អត្ថបទសិក្សា ២១
ចម្រៀងលេខ២១ ចូរបន្តស្វែងរករាជាណាចក្រជាមុន
ចូរទន្ទឹងរង់ចាំក្រុងដែលនឹងស្ថិតស្ថេរ
«យើងកំពុងទន្ទឹងរង់ចាំក្រុងដែលនឹងមាននៅថ្ងៃមុខដោយចិត្តរំភើប»។—ហេ. ១៣:១៤
ចំណុចផ្ដោត
របៀបដែលហេប្រឺ ជំពូកទី១៣អាចជួយយើងនៅសព្វថ្ងៃនេះ និងនៅថ្ងៃអនាគត។
១. តើលោកយេស៊ូបានប្រកាសយ៉ាងណាអំពីក្រុងយេរូសាឡិម?
ប៉ុន្មានថ្ងៃមុនលោកយេស៊ូគ្រិស្តស្លាប់ លោកបានប្រកាសទុកជាមុនអំពីអ្វីដែលនឹងត្រូវសម្រេចជាលើកដំបូង ក្នុងអំឡុងគ្រាចុងក្រោយនៃរបៀបរបបជនជាតិយូដា។ លោកបានព្រមានថា នៅថ្ងៃមួយ«កងទ័ព[នឹង]បោះជំរំជុំវិញក្រុងយេរូសាឡិម»។ (លូក. ២១:២០) លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមថា ពេលពួកគេឃើញកងទ័ពទាំងនោះ ពួកគេគួរចាកចេញពីតំបន់យូឌាភ្លាមៗ។ អ្វីដែលលោកយេស៊ូបានមានប្រសាសន៍បានក្លាយទៅជាការពិត គឺកងទ័ពរ៉ូមបានឡោមព័ទ្ធក្រុងយេរូសាឡិម។—លូក. ២១:២១, ២២
២. តើសាវ័កប៉ូលបានឲ្យយោបល់អ្វីដល់គ្រិស្តសាសនិកនៅតំបន់យូឌានិងក្រុងយេរូសាឡិម?
២ ប៉ុន្មានឆ្នាំមុនកងទ័ពរ៉ូមឡោមព័ទ្ធក្រុងយេរូសាឡិម សាវ័កប៉ូលបានសរសេរសំបុត្រដ៏សំខាន់មួយ ដែលនៅសព្វថ្ងៃនេះបានត្រូវគេស្គាល់ថាជាសៀវភៅហេប្រឺ។ នៅក្នុងសំបុត្រនោះ ប៉ូលបានផ្ដល់ឱវាទដ៏សំខាន់ចាំបាច់ដល់គ្រិស្តសាសនិកនៅតំបន់យូឌានិងក្រុងយេរូសាឡិម។ សំបុត្រនោះជួយពួកគេឲ្យត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។ តើអ្វីនឹងកើតឡើង? គឺក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញ។ បើគ្រិស្តសាសនិកទាំងនោះចង់រួចជីវិត ពួកគេត្រូវសុខចិត្តលះចោលផ្ទះសម្បែងនិងមុខរបររកស៊ីរបស់ពួកគេ។ យ៉ាងនេះ ប៉ូលបានសរសេរអំពីក្រុងយេរូសាឡិមថា៖ «យើងមិនមានក្រុងមួយដែលស្ថិតស្ថេរទេ»។ ក្រោយមក គាត់បានបន្ថែមថា៖ «តែយើងកំពុងទន្ទឹងរង់ចាំក្រុងដែលនឹងមាននៅថ្ងៃមុខដោយចិត្តរំភើប»។—ហេ. ១៣:១៤
៣. តើ«ក្រុងដែលមានគ្រឹះដ៏ពិត»គឺជាអ្វី ហើយហេតុអ្វីយើងទន្ទឹងរង់ចាំក្រុងនោះ?
