របៀបដែលសង្គ្រាមនិងជម្លោះហិង្សាមានឥទ្ធិពលមកលើយើង
«ចំនួនជម្លោះហិង្សាក្នុងពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទី២។ ម្យ៉ាងទៀត មនុស្សពីរពាន់លាននាក់ គឺមួយភាគបួននៃប្រជាជន កំពុងរស់នៅកន្លែងដែលរងផលប៉ះពាល់ដោយសារជម្លោះនោះ»។
អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិអ្នកស្រីអាមីណា ជេន មហាមេតថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
សង្គ្រាមនិងជម្លោះហិង្សាអាចផ្ទុះឡើងទោះជានៅកន្លែងដែលកំពុងមានសន្តិភាពក្ដី។ សូម្បីតែអ្នកដែលរស់នៅឆ្ងាយពីកន្លែងនោះក៏អាចរងផលប៉ះពាល់ដែរ។ បន្ថែមទៅទៀត ទោះជាសង្គ្រាមបញ្ចប់ក្ដី តែផលប៉ះពាល់នៃសង្គ្រាមនៅតែបន្តមានអស់ជាច្រើនឆ្នាំក្រោយមកទៀត។ សូមពិចារណាឧទាហរណ៍ខ្លះៗ៖
ការអត់ឃ្លាន។ យោងទៅតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក «សង្គ្រាមគឺជាមូលហេតុចម្បងដែលនាំឲ្យមានការអត់ឃ្លាន។ ប្រជាជន៧០ភាគរយនៅទូទាំងពិភពលោកខ្វះស្បៀងអាហារ ដោយសារពួកគេរស់នៅតំបន់ដែលរងផលប៉ះពាល់ពីសង្គ្រាមនិងអំពើហិង្សា»។
បញ្ហាខាងផ្លូវកាយនិងផ្លូវចិត្ត។ នៅពេលមានការគំរាមកំហែងពីសង្គ្រាម នោះអាចបណ្ដាលឲ្យមនុស្សតានតឹងចិត្តនិងភ័យខ្លាច។ អស់អ្នកដែលរស់នៅតំបន់ដែលមានសង្គ្រាមមិនគ្រាន់តែរងផលប៉ះពាល់ខាងផ្លូវកាយប៉ុណ្ណោះទេ តែក៏រងផលប៉ះពាល់ខាងផ្លូវចិត្តដែរ។ គួរឲ្យស្ដាយពួកគេភាគច្រើនមិនអាចទទួលបានការព្យាបាលដែលពួកគេត្រូវការឡើយ។
ការបង្ខំឲ្យចាកចេញពីទីលំនៅរបស់ខ្លួន។ យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា បើគិតត្រឹមពីខែកញ្ញាឆ្នាំ២០២៣ មនុស្សជាង១១៤លាននាក់នៅទូទាំងពិភពលោកត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ។ មូលហេតុចម្បងនៃវិបត្តិនេះគឺបណ្ដាលមកពីសង្គ្រាមនិងជម្លោះហិង្សា។
វិបត្តិសេដ្ឋកិច្ច។ មនុស្សជាច្រើនជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមដូចជាទំនិញឡើងថ្លៃជាដើម។ ពួកគេអាចនឹងរងទុក្ខនៅពេលដែលធនធានរដ្ឋាភិបាលត្រូវបានចំណាយទៅលើផ្នែកយោធា ជាជាងផ្នែកថែទាំសុខភាពនិងការអប់រំ។ បន្ថែមទៅទៀត ការចំណាយទៅលើការសាងសង់ឡើងវិញបន្ទាប់ពីសង្គ្រាមគឺត្រូវចំណាយច្រើនណាស់។
បញ្ហាបរិស្ថាន។ មនុស្សពឹងផ្អែកទៅលើធនធានធម្មជាតិដើម្បីរស់ ដូច្នេះពួកគេរងផលប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលធនធានធម្មជាតិត្រូវបានបំផ្លាញដោយសារសង្គ្រាម។ ការបំពុលទឹក ខ្យល់ និងដី អាចបង្កឲ្យមានបញ្ហាសុខភាពអស់រយៈពេលយូរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រាប់មីនកប់ក្នុងដីដែលបន្សល់ពីសង្គ្រាមក៏នៅតែបង្កឲ្យមានគ្រោះថ្នាក់រហូតមកដល់សព្វថ្ងៃនេះដែរ ទោះជាសង្គ្រាមបានបញ្ចប់ទៅយូរហើយក៏ដោយ។
ច្បាស់ណាស់ សង្គ្រាមបានបំផ្លិចបំផ្លាញនិងនាំឲ្យខាតបង់ធនធានជាច្រើន។