អត្ថបទសិក្សា ៣២
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
របៀបដែលព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំ
«ព្រះដែលផ្ដល់គុណដ៏វិសេសលើសលប់គ្រប់យ៉ាង . . . នឹងធ្វើឲ្យអ្នករាល់គ្នាមាំមួនហើយខ្លាំងក្លា លោកនឹងជួយអ្នកមិនឲ្យរង្គោះរង្គើឡើយ»។—១ពេ. ៥:១០
ចំណុចផ្ដោត
អ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យដើម្បីជួយយើងឲ្យស៊ូទ្រាំ និងរបៀបដែលយើងអាចទទួលប្រយោជន៍ពីអ្វីទាំងនោះ។
១. ហេតុអ្វីយើងត្រូវស៊ូទ្រាំ ហើយតើយើងមានជំនួយពីអ្នកណា? (ពេត្រុសទី១ ៥:១០)
ក្នុងគ្រាចុងក្រោយបង្អស់ដ៏លំបាកនេះ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវស៊ូទ្រាំ។ បងប្អូនខ្លះកំពុងរងទុក្ខដោយសារជំងឺរ៉ាំរ៉ៃ។ បងប្អូនខ្លះទៀតរងទុក្ខដោយសារបាត់បង់មនុស្សជាទីស្រឡាញ់។ រីឯបងប្អូនឯទៀតជួបការប្រឆាំង មិនថានោះមកពីសមាជិកក្រុមគ្រួសារឬពីពួកអាជ្ញាធរក្ដី។ (ម៉ាថ. ១០:១៨, ៣៦, ៣៧) សូមជឿជាក់ថា ទោះជាអ្នកប្រឈមមុខនឹងទុក្ខលំបាកណាក៏ដោយ ព្រះយេហូវ៉ាអាចជួយអ្នកឲ្យស៊ូទ្រាំ។—សូមអាន ពេត្រុសទី១ ៥:១០
២. តើសមត្ថភាពស៊ូទ្រាំដែលគ្រិស្តសាសនិកមានមកពីណា?
២ ការស៊ូទ្រាំគឺជាសមត្ថភាពតស៊ូ ហើយរក្សាសេចក្ដីសង្ឃឹម ទោះជាប្រឈមមុខនឹងឧបសគ្គ ការបៀតបៀន ទុក្ខលំបាក ឬការល្បួងផ្សេងៗក្ដី។ សមត្ថភាពស៊ូទ្រាំដែលគ្រិស្តសាសនិកមាន មិនមែនមកពីកម្លាំងផ្ទាល់ខ្លួនរបស់យើងទេ តែមកពីព្រះយេហូវ៉ាជាអ្នកដែលអាចឲ្យយើងនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា»។ (២កូ. ៤:៧) នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីបួនយ៉ាងដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងដើម្បីជួយយើងឲ្យស៊ូទ្រាំ។ យើងក៏នឹងរៀនដែរអំពីអ្វីដែលយើងអាចធ្វើដើម្បីទទួលប្រយោជន៍ពីអ្វីទាំងនេះ។
សេចក្ដីអធិដ្ឋាន
៣. ហេតុអ្វីយើងអាចនិយាយថាគឺអស្ចារ្យណាស់ដែលយើងអាចអធិដ្ឋានទៅព្រះយេហូវ៉ា?
៣ ព្រះយេហូវ៉ាបានឲ្យអ្វីដ៏អស្ចារ្យដែលអាចជួយយើងឲ្យស៊ូទ្រាំ។ លោកបានបើកឱកាសឲ្យយើងប្រាស្រ័យទាក់ទងជាមួយនឹងលោក ទោះបីជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី។ (ហេ. ៤:១៦) សូមគិតអំពីនេះ៖ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ានៅពេលណាក៏បាន ហើយអំពីរឿងអ្វីក៏បាន។ លោកអាចស្ដាប់យើង មិនថាយើងនិយាយភាសាណាឬនៅកន្លែងណាក្ដី សូម្បីតែយើងនៅម្នាក់ឯងឆ្ងាយពីគេឬជាប់គុក ក៏លោកអាចស្ដាប់យើងបានដែរ។ (យ៉ូណ. ២:១, ២; សកម្ម. ១៦:២៥, ២៦) បើយើងខ្វល់ខ្វាយយ៉ាងខ្លាំងរហូតដល់រកពាក្យនិយាយមិនបាន ព្រះយេហូវ៉ានៅតែអាចយល់អំពីអ្វីដែលយើងចង់និយាយ។ (រ៉ូម ៨:២៦, ២៧) គឺពិតជាអស្ចារ្យណាស់ដែលយើងអាចអធិដ្ឋានទៅព្រះយេហូវ៉ា!