៣ គ្រិស្តសាសនិកដែលបានសម្រេចចិត្តចាកចេញពីក្រុងយេរូសាឡិមនិងតំបន់យូឌា ទំនងជាបានត្រូវគេចំអកនិងជេរប្រមាថ។ ប៉ុន្តែ ការសម្រេចចិត្តនោះបានសង្គ្រោះជីវិតរបស់ពួកគេ។ ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះ មនុស្សចំអកមើលងាយយើងដោយសារយើងមិនពឹងផ្អែកលើលុយឬទ្រព្យសម្បត្តិ ហើយមិនពឹងផ្អែកលើមនុស្សឲ្យដោះស្រាយបញ្ហារបស់ពិភពលោក។ ហេតុអ្វីបានជាយើងសម្រេចចិត្តដូច្នោះ? ពីព្រោះយើងដឹងថា របៀបរបបពិភពលោកនេះគឺបណ្ដោះអាសន្នប៉ុណ្ណោះ។ យើងកំពុងទន្ទឹងរង់ចាំ«ក្រុងដែលមានគ្រឹះដ៏ពិត» ជា«ក្រុងដែលនឹងមាននៅថ្ងៃមុខ» ពោលគឺរាជាណាចក្ររបស់ព្រះ។a (ហេ. ១១:១០; ម៉ាថ. ៦:៣៣) ក្រោមចំណងជើងតូចនីមួយៗក្នុងអត្ថបទនេះ យើងនឹងពិចារណា៖ (១) របៀបដែលយោបល់របស់ប៉ូលដែលបានសរសេរក្រោមការដឹកនាំរបស់ព្រះ បានជួយគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ឲ្យបន្ដទន្ទឹងរង់ចាំ«ក្រុងដែលនឹងមាននៅថ្ងៃមុខ» (២) របៀបដែលប៉ូលបានជួយពួកគេឲ្យត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃខាងមុខ និង(៣) របៀបដែលយោបល់របស់គាត់ជួយយើងនៅសព្វថ្ងៃនេះ។
ចូរទុកចិត្តបុគ្គលដែលនឹងមិនបោះបង់ចោលអ្នក
៤. ហេតុអ្វីក្រុងយេរូសាឡិមគឺជាក្រុងដែលសំខាន់សម្រាប់គ្រិស្តសាសនិក?
៤ ក្រុងយេរូសាឡិមជាក្រុងដែលសំខាន់ចំពោះគ្រិស្តសាសនិក។ ក្រុមជំនុំគ្រិស្តសាសនិកនាសតវត្សរ៍ទី១ បានត្រូវបង្កើតឡើងនៅទីនោះនាឆ្នាំ៣៣ .គ.ស.។ បងប្អូនប្រុសដែលជាសមាជិកគណៈអភិបាលក៏រស់នៅទីនោះដែរ។ ម្យ៉ាងទៀត គ្រិស្តសាសនិកជាច្រើនមានផ្ទះនិងមានរបស់របរផ្សេងៗជាច្រើននៅក្នុងក្រុងនោះ។ ប៉ុន្តែ លោកយេស៊ូបានព្រមានពួកអ្នកកាន់តាមលោកថា ពួកគេនឹងត្រូវចេញពីក្រុងយេរូសាឡិម ហើយថែមទាំងត្រូវរត់ចេញពីតំបន់យូឌាទៀតផង។—ម៉ាថ. ២៤:១៦
៥. តើប៉ូលបានជួយគ្រិស្តសាសនិកឲ្យត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងយ៉ាងដូចម្ដេច?
