អត្ថបទសិក្សា ៣៣
ចម្រៀងលេខ៤ «ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»
សូមជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់អ្នក
«ខ្ញុំទាញនាំអ្នកមកឯខ្ញុំ ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»។—យេ. ៣១:៣
ចំណុចផ្ដោត
មូលហេតុដែលយើងត្រូវជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយរបៀបដែលយើងអាចពង្រឹងការជឿជាក់របស់យើងអំពីសេចក្ដីស្រឡាញ់របស់លោកចំពោះយើងផ្ទាល់។
១. ហេតុអ្វីអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
តើអ្នកអាចចាំអំពីពេលដែលអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ាឬទេ? អ្នកបានធ្វើការសម្រេចចិត្តនោះដោយសារអ្នកស្គាល់លោក ហើយស្រឡាញ់លោក។ អ្នកសន្យាថា អ្នកនឹងចាត់ទុកបំណងប្រាថ្នារបស់លោកថាសំខាន់បំផុតក្នុងជីវិតរបស់អ្នក ហើយថាអ្នកនឹងបន្តស្រឡាញ់លោកឲ្យអស់ពីដួងចិត្ត អស់ពីជីវិត អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយរបស់អ្នក។ (ម៉ាក. ១២:៣០) តាំងពីពេលនោះមក សេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះលោកគឺកាន់តែខ្លាំងឡើងៗ។ ដូច្នេះ តើអ្នកនឹងឆ្លើយយ៉ាងណាបើមានគេសួរថា «តើអ្នកពិតជាស្រឡាញ់ព្រះយេហូវ៉ាទេ?»។ អ្នកនឹងឆ្លើយដោយមិនស្ទាក់ស្ទើរថា «ខ្ញុំស្រឡាញ់លោកខ្លាំងជាងអ្នកណាឬអ្វីណាទាំងអស់!»។
តើអ្នកចាំអំពីសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះយេហូវ៉ាពេលអ្នកប្រគល់ខ្លួនជូនលោកនិងទទួលការជ្រមុជទឹកឬទេ? (សូមមើលវគ្គ១)
២-៣. តើព្រះយេហូវ៉ាចង់ឲ្យយើងជឿជាក់អំពីអ្វី ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ? (យេរេមា ៣១:៣)
២ ប៉ុន្តែ ចុះយ៉ាងណាបើមានគេសួរថា «តើអ្នកប្រាកដថាព្រះយេហូវ៉ាស្រឡាញ់អ្នកឬទេ?»។ តើអ្នកនឹងពិបាកឆ្លើយដោយគិតថាអ្នកមិនសមទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាឬទេ? បងស្រីម្នាក់ដែលបានធំឡើងក្នុងក្រុមគ្រួសារដែលខ្វះភាពកក់ក្ដៅបាននិយាយថា៖ «ខ្ញុំដឹងថាខ្ញុំស្រឡាញ់ព្រះយេហូវ៉ា។ ខ្ញុំមិនសង្ស័យអំពីរឿងនោះទេ។ អ្វីដែលខ្ញុំច្រើនតែសង្ស័យគឺថា ព្រះយេហូវ៉ាមិនស្រឡាញ់ខ្ញុំទេ»។ ប៉ុន្តែ តើព្រះយេហូវ៉ាពិតជាមានអារម្មណ៍យ៉ាងណាចំពោះអ្នក?