៤. ពេលយើងអធិដ្ឋានសុំព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំ ហេតុអ្វីយើងដឹងថាលោកនឹងជួយ?
៤ ក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា លោកពង្រឹងទំនុកចិត្តយើងថា ‹អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់លោក នោះលោកនឹងស្ដាប់យើង›។ (១យ៉ូន. ៥:១៤) តើយើងអាចសុំព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំឬទេ? យើងអាចសុំលោកបាន! ការធ្វើដូច្នេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក។ ហេតុអ្វីយើងអាចនិយាយបែបនេះ? ពេលយើងស៊ូទ្រាំនឹងទុក្ខលំបាក យើងបើកឱកាសឲ្យព្រះយេហូវ៉ាតបឆ្លើយនឹងមេកំណាចសាថាន ដែលជាអ្នកតិះដៀលលោក។ (សុភ. ២៧:១១) ម្យ៉ាងទៀត គម្ពីរចែងថាព្រះយេហូវ៉ាចង់«ប្រើកម្លាំងរបស់លោកដើម្បីជួយអស់អ្នកដែលបម្រើលោកដោយស្មោះអស់ពីចិត្ត»។ (២ប្រ. ១៦:៩) ដូច្នេះ យើងអាចប្រាកដថា ព្រះយេហូវ៉ាមានទាំងឫទ្ធានុភាពទាំងបំណងចិត្តដើម្បីជួយយើងឲ្យស៊ូទ្រាំ។—អេ. ៣០:១៨; ៤១:១០; លូក. ១១:១៣
៥. តើការអធិដ្ឋានអាចជួយយើងឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្តយ៉ាងដូចម្ដេច? (អេសាយ ២៦:៣)
៥ គម្ពីរចែងថា ពេលយើងអធិដ្ឋានអស់ពីចិត្តអំពីការខ្វល់ខ្វាយរបស់យើង នោះ«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់[យើង]»។ (ភី. ៤:៧) សូមគិតអំពីអត្ថន័យនៃខនេះ។ មនុស្សដែលមិនបម្រើព្រះយេហូវ៉ាក៏រងទុក្ខលំបាកដែរ។ ពួកគេប្រហែលជាសាកល្បងរបៀបផ្សេងៗដើម្បីមានសេចក្ដីសុខសាន្តក្នុងចិត្ត។ ជាឧទាហរណ៍ មនុស្សខ្លះធ្វើសមាធិដើម្បីបំបាត់ចោលគំនិតទាំងអស់ រួមទាំងការខ្វល់ខ្វាយ។ ប៉ុន្តែ ពេលបុគ្គលណាម្នាក់ធ្វើអ្វីបែបនេះ ហើយលែងគ្រប់គ្រងគំនិតរបស់ខ្លួន គាត់អាចទទួលឥទ្ធិពលពីពួកវិញ្ញាណកំណាច។ នេះពិតជាគ្រោះថ្នាក់។ (សូមពិនិត្យបន្ថែម ម៉ាថាយ ១២:៤៣-៤៥) ផ្ទុយទៅវិញ សេចក្ដីសុខសាន្តដែលព្រះយេហូវ៉ាផ្ដល់ឲ្យពេលយើងអធិដ្ឋាន គឺល្អជាងឆ្ងាយណាស់ពីសេចក្ដីសុខសាន្តដែលមនុស្សប្រហែលជាទទួលពីការសមាធិបែបនោះ។ ពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ា យើងបង្ហាញថាយើងពឹងផ្អែកលើលោកទាំងស្រុង ហើយលោកឲ្យយើងនូវ‹សេចក្ដីសុខសាន្តជានិច្ច›។ (សូមអាន អេសាយ ២៦:៣) របៀបមួយដែលព្រះយេហូវ៉ាធ្វើដូច្នេះ គឺដោយជួយយើងឲ្យចាំអំពីសេចក្ដីបង្រៀនដែលពង្រឹងកម្លាំងចិត្តយើង ដែលយើងបានរៀនពីបណ្ដាំរបស់លោក។ សេចក្ដីបង្រៀនទាំងនេះជួយយើងឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្តនិងគំនិត ដោយសារយើងដឹងថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើង ហើយចង់ជួយយើង។—ចសព. ៦២:១, ២
៦. តើអ្នកអាចអធិដ្ឋានអំពីរឿងអ្វីខ្លះ? (សូមមើលរូបភាពផងដែរ)
៦ អ្វីដែលអ្នកអាចធ្វើ។ កាលដែលអ្នកស៊ូទ្រាំនឹងការសាកល្បងជំនឿ «ចូរផ្ទេរបន្ទុកទៅព្រះយេហូវ៉ា» ហើយអធិដ្ឋានសុំសេចក្ដីសុខសាន្តពីលោក។ (ចសព. ៥៥:២២) ម្យ៉ាងទៀត សូមអធិដ្ឋានសុំប្រាជ្ញាដែលអ្នកត្រូវការ ដើម្បីអ្នកអាចប្រឈមមុខនឹងការពិបាកនោះ។ (សុភ. ២:១០, ១១) មួយវិញទៀត សូមកុំភ្លេចអរគុណព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានរបស់អ្នក។ (ភី. ៤:៦) សូមគិតអំពីរបៀបដែលលោកកំពុងជួយអ្នកជារៀងរាល់ថ្ងៃឲ្យស៊ូទ្រាំ ហើយអរគុណលោកចំពោះជំនួយ និងអ្វីល្អដែលលោកផ្ដល់ឲ្យអ្នក។ សូមកុំឲ្យទុក្ខលំបាកធ្វើឲ្យអ្នកមិនកត់សម្គាល់ពរដែលអ្នកបានទទួលឡើយ។—ចសព. ១៦:៥, ៦
ពេលអ្នកអធិដ្ឋាន អ្នកកំពុងនិយាយទៅកាន់ព្រះយេហូវ៉ា។ ពេលអ្នកអានគម្ពីរ ព្រះយេហូវ៉ាកំពុងនិយាយទៅកាន់អ្នក (សូមមើលវគ្គ៦)b
បណ្ដាំរបស់ព្រះ
៧. តើការសិក្សាគម្ពីរអាចជួយយើងឲ្យស៊ូទ្រាំយ៉ាងដូចម្ដេច?
៧ ព្រះយេហូវ៉ាបានឲ្យបណ្ដាំរបស់លោកដល់យើងដើម្បីជួយយើងឲ្យស៊ូទ្រាំ។ មានខគម្ពីរជាច្រើនដែលពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាគាំទ្រយើង។ សូមគិតអំពីឧទាហរណ៍មួយ។ ម៉ាថាយ ៦:៨ចែងថា៖ «បិតារបស់អ្នករាល់គ្នាជ្រាបពីអ្វីដែលអ្នកត្រូវការ មុនដែលអ្នកសុំទៅទៀត»។ នេះជាប្រសាសន៍របស់លោកយេស៊ូ ហើយលោកស្គាល់ព្រះយេហូវ៉ាច្បាស់ជាងអ្នកណាទាំងអស់។ ហេតុនេះ គ្មានហេតុឲ្យយើងសង្ស័យថា ព្រះយេហូវ៉ាមិនចាប់អារម្មណ៍សេចក្ដីត្រូវការរបស់យើង ពេលដែលយើងប្រឈមមុខនឹងការពិបាកឡើយ។ គម្ពីរពេញទៅដោយសេចក្ដីសន្យាពីព្រះយេហូវ៉ា ដែលអាចផ្ដល់កម្លាំងដែលយើងត្រូវការ ដើម្បីស៊ូទ្រាំងនឹងទុក្ខលំបាក។—ចសព. ៩៤:១៩
៨. (ក) សូមលើកឧទាហរណ៍អំពីយោបល់ពីគម្ពីរដែលអាចជួយយើងឲ្យស៊ូទ្រាំ។ (ខ) ពេលយើងត្រូវការយោបល់ តើអ្វីអាចជួយយើងឲ្យនឹកចាំអំពីយោបល់ក្នុងគម្ពីរ?