៥ ដើម្បីជួយគ្រិស្តសាសនិកឲ្យត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើង ប៉ូលបានជួយពួកគេឲ្យផ្ដោតអារម្មណ៍ទៅលើទស្សនៈរបស់ព្រះយេហូវ៉ាចំពោះក្រុងយេរូសាឡិម។ ប៉ូលបានរំលឹកពួកគេថា តាមទស្សនៈរបស់ព្រះយេហូវ៉ា វិហារ ពួកសង្ឃ និងគ្រឿងបូជាដែលគេជូននៅក្រុងយេរូសាឡិម លែងជាអ្វីដែលពិសិដ្ឋទៀត។ (ហេ. ៨:១៣) អ្នកក្រុងនោះភាគច្រើនបានបដិសេធមេស្ស៊ី។ ម្យ៉ាងទៀត វិហារក្រុងយេរូសាឡិមលែងជាមណ្ឌលនៃការគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាទៀតហើយ ហើយវិហារនោះក៏នឹងត្រូវបំផ្លាញចោលដែរ។—លូក. ១៣:៣៤, ៣៥
៦. ហេតុអ្វីគ្រិស្តសាសនិកត្រូវការយោបល់ពីប៉ូលដែលបានកត់ទុកនៅហេប្រឺ ១៣:៥, ៦?
៦ ពេលប៉ូលសរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺ ក្រុងយេរូសាឡិមគឺជាក្រុងដ៏ជឿនលឿនមួយ។ អ្នកនិពន្ធជនជាតិរ៉ូមម្នាក់នៅសម័យនោះបានហៅក្រុងយេរូសាឡិមថា «ជាក្រុងដ៏ល្បីល្បាញបំផុតនៃភាគខាងកើត»។ ជនជាតិយូដាពីស្រុកផ្សេងៗធ្វើដំណើរជារៀងរាល់ឆ្នាំទៅទីនោះដើម្បីធ្វើពិធីបុណ្យ ហើយពួកគេចំណាយលុយជាច្រើននៅក្រុងនោះ។ ហេតុនេះហើយ គ្រិស្តសាសនិកខ្លះទំនងជាមានឱកាសរកលុយបានច្រើន។ នេះប្រហែលជាមូលហេតុដែលប៉ូលប្រាប់ពួកគេថា៖ «ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់ប្រាក់ ហើយចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន»។ ក្រោយមក គាត់ក៏បានដកស្រង់បទគម្ពីរដែលមានការធានាពីព្រះយេហូវ៉ាផ្ទាល់ថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ហើយខ្ញុំក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ (សូមអាន ហេប្រឺ ១៣:៥, ៦; បច. ៣១:៦; ចសព. ១១៨:៦) គ្រិស្តសាសនិកដែលរស់នៅក្រុងយេរូសាឡិមនិងនៅតំបន់យូឌាត្រូវការការធានានោះ។ ហេតុអ្វី? ពីព្រោះមិនយូរក្រោយពីទទួលសំបុត្រនេះ ពួកគេត្រូវចាកចេញពីផ្ទះ ពីមុខរបររកស៊ី និងពីទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេ។ ក្រោយមក ពួកគេនឹងត្រូវចាប់ផ្ដើមជីវិតថ្មីនៅកន្លែងផ្សេងទៀត ហើយនោះគឺមិនស្រួលទេ។
៧. ហេតុអ្វីយើងគួរពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ានៅពេលឥឡូវនេះ?
