អត្ថបទសិក្សា ២២
ចម្រៀងលេខ១៥ ចូរសរសើរបុត្រច្បងរបស់ព្រះយេហូវ៉ា!
តើនាមរបស់ព្រះយេហូវ៉ាសំខាន់យ៉ាងណាចំពោះលោកយេស៊ូ?
«ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក ក៏នឹងបង្ហាញឲ្យស្គាល់តទៅទៀត»។—យ៉ូន. ១៧:២៦
ចំណុចផ្ដោត
របៀបដែលលោកយេស៊ូបង្ហាញឲ្យអ្នកឯទៀតស្គាល់នាមរបស់ព្រះយេហូវ៉ា និងរបៀបដែលលោកធ្វើឲ្យនាមរបស់បិតាលោកបានបរិសុទ្ធ ព្រមទាំងជម្រះការតិះដៀលចំពោះនាមព្រះ។
១-២. (ក) តើលោកយេស៊ូបានធ្វើអ្វីខ្លះនៅយប់មុនដែលលោកត្រូវគេសម្លាប់? (ខ) តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
នៅយប់ជ្រៅនាថ្ងៃព្រហស្បតិ៍ ទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. លោកយេស៊ូបានធ្វើពិធីអាហារល្ងាចដ៏ពិសេសមួយ ជាមួយពួកសាវ័កដ៏ស្មោះត្រង់របស់លោកនៅបន្ទប់ខាងលើ។ លោកដឹងថាមិនយូរទៀត យូដាសនឹងក្បត់លោក ហើយសត្រូវរបស់លោកនឹងធ្វើទារុណកម្មលោកនិងសម្លាប់លោក។ ដូច្នេះ បន្ទាប់ពីបរិភោគអាហារនោះរួច លោកយេស៊ូបានលើកទឹកចិត្តពួកសាវ័ក។ ក្រោយមក លោកយេស៊ូអធិដ្ឋានយ៉ាងអស់ពីចិត្ត រួចទាំងអស់គ្នាចាកចេញពីបន្ទប់ខាងលើនោះ។ សាវ័កយ៉ូហានបានកត់ទុកសេចក្ដីអធិដ្ឋាននោះ។ យើងអាចអានអំពីសេចក្ដីអធិដ្ឋាននោះ នៅក្នុងសៀវភៅយ៉ូហាន ជំពូកទី១៧។
២ ក្នុងអត្ថបទនេះ យើងនឹងឃើញអ្វីមួយចំនួនដែលយើងអាចរៀនពីសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ។ តើលោកបានបារម្ភអំពីអ្វីមុនលោកស្លាប់? តើអ្វីគឺសំខាន់ចំពោះលោកកាលដែលលោកនៅផែនដី? សូមឲ្យយើងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
«ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក»
៣. តើលោកយេស៊ូបាននិយាយយ៉ាងណាអំពីនាមរបស់ព្រះយេហូវ៉ា ហើយតើលោកចង់មានន័យយ៉ាងណា? (យ៉ូហាន ១៧:៦, ២៦)
៣ ក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក»។ តាមពិត លោកបាននិយាយពីរដងថា លោកបានបង្ហាញឲ្យពួកអ្នកកាន់តាមលោកស្គាល់នាមរបស់ព្រះយេហូវ៉ា។ (សូមអាន យ៉ូហាន ១៧:៦, ២៦) តើពាក្យរបស់លោកមានន័យយ៉ាងណា? តើលោកបានប្រាប់ពួកគេអំពីនាមមួយដែលពួកគេមិនស្គាល់ឬ? មិនមែនទេ។ ពួកអ្នកកាន់តាមរបស់លោកយេស៊ូគឺជាជនជាតិយូដា ដូច្នេះពួកគេស្គាល់នាមរបស់ព្រះរួចហើយ។ នាមនោះមានរាប់ពាន់ដងក្នុងបទគម្ពីរភាសាហេប្រឺ។ ហេតុនេះ ពេលលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក» លោកមិនចង់មានន័យថាលោកបង្រៀនពួកគេថាព្រះមាននាមយេហូវ៉ាទេ។ ផ្ទុយទៅវិញ លោកបង្រៀនពួកគេថាព្រះដែលមាននាមនោះគឺជាព្រះបែបណា។ លោកយេស៊ូបានជួយពួកអ្នកកាន់តាមរបស់លោកឲ្យស្គាល់ព្រះយេហូវ៉ាច្បាស់ជាង។ នេះរួមបញ្ចូលគោលបំណងរបស់ព្រះយេហូវ៉ាចំពោះផែនដីនិងចំពោះមនុស្សជាតិ អ្វីដែលលោកបានធ្វើរួចហើយ អ្វីដែលលោកនឹងធ្វើនៅថ្ងៃខាងមុខ និងគុណសម្បត្តិរបស់លោក។ គ្មានអ្នកណាស្គាល់ព្រះយេហូវ៉ាច្បាស់ជាងលោកយេស៊ូទេ។
៤-៥. (ក) សូមលើកឧទាហរណ៍អំពីរបៀបដែលការឮឈ្មោះរបស់បុគ្គលណាម្នាក់អាចជួយយើងឲ្យនឹកឃើញថាគាត់ជាបុគ្គលបែបណា។ (ខ) តើពួកអ្នកកាន់តាមលោកយេស៊ូបានស្គាល់ព្រះយេហូវ៉ាច្បាស់ជាងតាមរបៀបណា?
