អត្ថបទសិក្សា ៣៤
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
ចូរជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យអ្នក
«លោកបានលើកលែងទោសចំពោះអំពើខុសឆ្គងរបស់ខ្ញុំ»។—ចសព. ៣២:៥
ចំណុចផ្ដោត
មូលហេតុដែលយើងត្រូវជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង ហើយរបៀបដែលគម្ពីរពង្រឹងទំនុកចិត្តយើងថា លោកអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។
១-២. តើព្រះយេហូវ៉ាធ្វើអ្វីពេលយើងប្រែចិត្តពីការខុសឆ្គងរបស់យើង ហើយតើនោះនាំឲ្យយើងមានអារម្មណ៍យ៉ាងណា? (សូមមើលរូបភាពផងដែរ)
ស្ដេចដាវីឌយល់ថាការបន្ទោសខ្លួនចំពោះកំហុសនៅអតីតកាលគឺយ៉ាងណា។ (ចសព. ៤០:១២; ៥១:៣; ពាក្យផ្ដើម) គាត់ធ្លាប់ធ្វើខុសធ្ងន់ធ្ងរក្នុងជីវិតរបស់គាត់។ ប៉ុន្តែ គាត់បានប្រែចិត្តយ៉ាងស្មោះ ហើយព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់។ (២សាំ. ១២:១៣) ជាលទ្ធផល ដាវីឌក៏យល់អារម្មណ៍ធូរស្រាលដែលមកពីការទទួលការអភ័យទោសពីព្រះយេហូវ៉ាដែរ។—ចសព. ៣២:១
២ ដូចដាវីឌ យើងអាចមានអារម្មណ៍ធូរចិត្តដែលមកពីការទទួលសេចក្ដីមេត្តាករុណានិងការអភ័យទោសពីព្រះយេហូវ៉ា។ យើងទទួលការសម្រាលទុក្ខដោយដឹងថា ព្រះយេហូវ៉ាសុខចិត្តអភ័យទោសចំពោះការខុសឆ្គងរបស់យើង មិនថានោះជាការខុសឆ្គងធ្ងន់ធ្ងរក្ដី បើយើងប្រែចិត្តយ៉ាងស្មោះ សារភាពកំហុសរបស់យើង ហើយខំអស់ពីសមត្ថភាពមិនធ្វើខុសដូចនោះម្ដងទៀត។ (សុភ. ២៨:១៣; សកម្ម. ២៦:២០; ១យ៉ូន. ១:៩) យើងសប្បាយចិត្តដោយដឹងថា ពេលព្រះយេហូវ៉ាអភ័យទោសឲ្យយើង លោកអភ័យទោសទាំងស្រុង គឺហាក់ដូចជាយើងមិនដែលប្រព្រឹត្តការខុសឆ្គងនោះទាល់តែសោះ!—អេគ. ៣៣:១៦
ស្ដេចដាវីឌបានតែងចម្រៀងសរសើរព្រះជាច្រើនបទដែលរៀបរាប់អំពីការអភ័យទោសរបស់ព្រះយេហូវ៉ា (សូមមើលវគ្គ១-២)
៣-៤. តើបងស្រីម្នាក់មានអារម្មណ៍យ៉ាងណាក្រោយពីគាត់បានទទួលការជ្រមុជទឹក ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ ប៉ុន្តែ ជួនកាលបុគ្គលខ្លះប្រហែលជាពិបាកជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យគាត់។ សូមគិតអំពីបទពិសោធន៍របស់បងស្រីជេននីហ្វើដែលបានធំឡើងក្នុងសេចក្ដីពិត។ កាលដែលគាត់មានវ័យជំទង់ គាត់បានប្រព្រឹត្តអំពើខុសឆ្គងនិងរស់នៅដោយមានមុខពីរ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក គាត់ធ្វើការកែប្រែ ប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងទទួលការជ្រមុជទឹក។ គាត់និយាយថា៖ «ជីវិតខ្ញុំពីមុនគឺពោរពេញទៅដោយការឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ ការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការផឹកស្រាហួសប្រមាណ និងការខឹងសម្បា។ ខ្ញុំដឹងថាក្រោយពីខ្ញុំអង្វរសុំព្រះយេហូវ៉ាឲ្យអភ័យទោសឲ្យខ្ញុំ ហើយប្រែចិត្ត នោះគ្រឿងបូជារបស់លោកយេស៊ូបានធ្វើឲ្យខ្ញុំស្អាតស្អំ។ ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំវិញ ខ្ញុំមិនអាចជឿជាក់ថាខ្ញុំបានទទួលការអភ័យទោសទេ»។
៤ ជួនកាល តើអ្នកពិបាកជឿជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នកចំពោះការខុសឆ្គងរបស់អ្នកនៅអតីតកាលឬទេ? ព្រះយេហូវ៉ាចង់ឲ្យយើងមានទំនុកចិត្តថាលោកបានបង្ហាញសេចក្ដីមេត្តាករុណាដល់យើង ដូចដាវីឌមានទំនុកចិត្តនោះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងត្រូវជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង ហើយអ្វីដែលអាចជួយយើងឲ្យធ្វើដូច្នោះ។
ហេតុអ្វីយើងត្រូវជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង?
