អត្ថបទសិក្សា ៣៥
ចម្រៀងលេខ១២១ យើងត្រូវចេះទប់ចិត្ត
របៀបទទួលជ័យជម្នះក្នុងការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង
«កុំឲ្យភាពខុសឆ្គងបន្តគ្រប់គ្រងលើរូបកាយរបស់អ្នករាល់គ្នា ដើម្បីនាំឲ្យអ្នករាល់គ្នាធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់វាឡើយ»។—រ៉ូម ៦:១២
ចំណុចផ្ដោត
ជួយយើងឲ្យ (១) យកឈ្នះការធ្លាក់ទឹកចិត្ត និង(២) ជៀសវាងកុំឲ្យចាញ់សេចក្ដីល្បួង។
១. តើយើងទាំងអស់គ្នាតយុទ្ធនឹងអ្វី?
តើអ្នកធ្លាប់មានសេចក្ដីប៉ងប្រាថ្នាខុសឆ្គងខ្លាំងចង់ធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្តឬទេ? បើដូច្នេះ សូមកុំធ្លាក់ទឹកចិត្ត។ គម្ពីរចែងថា៖ «គ្មានសេចក្ដីល្បួងណាកើតមានដល់អ្នករាល់គ្នាដែលមនុស្សឯទៀតមិនធ្លាប់ជួបនោះឡើយ»។ (១កូ. ១០:១៣) នេះមានន័យថា មិនថាអ្នកកំពុងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងណាក្ដី អ្នកឯទៀតក៏កំពុងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នានោះដែរ។ អ្នកមិននៅតែឯងទេ ហើយដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចទទួលជ័យជម្នះក្នុងការតយុទ្ធនោះបាន។
២. តើគ្រិស្តសាសនិកនិងសិស្សគម្ពីរតស៊ូនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងអ្វីខ្លះ? (សូមមើលរូបភាពផងដែរ)
២ គម្ពីរក៏ចែងដែរថា៖ «មនុស្សម្នាក់ៗត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម»។ (យ៉ា. ១:១៤) អ្វីដែលទាក់ទាញបុគ្គលម្នាក់ ប្រហែលជាខុសគ្នាពីអ្វីដែលទាក់ទាញបុគ្គលម្នាក់ទៀត។ ជាឧទាហរណ៍ គ្រិស្តសាសនិកខ្លះប្រហែលជាបានត្រូវល្បួងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងបុគ្គលដែលមានភេទផ្ទុយគ្នា។ រីឯអ្នកខ្លះទៀត ប្រហែលជាបានត្រូវល្បួងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា។ ពួកអ្នកដែលឈប់មើលរូបអាសអាភាសប្រហែលជាមានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងឲ្យមើលរូបនោះម្ដងទៀត។ បុគ្គលជាច្រើននាក់ទៀតដែលឈប់ប្រមឹកស្រាឬប្រើគ្រឿងញៀនក៏មានការពិបាកស្រដៀងនឹងនេះដែរ។ នេះជាសេចក្ដីប៉ងប្រាថ្នាមួយចំនួនដែលគ្រិស្តសាសនិកនិងសិស្សគម្ពីរខ្លះត្រូវតយុទ្ធ។ យើងទាំងអស់គ្នាទំនងជាធ្លាប់មានអារម្មណ៍ដូចសាវ័កប៉ូលដែលបានសរសេរថា៖ «ពេលខ្ញុំចង់ធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ»។—រ៉ូម ៧:២១
យើងអាចទទួលការល្បួងនៅពេលណានិងកន្លែងណាដែលយើងមិនបានរំពឹងទុក (សូមមើលវគ្គ២)c
៣. តើការមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គងដដែលៗអាចមានឥទ្ធិពលយ៉ាងណាមកលើបុគ្គលម្នាក់?