៣ ព្រះយេហូវ៉ាចង់ឲ្យអ្នកជឿជាក់ថាលោកស្រឡាញ់អ្នក។ (សូមអាន យេរេមា ៣១:៣) តាមការពិត ព្រះយេហូវ៉ាបានទាញនាំអ្នកឲ្យមកឯលោក។ ម្យ៉ាងទៀត ពេលអ្នកប្រគល់ខ្លួនជូនលោក ហើយទទួលការជ្រមុជទឹក អ្នកបានទទួលអ្វីដែលពិតជាមានតម្លៃ គឺសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។ សេចក្ដីស្រឡាញ់នោះគឺជ្រាលជ្រៅ ហើយនៅជាប់ជានិច្ច។ សេចក្ដីស្រឡាញ់នោះជំរុញលោកឲ្យចាត់ទុកអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក រួមទាំងអ្នកថា«ជាទ្រព្យវិសេស»។ (ម៉ាឡ. ៣:១៧)។ ព្រះយេហូវ៉ាចង់ឲ្យអ្នកជឿជាក់ថាលោកស្រឡាញ់អ្នក ដូចសាវ័កប៉ូលជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់គាត់។ ប៉ូលអាចសរសេរដោយមានទំនុកចិត្តថា៖ «ខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ ជីវិត ទេវតា ពួកអ្នកគ្រប់គ្រង អ្វីៗនៅគ្រាឥឡូវនេះ អ្វីៗនៅគ្រាខាងមុខ កម្លាំង កម្ពស់ ជម្រៅ ឬអ្វីផ្សេងទៀតដែលលោកបានបង្កើតក៏ដោយ ក៏មិនអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»ឡើយ។ (រ៉ូម ៨:៣៨, ៣៩) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងត្រូវពង្រឹងទំនុកចិត្តរបស់យើងថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយអ្វីដែលអាចជួយយើងឲ្យធ្វើដូច្នេះ។
ហេតុអ្វីអ្នកត្រូវជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់អ្នក?
៤. តើយើងអាចតយុទ្ធនឹងកលល្បិចមួយរបស់សាថានយ៉ាងដូចម្ដេច?
៤ ពេលយើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង យើងអាចតយុទ្ធនឹង«កលល្បិច»មួយរបស់សាថាន។ (អេភ. ៦:១១) សាថាននឹងប្រើវិធីសាស្ត្រគ្រប់យ៉ាងដើម្បីរារាំងយើងពីការបម្រើព្រះយេហូវ៉ា។ កលល្បិចមួយរបស់សាថានគឺវាព្យាយាមធ្វើឲ្យយើងជឿការកុហករបស់វាថាព្រះយេហូវ៉ាមិនស្រឡាញ់យើង។ សូមកុំភ្លេចថាសាថានពូកែឆ្លៀតយកឱកាស។ វាច្រើនតែវាយប្រហារមកលើយើង ពេលយើងខ្សោយកម្លាំង។ យើងប្រហែលជាអស់កម្លាំងចិត្តដោយសារអ្វីដែលបានកើតឡើងនៅអតីតកាល ការពិបាកនៅសព្វថ្ងៃ ឬការខ្វល់ខ្វាយអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។ (សុភ. ២៤:១០) សាថានប្រៀបដូចជាសត្វតោដែលស្វែងរកឱកាសចាប់សត្វដែលមើលទៅខ្សោយកម្លាំង។ ដូច្នេះ វាព្យាយាមស្វែងរកឱកាសពេលដែលយើងអស់កម្លាំងចិត្តដើម្បីធ្វើឲ្យយើងឈប់ព្យាយាម។ ប៉ុន្តែ បើយើងបន្តពង្រឹងការជឿជាក់របស់យើងថាព្រះយេហូវ៉ាស្រឡាញ់យើង យើងនឹង‹តស៊ូនឹងសាថាន› ហើយកលល្បិចរបស់វាយ៉ាងប្រសើរជាង។—១ពេ. ៥:៨, ៩; យ៉ា. ៤:៧
៥. ហេតុអ្វីយើងត្រូវមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់និងឲ្យតម្លៃយើង?