៧ មេរៀនសម្រាប់យើង៖ តើអ្វីនឹងកើតឡើងនៅថ្ងៃខាងមុខ? គឺគ្រា«ទុក្ខវេទនាជាខ្លាំង»នឹងចាប់ផ្ដើម ហើយពិភពលោកដ៏អាក្រក់នេះនឹងត្រូវបំផ្លាញចោល។ (ម៉ាថ. ២៤:២១) ដូចគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ យើងត្រូវប្រុងប្រៀបខ្លួននិងចាំយាមជានិច្ច។ (លូក. ២១:៣៤-៣៦) ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងប្រហែលជានឹងត្រូវលះបង់របស់ទ្រព្យខ្លះឬរបស់ទ្រព្យទាំងអស់របស់យើង ហើយទុកចិត្តទាំងស្រុងថា ព្រះយេហូវ៉ានឹងមិនបោះបង់ចោលរាស្ត្ររបស់លោកឡើយ។ សូម្បីតែឥឡូវនេះ មុនដែលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម ក៏យើងមានឱកាសបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ាខ្លាំងប៉ុនណា។ ដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើការប្រព្រឹត្តនិងគោលដៅរបស់ខ្ញុំបង្ហាញថាខ្ញុំទុកចិត្តព្រះដែលសន្យាថានឹងថែរក្សាខ្ញុំ មិនមែនទុកចិត្តលើទ្រព្យសម្បត្តិឬទេ?›។ (១ធី. ៦:១៧) ពិតមែនថា យើងអាចទាញមេរៀនពីអ្វីដែលបានកើតឡើងនៅសតវត្សរ៍ទី១ តែ«ទុក្ខវេទនាជាខ្លាំង»នៅថ្ងៃខាងមុខនឹងពិបាកជាងអ្វីណាក៏ដោយដែលគ្រិស្តសាសនិកធ្លាប់ឆ្លងកាត់ទៅទៀត។ ដូច្នេះ តើតាមរបៀបណាយើងនឹងដឹងថាយើងត្រូវធ្វើអ្វីពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម?
ចូរស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខ
៨. តើលោកយេស៊ូបានឲ្យការណែនាំអ្វីដល់ពួកអ្នកកាន់តាមលោក?
៨ ប៉ុន្មានឆ្នាំក្រោយពីគ្រិស្តសាសនិកជនជាតិហេប្រឺបានទទួលសំបុត្រពីសាវ័កប៉ូល ពួកគេបានឃើញកងទ័ពរ៉ូមឡោមព័ទ្ធក្រុងយេរូសាឡិម។ នេះជាសញ្ញាសម្គាល់ដែលបង្ហាញថា គឺជាពេលដែលពួកគេត្រូវរត់ចេញពីក្រុងយេរូសាឡិមនិងតំបន់យូឌា។ មិនយូរក្រោយមក ក្រុងយេរូសាឡិមបានត្រូវបំផ្លាញ។ (ម៉ាថ. ២៤:៣; លូក. ២១:២០, ២៤) ប៉ុន្តែ តើពួកគេត្រូវរត់ទៅទីណា? លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ (លូក. ២១:២១) ដោយសារនៅទីនោះមានតំបន់ភ្នំជាច្រើន តើពួកគេអាចដឹងយ៉ាងដូចម្ដេចថាពួកគេត្រូវទៅតំបន់ភ្នំមួយណា?
៩. ហេតុអ្វីគ្រិស្តសាសនិកខ្លះប្រហែលជាឆ្ងល់ថាគួររត់ទៅតំបន់ភ្នំមួយណា? (សូមមើលផែនទីផងដែរ)