៤ ឧបមាថា សូមស្រមៃថាមានអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំរបស់អ្នកឈ្មោះដាវីឌ ហើយគាត់ក៏ជាគ្រូពេទ្យវះកាត់ដែរ។ អ្នកស្គាល់បងប្រុសនោះយូរហើយ។ ប៉ុន្តែនៅថ្ងៃមួយ អ្នកស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវព្យាបាលជាបន្ទាន់។ អ្នកទៅមន្ទីរពេទ្យដែលបងប្រុសនោះធ្វើការ ហើយគាត់បានសង្គ្រោះជីវិតអ្នក។ ឥឡូវ ពេលដែលអ្នកឮឈ្មោះរបស់បងដាវីឌ អ្នកមិនគ្រាន់តែនឹកឃើញថាគាត់ជាអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នកប៉ុណ្ណោះទេ តែគាត់ក៏ជាគ្រូពេទ្យដែលសង្គ្រោះជីវិតអ្នកដែរ។
៥ ស្រដៀងគ្នាដែរ ពួកអ្នកកាន់តាមរបស់លោកយេស៊ូស្គាល់នាមរបស់ព្រះយេហូវ៉ារួចហើយ។ ប៉ុន្តែ ដោយសារកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី ពួកគេបានស្គាល់ព្រះដែលមាននាមនោះច្បាស់ជាង។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពីព្រោះ លោកយេស៊ូបានយកតម្រាប់បិតាលោកក្នុងគ្រប់ការទាំងអស់ដែលលោកនិយាយនិងធ្វើ។ ដូច្នេះ ពេលដែលពួកអ្នកកាន់តាមលោកស្ដាប់របៀបដែលលោកយេស៊ូបង្រៀន ហើយឃើញរបៀបដែលលោកយេស៊ូប្រព្រឹត្តចំពោះអ្នកឯទៀត ពួកគេអាច«ស្គាល់»ព្រះយេហូវ៉ាច្បាស់ជាង។—យ៉ូន. ១៤:៩; ១៧:៣
«នាមរបស់លោក ដែលលោកបានឲ្យខ្ញុំ»
៦. ហេតុអ្វីលោកយេស៊ូអាចនិយាយថាព្រះយេហូវ៉ាបានឲ្យលោកយេស៊ូនូវនាមរបស់លោក? (យ៉ូហាន ១៧:១១, ១២)
៦ ក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ លោកបានអធិដ្ឋានឲ្យពួកអ្នកកាន់តាមលោកថា៖ «សូមការពារពួកគាត់ដោយយល់ដល់នាមរបស់លោក ដែលលោកបានឲ្យខ្ញុំ»។ (សូមអាន យ៉ូហាន ១៧:១១, ១២) តើនេះមានន័យថាចាប់ពីពេលនោះមកលោកនឹងត្រូវគេស្គាល់ថាជាព្រះយេហូវ៉ាឬ? មិនមែនទេ។ សូមកត់សម្គាល់ថា ក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ លោកបានសំដៅនាមរបស់ព្រះយេហូវ៉ាថាជា‹នាមរបស់បិតាលោក›។ ដូច្នេះ នាមរបស់ព្រះយេហូវ៉ាមិនបានក្លាយទៅជាឈ្មោះរបស់លោកយេស៊ូផ្ទាល់ទេ។ តើលោកយេស៊ូចង់មានន័យយ៉ាងណាពេលលោកមានប្រសាសន៍ថានាមរបស់ព្រះយេហូវ៉ាបានត្រូវឲ្យដល់លោក? ទី១ លោកយេស៊ូជាតំណាងនិងជាអ្នកនាំពាក្យរបស់ព្រះយេហូវ៉ា។ លោកបានមកក្នុងនាមបិតារបស់លោក ហើយបានធ្វើការអស្ចារ្យក្នុងនាមនោះ។ (យ៉ូន. ៥:៤៣; ១០:២៥) ទី២ ឈ្មោះរបស់លោកយេស៊ូមានន័យថា«ព្រះយេហូវ៉ាជាសេចក្ដីសង្គ្រោះ»។ ដូច្នេះ អត្ថន័យនៃឈ្មោះរបស់លោកយេស៊ូរួមបញ្ចូលនាមរបស់ព្រះយេហូវ៉ា។
៧. សូមលើកឧទាហរណ៍អំពីរបៀបដែលលោកយេស៊ូអាចនិយាយក្នុងនាមព្រះយេហូវ៉ា។
៧ សូមគិតអំពីឧទាហរណ៍មួយ ដោយសារទូតជាតំណាងអ្នកគ្រប់គ្រង នោះគាត់អាចនិយាយក្នុងនាមអ្នកគ្រប់គ្រងនោះ។ ដូច្នេះ ពាក្យរបស់ទូតមានអំណាចដូចពាក្យរបស់អ្នកគ្រប់គ្រង។ ស្រដៀងគ្នាដែរ លោកយេស៊ូជាតំណាងព្រះយេហូវ៉ា ហើយលោកនិយាយទៅកាន់មនុស្សក្នុងនាមបិតាលោក។—ម៉ាថ. ២១:៩; លូក. ១៣:៣៥
៨. សូម្បីតែមុនលោកយេស៊ូមកផែនដី ហេតុអ្វីបានជាព្រះយេហូវ៉ាមានប្រសាសន៍ថាលោកយេស៊ូ«ជាតំណាង»នាមលោក? (ដំណើរចាកចេញ ២៣:២០, ២១)
៨ គម្ពីរហៅលោកយេស៊ូថា«បណ្ដាំ» ដោយសារព្រះយេហូវ៉ាប្រើលោកយេស៊ូដើម្បីប្រាប់ពួកទេវតានិងមនុស្សជាតិអំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យពួកគេដឹងនិងចង់ឲ្យពួកគេធ្វើ។ (យ៉ូន. ១:១-៣) លោកយេស៊ូទំនងជាទេវតាដែលព្រះយេហូវ៉ាបានចាត់ឲ្យថែរក្សាជនជាតិអ៊ីស្រាអែល កាលដែលពួកគេនៅតំបន់ស្ងាត់ជ្រងំ។ ពេលព្រះយេហូវ៉ាប្រាប់ជនជាតិអ៊ីស្រាអែលឲ្យស្ដាប់បង្គាប់ទេវតានោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ដោយសារគាត់ជាតំណាងនាមខ្ញុំ»។a (សូមអាន ដំណើរចាកចេញ ២៣:២០, ២១) ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះ ដោយសារលោកយេស៊ូនិយាយជំនួសលោក ហើយលោកយេស៊ូជាបុគ្គលសំខាន់ចម្បងដែលគាំទ្រនាមរបស់ព្រះយេហូវ៉ានិងធ្វើឲ្យនាមរបស់បិតាលោកបានបរិសុទ្ធ។
«បិតាអើយ សូមលើកតម្កើងនាមរបស់លោក»
៩. តើនាមរបស់ព្រះយេហូវ៉ាគឺសំខាន់យ៉ាងណាចំពោះលោកយេស៊ូ? សូមពន្យល់។
៩ ដូចយើងបានពិចារណារួចហើយ សូម្បីតែមុនលោកយេស៊ូមកផែនដី ក៏នាមរបស់ព្រះយេហូវ៉ាគឺសំខាន់ណាស់ចំពោះលោក។ ពេលលោកយេស៊ូនៅផែនដី លោកក៏បង្ហាញតាមរយៈអ្វីទាំងអស់ដែលលោកបានធ្វើថានាមរបស់ព្រះយេហូវ៉ាគឺសំខាន់យ៉ាងខ្លាំងចំពោះលោកដែរ។ ជិតទីបញ្ចប់នៃកិច្ចបម្រើរបស់លោកយេស៊ូ លោកបានមានប្រសាសន៍ថា៖ «បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ ភ្លាមៗ បិតារបស់លោកបានតបឆ្លើយដោយមានសំឡេងដ៏ខ្លាំងពីលើមេឃថា៖ «ខ្ញុំបានលើកតម្កើងនាមរបស់ខ្ញុំ ហើយខ្ញុំនឹងលើកតម្កើងម្ដងទៀត»។—យ៉ូន. ១២:២៨
១០-១១. (ក) តើលោកយេស៊ូបានលើកតម្កើងនាមរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ) (ខ) ហេតុអ្វីនាមរបស់ព្រះយេហូវ៉ាត្រូវបានបរិសុទ្ធនិងត្រូវជម្រះពីការតិះដៀល?