៣ បើអ្នកកំពុងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងដដែលៗណាមួយ អ្នកប្រហែលជាមានអារម្មណ៍ថាគ្មានកម្លាំង គឺហាក់ដូចជាអ្នកគ្មានសមត្ថភាពទប់ទល់នឹងការល្បួងនោះ។ អ្នកប្រហែលជាអស់សង្ឃឹម គឺហាក់ដូចជាអ្នកមានអារម្មណ៍ថាព្រះយេហូវ៉ានឹងផ្ដន្ទាទោសអ្នក ដោយសារអ្នកមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គងនោះ។ ប៉ុន្តែ អ្នកអាចប្រាកដថាអារម្មណ៍បែបនេះគឺមិនត្រឹមត្រូវទេ! ដើម្បីពន្យល់អំពីមូលហេតុ អត្ថបទនេះនឹងឆ្លើយសំណួរពីរយ៉ាង៖ (១) តើអារម្មណ៍គ្មានកម្លាំងនិងអស់សង្ឃឹមមកពីណា? (២) តើតាមរបៀបណាអ្នកអាចទទួលជ័យជម្នះក្នុងការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង?
តើ«មេកំណាច»ចង់ឲ្យយើងមានអារម្មណ៍យ៉ាងណា?
៤. (ក) ពេលជួបការល្បួង តើសាថានចង់ឲ្យយើងមានអារម្មណ៍យ៉ាងណា? (ខ) ហេតុអ្វីយើងអាចប្រាកដថាយើងអាចទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង?
៤ សាថានចង់ឲ្យយើងមានអារម្មណ៍ថាយើងគ្មានកម្លាំងពេលជួបនឹងការល្បួង។ លោកយេស៊ូទទួលស្គាល់ចំណុចនេះ ពេលលោកបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ តែសូមសង្គ្រោះយើងឲ្យរួចពីមេកំណាចវិញ»។ (ម៉ាថ. ៦:១៣) សាថានបានចោទប្រកាន់ថា មនុស្សនឹងមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាពេលពួកគេបានត្រូវល្បួងឲ្យធ្វើខុស។ (យ៉ូប ២:៤, ៥) ហេតុអ្វីសាថានមានគំនិតបែបនេះ? ពីព្រោះសាថានផ្ទាល់បានត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់វា ហើយវាមិនសុខចិត្តរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ។ តាមមើលទៅ វាជឿជាក់ថាយើងនឹងប្រព្រឹត្តដូចវា គឺថាយើងនឹងបោះបង់ចោលព្រះយេហូវ៉ាយ៉ាងងាយពេលយើងជួបការល្បួង។ សាថានក៏ថែមទាំងគិតថា បុត្រដ៏ល្អឥតខ្ចោះរបស់ព្រះអាចត្រូវល្បួងឲ្យធ្វើខុសទៀតផង! (ម៉ាថ. ៤:៨, ៩) ប៉ុន្តែ តើយើងពិតជាគ្មានកម្លាំងដើម្បីទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងឬទេ? មិនមែនទាល់តែសោះ! យើងយល់ស្របនឹងសាវ័កប៉ូលដែលបានសរសេរថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។—ភី. ៤:១៣
៥. ហេតុអ្វីយើងដឹងថាយើងអាចទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង?
៥ ខុសពីសាថាន ព្រះយេហូវ៉ាជឿជាក់ថាយើងអាចទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ តើយើងដឹងដូច្នេះយ៉ាងដូចម្ដេច? ព្រោះព្រះយេហូវ៉ាបានប្រកាសទុកជាមុនថាមនុស្សមួយក្រុមធំដែលរក្សាចិត្តស្មោះឥតងាករេនឹងរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំង។ សូមគិតអត្ថន័យនៃពាក្យនេះ។ ព្រះយេហូវ៉ាដែលមិនអាចកុហកមានប្រសាសន៍ថា គឺមានមនុស្សមួយចំនួនធំ មិនមែនតិចតួចទេ ដែលនឹងចូលក្នុងពិភពលោកថ្មី ដោយត្រូវចាត់ទុកថាជាមនុស្សស្អាតស្អំ គឺ«ពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម»។ (បប. ៧:៩, ១៣, ១៤) យើងឃើញច្បាស់ថា ព្រះយេហូវ៉ាមិនចាត់ទុកថាយើងគ្មានកម្លាំងដើម្បីតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងឡើយ។
៦-៧. ហេតុអ្វីសាថានចង់ឲ្យយើងមានអារម្មណ៍ថាអស់សង្ឃឹមក្នុងការតយុទ្ធនឹងការល្បួង?