៥. តើសាថានចង់ឲ្យយើងជឿអំពីអ្វី? សូមលើកឧទាហរណ៍មួយ។
៥ ពេលយើងជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង យើងអាចជៀសវាងពីការធ្លាក់ចូលអន្ទាក់មួយរបស់សាថាន។ សូមចាំថាសាថាននឹងខំធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យយើងឈប់បម្រើព្រះយេហូវ៉ា។ ដើម្បីសម្រេចគោលដៅរបស់វា សាថានប្រហែលជាព្យាយាមធ្វើឲ្យយើងជឿថា យើងមិនអាចទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើងបានទេ។ សូមគិតអំពីបទពិសោធន៍របស់បុរសម្នាក់នៅក្រុមជំនុំនាក្រុងកូរិនថូស ដែលបានត្រូវដកចេញពីក្រុមជំនុំដោយសារប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (១កូ. ៥:១, ៥, ១៣) ក្រោយមក ពេលគាត់ប្រែចិត្ត សាថានចង់ឲ្យពួកអ្នកនៅក្នុងក្រុមជំនុំមិនព្រមអភ័យទោសឲ្យគាត់ គឺប្រព្រឹត្តដោយគ្មានមេត្តារហូតដល់ពួកគេមិនស្វាគមន៍បុរសនោះមកវិញ។ នៅដំណាលគ្នានោះ សាថានចង់ឲ្យបុរសដែលបានប្រែចិត្តនោះមានអារម្មណ៍ថា គាត់មិនអាចទទួលការអភ័យទោស គឺធ្វើឲ្យគាត់«ព្រួយចិត្តខ្លាំងហួសហេតុពេក»រហូតដល់គាត់ឈប់បម្រើព្រះយេហូវ៉ា។ សាថានមិនបានផ្លាស់ប្ដូរគោលដៅឬកលល្បិចរបស់វាឡើយ។ ប៉ុន្តែ «មិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថានទេ»។—២កូ. ២:៥-១១
៦. តើយើងអាចធ្វើអ្វីដើម្បីឈប់បន្ទោសខ្លួនទៀត?
៦ ពេលយើងជឿជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យយើង យើងអាចឈប់បន្ទោសខ្លួនទៀត។ ពេលយើងធ្វើខុស តាមធម្មតាយើងបន្ទោសខ្លួន។ (ចសព. ៥១:១៧) នេះជាអ្វីដែលល្អ។ សមត្ថភាពវិនិច្ឆ័យរបស់យើងអាចជំរុញចិត្តយើងឲ្យធ្វើការកែប្រែនិងប្រព្រឹត្តអ្វីដែលត្រឹមត្រូវឡើងវិញ។ (២កូ. ៧:១០, ១១) ប៉ុន្តែ បើយើងនៅតែបន្ដបន្ទោសខ្លួនក្រោយពីយើងបានប្រែចិត្តហើយ នោះយើងប្រហែលជាធ្លាក់ទឹកចិត្ត ហើយឈប់បម្រើព្រះយេហូវ៉ា។ ផ្ទុយទៅវិញ ពេលយើងជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង យើងអាចឈប់បន្ទោសខ្លួន។ យ៉ាងនេះ យើងអាចបម្រើព្រះយេហូវ៉ាតាមបំណងប្រាថ្នារបស់លោក គឺដោយមានសមត្ថភាពវិនិច្ឆ័យស្អាតស្អំ ហើយមានអំណរយ៉ាងខ្លាំង។ (កូឡ. ១:១០, ១១; ២ធី. ១:៣) ប៉ុន្តែ តើតាមរបៀបណាយើងអាចជឿជាក់ថាព្រះយេហូវ៉ាពិតជាបានអភ័យទោសឲ្យយើង?