១០ លោកយេស៊ូក៏បានលើកតម្កើងនាមរបស់បិតាលោកដែរ។ តើតាមរបៀបណា? លោកបានប្រាប់អ្នកឯទៀតថាព្រះយេហូវ៉ាអស្ចារ្យយ៉ាងណា ហើយប្រាប់អំពីអ្វីដ៏គួរឲ្យកោតស្ងើចដែលព្រះយេហូវ៉ាធ្វើ។ ប៉ុន្តែ ការលើកតម្កើងនាមព្រះយេហូវ៉ាគឺតម្រូវឲ្យលោកយេស៊ូធ្វើលើសពីនេះទៅទៀត។ នាមរបស់ព្រះយេហូវ៉ាត្រូវបរិសុទ្ធ ហើយកេរ្តិ៍ឈ្មោះរបស់លោកត្រូវជម្រះអស់ទាំងការតិះដៀល។b លោកយេស៊ូបានបង្ហាញថានេះគឺសំខាន់យ៉ាងណា ពេលលោកបង្រៀនពួកអ្នកកាន់តាមលោកនូវសេចក្ដីអធិដ្ឋានគំរូ។ លោកបានមានប្រសាសន៍ថា៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។—ម៉ាថ. ៦:៩
១១ ហេតុអ្វីនាមរបស់ព្រះយេហូវ៉ាត្រូវបានបរិសុទ្ធនិងត្រូវជម្រះអស់ទាំងការតិះដៀល? ពីព្រោះនៅសួនអេដែនមេកំណាចសាថានបានបង្អាប់កិត្តិយសនិងបង្កាច់បង្ខូចព្រះយេហូវ៉ា។ សាថានបានអះអាងថាព្រះយេហូវ៉ាជាអ្នកកុហក ហើយថាលោកលាក់អ្វីល្អពីអាដាមនិងអេវ៉ា។ (ដក. ៣:១-៥) សាថាននិយាយបង្កប់អត្ថន័យថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺមិនត្រឹមត្រូវ។ ការចោទប្រកាន់មិនពិតរបស់សាថានបានបង្ខូចកេរ្តិ៍ឈ្មោះឬនាមរបស់ព្រះយេហូវ៉ា។ ក្រោយមកនៅសម័យរបស់យ៉ូប សាថានក៏បានអះអាងថាពួកអ្នកដែលបម្រើព្រះយេហូវ៉ា បម្រើលោកដោយសារតែពួកគេទទួលប្រយោជន៍ពីលោកប៉ុណ្ណោះ។ អ្នកភូតភរនោះក៏និយាយថា មនុស្សនឹងឈប់បម្រើព្រះយេហូវ៉ាពេលពួកគេមានការពិបាក ដោយសារពួកគេមិនស្រឡាញ់លោកយ៉ាងស្មោះទេ។ (យ៉ូប ១:៩-១១; ២:៤) គឺត្រូវការពេលដើម្បីបង្ហាញថាអ្នកណាគឺជាអ្នកភូតភរ តើនោះជាព្រះយេហូវ៉ាឬសាថាន?
លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកថាការលើកតម្កើងនាមរបស់ព្រះយេហូវ៉ាគឺសំខាន់យ៉ាងណា (សូមមើលវគ្គ១០)
«ខ្ញុំលះបង់ជីវិត»
១២. ដោយសារលោកយេស៊ូស្រឡាញ់នាមរបស់ព្រះយេហូវ៉ា តើលោកយេស៊ូសុខចិត្តធ្វើអ្វីខ្លះ?