៥ ពេលយើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង យើងអាចចូលកាន់តែជិតលោក។ សូមពិចារណាអំពីមូលហេតុដែលយើងអាចនិយាយដូច្នេះ។ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យត្រូវការសេចក្ដីស្រឡាញ់ពីអ្នកឯទៀត ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ។ តាមធម្មតា ពេលយើងទទួលសេចក្ដីស្រឡាញ់ នោះជំរុញចិត្តយើងឲ្យស្រឡាញ់គេវិញ។ ដូច្នេះ កាលដែលយើងកាន់តែមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់និងឲ្យតម្លៃយើង យើងនឹងកាន់តែស្រឡាញ់លោក។ (១យ៉ូន. ៤:១៩) ម្យ៉ាងទៀត កាលដែលសេចក្ដីស្រឡាញ់របស់យើងកើនឡើង នោះសេចក្ដីស្រឡាញ់របស់លោកចំពោះយើងក៏កើនឡើងដែរ។ គម្ពីរចែងយ៉ាងចំៗថា៖ «ចូរចូលទៅជិតព្រះ នោះលោកនឹងចូលមកជិតអ្នករាល់គ្នា»។ (យ៉ា. ៤:៨) ប៉ុន្តែ តើយើងអាចពង្រឹងការជឿជាក់របស់យើងថាព្រះយេហូវ៉ាស្រឡាញ់យើងយ៉ាងដូចម្ដេច?
តើអ្វីអាចជួយយើងឲ្យជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង?
៦. បើអ្នកមិនប្រាកដថាព្រះយេហូវ៉ាស្រឡាញ់អ្នក តើអ្នកអាចធ្វើអ្វី?
៦ ចូរអធិដ្ឋានយ៉ាងជាក់លាក់និងម្ដងហើយម្ដងទៀត។ (លូក. ១៨:១; រ៉ូម ១២:១២) សូមសុំព្រះយេហូវ៉ាប្រហែលជាច្រើនដងជារៀងរាល់ថ្ងៃបើចាំបាច់ ឲ្យជួយអ្នកមានទស្សនៈចំពោះខ្លួនដូចដែលលោកមានចំពោះអ្នក។ ជួនកាល អ្នកប្រហែលជាមិនឲ្យតម្លៃខ្លួនខ្លាំងពេក រហូតដល់អ្នកពិបាកជឿថាព្រះយេហូវ៉ាស្រឡាញ់អ្នក។ ប៉ុន្តែ សូមចាំថាព្រះយេហូវ៉ាធំជាងចិត្តរបស់អ្នក។ (១យ៉ូន. ៣:១៩, ២០) លោកស្គាល់អ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯងទៅទៀត ហើយលោកកត់សម្គាល់គុណសម្បត្តិដែលអ្នកមាន ដែលប្រហែលជាអ្នកមិនបានកត់សម្គាល់។ (១សាំ. ១៦:៧; ២ប្រ. ៦:៣០) ដូច្នេះ សូមកុំស្ទាក់ស្ទើរ«ជម្រាបលោក»អំពីអារម្មណ៍របស់អ្នក ហើយសុំលោកជួយអ្នកឲ្យជឿជាក់ថាលោកស្រឡាញ់អ្នក។ (ចសព. ៦២:៨) ក្រោយមក សូមប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋានរបស់អ្នកដោយធ្វើតាមយោបល់បន្តបន្ទាប់នេះ។
៧-៨. តើចម្រៀងសរសើរព្រះពង្រឹងទំនុកចិត្តយើងយ៉ាងណាថាព្រះយេហូវ៉ាស្រឡាញ់យើង?