៨ គម្ពីរផ្ដល់យោបល់ដែលអាចជួយយើងឲ្យស៊ូទ្រាំក្នុងគ្រាលំបាក។ យោបល់នោះអាចផ្ដល់ឲ្យយើងនូវប្រាជ្ញាដែលយើងត្រូវការ ដើម្បីធ្វើការសម្រេចចិត្តល្អ។ (សុភ. ២:៦, ៧) ជាឧទាហរណ៍ គម្ពីរប្រាប់យើងឲ្យឈប់ខ្វល់ខ្វាយអំពីអ្វីដែលប្រហែលជានឹងកើតឡើងនៅថ្ងៃអនាគត តែឲ្យយើងពឹងផ្អែកលើព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ (ម៉ាថ. ៦:៣៤) បើយើងមានទម្លាប់អានគម្ពីរជារៀងរាល់ថ្ងៃ ហើយគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងបានអាន នោះយើងនឹងងាយស្រួលចាំយោបល់ពីគម្ពីរជាង ពេលយើងត្រូវធ្វើការសម្រេចចិត្តឬចង់ដឹងអំពីរបៀបស៊ូទ្រាំនឹងបញ្ហាណាមួយ។
៩. តើកំណត់ហេតុគម្ពីរពង្រឹងទំនុកចិត្តយើងយ៉ាងណាថាព្រះយេហូវ៉ានឹងជួយយើង?
៩ គម្ពីរមានកំណត់ហេតុអំពីមនុស្សធម្មតាដូចយើងដែលទុកចិត្តព្រះយេហូវ៉ា និងទទួលការគាំទ្រពីលោក។ (ហេ. ១១:៣២-៣៤; យ៉ា. ៥:១៧) កាលដែលយើងរំពឹងគិតអំពីកំណត់ហេតុបែបនេះ យើងមានទំនុកចិត្តកាន់តែខ្លាំងថា ព្រះយេហូវ៉ាជា«ទីពឹងជ្រកនិងជាកម្លាំងរបស់យើង លោករមែងជួយយើងក្នុងគ្រាមានទុក្ខលំបាក»។ (ចសព. ៤៦:១) កាលដែលយើងគិតអំពីភាពស្មោះត្រង់របស់អ្នកបម្រើព្រះយេហូវ៉ានៅអតីតកាល នេះជំរុញចិត្តយើងឲ្យយកតម្រាប់ជំនឿនិងការស៊ូទ្រាំរបស់ពួកគេ។—យ៉ា. ៥:១០, ១១
១០. តើអ្នកអាចធ្វើអ្វីដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីគម្ពីរ?