១២ ដោយសារលោកយេស៊ូស្រឡាញ់ព្រះយេហូវ៉ា លោកចង់ធ្វើអ្វីទាំងអស់ដែលលោកអាចធ្វើបានដើម្បីធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធនិងជម្រះការតិះដៀលពីនាមរបស់បិតាលោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ខ្ញុំលះបង់ជីវិត»។ (យ៉ូន. ១០:១៧, ១៨) មែនហើយ លោកថែមទាំងសុខចិត្តស្លាប់ដើម្បីនាមរបស់ព្រះយេហូវ៉ាទៀតផង។c អាដាមនិងអេវ៉ាដែលជាមនុស្សល្អឥតខ្ចោះដំបូងគេ មិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយទៅតាមសាថាន។ ផ្ទុយទៅវិញ លោកយេស៊ូសុខចិត្តមកផែនដី ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ លោកយេស៊ូបានធ្វើដូច្នេះ ដោយរក្សាចិត្តស្មោះឥតងាករេយ៉ាងល្អឥតខ្ចោះ។ (ហេ. ៤:១៥; ៥:៧-១០) លោកយេស៊ូបានរក្សាចិត្តស្មោះឥតងាករេពេញមួយជីវិតរបស់លោក រហូតដល់លោកស្លាប់លើបង្គោលទារុណកម្ម។ (ហេ. ១២:២) យ៉ាងនេះ លោកយេស៊ូបង្ហាញថា លោកស្រឡាញ់ព្រះយេហូវ៉ានិងនាមរបស់បិតាលោក។
១៣. ហេតុអ្វីលោកយេស៊ូគឺជាបុគ្គលល្អបំផុតដើម្បីបង្ហាញថាសាថានជាអ្នកភូតភរ? (សូមមើលរូបភាពផងដែរ)
១៣ តាមរយៈជីវិតទាំងមូលរបស់លោកយេស៊ូ លោកបានបង្ហាញយ៉ាងច្បាស់ថាសាថានគឺជាអ្នកភូតភរមិនមែនព្រះយេហូវ៉ាទេ។ (យ៉ូន. ៨:៤៤) លោកយេស៊ូស្គាល់ព្រះយេហូវ៉ាច្បាស់ជាងអ្នកណាទាំងអស់ដែលធ្លាប់រស់នៅ។ បើអ្វីដែលសាថានបានចោទប្រកាន់ព្រះយេហូវ៉ាគឺជាការពិត លោកយេស៊ូច្បាស់ជាដឹងអំពីរឿងនោះ។ ប៉ុន្តែ លោកយេស៊ូតាំងចិត្តការពារកេរ្តិ៍ឈ្មោះឬនាមរបស់ព្រះយេហូវ៉ា ហើយនោះបង្ហាញថា លោកដឹងថាការចោទប្រកាន់នោះគឺមិនពិតទាល់តែសោះ។ ទោះជាមើលទៅព្រះយេហូវ៉ាបានបោះបង់ចោលលោកក្ដី លោកយេស៊ូសុខចិត្តស្លាប់ជាជាងមិនស្ដាប់បង្គាប់បិតាដែលស្រឡាញ់លោក។—ម៉ាថ. ២៧:៤៦d
អ្វីទាំងអស់ដែលលោកយេស៊ូបានធ្វើបង្ហាញថាសាថានគឺជាអ្នកភូតភរមិនមែនព្រះយេហូវ៉ាទេ! (សូមមើលវគ្គ១៣)
«ខ្ញុំបាន . . . បង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យខ្ញុំធ្វើ»
១៤. តើព្រះយេហូវ៉ាបានឲ្យរង្វាន់អ្វីចំពោះភាពស្មោះត្រង់របស់លោកយេស៊ូ?
១៤ ក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូនៅយប់មុនដែលលោកស្លាប់ លោកបានអធិដ្ឋានថា៖ «ខ្ញុំបាន . . . បង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យខ្ញុំធ្វើ»។ លោកទុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ចំពោះភាពស្មោះត្រង់របស់លោក។ (យ៉ូន. ១៧:៤, ៥) ទំនុកចិត្តរបស់លោកយេស៊ូទៅលើបិតារបស់លោកមិននាំឲ្យលោកខកចិត្តឡើយ។ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យលោកនៅក្នុងផ្នូររហូតទេ។ (សកម្ម. ២:២៣, ២៤) ព្រះយេហូវ៉ាបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ហើយបានឲ្យលោកយេស៊ូមានឋានៈខ្ពស់ជាងមុននៅស្ថានសួគ៌។ (ភី. ២:៨, ៩) ក្រោយមក លោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងជាស្ដេចនៃរាជាណាចក្ររបស់ព្រះ។ តើរាជាណាចក្រនោះនឹងសម្រេចអ្វី? ផ្នែកទី២នៃសេចក្ដីអធិដ្ឋានគំរូប្រាប់យើងថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់[ព្រះយេហូវ៉ា]បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថ. ៦:១០
១៥. តើលោកយេស៊ូនឹងសម្រេចអ្វីខ្លះទៀត?