៧ ចូរទុកចិត្តពាក្យរបស់ព្រះយេហូវ៉ា។ លោកបានដឹកនាំអ្នកសរសេរគម្ពីរឲ្យរៀបរាប់ការពិតអំពីលោក។ ក្នុងចម្រៀងសរសើរព្រះមួយ ដាវីឌបានរៀបរាប់យ៉ាងកក់ក្ដៅអំពីរបៀបដែលព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង។ គាត់បានសរសេរថា៖ «ព្រះយេហូវ៉ានៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំ លោកជួយអ្នកដែលបាក់ទឹកចិត្ត»។ (ចសព. ៣៤:១៨) ពេលអ្នកធ្លាក់ទឹកចិត្ត អ្នកប្រហែលមានអារម្មណ៍ថាអ្នកនៅតែឯង។ ប៉ុន្តែ ព្រះយេហូវ៉ាសន្យាថា នៅពេលបែបនោះលោកនឹងនៅជិតអ្នកដោយសារលោកឃើញថា អ្នកត្រូវការលោកជាងពេលណាៗទាំងអស់។ ក្នុងចម្រៀងសរសើរព្រះមួយទៀត ដាវីឌបានសរសេរថា៖ «សូមលោកប្រមូលទឹកភ្នែកខ្ញុំដាក់ក្នុងថង់ស្បែករបស់លោក»។ (ចសព. ៥៦:៨) ព្រះយេហូវ៉ាឃើញពេលអ្នកពិបាកចិត្ត។ លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកនិងអ្វីដែលអ្នកកំពុងឆ្លងកាត់។ ដូចដំណក់ទឹកនីមួយៗនៅក្នុងថង់ស្បែកមានតម្លៃយ៉ាងខ្លាំងចំពោះបុគ្គលដែលធ្វើដំណើរនៅវាលខ្សាច់ នោះទឹកភ្នែករបស់អ្នកមានតម្លៃខ្លាំងណាស់ចំពោះព្រះយេហូវ៉ា ហើយលោកចាំរាល់ដងដែលអ្នកឈឺចិត្តនិងយំ។ នៅចម្រៀងសរសើរព្រះ ១៣៩:៣ ដាវីឌនិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «លោកសង្កេតមើលខ្ញុំ . . . លោកស្គាល់ជាក់នូវការប្រព្រឹត្តទាំងអស់របស់ខ្ញុំ»។ ព្រះយេហូវ៉ាឃើញការប្រព្រឹត្តទាំងអស់របស់អ្នក ប៉ុន្តែលោកផ្ដោតអារម្មណ៍លើអ្វីល្អដែលអ្នកធ្វើ។ (ហេ. ៦:១០) ហេតុអ្វី? ដោយសារលោកឲ្យតម្លៃយ៉ាងខ្លាំងចំពោះអ្វីទាំងអស់ដែលអ្នកធ្វើដើម្បីឲ្យលោកពេញចិត្ត។a
៨ ព្រះយេហូវ៉ាប្រើខគម្ពីរដ៏សម្រាលទុក្ខបែបនេះនៅក្នុងគម្ពីរដើម្បីប្រាប់អ្នកថា លោកយកចិត្តទុកដាក់ចំពោះអ្នក ហើយស្រឡាញ់អ្នកខ្លាំងណាស់។ ប៉ុន្តែ ដូចយើងបានរៀននៅខាងលើ សាថានចង់ឲ្យអ្នកជឿថាព្រះយេហូវ៉ាមិនស្រឡាញ់អ្នកទេ។ ដូច្នេះ បើពេលខ្លះអ្នកសង្ស័យថាព្រះយេហូវ៉ាមិនស្រឡាញ់អ្នក សូមផ្អាកសិនហើយសួរខ្លួនថា ‹តើខ្ញុំនឹងជឿពាក្យរបស់អ្នកណា«ឪពុកនៃការភូតភរ» ឬ«ព្រះនៃសេចក្ដីពិត»?›។—យ៉ូន. ៨:៤៤; ចសព. ៣១:៥
៩. តើព្រះយេហូវ៉ាផ្ដល់ការធានាអ្វីដល់ពួកអ្នកដែលស្រឡាញ់លោក? (ដំណើរចាកចេញ ២០:៥, ៦)