១០ អ្វីដែលអ្នកអាចធ្វើ។ សូមអានគម្ពីររាល់ថ្ងៃ ហើយសូមកត់ទុកក្នុងបញ្ជីមួយនូវខគម្ពីរដែលអ្នកគិតថានឹងជួយអ្នក។ បងប្អូនជាច្រើនអានបទគម្ពីរ និងការបកស្រាយពីសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃជារៀងរាល់ព្រឹក។ យ៉ាងនេះ ពួកគេអាចមានអ្វីដែលលើកទឹកចិត្តពួកគេពេញមួយថ្ងៃ។ បងស្រីម្នាក់ឈ្មោះម៉ារីaក៏បានទទួលប្រយោជន៍ពីការធ្វើដូចនេះដែរ ពេលដែលឪពុកនិងម្ដាយរបស់គាត់បានត្រូវរកឃើញថាមានជំងឺមហារីក។ តើអ្វីបានជួយគាត់ឲ្យស៊ូទ្រាំកាលដែលគាត់ថែរក្សាឪពុកម្ដាយក្នុងអំឡុងប៉ុន្មានខែចុងក្រោយដែលពួកគេនៅរស់? គាត់និយាយថា៖ «ជារៀងរាល់ព្រឹក ខ្ញុំបានអានបទគម្ពីរពីសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ហើយរំពឹងគិតអំពីបទគម្ពីរនោះ។ នេះជួយខ្ញុំជារៀងរាល់ថ្ងៃឲ្យគិតអំពីព្រះយេហូវ៉ា និងអ្វីដ៏អស្ចារ្យដែលលោកបង្រៀនយើងក្នុងបណ្ដាំរបស់លោក ជាជាងគិតតែអំពីបញ្ហាដែលខ្ញុំមានប៉ុណ្ណោះ»។—ចសព. ៦១:២
បងប្អូនរួមជំនឿ
១១. ហេតុអ្វីយើងទទួលការលើកទឹកចិត្តដោយដឹងថាយើងមិនមែននៅតែឯងពេលស៊ូទ្រាំនឹងទុក្ខលំបាក?
១១ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវបងប្អូនរួមជំនឿទូទាំងពិភពលោកដើម្បីជួយយើងឲ្យស៊ូទ្រាំ។ ការដឹងថា«បងប្អូនរបស់[យើង]ពេញពិភពលោកកំពុងឆ្លងកាត់ទុក្ខលំបាកដូចគ្នា» ពង្រឹងទំនុកចិត្តយើងថា យើងមិននៅតែឯងឡើយ។ (១ពេ. ៥:៩) នេះមានន័យថា មានបងប្អូនដែលធ្លាប់មានបញ្ហាស្រដៀងនឹងយើង ហើយពួកគេបានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ដូច្នេះ យើងអាចប្រាកដថា យើងក៏អាចស៊ូទ្រាំបានដែរ!—សកម្ម. ១៤:២២
១២. តើបងប្អូនរួមជំនឿអាចជួយយើងយ៉ាងដូចម្ដេច ហើយតើយើងអាចធ្វើអ្វីចំពោះពួកគេ? (កូរិនថូសទី២ ១:៣, ៤)
១២ បងប្អូនរបស់យើងអាចលើកទឹកចិត្តយើងឲ្យស៊ូទ្រាំ តាមរយៈអ្វីដែលពួកគេនិយាយនិងអ្វីដែលពួកគេធ្វើសម្រាប់យើង។ សាវ័កប៉ូលមានបទពិសោធន៍នោះ។ ក្នុងសំបុត្ររបស់ប៉ូល គាត់បានលើកឈ្មោះពួកអ្នកដែលបានជួយគាត់ពេលដែលគាត់ជាប់ឃុំនៅផ្ទះ ហើយអរគុណពួកគេ។ ពួកគេបានផ្ដល់ការសម្រាលទុក្ខ ការលើកទឹកចិត្ត និងជំនួយដល់ប៉ូល។ (ភី. ២:២៥, ២៩, ៣០; កូឡ. ៤:១០, ១១) នៅសព្វថ្ងៃនេះ យើងប្រហែលជាមានបទពិសោធន៍ស្រដៀងនឹងនេះដែរ។ ពេលយើងត្រូវការជំនួយដើម្បីស៊ូទ្រាំ បងប្អូនជួយយើង ហើយពេលពួកគេត្រូវការការគាំទ្រពីយើង យើងក៏ជួយពួកគេដែរ។—សូមអាន កូរិនថូសទី២ ១:៣, ៤
១៣. តើអ្វីជួយបងស្រីម៉ាយយ៉ាឲ្យស៊ូទ្រាំ?