៦ សាថានមិនគ្រាន់តែចង់ឲ្យយើងមានអារម្មណ៍ថាគ្មានកម្លាំងប៉ុណ្ណោះទេ តែក៏ចង់ឲ្យយើងមានអារម្មណ៍ថាអស់សង្ឃឹមដែរ គឺហាក់ដូចជាព្រះយេហូវ៉ានឹងផ្ដន្ទាទោសយើងដោយសារយើងមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ ហេតុអ្វីសាថានចង់ឲ្យយើងគិតបែបនេះ? ពីព្រោះគឺសាថាននោះឯងដែលអស់សង្ឃឹម ដោយសារព្រះយេហូវ៉ាបានវិនិច្ឆ័យវាថាមិនសមនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ (ដក. ៣:១៥; បប. ២០:១០) សាថានច្បាស់ជាចង់ឲ្យយើងអស់សង្ឃឹមដូចវា ជាពិសេសដោយសារយើងមានសេចក្ដីសង្ឃឹមទទួលពរដែលវាមិនបានទទួល។ ប៉ុន្តែ យើងមិនមែនអស់សង្ឃឹមឡើយ! តាមពិត គម្ពីរពង្រឹងទំនុកចិត្តយើងថាព្រះយេហូវ៉ាចង់ជួយយើង មិនមែនផ្ដន្ទាទោសយើងទេ។ លោក«មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។—២ពេ. ៣:៩
៧ បើយើងជឿថាយើងគ្មានកម្លាំងឬអស់សង្ឃឹមដើម្បីតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង យើងកំពុងគិតអ្វីដែលសាថានចង់ឲ្យយើងគិត។ ពេលយើងយល់យ៉ាងច្បាស់អំពីចំណុចនេះ នេះអាចជួយយើងឲ្យតស៊ូនឹងវា។—១ពេ. ៥:៨, ៩
អារម្មណ៍ដែលយើងប្រហែលជាមានដោយសារយើងមានភាពខុសឆ្គង
៨. ក្រៅពីអំពើអាក្រក់ តើការខុសឆ្គងរួមបញ្ចូលអ្វីទៀត? (ចម្រៀងសរសើរព្រះ ៥១:៥) (សូមមើល«ការពន្យល់ពាក្យ»ផងដែរ)
៨ ក្រៅពីសាថាន មានអ្វីមួយទៀតដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថាគ្មានសង្ឃឹមនិងអស់កម្លាំងដើម្បីតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ តើនោះគឺជាអ្វី? គឺភាពខុសឆ្គងដែលយើងបានឆ្លងពីឪពុកម្ដាយដំបូងរបស់យើង។a—យ៉ូប ១៤:៤; សូមអាន ចម្រៀងសរសើរព្រះ ៥១:៥
៩-១០. (ក) តើអាដាមនិងអេវ៉ាមានអារម្មណ៍យ៉ាងណាក្រោយពីពួកគេបានទៅជាមនុស្សមិនល្អឥតខ្ចោះ? (សូមមើលរូបភាពផងដែរ) (ខ) តើភាពខុសឆ្គងមានឥទ្ធិពលយ៉ាងណាមកលើយើង?