៩ សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះពួកអ្នកដែលស្រឡាញ់លោក។ សូមពិចារណាអំពីអ្វីដែលព្រះយេហូវ៉ានិយាយទៅកាន់ម៉ូសេនិងជនជាតិអ៊ីស្រាអែល។ (សូមអាន ដំណើរចាកចេញ ២០:៥, ៦) ព្រះយេហូវ៉ាសន្យាថា លោកនឹងបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់ពួកអ្នកដែលស្រឡាញ់លោក។ ដោយសារព្រះយេហូវ៉ាមានចិត្តស្មោះភក្ដី លោកតែងតែបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកអ្នកដែលស្រឡាញ់លោក។ (នេហ. ១:៥) ដូច្នេះ ពេលអ្នកចាប់ផ្ដើមគិតថាព្រះយេហូវ៉ាប្រហែលជាមិនស្រឡាញ់អ្នក សូមផ្អាក ហើយសួរខ្លួនអ្នកថា ‹តើខ្ញុំស្រឡាញ់ព្រះយេហូវ៉ាឬទេ?›។ ក្រោយមក សូមគិតអំពីនេះ៖ បើអ្នកស្រឡាញ់លោក ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យលោកពេញចិត្ត នោះអ្នកមានការធានាពីលោកថា លោកស្រឡាញ់អ្នកខ្លាំងណាស់។ (ដាន. ៩:៤; ១កូ. ៨:៣) និយាយឲ្យចំទៅ បើអ្នកមិនសង្ស័យថាអ្នកស្រឡាញ់ព្រះយេហូវ៉ា នោះអ្នកគ្មានហេតុឲ្យសង្ស័យថាលោកមិនស្រឡាញ់អ្នកទេ។ អ្នកអាចប្រាកដថា លោកនឹងតែងតែស្រឡាញ់អ្នក ហើយមិនចាកចេញពីអ្នកឡើយ។
១០-១១. តើព្រះយេហូវ៉ាចង់ឲ្យអ្នកមានទស្សនៈយ៉ាងណាចំពោះថ្លៃលោះ? (កាឡាទី ២:២០)
១០ ចូររំពឹងគិតអំពីថ្លៃលោះ។ គ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្តគឺជាអំណោយដ៏ធំបំផុតពីព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ។ (យ៉ូន. ៣:១៦) ប៉ុន្តែ តើនេះសម្រាប់អ្នកផ្ទាល់ឬទេ? គឺសម្រាប់អ្នកមែន! សូមគិតអំពីបទពិសោធន៍របស់សាវ័កប៉ូល។ សូមចាំថាគាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមុនគាត់ក្លាយទៅជាគ្រិស្តសាសនិក ហើយគាត់ត្រូវបន្តតយុទ្ធនឹងភាពខុសឆ្គងរបស់ខ្លួន។ (រ៉ូម ៧:២៤, ២៥; ១ធី. ១:១២-១៤) ទោះជាយ៉ាងនោះក៏ដោយ គាត់ចាត់ទុកថ្លៃលោះថាជាអំណោយពីព្រះយេហូវ៉ាសម្រាប់គាត់ផ្ទាល់។ (សូមអាន កាឡាទី ២:២០) សូមចាំថា ព្រះយេហូវ៉ាបានដឹកនាំប៉ូលឲ្យសរសេរពាក្យទាំងនេះទៅក្នុងគម្ពីរ ហើយអ្វីទាំងអស់ដែលមាននៅក្នុងគម្ពីរគឺដើម្បីណែនាំយើង។ (រ៉ូម ១៥:៤) ព្រះយេហូវ៉ាចង់ឲ្យអ្នកជឿថា គ្រឿងបូជាលោះរបស់លោកយេស៊ូគឺជាអំណោយសម្រាប់អ្នកផ្ទាល់។ ពេលអ្នកមានទស្សនៈបែបនេះចំពោះថ្លៃលោះ អ្នកពង្រឹងការជឿជាក់របស់អ្នកថាព្រះយេហូវ៉ាស្រឡាញ់អ្នកផ្ទាល់។
១១ យើងអគុណព្រះយេហូវ៉ាដែលលោកចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីស្លាប់សម្រាប់យើង។ ប៉ុន្តែ មូលហេតុមួយទៀតដែលលោកយេស៊ូមកផែនដី គឺដើម្បីប្រាប់សេចក្ដីពិតអំពីព្រះដល់អ្នកឯទៀត។ (យ៉ូន. ១៨:៣៧) លោកយេស៊ូក៏បង្រៀនយើងសេចក្ដីពិតអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះយេហូវ៉ាមានចំពោះកូនៗរបស់លោកដែរ។
របៀបដែលលោកយេស៊ូជួយយើងឲ្យជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង
១២. ហេតុអ្វីយើងអាចទុកចិត្តអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីព្រះយេហូវ៉ា?