៩ សូមគិតអំពីតំបន់ភ្នំខ្លះដែលគ្រិស្តសាសនិកអាចរត់ទៅ។ តំបន់ភ្នំទាំងនោះមានដូចជា៖ តំបន់ភ្នំសាម៉ារី តំបន់ភ្នំកាលីឡេ តំបន់ភ្នំនៅត្រើយម្ខាងទន្លេយ៉ូដាន់ ហើយភ្នំហឺម៉ូននិងតំបន់ភ្នំស្រុកលីបង់ជាដើម។ (សូមមើលផែនទី) ក្រុងខ្លះក្នុងតំបន់ភ្នំទាំងនោះ ប្រហែលជាមើលទៅមានសុវត្ថិភាព។ ជាឧទាហរណ៍ ក្រុងហ្គេមឡាមានទីតាំងនៅលើភ្នំដ៏ខ្ពស់មួយ ហើយពិបាកធ្វើដំណើរទៅទីនោះ។ ជនជាតិយូដាខ្លះចាត់ទុកក្រុងនោះថា ជាកន្លែងដែលមានសុវត្ថិភាពយ៉ាងខ្លាំង។ ប៉ុន្តែក្រោយមក ក្រុងហ្គេមឡាបានទៅជាទីតាំងដែលមានចម្បាំងដ៏សាហាវមួយរវាងជនជាតិយូដានិងជនជាតិរ៉ូម ហើយអ្នកក្រុងនោះជាច្រើននាក់បានស្លាប់។b
មានតំបន់ភ្នំជាច្រើនដែលគ្រិស្តសាសនិកសម័យដើមអាចរត់ទៅ តែមិនមែនតំបន់ភ្នំទាំងអស់មានសុវត្ថិភាពនោះទេ (សូមមើលវគ្គ៩)
១០-១១. (ក) តើព្រះយេហូវ៉ាទំនងជាបានណែនាំគ្រិស្តសាសនិកយ៉ាងដូចម្ដេច? (ហេប្រឺ ១៣:៧, ១៧) (ខ) តើគ្រិស្តសាសនិកបានទទួលប្រយោជន៍យ៉ាងណាពីការស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខ? (សូមមើលរូបភាពផងដែរ)
១០ តាមមើលទៅ ព្រះយេហូវ៉ាបានផ្ដល់ការណែនាំដល់គ្រិស្តសាសនិកតាមរយៈពួកអ្នកនាំមុខក្នុងក្រុមជំនុំ។ ប្រវត្តិវិទូម្នាក់ឈ្មោះយូស៊ីបាសបានសរសេរនៅពេលក្រោយមកអំពីគ្រានោះថា ព្រះបានបើកបង្ហាញឲ្យបងប្រុសៗខ្លះនៅក្រុងយេរូសាឡិមដឹងថា គ្រិស្តសាសនិកគួរចាកចេញពីក្រុងយេរូសាឡិមទៅភេឡាដែលជាក្រុងនៅតំបន់ភេរៀ។ តាមមើលទៅ ភេឡាជាក្រុងដែលល្អឲ្យគ្រិស្តសាសនិកទៅទីនោះ។ ដោយសារក្រុងនោះនៅមិនឆ្ងាយពីក្រុងយេរូសាឡិម នោះពួកគេមិនពិបាកធ្វើដំណើរទៅទីនោះទេ។ ម្យ៉ាងទៀត អ្នកក្រុងនោះភាគច្រើនមិនមែនជាជនជាតិយូដាទេ ដូច្នេះពួកគេមិនពាក់ព័ន្ធនឹងការច្បាំងរវាងជនជាតិយូដានិងជនជាតិរ៉ូមឡើយ (សូមមើលផែនទី)។
១១ គ្រិស្តសាសនិកដែលរត់ទៅតំបន់ភ្នំបានធ្វើតាមយោបល់របស់ប៉ូលដែលឲ្យ«ស្ដាប់បង្គាប់ . . . ពួកអ្នកដែលនាំមុខ»ក្នុងក្រុមជំនុំ។ (សូមអាន ហេប្រឺ ១៣:៧, ១៧) ជាលទ្ធផល រាស្ត្ររបស់ព្រះបានរួចជីវិត។ ដោយសារពួកគេបានបន្ត«រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត»ពោលគឺរាជាណាចក្ររបស់ព្រះ ព្រះយេហូវ៉ាមិនបានបោះបង់ចោលពួកគេទេ។—ហេ. ១១:១០
ក្រុងភេឡាជាកន្លែងដែលមានសុវត្ថិភាពឲ្យគ្រិស្តសាសនិករត់ទៅ ហើយកន្លែងនោះមិននៅឆ្ងាយពេកទេ (សូមមើលវគ្គ១០-១១)
១២-១៣. តើព្រះយេហូវ៉ាបានផ្ដល់ការណែនាំដល់រាស្ត្ររបស់លោកយ៉ាងដូចម្ដេចក្នុងអំឡុងគ្រាដ៏លំបាក?