៩ សូមគិតអំពីអារម្មណ៍ដែលអាដាមនិងអេវ៉ាមានក្រោយពីពួកគេបានទៅជាមនុស្សមិនល្អឥតខ្ចោះ។ ក្រោយពីមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា ពួកគេបានពួនខ្លួន ហើយព្យាយាមគ្របបាំងរូបកាយរបស់ខ្លួន។ ស្ដីអំពីរឿងនេះ សៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ជាភាសាអង់គ្លេសចែងថា៖ «ការខុសឆ្គងបានធ្វើឲ្យពួកគេបន្ទោសខ្លួន ព្រួយបារម្ភ ខ្វះទំនុកចិត្ត និងអៀនខ្មាស»។ គឺហាក់ដូចជាអាដាមនិងអេវ៉ាជាប់សោក្នុងផ្ទះដែលមានតែបន្ទប់បួនដែលសំដៅទៅលើអារម្មណ៍ទាំងបួននោះប៉ុណ្ណោះ។ អាដាមនិងអេវ៉ាអាចចេញចូលពីបន្ទប់មួយទៅបន្ទប់មួយបាន ប៉ុន្តែពួកគេមិនអាចចេញពីផ្ទះនោះបានឡើយ។ ពួកគេមិនអាចគេចផុតពីភាពខុសឆ្គងទេ។
១០ ស្ថានភាពរបស់យើងមិនមែនដូចគ្នាបេះបិទនឹងស្ថានភាពរបស់អាដាមនិងអេវ៉ាឡើយ ពីព្រោះថ្លៃលោះមិនបានត្រូវបង់សម្រាប់ពួកគេទេ។ រីឯយើងវិញ គឺដោយសារថ្លៃលោះ យើងអាចត្រូវជម្រះពីការខុសឆ្គង ហើយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ (១កូ. ៦:១១) ទោះជាយ៉ាងនោះក៏ដោយ យើងបានឆ្លងភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះ។ ដូច្នេះ យើងក៏បន្ទោសខ្លួន ព្រួយបារម្ភ ខ្វះទំនុកចិត្ត និងអៀនខ្មាសដែរ។ តាមពិត គម្ពីរចែងថាភាពខុសឆ្គងបន្តកាន់កាប់លើមនុស្សជាតិ។ មនុស្សគ្រប់រូបនៅក្រោមអំណាចរបស់ភាពខុសឆ្គង «ទោះជាពួកគេមិនបានធ្វើខុសដូចអាដាមក៏ដោយ»។ (រ៉ូម ៥:១៤) ប៉ុន្តែ យើងមិនចាំបាច់មានអារម្មណ៍ថាយើងគ្មានកម្លាំងនិងអស់សង្ឃឹមទេ។ យើងអាចបំបាត់ចោលអារម្មណ៍អវិជ្ជមានទាំងនោះបាន។ តើតាមរបៀបណា?
អំពើខុសឆ្គងធ្វើឲ្យអាដាមនិងអេវ៉ាបន្ទោសខ្លួន ព្រួយបារម្ភ ខ្វះទំនុកចិត្ត និងអៀនខ្មាស (សូមមើលវគ្គ៩)
១១. ពេលយើងមានអារម្មណ៍ថាយើងគ្មានកម្លាំង តើរ៉ូម ៦:១២បង្រៀនយើងឲ្យធ្វើអ្វី?
១១ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលយើងប្រហែលជាមានអារម្មណ៍ថា យើងមិនអាចទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងបានឡើយ។ គឺហាក់ដូចជាភាពខុសឆ្គងកំពុងនិយាយទៅកាន់យើងថា យើងមិនអាចតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងនោះបានទេ។ ប៉ុន្តែ យើងមិនគួរស្ដាប់តាមនោះឡើយ។ ហេតុអ្វី? គម្ពីរបង្រៀនថាយើងមិនចាំបាច់ឲ្យការខុសឆ្គងបន្ត«គ្រប់គ្រង»លើយើងឡើយ។ (សូមអាន រ៉ូម ៦:១២) នេះមានន័យថា យើងអាចសម្រេចចិត្តមិនប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង។ (កាឡ. ៥:១៦) ព្រះយេហូវ៉ាជឿជាក់ថាយើងអាចទប់ទល់នឹងការល្បួង។ បើពុំនោះទេ លោកមិនតម្រូវឲ្យយើងធ្វើដូច្នេះឡើយ។ (បច. ៣០:១១-១៤; រ៉ូម ៦:៦; ១ថែ. ៤:៣) យើងច្បាស់ជាមិនខ្វះកម្លាំងដើម្បីតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងទេ។
១២. តើយើងគួរមានប្រតិកម្មយ៉ាងណាពេលយើងអស់សង្ឃឹម ហើយហេតុអ្វី?
