស្រាអែលដែលបានត្រូវសង្គ្រោះអាចបន្លឺសំឡេងថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា . . . ទ្រង់បានផ្ដួលទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។ ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ . . . ទ្រង់បានជួយសង្គ្រោះខ្ញុំ»។—និក្ខ. ១៣:១៤, ២១, ២២; ១៥:១, ២; ទំនុក. ១៣៦:១១-១៥
១៦ បើអ្នកមានកូន តើអ្នកកំពុងជួយពួកគេឲ្យទុកចិត្តព្រះយេហូវ៉ាជាអ្នកសង្គ្រោះឬទេ? តើពួកគេអាចឃើញថាអ្នកទុកចិត្តលើព្រះយេហូវ៉ានៅក្នុងការសន្ទនានិងការសម្រេចចិត្តរបស់អ្នកឬទេ? អ្នកពិតជាអាចរួមបញ្ចូលអ្វីដែលយើងអាននៅនិក្ខមនំ ជំពូក១២-១៥ ក្នុងការពិភាក្សានៅអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ហើយបញ្ជាក់អំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះរាស្ត្ររបស់លោក។ នៅពេលផ្សេងទៀត អ្នកអាចបញ្ជាក់ចំណុចនោះពេលពិចារណាសកម្មភាព ៧:៣០-៣៦ ឬដានីយ៉ែល ៣:១៦-១៨, ២៦-២៨។ មែនហើយ ទាំងក្មេងទាំងចាស់គួរតែមានទំនុកចិត្តថាព្រះយេហូវ៉ាជាអ្នកសង្គ្រោះរាស្ត្ររបស់លោក មិនត្រឹមតែនៅអតីតកាលប៉ុណ្ណោះទេ។ ដូចលោកបានសង្គ្រោះរាស្ត្ររបស់លោកនៅសម័យម៉ូសេ នោះលោកនឹងសង្គ្រោះយើងនៅពេលអនាគត។—សូមអាន ថែស្សាឡូនិចទី១ ១:៩, ១០
ដើម្បីឲ្យយើងនឹកចាំ
១៧, ១៨. តើការពិចារណាអំពីរបៀបប្រើឈាមនៅបុណ្យរំលងទី១គួររំលឹកយើងអំពីអ្វី?
១៧ គ្រិស្តសាសនិកពិតមិនធ្វើបុណ្យរំលងរបស់ជនជាតិយូដាឡើយ។ ថ្ងៃរំលឹកនោះគឺជាផ្នែកនៃច្បាប់ម៉ូសេ ហើយយើងមិននៅក្រោមច្បាប់នោះទេ។ (រ៉ូម ១០:៤; កូឡ. ២:១៣-១៦) ផ្ទុយទៅវិញ យើងឲ្យតម្លៃពិធីមួយទៀត គឺពិធីរំលឹកមរណភាពនៃបុត្ររបស់ព្រះ។ ប៉ុន្តែមានលក្ខណៈខ្លះនៃបុណ្យរំលងដែលបានចាប់ផ្ដើមនៅស្រុកអេស៊ីប ដែលមានអត្ថន័យចំពោះយើង។
១៨ ឈាមកូនចៀមដែលបានត្រូវប្រោះទៅលើក្របទ្វារនិងធ្នឹមទ្វារគឺជាវិធីការពារជីវិត។ សព្វថ្ងៃនេះ យើងមិនជូនគ្រឿងបូជាសត្វទៅព្រះ នៅថ្ងៃបុណ្យរំលងឬនៅពេលផ្សេងទៀតឡើយ។ ប៉ុន្តែមានគ្រឿងបូជាមួយដែលប្រសើរជាង ដែលអាចការពារជីវិតជារៀងរហូត។ សាវ័កប៉ូលបានសរសេរអំពី«ក្រុមជំនុំរបស់បុត្រច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌»។ វិធីការពារជីវិតរបស់គ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងនោះ គឺ«ឈាមដែលលោកបានប្រោះ» ពោលគឺឈាមរបស់លោកយេស៊ូ។ (ហេ. ១២:២៣, ២៤) គ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី ពឹងផ្អែកលើឈាមដដែលនោះដើម្បីសង្គ្រោះជីវិត។ ពួកគាត់គួររំលឹកខ្លួនជារឿយៗអំពីសេចក្ដីសន្យានេះដែលថា៖ «ដោយបង់ថ្លៃលោះ នោះបុត្រលោកបានរំដោះយើងតាមរយៈឈាមរបស់ខ្លួន ពោលគឺយើងទទួលការអភ័យទោសចំពោះកំហុសរបស់យើង ដោយសារភាពបរិបូរនៃគុណដ៏វិសេសលើសលប់របស់លោក»។—អេភ. ១:៧
១៩. តើរបៀបដែលលោកយេស៊ូស្លាប់ពង្រឹងទំនុកចិត្តរបស់យើងទៅលើទំនាយក្នុងគម្ពីរយ៉ាងដូចម្ដេច?