១៣ បងប្អូនរួមជំនឿបានលើកទឹកចិត្តបងស្រីម្នាក់នៅប្រទេសរុស្ស៊ីឈ្មោះម៉ាយយ៉ា។ នៅឆ្នាំ២០២០ ផ្ទះរបស់គាត់បានត្រូវគេឆែកឆេរ ហើយក្រោយមក គាត់ត្រូវឡើងតុលាការដោយសារគាត់ប្រាប់អ្នកឯទៀតអំពីជំនឿរបស់គាត់។ គាត់និយាយថា៖ «ក្នុងអំឡុងពេលនោះ ខ្ញុំអស់កម្លាំង ខ្វល់ខ្វាយ និងពិបាកចិត្ត។ ប៉ុន្តែ បងប្អូនខលមកខ្ញុំ ហើយបងប្អូនខ្លះផ្ញើសារនិងសរសេរសំបុត្រ។ ពួកគេពង្រឹងទំនុកចិត្តខ្ញុំថា ពួកគេស្រឡាញ់ខ្ញុំខ្លាំងណាស់។ ខ្ញុំបានដឹងថា ខ្ញុំមានក្រុមគ្រួសារដ៏ធំដែលស្រឡាញ់ខ្ញុំ តែជាពិសេសតាំងពីឆ្នាំ២០២០ ខ្ញុំកាន់តែជឿជាក់អំពីរឿងនេះ»។
១៤. ពេលដែលយើងស៊ូទ្រាំនឹងទុក្ខលំបាក តើយើងទទួលប្រយោជន៍យ៉ាងណាពីជំនួយរបស់បងប្អូន? (សូមមើលរូបភាពផងដែរ)
១៤ អ្វីដែលអ្នកអាចធ្វើ។ ពេលដែលអ្នកស៊ូទ្រាំនឹងទុក្ខលំបាក សូមបន្តនៅជិតស្និទ្ធជាមួយនឹងបងប្អូនរួមជំនឿ។ សូមកុំស្ទាក់ស្ទើរសុំជំនួយពីពួកអ្នកចាស់ទុំឡើយ។ ពួកគេអាចប្រៀបដូចជា«ទីបាំងពីខ្យល់ និងជាទីជ្រកពីព្យុះភ្លៀង»។ (អេ. ៣២:២) សូមចាំដែរថា បងប្អូនរួមជំនឿរបស់អ្នកក៏កំពុងស៊ូទ្រាំនឹងទុក្ខលំបាកដែរ។ ដូច្នេះ ពេលអ្នកប្រព្រឹត្តដោយសប្បុរសចំពោះបុគ្គលណាម្នាក់ដែលមានសេចក្ដីត្រូវការ នោះអ្នកនឹងមានអារម្មណ៍សប្បាយ ហើយនេះនឹងជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាករបស់អ្នក។—សកម្ម. ២០:៣៥
សូមបន្តនៅជិតស្និទ្ធជាមួយនឹងបងប្អូនរួមជំនឿ (សូមមើលវគ្គ១៤)c
សេចក្ដីសង្ឃឹមរបស់យើង
១៥. (ក) តើតាមរបៀបណាសេចក្ដីសង្ឃឹមបានជួយលោកយេស៊ូ? (ហេប្រឺ ១២:២) (ខ) តើសេចក្ដីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃអនាគតជួយយើងយ៉ាងដូចម្ដេច?
១៥ ព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមឲ្យយើងដើម្បីជួយយើងឲ្យស៊ូទ្រាំ។ (រ៉ូម ១៥:១៣) សូមចាំអំពីរបៀបដែលសេចក្ដីសង្ឃឹមជួយលោកយេស៊ូឲ្យស៊ូទ្រាំនៅថ្ងៃដ៏ពិបាកបំផុតក្នុងជីវិតរបស់លោកនៅផែនដី។ (សូមអាន ហេប្រឺ ១២:២) លោកយេស៊ូដឹងថា ភាពស្មោះត្រង់របស់លោកនឹងជួយជម្រះការតិះដៀលចំពោះនាមរបស់ព្រះយេហូវ៉ា។ លោកយេស៊ូក៏ទន្ទឹងរង់ចាំពេលដែលលោកត្រឡប់ទៅនៅជាមួយនឹងបិតារបស់លោកនៅស្ថានសួគ៌ម្ដងទៀត ហើយពេលដែលលោកនឹងគ្រប់គ្រងជាស្ដេចជាមួយនឹងបងប្អូនរបស់លោកដែលបានត្រូវរើសតាំង។ ស្រដៀងគ្នាដែរ សេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅក្នុងពិភពលោកថ្មីរបស់ព្រះ ជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងមាននៅក្នុងពិភពលោករបស់សាថាន។
១៦. តើសេចក្ដីសង្ឃឹមជួយបងស្រីម្នាក់ឲ្យស៊ូទ្រាំយ៉ាងដូចម្ដេច ហើយតើអ្នករៀនអ្វីពីពាក្យសម្ដីរបស់គាត់?