១២ ស្រដៀងគ្នាដែរ ពេលយើងមានអារម្មណ៍ថាអស់សង្ឃឹម គឺហាក់ដូចជាយើងគិតថាព្រះយេហូវ៉ាផ្ដន្ទាទោសយើងដោយសារយើងមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គង យើងអាចចាត់ទុកអារម្មណ៍នេះថាគឺភាពខុសឆ្គងកំពុងនិយាយទៅកាន់យើង។ ប៉ុន្តែ យើងមិនគួរស្ដាប់តាមនោះទេ។ ហេតុអ្វី? ពីព្រោះគម្ពីរបង្រៀនថា ព្រះយេហូវ៉ាយល់ថាយើងមានភាពខុសឆ្គង។ (ចសព. ១០៣:១៣, ១៤) លោក«ជ្រាបគ្រប់ទាំងអស់»អំពីយើង សូម្បីតែរបៀបដែលភាពខុសឆ្គងបានជះឥទ្ធិពលមកលើយើងម្នាក់ៗ ក៏លោកជ្រាបដែរ។ (១យ៉ូន. ៣:១៩, ២០) បើយើងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាឲ្យធ្វើអ្វីដែលខុស ហើយមិនប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នានោះ ព្រះយេហូវ៉ានឹងចាត់ទុកថាយើងជាមនុស្សស្អាតស្អំ។ ហេតុអ្វីយើងអាចជឿជាក់ដូច្នោះ?
១៣-១៤. តើការមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គងមានន័យថាយើងមិនអាចធ្វើឲ្យព្រះពេញចិត្តឬទេ? សូមពន្យល់។
១៣ គម្ពីរបង្ហាញថាមានភាពខុសគ្នារវាងការធ្វើអ្វីដែលខុស(ដែលយើងអាចគ្រប់គ្រងបាន) និងសេចក្ដីប៉ងប្រាថ្នាធ្វើអ្វីដែលខុស(ដែលអាចកើតឡើងដោយស្វ័យប្រវត្តិ)។ ជាឧទាហរណ៍ នៅក្រុងកូរិនថូសនាសតវត្សរ៍ទី១ មានបុរសគ្រិស្តសាសនិកមួយចំនួនដែលធ្លាប់រួមដំណេកជាមួយនឹងបុរសឯទៀត។ ប៉ូលបានសរសេរថា៖ «អ្នករាល់គ្នាខ្លះធ្លាប់ជាមនុស្សបែបនោះ»។ តើនេះមានន័យថាពួកគេមិនដែលមានសេចក្ដីប៉ងប្រាថ្នាឲ្យប្រព្រឹត្តអំពើនោះម្ដងទៀតឬទេ? ប្រហែលជាមិនមែនទេ ដោយសារសេចក្ដីប៉ងប្រាថ្នាបែបនោះច្រើនតែដក់ជាប់ក្នុងចិត្ត។ ប៉ុន្តែ គ្រិស្តសាសនិកដែលចេះទប់ចិត្ត ហើយជៀសវាងពីការធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ លោកចាត់ទុកពួកគេថាជាបុគ្គលដែល«បានត្រូវលាងសម្អាត»។ (១កូ. ៦:៩-១១) ព្រះយេហូវ៉ាក៏អាចចាត់ទុកអ្នកថាជាមនុស្សបែបនោះដែរ។
១៤ មិនថាអ្នកតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងបែបណាក៏ដោយ អ្នកអាចយកឈ្នះសេចក្ដីប៉ងប្រាថ្នានោះបាន។ សូម្បីតែអ្នកមិនអាចបំបាត់ចោលសេចក្ដីប៉ងប្រាថ្នានោះទាំងស្រុង ក៏អ្នកអាចទប់ចិត្តបាន ហើយជៀសវាងពីការ«ធ្វើអ្វីៗតាមបំណងប្រាថ្នារបស់រូបកាយ និងតាមគំនិតរបស់[អ្នក]»។ (អេភ. ២:៣) តើអ្វីអាចជួយអ្នកឲ្យទទួលជ័យជម្នះក្នុងការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង?