តើអ្វីអាចជួយយើងឲ្យជឿជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យយើង?
៧-៨. តើព្រះយេហូវ៉ារៀបរាប់យ៉ាងណាអំពីខ្លួនលោកទៅម៉ូសេ ហើយតើយើងអាចប្រាកដអំពីអ្វី? (ដំណើរចាកចេញ ៣៤:៦, ៧)
៧ សូមគិតអំពីអ្វីដែលព្រះយេហូវ៉ាបានរៀបរាប់អំពីខ្លួនលោក។ ជាឧទាហរណ៍ សូមកត់សម្គាល់អ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេនៅភ្នំស៊ីណាយ។a (សូមអាន ដំណើរចាកចេញ ៣៤:៦, ៧) ទោះបីជាព្រះយេហូវ៉ាមានគុណសម្បត្តិដ៏ថ្លៃថ្លាជាច្រើនក្ដី លោកសម្រេចចិត្តប្រាប់ម៉ូសេថា លោក«ជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ»។ ដូច្នេះ តើអ្នកគិតថាព្រះនឹងមិនព្រមអភ័យទោសឲ្យបុគ្គលដែលស្រឡាញ់លោកដែលប្រែចិត្តពីការខុសឆ្គងឬទេ? ព្រះយេហូវ៉ាច្បាស់ជាមិនប្រព្រឹត្តដោយគ្មានមេត្តាបែបនោះទេ។
៨ យើងអាចប្រាកដថា ពេលព្រះយេហូវ៉ាមានប្រសាសន៍ថាលោកមានសេចក្ដីមេត្តាករុណា លោកកំពុងនិយាយសេចក្ដីពិត។ លោកមិនដែលកុហកឡើយ។ (ចសព. ៣១:៥) ដូច្នេះ យើងអាចជឿអ្វីដែលលោកមានប្រសាសន៍។ បើអ្នកពិបាកឈប់បន្ទោសខ្លួនចំពោះកំហុសនៅអតីតកាល សូមសួរខ្លួនអ្នកថា ‹តើខ្ញុំជឿជាក់ថាព្រះយេហូវ៉ាពិតជាមានសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ ហើយថាលោកអភ័យទោសឲ្យអ្នកណាក៏ដោយដែលប្រែចិត្តពីការខុសឆ្គងឬទេ? បើដូច្នេះ ខ្ញុំគួរជឿជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យខ្ញុំដែរ›។
៩. តើការលើកលែងទោសចំពោះអំពើខុសឆ្គងមានន័យយ៉ាងណា? (ចម្រៀងសរសើរព្រះ ៣២:៥)
៩ សូមរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានដឹកនាំអ្នកសរសេរគម្ពីរឲ្យរៀបរាប់អំពីការអភ័យទោសរបស់លោក។ ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលដាវីឌរៀបរាប់អំពីការអភ័យទោសរបស់ព្រះយេហូវ៉ា។ (សូមអាន ចម្រៀងសរសើរព្រះ ៣២:៥) ដាវីឌបាននិយាយថា៖ «លោកបានលើកលែងទោសចំពោះអំពើខុសឆ្គងរបស់ខ្ញុំ»។ ពាក្យជាភាសាហេប្រឺដែលបានត្រូវបកប្រែថា«លើកលែងទោស» អាចមានន័យថា«លើងឡើង»ឬ«យកចេញ»។ ពេលព្រះយេហូវ៉ាអភ័យទោសឲ្យដាវីឌ គឺហាក់ដូចជាលោកលើកការខុសឆ្គងរបស់គាត់ឡើង ហើយយកការខុសឆ្គងនោះចេញ។ រួចមក ដាវីឌអាចមានអំណរដែលមកពីការដឹងថា ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់ទាំងស្រុង។ (ចសព. ៣២:២-៤) យើងក៏អាចមានអំណរស្រដៀងនឹងនេះដែរ។ ពេលយើងប្រែចិត្តយ៉ាងស្មោះពីការខុសឆ្គងរបស់យើង យើងមិនចាំបាច់បន្ដបន្ទោសខ្លួនចំពោះអ្វីដែលយើងបានធ្វើទេ តែយើងអាចអរសប្បាយដោយដឹងថា ព្រះយេហូវ៉ាបានអភ័យទោសឲ្យយើងទាំងស្រុង។
