មនុស្សជាតិមិនអាចលុបបំបាត់សង្គ្រាមទេ
របៀប ដែលសង្គ្រាមនិងជម្លោះហិង្សានឹងត្រូវបំបាត់ចោល
គម្ពីរបង្ហាញថាព្រះគឺជាអ្នកដែលនឹងធ្វើឲ្យ«ផែនដីទាំងមូលលែងមានសង្គ្រាមទៀត»មិនមែនមនុស្សទេ។—ចម្រៀងសរសើរព្រះ ៤៦:៩
ព្រះនឹងបំបាត់ចោលរដ្ឋាភិបាលរបស់មនុស្ស
ព្រះនឹងបំផ្លាញចោលរដ្ឋាភិបាលរបស់មនុស្សក្នុងសង្គ្រាមមួយដែលគម្ពីរហៅថាអាម៉ាគេដូន។a (ការបើកបង្ហាញ ១៦:១៦) នៅគ្រានោះ«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី» នឹងប្រមូលមកសម្រាប់«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (ការបើកបង្ហាញ ១៦:១៤) អាម៉ាគេដូនគឺជាសង្គ្រាមរបស់ព្រះដើម្បីបញ្ចប់សង្គ្រាមទាំងអស់។
ព្រះនឹងជំនួសរដ្ឋាភិបាលរបស់មនុស្សដោយរដ្ឋាភិបាលឬរាជាណាចក្ររបស់លោកដែលនឹងគ្រប់គ្រងពីស្ថានសួគ៌ហើយនឹងមិនត្រូវបំផ្លាញឡើយ។ (ដានីយ៉ែល ២:៤៤) ព្រះបានជ្រើសរើសលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោកឲ្យគ្រប់គ្រងជាស្ដេច។ (អេសាយ ៩:៦, ៧; ម៉ាថាយ ២៨:១៨) រដ្ឋាភិបាលនោះគឺជារាជាណាចក្រb ដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសូមឲ្យមកដល់។ (ម៉ាថាយ ៦:៩, ១០) មនុស្សជាតិទាំងឡាយនៅទូទាំងផែនដីនឹងរួបរួមគ្នាក្រោមរដ្ឋាភិបាលតែមួយដែលមានលោកយេស៊ូជាអ្នកគ្រប់គ្រង។
ខុសពីអ្នកគ្រប់គ្រងដែលជាមនុស្ស លោកយេស៊ូនឹងមិនប្រើអំណាចរបស់លោកដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ដោយសារលោកមិនរើសអើងនិងមិនលម្អៀង មនុស្សគ្រប់រូបមិនចាំបាច់បារម្ភថាពួកគេនឹងរងអំពើអយុត្តិធម៌ដោយសារពូជសាសន៍ សញ្ជាតិ ឬវប្បធម៌របស់ពួកគេឡើយ។ (អេសាយ ១១:៣, ៤) ពួកគេក៏មិនចាំបាច់តវ៉ាប្រឆាំងដើម្បីទាមទារសិទ្ធិរបស់ខ្លួនដែរ។ ហេតុអ្វី? ដោយសារលោកយេស៊ូនឹងយកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗ ហើយលោក«នឹងស្រោចស្រង់ជនក្រីក្រដែលស្រែករកជំនួយ ព្រមទាំងសង្គ្រោះមនុស្សទន់ទាបនិងមនុស្សគ្រប់រូបដែល គ្មានអ្នកណាជួយ . . . [លោក]នឹងរំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិននិងអំពើឃោរឃៅ»។—ចម្រៀងសរសើរព្រះ ៧២:១២-១៤
រាជាណាចក្ររបស់ព្រះនឹងបំផ្លាញចោលគ្រប់គ្រឿងចម្បាំងទាំងអស់ដែលមនុស្សបានបង្កើត។ (មីកា ៤:៣) រាជាណាចក្រនោះក៏នឹងបំផ្លាញមនុស្សទុច្ចរិតដែលមិនព្រមឈប់ប្រយុទ្ធគ្នាឬធ្វើបាបអ្នកឯទៀតដែរ។ (ចម្រៀងសរសើរព្រះ ៣៧:៩, ១០) នៅពេលនោះ បុរស ស្ត្រី និងកូនក្មេងនឹងមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពទោះជាពួកគេទៅកន្លែងណាក៏ដោយនៅផែនដី។—អេសេគាល ៣៤:២៨