របៀបទទួលជ័យជម្នះ
១៥. ដើម្បីទទួលជ័យជម្នះក្នុងការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ហេតុអ្វីយើងត្រូវទទួលស្គាល់ការពិតអំពីខ្លួន?
១៥ ដើម្បីទទួលជ័យជម្នះក្នុងការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង អ្នកត្រូវទទួលស្គាល់ថាភាពទន់ខ្សោយរបស់អ្នកគឺជាអ្វី។ សូមប្រុងប្រយ័ត្នកុំបញ្ឆោតខ្លួន«ដោយវែកញែកខុស»ឡើយ។ (យ៉ា. ១:២២) ជាឧទាហរណ៍ បុគ្គលដែលផឹកស្រាច្រើន ប្រហែលជាព្យាយាមរកលេសថា បញ្ហារបស់គាត់គឺមិនសូវធ្ងន់ធ្ងរ ដោយសារគាត់វែកញែកថាអ្នកឯទៀតផឹកច្រើនជាងគាត់។ រីឯបុគ្គលដែលមើលរូបអាសអាភាស ពួកគេប្រហែលជាព្យាយាមទម្លាក់កំហុសលើអ្នកឯទៀត ដោយនិយាយថា ‹ខ្ញុំនឹងមិនមានសេចក្ដីប៉ងប្រាថ្នាមើលរូបអាសអាភាសទេ បើប្រពន្ធខ្ញុំបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្ញុំច្រើនជាង›។ បើអ្នកចាប់ផ្ដើមវែកញែកបែបនេះ អ្នកនឹងងាយស្រួលចាញ់ការល្បួង។ ដូច្នេះ សូមកុំព្យាយាមរកលេសធ្វើអ្វីដែលខុស សូម្បីតែក្នុងគំនិតរបស់អ្នកក្ដី។ ចូរទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួន។—កាឡ. ៦:៧
១៦. តើអ្នកអាចតាំងចិត្តឲ្យកាន់តែខ្លាំងឡើងដើម្បីធ្វើអ្វីដែលត្រឹមត្រូវយ៉ាងដូចម្ដេច?
១៦ ក្រៅពីការទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន អ្នកនឹងត្រូវតាំងចិត្តឲ្យកាន់តែខ្លាំងឡើងដើម្បីមិនចុះចាញ់នឹងភាពទន់ខ្សោយនោះ។ (១កូ. ៩:២៦, ២៧; ១ថែ. ៤:៤; ១ពេ. ១:១៥, ១៦) សូមកត់សម្គាល់អ្វីដែលល្បួងអ្នកខ្លាំងជាងគេ ហើយពេលណាការល្បួងនោះលេចឡើង។ នោះប្រហែលជាការល្បួងប្រភេទណាមួយ ឬពេលណាដែលអ្នកងាយចាញ់នឹងការល្បួង។ ជាឧទាហរណ៍ តើអ្នកពិបាកទប់ទល់នឹងការល្បួងពេលអ្នកអស់កម្លាំងឬនៅយប់ជ្រៅឬទេ? សូមត្រៀមខ្លួន ហើយសម្រេចចិត្តថាអ្នកនឹងមានប្រតិកម្មយ៉ាងណាពេលជួបការល្បួងនោះ។ គឺជាការល្អឲ្យធ្វើដូច្នេះមុននឹងជួបការល្បួង។—សុភ. ២២:៣
១៧. តើយើងអាចរៀនអ្វីពីគំរូរបស់យ៉ូសែប? (ដើមកំណើត ៣៩:៧-៩) (សូមមើលរូបភាពផងដែរ)