១២ មេរៀនសម្រាប់យើង៖ ព្រះយេហូវ៉ាប្រើពួកអ្នកដែលនាំមុខឲ្យផ្ដល់ការណែនាំយ៉ាងជាក់លាក់ដល់រាស្ត្ររបស់លោក។ នៅក្នុងគម្ពីរមានគំរូជាច្រើនដែលបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ាបានប្រើបុរសស្មោះត្រង់ ដើម្បីណែនាំរាស្ត្ររបស់លោកក្នុងអំឡុងគ្រាដ៏លំបាកណាស់។ (បច. ៣១:២៣; ចសព. ៧៧:២០) នៅសព្វថ្ងៃនេះ យើងក៏បានឃើញច្បាស់ដែរថា ព្រះយេហូវ៉ាប្រើពួកអ្នកនាំមុខឲ្យណែនាំរាស្ត្ររបស់លោក។
១៣ ជាឧទាហរណ៍ ពេលរោគរាតត្បាតជំងឺកូវីដ១៩ចាប់ផ្ដើម «ពួកអ្នកដែលនាំមុខ»បានផ្ដល់ការណែនាំដែលចាំបាច់ដល់ក្រុមជំនុំ។ ពួកអ្នកចាស់ទុំបានទទួលការណែនាំអំពីរបៀបដែលក្រុមជំនុំគួរជួបជុំគ្នា ហើយបន្ដគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ប៉ុន្មានខែក្រោយពីរោគរាតត្បាតបានផ្ទុះឡើង យើងមានមហាសន្និបាតជាង៥០០ភាសា។ បងប្អូនបានមើលកម្មវិធីនោះតាមអ៊ីនធឺណិត ទូរទស្សន៍ ឬស្ដាប់តាមវិទ្យុ។ យើងមិនដែលមានមហាសន្និបាតបែបនេះពីមុនឡើយ។ ក្នុងអំឡុងរោគរាតត្បាតនោះ យើងនៅតែបន្តទទួលការណែនាំដែលយើងត្រូវការពីព្រះយេហូវ៉ា។ ជាលទ្ធផល យើងបានរក្សាសាមគ្គីភាព។ យើងអាចជឿជាក់ថា មិនថាយើងជួបទុក្ខលំបាកណាក៏ដោយនៅថ្ងៃអនាគត ព្រះយេហូវ៉ានឹងបន្ដជួយពួកអ្នកនាំមុខដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ក្រៅពីការទុកចិត្តព្រះយេហូវ៉ានិងធ្វើតាមបង្គាប់លោក តើគុណសម្បត្តិអ្វីទៀតនឹងជួយយើងឲ្យត្រៀមខ្លួនសម្រាប់គ្រាទុក្ខវេទនាជាខ្លាំង ហើយប្រព្រឹត្តយ៉ាងឈ្លាសវៃក្នុងអំឡុងគ្រាដ៏ពិបាកនោះ?
ចូរបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន និងទទួលអ្នកឯទៀតដោយរាក់ទាក់
១៤. យោងទៅតាមហេប្រឺ ១៣:១-៣ តើគ្រិស្តសាសនិកត្រូវតែបង្ហាញគុណសម្បត្តិអ្វីខ្លះក្នុងអំឡុងគ្រាចុងក្រោយនៃរបៀបរបបជនជាតិយូដា?
១៤ ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម យើងនឹងត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាជាងពេលមុនទៅទៀត។ នៅពេលនោះ យើងនឹងត្រូវធ្វើតាមគំរូរបស់គ្រិស្តសាសនិកដែលរស់នៅក្នុងក្រុងយេរូសាឡិមនិងតំបន់យូឌា។ ពួកគេតែងតែបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ (ហេ. ១០:៣២-៣៤) ប៉ុន្តែ ក្នុងអំឡុងប៉ុន្មានឆ្នាំមុនទីបញ្ចប់នៃរបៀបរបបជនជាតិយូដា គ្រិស្តសាសនិកត្រូវបង្ហាញសេចក្ដី‹ស្រឡាញ់ជាបងប្អូន›cនិង‹ទទួលគ្នាដោយរាក់ទាក់›ឲ្យកាន់តែខ្លាំងឡើង។ (សូមអាន ហេប្រឺ ១៣:១-៣) ស្រដៀងគ្នាដែរ យើងក៏នឹងត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនឲ្យកាន់តែខ្លាំង កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែខិតជិតមកដល់។
១៥. ហេតុអ្វីគ្រិស្តសាសនិកជនជាតិហេប្រឺត្រូវបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូននិងទទួលគ្នាយ៉ាងរាក់ទាក់ក្រោយពីពួកគេរត់ចេញពីក្រុងយេរូសាឡិមនិងតំបន់យូឌា?