១០-១១. តើពាក្យ«បម្រុងតែនឹងអភ័យទោស»បង្ហាញយ៉ាងណាអំពីព្រះយេហូវ៉ា? (ចម្រៀងសរសើរព្រះ ៨៦:៥)
១០ សូមអាន ចម្រៀងសរសើរព្រះ ៨៦:៥។ នៅខនេះ ដាវីឌបាននិយាយអំពីព្រះយេហូវ៉ាថា៖ «លោកបម្រុងតែនឹងអភ័យទោស»។ ស្ដីអំពីពាក្យទាំងនេះ ឯកសារយោងមួយអំពីគម្ពីរនិយាយអំពីព្រះយេហូវ៉ាថា៖ «[លោក]គឺជាអ្នកអភ័យទោស។ នេះគឺជាលក្ខណៈធម្មជាតិមួយរបស់លោក»។ ហេតុអ្វីការអភ័យទោសគឺជាលក្ខណៈធម្មជាតិរបស់ព្រះយេហូវ៉ា? ពាក្យបន្ទាប់ក្នុងខគម្ពីរនោះពន្យល់ថា៖ «លោកពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សទាំងអស់ដែលហៅរកលោក»។ ដូចយើងបានរៀននៅអត្ថបទមុន សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជំរុញព្រះយេហូវ៉ាមិនឲ្យបោះបង់ចោលអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក។ ដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក លោកនឹង«អភ័យទោសឲ្យដោយគ្មានល័ក្ខខ័ណ្ឌ»ចំពោះអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ (អេ. ៥៥:៧, កំ.ស.) បើអ្នកពិបាកជឿជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នក សូមសួរខ្លួនអ្នកថា ‹តើខ្ញុំជឿថាព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោសដល់អស់អ្នកដែលប្រែចិត្ត ហើយដែលអធិដ្ឋានសុំសេចក្ដីមេត្តាករុណាពីលោកឬទេ? បើដូច្នេះ ខ្ញុំអាចប្រាកដថាលោកបានអភ័យទោសឲ្យខ្ញុំដែរ ពេលដែលខ្ញុំសុំលោកឲ្យបង្ហាញសេចក្ដីមេត្តាករុណាចំពោះខ្ញុំនិងអភ័យទោសឲ្យខ្ញុំ›។
១១ យើងអាចទទួលការសម្រាលទុក្ខដោយដឹងថា ព្រះយេហូវ៉ាយល់យ៉ាងច្បាស់ថាយើងជាមនុស្សមានភាពខុសឆ្គង។ (ចសព. ១៣៩:១, ២) សូមយើងមើលអ្វីដែលដាវីឌបាននិយាយនៅក្នុងចម្រៀងសរសើរព្រះមួយទៀត ហើយរបៀបដែលនោះក៏អាចជួយយើងឲ្យជឿថាព្រះយេហូវ៉ាចង់អភ័យទោសឲ្យយើង។
សូមកុំភ្លេចអ្វីដែលព្រះយេហូវ៉ានឹកចាំ
១២-១៣. យោងទៅតាមចម្រៀងសរសើរព្រះ ១០៣:១៤ តើព្រះយេហូវ៉ាចាំអ្វីអំពីយើង ហើយតើនេះជំរុញចិត្តលោកឲ្យធ្វើអ្វី?