១៧ សូមគិតអំពីប្រតិកម្មរបស់យ៉ូសែបពេលប្រពន្ធរបស់ប៉ូទីផាព្យាយាមល្បួងលួងលោមគាត់។ យ៉ូសែបបានបដិសេធនាងយ៉ាងម៉ឺងម៉ាត់និងភ្លាមៗ។ (សូមអាន ដើមកំណើត ៣៩:៧-៩) តើនេះបង្ហាញយ៉ាងណា? យ៉ូសែបបានតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវរួចហើយមុនប្រពន្ធរបស់ប៉ូទីផាព្យាយាមល្បួងលួងលោមគាត់។ ស្រដៀងគ្នាដែរ អ្នកអាចតាំងចិត្តកាន់តែខ្លាំងឡើងដើម្បីធ្វើអ្វីដែលត្រឹមត្រូវមុននឹងជួបស្ថានភាពដែលល្បួងអ្នក។ យ៉ាងនេះ ពេលអ្នកជួបការល្បួង អ្នកនឹងងាយស្រួលជាងធ្វើតាមការសម្រេចចិត្តដែលអ្នកបានធ្វើរួចហើយ។
ចូរបដិសេធការល្បួងភ្លាមៗដូចយ៉ូសែបបានធ្វើ! (សូមមើលវគ្គ១៧)
«ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់»
១៨. តើអ្នកអាចធ្វើអ្វីដើម្បីទទួលជ័យជម្នះក្នុងការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង? (កូរិនថូសទី២ ១៣:៥)
១៨ ដើម្បីទទួលជ័យជម្នះក្នុងការតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង អ្នកនឹងត្រូវ«ពិនិត្យពិចារណាអំពីខ្លួនឥតឈប់»។ (សូមអាន កូរិនថូសទី២ ១៣:៥) ជារឿយៗ សូមគិតឡើងវិញអំពីគំនិតនិងការប្រព្រឹត្ត ហើយធ្វើការកែតម្រូវដែលចាំបាច់។ ជាឧទាហរណ៍ សូម្បីតែពេលដែលអ្នកបានយកឈ្នះការល្បួងក្ដី ក៏អ្នកអាចសួរខ្លួនថា ‹តើខ្ញុំត្រូវការពេលយូរយ៉ាងណាដើម្បីបដិសេធការល្បួងនោះ?›។ បើអ្នកទទួលស្គាល់ថាអ្នកបានបង្អែបង្អង់ សូមកុំផ្ដន្ទាទោសខ្លួនឡើយ តែសូមចាត់វិធានការដើម្បីធ្វើប្រសើរជាងនៅលើកក្រោយ។ សូមសួរខ្លួននូវសំណួរដូចជា៖ ‹ពេលខ្ញុំមានគំនិតមិនត្រឹមត្រូវ តើខ្ញុំអាចបោះបង់ចោលគំនិតនោះលឿនជាងឬទេ? តើអ្វីដែលខ្ញុំមើល អាន និងស្ដាប់ ធ្វើឲ្យខ្ញុំកាន់តែពិបាកទប់ទល់នឹងការល្បួងឬទេ? តើខ្ញុំបែរមុខចេញភ្លាមៗពីឈុតដែលមានអំពើប្រាសចាកសីលធម៌ឬទេ? ទោះជាខ្ញុំត្រូវតែចេះទប់ចិត្តក្ដី តើខ្ញុំយល់អំពីមូលហេតុដែលខ្នាតតម្រារបស់ព្រះយេហូវ៉ាតែងតែល្អបំផុតឬទេ?›។—ចសព. ១០១:៣
១៩. តើការសម្រេចចិត្តតូចដែលមិនឈ្លាសវៃអាចនាំឲ្យអ្នកកាន់តែពិបាកតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងតាមរបៀបណា?