១២ ពេលលោកយេស៊ូនៅផែនដី លោកសប្បាយប្រាប់អ្នកឯទៀតថាព្រះយេហូវ៉ាជាព្រះបែបណា។ (លូក. ១០:២២) យើងអាចជឿអ្វីដែលលោកយេស៊ូមានប្រសាសន៍អំពីព្រះយេហូវ៉ា។ ហេតុអ្វី? ពីព្រោះលោកបានរស់នៅស្ថានសួគ៌ជាមួយព្រះយេហូវ៉ារាប់ពាន់លានឆ្នាំមុនលោកមកផែនដី។ (កូឡ. ១:១៥) តាមបទពិសោធន៍ផ្ទាល់ខ្លួននិងតាមអ្វីដែលលោកយេស៊ូបានសង្កេតមើល លោកយេស៊ូបានដឹងថាព្រះយេហូវ៉ាស្រឡាញ់កូនៗដ៏ស្មោះភក្ដីរបស់លោកខ្លាំងណាស់។ តើលោកយេស៊ូជួយយើងឲ្យជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើងយ៉ាងដូចម្ដេច?
១៣. តើលោកយេស៊ូចង់ឲ្យយើងមានទស្សនៈយ៉ាងណាចំពោះព្រះយេហូវ៉ា?
១៣ លោកយេស៊ូចង់ឲ្យយើងមានទស្សនៈដូចលោកអំពីព្រះយេហូវ៉ា។ នៅក្នុងសៀវភៅដំណឹងល្អលោកយេស៊ូបានហៅព្រះយេហូវ៉ាថាជា«បិតា»ជាង១៨០ដង។ ម្យ៉ាងទៀត ពេលលោកយេស៊ូនិយាយទៅកាន់ពួកអ្នកកាន់តាមលោក លោកប្រើពាក្យដូចជា«បិតារបស់អ្នករាល់គ្នា» ឬ«បិតារបស់អ្នករាល់គ្នាដែលនៅស្ថានសួគ៌»។ (ម៉ាថ. ៥:១៦; ៦:២៦) មុនលោកយេស៊ូមកផែនដី អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាបានហៅព្រះយេហូវ៉ាថា៖ «ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត» «ព្រះដ៏ខ្ពង់ខ្ពស់បំផុត» «ព្រះដ៏ឧត្ដមដែល[ជាអ្នកបង្កើត]» និងងារស្រដៀងនឹងនោះ។ ប៉ុន្តែ លោកយេស៊ូច្រើនតែហៅព្រះយេហូវ៉ាថា៖ «បិតា»របស់យើង។ ពាក្យនេះបង្ហាញថាព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើរបស់លោកមានអារម្មណ៍ជិតស្និទ្ធនឹងលោក ដូចដែលកូនមានអារម្មណ៍ជិតស្និទ្ធនឹងឪពុកដែលស្រឡាញ់គាត់។ លោកយេស៊ូច្បាស់ជាចង់ឲ្យយើងមានទស្សនៈដូចលោកចំពោះព្រះយេហូវ៉ាគឺថា លោកជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ដែលឲ្យតម្លៃខ្លាំងដល់កូនៗរបស់លោក។ សូមឲ្យយើងពិចារណាអំពីពេលពីរដងដែលលោកយេស៊ូប្រើពាក្យ«បិតា»។
១៤. តើលោកយេស៊ូបានបង្ហាញយ៉ាងណាថាយើងម្នាក់ៗមានតម្លៃចំពោះបិតារបស់យើងនៅស្ថានសួគ៌? (ម៉ាថាយ ១០:២៩-៣១) (សូមមើលរូបភាពផងដែរ)