១២ សូមអាន ចម្រៀងសរសើរព្រះ ១០៣:១៤។ ដាវីឌបាននិយាយអំពីព្រះយេហូវ៉ាថា លោក«ចាំថាយើងជាធូលីដី»។ តាមរយៈពាក្យទាំងនេះ ដាវីឌពន្យល់អំពីមូលហេតុមួយដែលព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោសឲ្យអ្នកគោរពប្រណិប័តន៍លោកដែលប្រែចិត្ត ពោលគឺលោកដឹងថាយើងជាមនុស្សមានភាពខុសឆ្គង។ ដើម្បីយល់ចំណុចនេះឲ្យកាន់តែច្បាស់ សូមយើងពិនិត្យមើលពាក្យរបស់ដាវីឌយ៉ាងដិតដល់ជាង។
១៣ ដាវីឌនិយាយថា ព្រះយេហូវ៉ា«ដឹងច្បាស់អំពីរបៀបដែលយើងបានត្រូវបង្កើត»។ លោកបាន«យកដីមកសូនធ្វើជា»អាដាម។ លោកដឹងថាមនុស្សល្អឥតខ្ចោះមានកម្រិតមួយចំនួនដូចជា ត្រូវការបរិភោគ គេង និងដកដង្ហើម។ (ដក. ២:៧) ប៉ុន្តែ ដោយសារអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង មនុស្សបានទៅជាដីក្នុងន័យមួយទៀត។ តើនោះគឺជាអ្វី? ក្នុងនាមជាកូនចៅរបស់ពួកគេ យើងឆ្លងភាពខុសឆ្គង ហើយនោះងាយឲ្យយើងធ្វើខុស។ ព្រះយេហូវ៉ាស្គាល់អំពីនេះយ៉ាងច្បាស់។ ប៉ុន្តែ ពេលដាវីឌនិយាយថាព្រះយេហូវ៉ា«ចាំ»ថាយើងជាធូលីដី គាត់ក៏ចង់មានន័យថា ដោយសារព្រះយេហូវ៉ាស្គាល់ថាយើងមានភាពខុសឆ្គង លោកតែងតែប្រព្រឹត្តមកលើយើងដោយក្ដីអាណិតមេត្តា។ និយាយរួមទៅ ពាក្យរបស់ដាវីឌអាចមានន័យថា លោកដឹងថាជួនកាលយើងនឹងធ្វើខុស ហើយពេលលោកឃើញថាយើងប្រែចិត្តយ៉ាងស្មោះ លោកបង្ហាញសេចក្ដីមេត្តាករុណានិងអភ័យទោសឲ្យយើង។—ចសព. ៧៨:៣៨, ៣៩
១៤. (ក) តើដាវីឌពន្យល់យ៉ាងណាអំពីការអភ័យទោសដ៏ធំធេងរបស់ព្រះយេហូវ៉ា? (ចម្រៀងសរសើរព្រះ ១០៣:១២) (ខ) តើយើងអាចរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាអភ័យទោសឲ្យដាវីឌ? (សូមមើលប្រអប់ដែលមានចំណងជើងថា «របៀបដែលព្រះយេហូវ៉ាអភ័យទោសនិងបំភ្លេច»)
១៤ តើការអភ័យទោសរបស់ព្រះយេហូវ៉ាគឺធំយ៉ាងណា? (សូមអាន ចម្រៀងសរសើរព្រះ ១០៣:១២) ដាវីឌនិយាយថា ពេលព្រះយេហូវ៉ាអភ័យទោស លោកដកការខុសឆ្គងរបស់យើងចេញឆ្ងាយ«ដូចទិសខាងលិច[កន្លែងដែលថ្ងៃលិច]ឆ្ងាយពីទិសខាងកើត[កន្លែងដែលថ្ងៃរះ]»។ ទិសខាងកើតនិងទិសខាងលិច គឺឆ្ងាយពីគ្នាណាស់។ នេះមានន័យថា ពេលព្រះយេហូវ៉ាអភ័យទោសការខុសឆ្គងរបស់យើង គឺហាក់ដូចជាលោកយកការខុសឆ្គងនោះចេញឆ្ងាយពីយើង។ លោកយកការខុសឆ្គងនោះចេញឆ្ងាយដល់ម្ល៉េះ រហូតដល់គ្មានអ្វីនឹងធ្វើឲ្យលោកនឹកចាំអំពីការខុសឆ្គងរបស់យើងម្ដងទៀត ឬធ្វើឲ្យលោករំលឹកយើងអំពីការខុសឆ្គងទាំងនោះ។ លោកក៏មិនចោទប្រកាន់ឬដាក់ទោសយើងចំពោះការខុសឆ្គងទាំងនោះដែរ។—អេគ. ១៨:២១, ២២; សកម្ម. ៣:១៩
១៥. តើយើងអាចធ្វើអ្វីបើយើងបន្តបន្ទោសខ្លួនចំពោះការខុសឆ្គងនៅអតីតកាល?