ក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលរបស់ព្រះ មនុស្សនឹងមានជីវិតរស់នៅដ៏សប្បាយរីករាយ។ រដ្ឋាភិបាលនោះនឹងលុបបំបាត់ចោលបញ្ហាផ្សេងៗដែលនាំឲ្យមនុស្សច្បាំងគ្នាដូចជា ភាពក្រីក្រ ការអត់ឃ្លាន និងការខ្វះផ្ទះសម្បែង។ មនុស្សគ្រប់រូបនឹងមានម្ហូបអាហារជាបរិបូរនិងដែលមានជីវជាតិ ហើយមានកន្លែងរស់នៅដ៏សុខស្រួល។—ចម្រៀងសរសើរព្រះ ៧២:១៦; អេសាយ ៦៥:២១-២៣
រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលឥទ្ធិពលអាក្រក់ដែលបណ្ដាលមកពីសង្គ្រាម។ នេះមិនគ្រាន់តែរួមបញ្ចូលរបួសខាងផ្លូវកាយប៉ុណ្ណោះទេ តែក៏រួមបញ្ចូលរបួសខាងផ្លូវចិត្តនិងខាងផ្លូវអារម្មណ៍ដែលបានបន្សល់ទុកពីការឆ្លងកាត់សង្គ្រាមដែរ។ បន្ថែមទៅទៀត មនុស្សដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដីម្ដងទៀត។ (អេសាយ ២៥:៨; ២៦:១៩; ៣៥:៥, ៦) ក្រុមគ្រួសារនឹងជួបជុំគ្នាឡើងវិញ ហើយអនុស្សាវរីយ៍ដែលឈឺចាប់ខ្លោចផ្សាពីសង្គ្រាមនឹងទៅជា‹អ្វីៗដែលធ្លាប់កើតឡើងពីមុន ដែលបានកន្លងបាត់អស់ហើយ›។—ការបើកបង្ហាញ ២១:៤
ព្រះនឹងលុបបំបាត់ភាពខុសឆ្គង
ក្រោមរាជាណាចក្ររបស់ព្រះ មនុស្សទាំងអស់នៅផែនដីនឹងគោរពប្រណិប័តន៍ព្រះពិតតែមួយគឺព្រះយេហូវ៉ាc ដែលជា«ព្រះនៃសេចក្ដីស្រឡាញ់និងសេចក្ដីសុខសាន្ត»។ (កូរិនថូសទី២ ១៣:១១) មនុស្សនឹងរៀនពីរបៀបរស់នៅជាមួយគ្នាដោយសន្តិភាព។ (អេសាយ ២:៣, ៤; ១១:៩) អស់អ្នកដែលធ្វើតាមអ្វីដែលពួកគេបានរៀននឹងរួចផុតពីឥទ្ធិពលនៃភាពខុសឆ្គង។—រ៉ូម ៨:២០, ២១
ព្រះនឹងបំផ្លាញសាថាននិងពួកវិញ្ញាណកំណាចរបស់វា
រាជាណាចក្ររបស់ព្រះក៏នឹងបំផ្លាញអ្នកញុះញង់ឲ្យមានសង្គ្រាម ពោលគឺសាថាននិងពួកវិញ្ញាណកំណាចរបស់វា។ (ការបើកបង្ហាញ ២០:១-៣, ១០) ពេលដែលលែងមានឥទ្ធិពលអាក្រក់ពីពួកវាទៀត នោះ«សេចក្ដីសុខនឹងមានជាបរិបូរ»។—ចម្រៀងសរសើរព្រះ ៧២:៧
អ្នកអាចមានទំនុកចិត្តថាសេចក្ដីសន្យារបស់ព្រះនឹងក្លាយជាការពិត ដែលថាលោកនឹងបញ្ចប់សង្គ្រាមនិងជម្លោះហិង្សា។ លោកអាចធ្វើដូច្នេះបាន ដោយសារលោកមានទាំងសមត្ថភាពនិងបំណងចិត្តចង់បំបាត់សង្គ្រាម។
ព្រះមានប្រាជ្ញានិងឫទ្ធានុភាពខ្លាំងក្លាដើម្បីបញ្ចប់សង្គ្រាមនិងអំពើហិង្សា។ (យ៉ូប ៩:៤) គ្មានអ្វីដែលលោកមិនអាចសម្រេចបានឡើយ។—យ៉ូប ៤២:២
ព្រះមិនចង់ឃើញមនុស្សរងទុក្ខទេ។ (អេសាយ ៦៣:៩) លោកក៏«ស្អប់អ្នកដែលចូលចិត្តអំពើឃោរឃៅ»ដែរ។—ចម្រៀងសរសើរព្រះ ១១:៥
ព្រះតែងតែធ្វើតាមពាក្យសន្យារបស់លោក លោកមិនអាចកុហកឡើយ។—អេសាយ ៥៥:១០, ១១; ទីតុស ១:២
ព្រះនឹងនាំមកនូវសន្តិភាពពិតប្រាកដនិងយូរអង្វែងនាពេលអនាគត។
ព្រះនឹងលុបបំបាត់ចោលសង្គ្រាម
a សូមអានអត្ថបទ«តើសង្គ្រាមអាម៉ាគេដូនជាអ្វី?» នៅគេហទំព័រjw.org/km ។
b សូមទស្សនាវីដេអូតើរាជាណាចក្ររបស់ព្រះជាអ្វី? នៅគេហទំព័រjw.org/km ។
c យេហូវ៉ាគឺជានាមរបស់ព្រះ។—ចម្រៀងសរសើរព្រះ ៨៣:១៨