១៥ ពេលកងទ័ពរ៉ូមឡោមព័ន្ធក្រុងយេរូសាឡិម ហើយក្រោយមកដកថយភ្លាមៗ គ្រិស្តសាសនិកបានរត់ចេញដោយយករបស់របរតែតិចតួចប៉ុណ្ណោះមកតាមខ្លួន។ (ម៉ាថ. ២៤:១៧, ១៨) ដូច្នេះ កាលដែលពួកគេធ្វើដំណើរទៅតំបន់ភ្នំ និងកាលដែលពួកគេចាប់ផ្ដើមជីវិតថ្មីនៅទីនោះ ពួកគេត្រូវពឹងពាក់គ្នាទៅវិញទៅមក។ បងប្អូនជាច្រើនច្បាស់ជាមាន«សេចក្ដីត្រូវការជាបន្ទាន់» ហើយនោះបើកឱកាសឲ្យគ្រិស្តសាសនិកបង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះ និងបង្ហាញចិត្តរាក់ទាក់ដោយគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងចែករំលែកអ្វីដែលពួកគេមានដល់បងប្អូនរួមជំនឿ។—ទីត. ៣:១៤
១៦. តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿដែលត្រូវការជំនួយ? (សូមមើលរូបភាពផងដែរ)
១៦ មេរៀនសម្រាប់យើង៖ សេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យគាំទ្របងប្អូនរួមជំនឿពេលដែលពួកគេត្រូវការជំនួយ។ ជាឧទាហរណ៍ បងប្អូនជាច្រើនស្នើសុំជួយបងប្អូនរួមជំនឿដែលជាជនភៀសខ្លួនដោយសារសង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិ។ បងប្អូនផ្ដល់ឲ្យជនភៀសខ្លួនទាំងនោះនូវអ្វីដែលពួកគេត្រូវការដើម្បីរស់នៅ ហើយលើកទឹកចិត្តនិងជួយពួកគេឲ្យបន្តបម្រើព្រះយេហូវ៉ា។ បងស្រីជនជាតិអ៊ុយក្រែនម្នាក់ដែលបានចាកចេញពីផ្ទះដោយសារសង្គ្រាមបាននិយាយថា៖ «យើងបានឃើញអំពីរបៀបដែលព្រះយេហូវ៉ាប្រើបងប្អូនដើម្បីណែនាំយើងនិងថែរក្សាយើង។ ពួកគេបានស្វាគមន៍យើង ហើយជួយយើងច្រើនណាស់ទាំងនៅប្រទេសអ៊ុយក្រែន ទាំងនៅប្រទេសហុងគ្រី ហើយឥឡូវនៅប្រទេសអាល្លឺម៉ង់»។ យើងរួមកិច្ចការជាមួយនឹងព្រះយេហូវ៉ា ពេលយើងទទួលបងប្អូនរបស់យើងយ៉ាងរាក់ទាក់ ហើយបំពេញសេចក្ដីត្រូវការរបស់ពួកគេ។—សុភ. ១៩:១៧; ២កូ. ១:៣, ៤
គ្រិស្តសាសនិកដែលភៀសខ្លួននៅសព្វថ្ងៃនេះត្រូវការជំនួយពីយើង (សូមមើលវគ្គ១៦)
១៧. ហេតុអ្វីគឺសំខាន់ចាំបាច់ដែលយើងរៀននៅឥឡូវនេះឲ្យបង្ហាញសេចក្ដីស្រឡាញ់និងទទួលបងប្អូនយ៉ាងរាក់ទាក់?