១៦ សូមគិតអំពីរបៀបដែលសេចក្ដីសង្ឃឹមអំពីរាជាណាចក្រជួយបងស្រីម្នាក់នៅប្រទេសរុស្ស៊ី ឈ្មោះអាលឡា។ ប្ដីរបស់គាត់បានត្រូវចាប់ខ្លួន ហើយជាប់ឃុំនៅក្នុងគុកមុនកាត់ក្ដី។ ពេលរឿងនេះកើតឡើង បងអាលឡានិយាយថា៖ «ខ្ញុំតែងតែអធិដ្ឋានទៅព្រះយេហូវ៉ាអំពីសេចក្ដីសង្ឃឹមដែលលោកផ្ដល់ឲ្យខ្ញុំ ហើយខ្ញុំច្រើនតែគិតអំពីសេចក្ដីសង្ឃឹមនោះ។ នេះជួយខ្ញុំមិនឲ្យធ្លាក់ទឹកចិត្តខ្លាំងពេក។ ខ្ញុំដឹងថា ក្រោយពីទុក្ខលំបាកនេះចប់ នឹងមានរឿងល្អកើតឡើង។ ព្រះយេហូវ៉ានឹងច្បាំងឈ្នះសត្រូវរបស់លោក ហើយលោកនឹងផ្ដល់រង្វាន់ដល់យើង»។
១៧. តើតាមរបៀបណាយើងអាចបង្ហាញអំណរគុណចំពោះសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង? (សូមមើលរូបភាពផងដែរ)
១៧ អ្វីដែលអ្នកអាចធ្វើ។ សូមលៃទុកពេលគិតអំពីអនាគតដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានរៀបចំសម្រាប់អ្នក។ សូមស្រមៃគិតថាខ្លួននៅក្នុងពិភពលោកថ្មីរបស់ព្រះ ហើយគិតអំពីពរដែលយើងនឹងទទួល។ អ្វីដែលអ្នកកំពុងរងទុក្ខនៅឥឡូវ គឺ«មានតែមួយរយៈពេលខ្លី ហើយស្រាល» បើអ្នកប្រៀបធៀបអ្វីទាំងនោះទៅនឹងពេលដែលអ្នករស់ជារៀងរហូតក្នុងសួនឧទ្យាន។ (២កូ. ៤:១៧) ម្យ៉ាងទៀត សូមធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីប្រាប់អ្នកឯទៀតអំពីសេចក្ដីសន្យារបស់ព្រះសម្រាប់ថ្ងៃអនាគត។ សូមស្រមៃថា តើជីវិតរបស់ពួកអ្នកដែលប្រឈមមុខនឹងទុក្ខលំបាកក្នុងពិភពលោករបស់សាថាននឹងពិបាកយ៉ាងណា ដោយសារពួកគេមិនស្គាល់អំពីគោលបំណងរបស់ព្រះសម្រាប់ថ្ងៃអនាគត? សូម្បីតែអ្នកនិយាយជាមួយនឹងពួកគេយ៉ាងខ្លី ក៏អ្នកអាចលើកទឹកចិត្តពួកគេឲ្យចង់ដឹងអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោកថែមទៀត។
សូមលៃទុកពេលគិតអំពីអនាគតដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានរៀបចំសម្រាប់អ្នក (សូមមើលវគ្គ១៧)d
១៨. ហេតុអ្វីយើងអាចទុកចិត្តសេចក្ដីសន្យារបស់ព្រះយេហូវ៉ា?