១៥ តើពាក្យរបស់ដាវីឌនៅចម្រៀងសរសើរព្រះ ១០៣អាចជួយយើងយ៉ាងណាឲ្យជឿជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យយើង? បើយើងបន្តបន្ទោសខ្លួនចំពោះការខុសឆ្គងនៅអតីតកាល យើងអាចសួរខ្លួនថា ‹តើខ្ញុំកំពុងភ្លេចអ្វីដែលព្រះយេហូវ៉ានឹកចាំ ពោលគឺតើខ្ញុំភ្លេចថាលោកដឹងថាខ្ញុំមានភាពខុសឆ្គង ហើយថាលោកនឹងអភ័យទោសឲ្យបុគ្គលដែលប្រព្រឹត្តការខុសឆ្គងដែលប្រែចិត្តដូចខ្ញុំឬទេ? តើខ្ញុំក៏នឹកចាំអ្វីដែលព្រះយេហូវ៉ាសម្រេចចិត្តថាបំភ្លេច ពោលគឺតើខ្ញុំចាំការខុសឆ្គងដែលលោកបានអភ័យទោសឲ្យនិងមិនប្រកាន់ទោសខ្ញុំឬទេ?›។ ព្រះយេហូវ៉ាមិនផ្ដោតអារម្មណ៍ទៅលើការខុសឆ្គងរបស់យើងនៅអតីតកាលទេ ហើយយើងក៏មិនគួរផ្ដោតអារម្មណ៍ទៅលើការខុសឆ្គងនោះដែរ។ (ចសព. ១៣០:៣) ពេលយើងជឿជាក់ថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង យើងនឹងអាចអភ័យទោសឲ្យខ្លួនឯងចំពោះកំហុសនៅអតីតកាល ហើយជឿនទៅមុខ។
១៦. សូមលើកឧទាហរណ៍អំពីរបៀបដែលការបន្តបន្ទោសខ្លួនចំពោះកំហុសនៅអតីតកាលគឺនាំឲ្យមានគ្រោះថ្នាក់។ (សូមមើលរូបភាពផងដែរ)
១៦ សូមគិតអំពីឧទាហរណ៍មួយ។ ការបន្តបន្ទោសខ្លួនចំពោះកំហុសនៅអតីតកាល គឺប្រៀបដូចជាការព្យាយាមបើកឡានទៅមុខផង ហើយមើលកញ្ចក់ក្រោយជាប់រហូតផង។ គឺជាការល្អឲ្យយើងមើលកញ្ចក់ក្រោយម្ដងម្កាលដើម្បីការពារពីគ្រោះថ្នាក់ដែលនៅខាងក្រោយយើង។ ប៉ុន្តែ ដើម្បីបើកបរទៅមុខដោយសុវត្ថិភាព យើងត្រូវផ្ចង់អារម្មណ៍ទៅផ្លូវខាងមុខ។ ស្រដៀងគ្នាដែរ គឺជាការល្អដែលជួនកាលយើងគិតអំពីកំហុសដែលយើងបានធ្វើនៅអតីតកាល។ នេះអាចជួយយើងមិនឲ្យធ្វើខុសដូចនោះម្ដងទៀត។ ប៉ុន្តែ បើយើងបន្តគិតអំពីកំហុសនៅអតីតកាល នោះយើងប្រហែលជាបាត់បង់អំណរ ហើយមិនអាចបម្រើព្រះយេហូវ៉ាយ៉ាងពេញលេញបានទេ។ ផ្ទុយទៅវិញ សូមឲ្យយើងផ្ដោតអារម្មណ៍ទៅលើផ្លូវដែលនៅខាងមុខយើង។ យើងនៅលើផ្លូវដែលនាំទៅឯជីវិតក្នុងពិភពលោកថ្មីដែលព្រះបានសន្យា ជាកន្លែងដែល«នឹងគ្មាននរណានឹកឃើញទៀត»នូវការនឹកចាំមិនល្អដែលធ្លាប់ឆ្លងកាត់។—អេ. ៦៥:១៧; សុភ. ៤:២៥