១៧ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងនឹងត្រូវជួយគ្នាទៅវិញទៅមកច្រើនជាងឥឡូវនេះទៅទៀត។ (ហាប. ៣:១៦-១៨) ព្រះយេហូវ៉ាកំពុងបង្ហាត់បង្រៀនយើងនៅឥឡូវនេះឲ្យបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូននិងទទួលគ្នាយ៉ាងរាក់ទាក់ ជាគុណសម្បត្តិដែលនឹងសំខាន់ចាំបាច់នៅពេលនោះ។
តើអ្វីនឹងកើតឡើងនៅថ្ងៃអនាគត?
១៨. តើយើងអាចធ្វើតាមគ្រិស្តសាសនិកជនជាតិហេប្រឺនៅសតវត្សរ៍ទី១យ៉ាងដូចម្ដេច?
១៨ គ្រិស្តសាសនិកដែលបានស្ដាប់បង្គាប់ ហើយរត់ចេញទៅតំបន់ភ្នំ បានរួចជីវិតពេលដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញ។ ទោះបីជាពួកគេត្រូវលះចោលអ្វីៗទាំងអស់នៅក្រុងនោះក្ដី ព្រះយេហូវ៉ាបានថែរក្សាពួកគេ។ លោកមិនដែលបោះបង់ចោលពួកគេឡើយ។ ចុះយ៉ាងណានៅសព្វថ្ងៃនេះ? យើងមិនដឹងអំពីអ្វីៗទាំងអស់ដែលនឹងកើតឡើងនៅថ្ងៃខាងមុខទេ។ ប៉ុន្តែ យើងមានការព្រមានពីលោកយេស៊ូឲ្យប្រុងប្រៀបស្ដាប់បង្គាប់ជានិច្ច។ (លូក. ១២:៤០) យើងក៏អាចធ្វើតាមអ្វីដែលយើងបានរៀនពីសំបុត្រដែលប៉ូលសរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺដែរ។ ម្យ៉ាងទៀត យើងក៏មានការធានាដោយផ្ទាល់ពីព្រះយេហូវ៉ាថា លោកនឹងមិនចាកចេញពីយើងឬបោះបង់ចោលយើងឡើយ។ (ហេ. ១៣:៥, ៦) សូមឲ្យយើងបន្ដទន្ទឹងរង់ចាំ«ក្រុងមួយដែលស្ថិតស្ថេរ» គឺរាជាណាចក្ររបស់ព្រះ។ យ៉ាងនោះ យើងនឹងទទួលពរយ៉ាងអស្ចារ្យជារៀងរហូត។—ម៉ាថ. ២៥:៣៤
ចម្រៀងលេខ១៥៧ ភាពសុខសាន្ត!
a នៅក្នុងគម្ពីរ ក្រុងផ្សេងៗច្រើនតែមានស្ដេចគ្រប់គ្រង។ ក្រុងបែបនោះអាចចាត់ទុកជារាជាណាចក្រមួយ។—ដក. ១៤:២
b នេះបានកើតឡើងនៅឆ្នាំ៦៧ គ.ស. មិនយូរក្រោយពីគ្រិស្តសាសនិករត់ចេញពីតំបន់យូឌានិងក្រុងយេរូសាឡិម។
c ពាក្យដែលបានត្រូវបកប្រែថា‹ស្រឡាញ់ជាបងប្អូន› អាចសំដៅទៅលើសេចក្ដីស្រឡាញ់ចំពោះសាច់ញាតិជិតដិត។ ប៉ុន្តែ ប៉ូលបានប្រើពាក្យនេះដើម្បីរៀបរាប់អំពីសេចក្ដីស្រឡាញ់ដ៏ខ្លាំងដែលយើងមានចំពោះបងប្អូនទាំងអស់នៅក្នុងក្រុមជំនុំ។