១៨ ក្រោយពីយ៉ូបបានស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើន ហើយរក្សាភាពស្មោះត្រង់ គាត់និយាយទៅព្រះយេហូវ៉ាថា៖ «ឥឡូវ ខ្ញុំដឹងថាលោកអាចធ្វើអ្វីៗបានទាំងអស់ អ្វីក៏ដោយដែលលោកចង់ធ្វើ នោះគ្មានអ្នកណាអាចឃាត់លោកបានឡើយ»។ (យ៉ូប ៤២:២) យ៉ូបបានរៀនថា គ្មានអ្វីអាចបញ្ឈប់ព្រះយេហូវ៉ាពីការសម្រេចគោលបំណងរបស់លោកឡើយ។ ការដឹងដូច្នេះអាចពង្រឹងទំនុកចិត្តយើងកាលដែលយើងស៊ូទ្រាំ។ ជាឧទាហរណ៍ សូមគិតអំពីស្ត្រីម្នាក់ដែលធ្លាក់ខ្លួនឈឺអស់រយៈពេលយូរ។ គាត់ធ្លាក់ទឹកចិត្ត ដោយសារគ្រូពេទ្យជាច្រើនមិនអាចព្យាបាលជំងឺគាត់ឲ្យជាសះស្បើយបានឡើយ។ ប៉ុន្តែ ពេលគាត់រកឃើញគ្រូពេទ្យដែលមានជំនាញនិងគួរឲ្យទុកចិត្ត ហើយគ្រូពេទ្យនោះប្រាប់អំពីបញ្ហាដែលនាំឲ្យគាត់ឈឺ និងប្រាប់អំពីវិធីព្យាបាលជំងឺគាត់ នោះធ្វើឲ្យគាត់ធូរចិត្តជាង សូម្បីតែត្រូវការពេលដើម្បីព្យាបាលក៏ដោយ។ ឥឡូវ គាត់អាចស៊ូទ្រាំបាន ដោយសារគាត់ដឹងថាគាត់មានសេចក្ដីសង្ឃឹម គឺថាគាត់នឹងជាសះស្បើយពីជំងឺនោះ។ ស្រដៀងគ្នាដែរ យើងអាចស៊ូទ្រាំបានដោយសារយើងជឿជាក់ថា សេចក្ដីសន្យារបស់ព្រះអំពីសួនឧទ្យាននឹងក្លាយទៅជាការពិត។
១៩. តើយើងត្រូវការអ្វីដើម្បីស៊ូទ្រាំ?
១៩ ដូចយើងបានរៀនហើយ ព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកតាមរយៈសេចក្ដីអធិដ្ឋាន បណ្ដាំរបស់លោក បងប្អូនរួមជំនឿ និងសេចក្ដីសង្ឃឹមរបស់យើង។ បើយើងទទួលប្រយោជន៍យ៉ាងពេញលេញពីអ្វីទាំងនេះ នោះព្រះយេហូវ៉ានឹងជួយយើងឲ្យឆ្លងកាត់នឹងទុក្ខលំបាកណាក៏ដោយដែលយើងជួបប្រទះ រហូតដល់ពិភពលោករបស់សាថាននិងទុក្ខលំបាកទាំងអស់នឹងលែងមានទៀត។—ភី. ៤:១៣
ចម្រៀងលេខ៣៣ ចូរផ្ទេរបន្ទុកទៅលើព្រះយេហូវ៉ា
a ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
b ការពណ៌នាអំពីរូបភាព៖ បងប្រុសវ័យចាស់ម្នាក់ស៊ូទ្រាំដោយស្មោះភក្ដីពីមួយថ្ងៃទៅមួយថ្ងៃ។
c ការពណ៌នាអំពីរូបភាព៖ បងប្រុសវ័យចាស់ម្នាក់ស៊ូទ្រាំដោយស្មោះភក្ដីពីមួយថ្ងៃទៅមួយថ្ងៃ។
d ការពណ៌នាអំពីរូបភាព៖ បងប្រុសវ័យចាស់ម្នាក់ស៊ូទ្រាំដោយស្មោះភក្ដីពីមួយថ្ងៃទៅមួយថ្ងៃ។