១៥ នៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ លោកយេស៊ូនឹងច្បាំងជាមួយនឹងសត្រូវរបស់ព្រះ ហើយបំផ្លាញមនុស្សទុច្ចរិតនៅសង្គ្រាមអាម៉ាគេដូន។ (បប. ១៦:១៤, ១៦; ១៩:១១-១៦) មិនយូរក្រោយពីនោះ លោកនឹងបោះសាថានទៅក្នុង«ទីជ្រៅបំផុត» ហើយនៅទីនោះវានឹងត្រូវឃុំ និងមិនអាចធ្វើអ្វីបានទាំងអស់។ (បប. ២០:១-៣) បន្ទាប់មក ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកយេស៊ូ លោកនឹងធ្វើឲ្យមានសន្តិភាពនៅផែនដីឡើងវិញ ហើយនឹងជួយឲ្យមនុស្សទៅជាល្អឥតខ្ចោះ។ លោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ បន្ថែមទៅទៀត លោកនឹងធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន។ យ៉ាងនេះ គោលបំណងរបស់ព្រះយេហូវ៉ានឹងសម្រេច!—បប. ២១:១-៤
១៦. តើអ្វីនឹងត្រូវសម្រេចនៅចុងបញ្ចប់នៃការគ្រប់គ្រងមួយពាន់ឆ្នាំ?
១៦ តើយើងអាចរំពឹងថាអ្វីនឹងកើតឡើងក្រោយការគ្រប់គ្រងមួយពាន់ឆ្នាំ? ការខុសឆ្គងនិងភាពមិនល្អឥតខ្ចោះរបស់មនុស្សនឹងលែងមានទៀត។ មនុស្សអាចមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាដោយលែងត្រូវការអ្នកសម្រុះសម្រួល ពួកសង្ឃ និងថ្លៃលោះ ដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គង។ ម្យ៉ាងទៀត«សត្រូវចុងក្រោយដែលជាសេចក្ដីស្លាប់[ពីអាដាម]នឹងត្រូវបំផ្លាញឲ្យសាបសូន្យ»។ នៅពេលនោះមនុស្សស្លាប់បានត្រូវប្រោសឲ្យរស់ឡើងវិញរួចហើយ ហើយមនុស្សគ្រប់រូបគឺល្អឥតខ្ចោះ។—១កូ. ១៥:២៥, ២៦
១៧-១៨. (ក) តើអ្វីនឹងកើតឡើងនៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំ? (ខ) តើលោកយេស៊ូនឹងធ្វើអ្វីពេលទីបញ្ចប់នៃការគ្រប់គ្រងរបស់លោកមកដល់? (កូរិនថូសទី១ ១៥:២៤, ២៨) (សូមមើលរូបភាពផងដែរ)
១៧ តើមានអ្វីទៀតនឹងកើតឡើងនៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំ? នៅពេលនោះនឹងមានអ្វីដ៏ពិសេសកើតឡើង។ គឺរឿងដែលជាប់ទាក់ទងនឹងការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធនឹងត្រូវបញ្ចប់។ ហេតុអ្វី? នៅសួនអេដែន សាថានបានអះអាងថាព្រះយេហូវ៉ាគឺជាអ្នកភូតភរ ហើយថាការគ្រប់គ្រងរបស់លោកមិនមែនផុសចេញពីសេចក្ដីស្រឡាញ់ទេ។ តាំងពីពេលនោះមក អ្នកបម្រើរបស់ព្រះយេហូវ៉ាបានលើកតម្កើងនាមរបស់លោកឲ្យបានបរិសុទ្ធម្ដងហើយម្ដងទៀត។ ដូច្នេះ នៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំ កេរ្តិ៍ឈ្មោះរបស់ព្រះយេហូវ៉ានឹងត្រូវជម្រះពីការតិះដៀលទាំងអស់។ លោកបានបង្ហាញយ៉ាងច្បាស់ថា លោកគឺជាបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់។