១៤ ដំបូង សូមឲ្យយើងពិចារណាពាក្យរបស់លោកយេស៊ូ ដែលបានកត់ទុកនៅម៉ាថាយ ១០:២៩-៣១។ (សូមអាន) ចាបពូកគឺជាសត្វដ៏តូចមួយដែលមិនស្រឡាញ់ឬគោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ។ ប៉ុន្តែ បិតារបស់យើងឲ្យតម្លៃចាបពូកនីមួយៗ រហូតដល់ដឹងថាពេលណាដែលវាធ្លាក់ដល់ដី។ ទម្រាំតែអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកម្នាក់ៗដែលបម្រើលោកដោយផុសចេញពីសេចក្ដីស្រឡាញ់ លោកច្បាស់ជាឲ្យតម្លៃនិងយកចិត្តទុកដាក់ចំពោះពួកគេខ្លាំងជាងនេះទៅទៀត! លោកយេស៊ូក៏បានមានប្រសាសន៍ថា បិតារបស់យើងស្គាល់ចំនួនសរសៃសក់ដែលនៅលើក្បាលរបស់យើងម្នាក់ៗ។ ដោយសារព្រះយេហូវ៉ាស្គាល់សូម្បីតែអ្វីល្អិតល្អន់បែបនេះអំពីយើង យើងអាចជឿជាក់ថាលោកយកចិត្តទុកដាក់ចំពោះយើងខ្លាំងណាស់។ យើងឃើញច្បាស់ថា លោកយេស៊ូចង់ឲ្យយើងជឿជាក់ថា យើងម្នាក់ៗមានតម្លៃចំពោះបិតារបស់យើងនៅស្ថានសួគ៌។
ព្រះយេហូវ៉ាឲ្យតម្លៃយ៉ាងខ្លាំងចំពោះចាបពូកមួយក្បាលរហូតដល់ដឹងថាពេលណាវាធ្លាក់ដល់ដី ទម្រាំតែអ្នកដែលជាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់ដែលស្រឡាញ់លោក លោកច្បាស់ជាឲ្យតម្លៃអ្នកជាងនេះទៅទៀត! (សូមមើលវគ្គ១៤)
១៥. តើពាក្យរបស់លោកយេស៊ូនៅយ៉ូហាន ៦:៤៤បង្ហាញយ៉ាងណាអំពីបិតារបស់អ្នកនៅស្ថានសួគ៌?
១៥ សូមគិតអំពីពេលផ្សេងទៀតដែលលោកយេស៊ូប្រើពាក្យថា«បិតា»។ (សូមអាន យ៉ូហាន ៦:៤៤) បិតារបស់អ្នកនៅស្ថានសួគ៌បានទាញនាំអ្នកដោយផ្ទាល់ឲ្យមកឯសេចក្ដីពិត។ ហេតុអ្វីលោកបានទាញនាំអ្នក? ពីព្រោះលោកបានឃើញថាអ្នកមានចិត្តគំនិតត្រឹមត្រូវ។ (សកម្ម. ១៣:៤៨) ពេលលោកយេស៊ូបានមានប្រសាសន៍នៅយ៉ូហាន ៦:៤៤ លោកប្រហែលជាសំដៅទៅលើប្រសាសន៍របស់ព្រះយេហូវ៉ានៅយេរេមា ៣១:៣។ នៅខនោះ ព្រះយេហូវ៉ាបាននិយាយទៅកាន់រាស្ត្ររបស់លោកថា៖ «ខ្ញុំទាញនាំអ្នកមកឯខ្ញុំ ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»។ (យេ. ៣១:៣; សូមពិនិត្យបន្ថែម ហូសេ ១១:៤) សូមគិតអំពីអត្ថន័យនៃពាក្យនោះ។ បិតារបស់យើងនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ តែងតែឃើញគុណសម្បត្តិរបស់អ្នក ដែលអ្នកប្រហែលជាមិនកត់សម្គាល់អំពីខ្លួនឯង។
១៦. (ក) តើលោកយេស៊ូហាក់ដូចជាប្រាប់យើងអំពីអ្វី ហើយហេតុអ្វីយើងគួរជឿលោក? (ខ) តើអ្នកអាចពង្រឹងការជឿជាក់របស់អ្នកថាព្រះយេហូវ៉ាជាបិតាដែលអ្នកត្រូវការយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា «បិតាដែលយើងទាំងអស់គ្នាត្រូវការ»)