ដូចអ្នកបើកបរត្រូវផ្ចង់អារម្មណ៍លើផ្លូវខាងមុខ ជាជាងមើលខាងក្រោយតាមកញ្ចក់មើលក្រោយ យើងត្រូវផ្ដោតអារម្មណ៍ច្រើនជាងលើពរនៅថ្ងៃខាងមុខ ជាជាងកំហុសនៅអតីតកាល (សូមមើលវគ្គ១៦)
ចូរបន្តជឿជាក់
១៧. ហេតុអ្វីយើងត្រូវបន្តជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់និងអភ័យទោសឲ្យយើង?
១៧ យើងត្រូវបន្តជឿជាក់ថា ព្រះយេហូវ៉ាស្រឡាញ់និងអភ័យទោសឲ្យយើង។ (១យ៉ូន. ៣:១៩) ហេតុអ្វី? ពីព្រោះសាថាននឹងបន្តព្យាយាមធ្វើឲ្យយើងជឿជាក់ថា ព្រះយេហូវ៉ាមិនស្រឡាញ់ឬអភ័យទោសឲ្យយើងទេ។ គោលដៅរបស់វាគឺបញ្ឈប់យើងពីការបម្រើព្រះយេហូវ៉ា។ យើងអាចរំពឹងថាសាថាននឹងព្យាយាមកាន់តែខ្លាំងឡើង ដោយសារវាដឹងថាពេលវេលារបស់វាគឺខ្លី។ (បប. ១២:១២) យើងមិនត្រូវឲ្យសាថានឈ្នះយើងឡើយ!
១៨. តើអ្នកត្រូវធ្វើអ្វីដើម្បីជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់និងអភ័យទោសឲ្យអ្នក?
១៨ ដើម្បីពង្រឹងការជឿជាក់របស់អ្នកថាព្រះយេហូវ៉ាស្រឡាញ់អ្នក សូមធ្វើតាមយោបល់ដែលបានត្រូវពិគ្រោះនៅអត្ថបទមុន។ ដើម្បីជឿជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នក សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានរៀបរាប់អំពីខ្លួនលោក។ សូមរំពឹងគិតអំពីអ្វីដែលលោកបានដឹកនាំអ្នកសរសេរគម្ពីរឲ្យរៀបរាប់អំពីការអភ័យទោសរបស់លោក។ សូមកុំភ្លេចថា លោកដឹងថាអ្នកមានភាពខុសឆ្គង ហើយថាលោកនឹងប្រព្រឹត្តចំពោះអ្នកដោយសេចក្ដីមេត្តាករុណា។ ម្យ៉ាងទៀត សូមចាំថាពេលលោកអភ័យទោសឲ្យ លោកអភ័យទោសឲ្យទាំងស្រុង។ យ៉ាងនេះ ដោយមានទំនុកចិត្តដូចដាវីឌចំពោះសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា អ្នកអាចនិយាយថា៖ «អរគុណព្រះយេហូវ៉ាដែលបានលើកលែងទោសចំពោះ‹អំពើខុសឆ្គងរបស់ខ្ញុំ›!»។—ចសព. ៣២:៥
ចម្រៀងលេខ១ គុណសម្បត្តិរបស់ព្រះយេហូវ៉ា
a សូមមើលអត្ថបទដែលមានចំណងជើងថា «ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស» ក្នុងទស្សនាវដ្ដីប៉មយាម ខែមិថុនា ឆ្នាំ២០២២ វគ្គ៤-៧។