១៨ ក្រោយការគ្រប់គ្រងមួយពាន់ឆ្នាំ មនុស្សគ្រប់រូបនឹងដឹងថាអ្វីដែលសាថានចោទប្រកាន់ព្រះយេហូវ៉ាគឺជាការកុហក។ តើលោកយេស៊ូនឹងធ្វើអ្វីពេលទីបញ្ចប់នៃការគ្រប់គ្រងរបស់លោកមកដល់? តើលោកនឹងធ្វើតាមគំរូរបស់សាថានដោយបះបោរប្រឆាំងព្រះយេហូវ៉ាឬទេ? មិនមែនទេ។ (សូមអាន កូរិនថូសទី១ ១៥:២៤, ២៨) លោកយេស៊ូនឹងប្រគល់រាជាណាចក្រជូនបិតារបស់លោកវិញ។ លោកនឹងចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ មែនហើយ ខុសពីសាថាន លោកយេស៊ូនឹងសុខចិត្តលះបង់អំណាចទាំងអស់របស់លោក ដោយសារលោកស្រឡាញ់ព្រះយេហូវ៉ា។
លោកយេស៊ូសុខចិត្តប្រគល់រាជាណាចក្រដល់ព្រះយេហូវ៉ាវិញ នៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោក (សូមមើលវគ្គ១៨)
១៩. តើនាមរបស់ព្រះយេហូវ៉ាគឺសំខាន់យ៉ាងណាចំពោះលោកយេស៊ូ?
១៩ យើងពិតជាអាចយល់អំពីមូលហេតុដែលព្រះយេហូវ៉ាសុខចិត្តឲ្យនាមរបស់លោកដល់លោកយេស៊ូ! លោកយេស៊ូជាតំណាងបិតារបស់លោកយ៉ាងល្អឥតខ្ចោះ។ តើនាមរបស់ព្រះយេហូវ៉ាសំខាន់យ៉ាងណាចំពោះលោកយេស៊ូ? គឺសំខាន់ជាងអ្វីណាទាំងអស់។ លោកសុខចិត្តស្លាប់ដើម្បីនាមនោះ ហើយនៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំ លោកយេស៊ូនឹងប្រគល់អ្វីៗអស់ទៅព្រះយេហូវ៉ាវិញ។ តើយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច? យើងនឹងពិចារណាចម្លើយចំពោះសំណួរនេះក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ១៦ ចូរសរសើរព្រះយេហូវ៉ាដែលបានរើសតាំងបុត្រលោក
a ជួនកាលទេវតាក៏តំណាងឲ្យព្រះយេហូវ៉ាពេលពួកគេនាំដំណឹងក្នុងនាមលោក។ នេះជាមូលហេតុដែលជួនកាលគម្ពីរចែងថា ព្រះយេហូវ៉ាកំពុងមានប្រសាសន៍ ទោះជាតាមពិតគឺជាទេវតាដែលនិយាយតំណាងលោកក្ដី។ (ដក. ១៨:១-៣៣) ពិតមែនតែ បទគម្ពីរចែងថាម៉ូសេបានទទួលច្បាប់ពីព្រះយេហូវ៉ា ប៉ុន្តែខឯទៀតបង្ហាញថា ព្រះយេហូវ៉ាបានប្រើទេវតាឲ្យប្រគល់ច្បាប់ដល់ជនជាតិអ៊ីស្រាអែលក្នុងនាមលោក។—ចល. ២៧:៣៤; សកម្ម. ៧:៣៨, ៥៣; កាឡ. ៣:១៩; ហេ. ២:២-៤
b ការពន្យល់ពាក្យ៖ ពាក្យ‹ធ្វើឲ្យបរិសុទ្ធ›មានន័យថាលើកកិត្តិយស ចាត់ទុកថាបរិសុទ្ធ ឬគោរពយ៉ាងជ្រាលជ្រៅ។
c ការស្លាប់របស់លោកយេស៊ូក៏បើកឱកាសឲ្យមនុស្សជាតិទទួលជីវិតដែលគ្មានទីបញ្ចប់ដែរ។
d សូមមើល«សំណួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាម ខែមេសា ឆ្នាំ២០២១ ទំ.៣០-៣១។