១៦ ពេលលោកយេស៊ូរៀបរាប់ថាព្រះយេហូវ៉ាជាបិតារបស់យើង លោកយេស៊ូហាក់ដូចជាប្រាប់យើងថា «ព្រះយេហូវ៉ាមិនគ្រាន់តែជាបិតារបស់ខ្ញុំប៉ុណ្ណោះទេ តែលោកក៏ជាបិតារបស់អ្នកដែរ។ ខ្ញុំចង់ពង្រឹងទំនុកចិត្តរបស់អ្នកថា លោកស្រឡាញ់អ្នក ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកផ្ទាល់»។ ដូច្នេះ បើជួនកាលអ្នកសង្ស័យថាព្រះយេហូវ៉ាមិនស្រឡាញ់អ្នក សូមផ្អាក ហើយសួរខ្លួនអ្នកថា ‹ខ្ញុំគួរតែទុកចិត្តបុត្រដែលស្គាល់បិតារបស់យើងច្បាស់ជាងគេ ហើយតែងតែនិយាយសេចក្ដីពិត មែនទេ?›។—១ពេ. ២:២២
ចូរបន្តពង្រឹងការជឿជាក់របស់អ្នក
១៧. ហេតុអ្វីយើងត្រូវបន្តពង្រឹងការជឿជាក់របស់យើងថាព្រះយេហូវ៉ាស្រឡាញ់យើង?
១៧ យើងត្រូវបន្តពង្រឹងការជឿជាក់របស់យើងថាព្រះយេហូវ៉ាស្រឡាញ់យើង។ ដូចយើងបានរៀននៅខាងលើ សាថានដែលជាសត្រូវរបស់យើងនឹងធ្វើអ្វីណាក៏ដោយដើម្បីរារាំងយើងពីការបម្រើព្រះយេហូវ៉ា។ សាថានចង់ឲ្យយើងចុះខ្សោយ។ ដូច្នេះ វានឹងបន្តព្យាយាមធ្វើឲ្យយើងជឿជាក់ថាព្រះយេហូវ៉ាមិនស្រឡាញ់យើង។ យើងមិនត្រូវជឿពាក្យកុហករបស់សាថានឡើយ!—យ៉ូប ២៧:៥
១៨. តើតាមរបៀបណាអ្នកអាចពង្រឹងការជឿជាក់របស់អ្នកថាព្រះយេហូវ៉ាស្រឡាញ់អ្នក?
១៨ ដើម្បីពង្រឹងការជឿជាក់របស់អ្នកថាព្រះយេហូវ៉ាស្រឡាញ់អ្នក ចូរបន្តអធិដ្ឋានសុំលោកជួយអ្នកឲ្យមានទស្សនៈចំពោះខ្លួន ដូចដែលលោកមានចំពោះអ្នក។ ចូរគិតយ៉ាងជ្រាលជ្រៅអំពីបទគម្ពីរដែលរៀបរាប់អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ព្រះយេហូវ៉ាចំពោះពួកអ្នកដែលស្រឡាញ់លោក។ ចូរចាំថាព្រះយេហូវ៉ានឹងតែងតែស្រឡាញ់បុគ្គលដែលស្រឡាញ់លោក។ ចូររំពឹងគិតអំពីមូលហេតុដែលអ្នកអាចចាត់ទុកថ្លៃលោះថាជាអំណោយសម្រាប់អ្នកផ្ទាល់។ ម្យ៉ាងទៀត ចូរទុកចិត្តថាព្រះយេហូវ៉ាជាបិតារបស់អ្នកដូចលោកយេស៊ូបានមានប្រសាសន៍។ យ៉ាងនេះ បើមានគេសួរអ្នកថា៖ «តើអ្នកប្រាកដថាព្រះយេហូវ៉ាស្រឡាញ់អ្នកឬទេ?» អ្នកនឹងឆ្លើយទាំងមានទំនុកចិត្តថា៖ «មែន ព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ ហើយខ្ញុំខំអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះលោក!»។
ចម្រៀងលេខ១៥៤ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យ