១៩ ពេលកូនចៀមបានត្រូវសម្លាប់សម្រាប់ជាអាហារបុណ្យរំលង ជនជាតិអ៊ីស្រាអែលមិនត្រូវបំបាក់ឆ្អឹងណាមួយរបស់វាទេ។ (និក្ខ. ១២:៤៦; ជន. ៩:១១, ១២) ចុះយ៉ាងណា«កូនចៀមរបស់ព្រះ»ដែលបានមកដើម្បីផ្ដល់ថ្លៃលោះ? (យ៉ូន. ១:២៩) លោកបានត្រូវព្យួរដោយមានឧក្រិដ្ឋជននៅសងខាងលោក។ ជនជាតិយូដាបានសុំពីឡាតឲ្យគេបំបាក់ឆ្អឹងបុរសដែលបានត្រូវព្យួរទាំងនោះ។ នេះនឹងធ្វើឲ្យពួកគេស្លាប់លឿនជាង ដើម្បីកុំឲ្យទុកពួកគេនៅលើបង្គោលរហូតដល់ថ្ងៃទី១៥ ខែណែសាន ដែលជាថ្ងៃឈប់សម្រាកពីរនៅចំថ្ងៃតែមួយ។ ទាហានបានបំបាក់ជើងឧក្រិដ្ឋជនទាំងពីរនាក់ដែលបានត្រូវព្យួរ «ប៉ុន្តែពេលដែលមកដល់លោកយេស៊ូ ពួកគេមិនបានបំបាក់ជើងរបស់លោកទេ ព្រោះឃើញថាលោកទទួលមរណភាពហើយ»។ (យ៉ូន. ១៩:៣១-៣៤) នេះដូចគ្នានឹងអ្វីដែលបានកើតឡើងដល់កូនចៀមសម្រាប់បុណ្យរំលង ដូច្នេះក្នុងន័យនោះ កូនចៀមនេះគឺជា«ស្រមោល»នៃអ្វីដែលនឹងមកដល់នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស.។ (ហេ. ១០:១) ម្យ៉ាងទៀត អ្វីដែលបានកើតឡើងបានសម្រេចពាក្យនៅទំនុកតម្កើង ៣៤:២០ ហើយនេះគួរពង្រឹងទំនុកចិត្តរបស់យើងលើទំនាយក្នុងគម្ពីរ។
២០. តើមានភាពខុសគ្នាយ៉ាងណារវាងបុណ្យរំលងនិងពិធីអាហារល្ងាចរបស់លោកម្ចាស់?
២០ ប៉ុន្តែ មានភាពខុសគ្នារវាងបុណ្យរំលងនិងពិធីអាហារល្ងាចរបស់លោកម្ចាស់។ ភាពខុសគ្នាទាំងនេះបង្ហាញថាបុណ្យរំលងដែលជនជាតិយូដាត្រូវធ្វើដើម្បីរំលឹក មិនបង្ហាញទុកជាមុនអំពីអ្វីដែលគ្រិស្តបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើដើម្បីរំលឹកមរណភាពរបស់លោកនោះទេ។ នៅស្រុកអេស៊ីប ជនជាតិអ៊ីស្រាអែលបានបរិភោគសាច់កូនចៀម ប៉ុន្តែមិនបរិភោគឈាមវាទេ។ នេះខុសគ្នាពីអ្វីដែលលោកយេស៊ូបានណែនាំអ្នកកាន់តាមលោកឲ្យធ្វើ។ លោកបានមានប្រសាសន៍ថា ពួកអ្នកដែលនឹងគ្រប់គ្រង«ក្នុងរាជាណាចក្ររបស់ព្រះ»គួរតែពិសានំប៉័ងផងនិងពិសាស្រាទំពាំងបាយជូរផងដែរ ដែលជាតំណាងនៃសាច់និងឈាមរបស់លោក។ យើងនឹងពិចារណារឿងនេះឲ្យកាន់តែល្អិតល្អន់ជាងនៅអត្ថបទបន្ទាប់។—ម៉ាក. ១៤:២២-២៥
២១. ហេតុអ្វីការដឹងអំពីបុណ្យរំលងមានប្រយោជន៍សម្រាប់យើង?
២១ បុណ្យរំលងគឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយក្នុងប្រវត្ដិសាស្ត្ររាស្ត្ររបស់ព្រះ ហើយយើងម្នាក់ៗអាចទាញមេរៀនជាច្រើនពីបុណ្យនេះ។ ហេតុនេះ ទោះជាបុណ្យរំលង‹ជាសេចក្ដីរំលឹក›សម្រាប់ជនជាតិយូដា មិនមែនសម្រាប់គ្រិស្តសាសនិកក៏ដោយ នោះក្នុងនាមជាគ្រិស្តសាសនិកយើងគួរដឹងអំពីបុណ្យនេះ ហើយរៀនមេរៀនដ៏មានតម្លៃពីបុណ្យនេះដែលជាផ្នែកនៃ‹គ្រប់ទាំងបទគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ›។—២ធី. ៣:១៦
a ទោះជាខែណែសានគឺជាឈ្មោះខែរបស់ជនជាតិហេប្រឺក្រោយពីពួកគេត្រឡប់មកពីនិរទេសវិញក៏ដោយ យើងនឹងហៅខែទី១នៃប្រតិទិនជនជាតិហេប្រឺថាខែណែសាន។
b នៅថ្ងៃលិច ថ្ងៃទី១៥ ខែណែសានបានចាប់ផ្ដើម។ នៅឆ្នាំនោះថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ (ពីល្ងាចថ្ងៃសុក្រដល់ល្ងាចថ្ងៃសៅរ៍) គឺចំថ្ងៃទី១នៃបុណ្យនំឥតដំបែ ដែលតែងតែជាថ្ងៃឈប់សម្រាក។ ដោយសារថ្ងៃឈប់សម្រាកពីរកើតឡើងនៅពេលតែមួយ ថ្ងៃនោះគឺជា«ថ្ងៃឈប់សម្រាកដ៏ធំ»។—សូមអាន យ៉ូហាន ១៩:៣១, ៤២