១៩ អ្នកក៏គួរជៀសវាងពីការរកលេសប្រព្រឹត្តអ្វីដែលខុសដែរ។ គម្ពីរចែងថា៖ «ឯចិត្ត គឺពូកែបញ្ឆោតលើសអ្វីៗទាំងអស់ ហើយក៏អាក្រក់ក្រៃលែង»។ (យេ. ១៧:៩) លោកយេស៊ូបានមានប្រសាសន៍ថា៖ «គំនិតអាក្រក់តែងតែផ្ដើមចេញពីក្នុងចិត្ត»។ (ម៉ាថ. ១៥:១៩) ជាឧទាហរណ៍ បុគ្គលដែលឈប់មើលរូបអាសអាភាស ប្រហែលជាឃើញរូបដែលអាចធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល ហើយចាប់ផ្ដើមគិតថាបើមើលរូបនោះគឺគ្មានគ្រោះថ្នាក់ទេ ព្រោះរូបទាំងនោះមិនមានរូបមនុស្សអាក្រាត។ ឬក៏គាត់ប្រហែលជាវែកញែកថា ‹គ្មានអ្វីខុសទេបើខ្ញុំស្រមើស្រមៃអំពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ឲ្យតែខ្ញុំមិនធ្វើតាមសេចក្ដីប៉ងប្រាថ្នានោះទេ›។ បើបុគ្គលណាម្នាក់គិតបែបនេះ គឺហាក់ដូចជាគាត់«មានគម្រោងដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គង»។ (រ៉ូម ១៣:១៤) តើអ្នកអាចជៀសវាងពីការធ្វើដូច្នេះយ៉ាងដូចម្ដេច? សូមដឹងខ្លួន ហើយជៀសវាងពីការសម្រេចចិត្តតូចៗដែលមិនឈ្លាសវៃ ដែលនឹងនាំឲ្យអ្នកធ្វើការសម្រេចចិត្តធំដែលមិនឈ្លាសវៃ ដូចជាការចុះចាញ់នឹងអំពើខុសឆ្គង។b ចូរបដិសេធ«គំនិតអាក្រក់»ណាក៏ដោយដែលនាំឲ្យអ្នករកលេសប្រព្រឹត្តអ្វីដែលខុស។
២០. តើយើងមានសេចក្ដីសង្ឃឹមអ្វីសម្រាប់ថ្ងៃអនាគត ហើយតើយើងមានជំនួយអ្វីនៅឥឡូវនេះ?
២០ ដូចយើងបានរៀន ដោយមានជំនួយពីព្រះយេហូវ៉ាយើងមានកម្លាំងដើម្បីទប់ទល់នឹងការល្បួង។ ម្យ៉ាងទៀត ដោយសារសេចក្ដីមេត្តាករុណារបស់លោក យើងមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មី។ យើងនឹងសប្បាយចិត្តជាខ្លាំង ពេលយើងអាចបម្រើព្រះយេហូវ៉ាដោយមិនតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង! ទម្រាំដល់ពេលនោះ យើងអាចប្រាកដថាយើងមិនមែនគ្មានកម្លាំងឬអស់សង្ឃឹមដើម្បីតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងទេ។ យើងអាចទទួលជ័យជម្នះបាន ដោយសារព្រះយេហូវ៉ាឲ្យពរលើការខំព្យាយាមរបស់យើង!
ចម្រៀងលេខ១២២ ពង្រឹងជំហរឲ្យមាំមួនឡើង!
a ការពន្យល់ពាក្យ៖ ក្នុងគម្ពីរពាក្យ«ខុសឆ្គង»ច្រើនតែសំដៅទៅលើទង្វើដូចជា ការលួច អំពើផិតក្បត់ ឬឃាតកម្ម។ (ដច. ២០:១៣-១៥; ១កូ. ៦:១៨) ប៉ុន្តែក្នុងបទគម្ពីរខ្លះ ពាក្យ«ខុសឆ្គង»សំដៅទៅលើអ្វីដែលយើងទទួលពីកំណើត ទោះជាយើងមិនទាន់បានប្រព្រឹត្តអំពើខុសឆ្គងណាក៏ដោយ។
b សូមកត់សម្គាល់ថាបុរសវ័យក្មេងដែលបានត្រូវរៀបរាប់នៅសុភាសិត ៧:៧-២៣ បានធ្វើការសម្រេចចិត្តតូចៗដែលមិនឈ្លាសវៃ មុនធ្វើការសម្រេចចិត្តធំដែលមិនឈ្លាសវៃ ពោលគឺគាត់បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។
c ការពណ៌នាអំពីរូបភាព៖ ខាងឆ្វេង៖ កាលដែលអង្គុយនៅហាងកាហ្វេ ប្អូនប្រុសវ័យក្មេងកត់សម្គាល់បុរសពីរនាក់បង្ហាញអារម្មណ៍ស្នេហាចំពោះគ្នា។ ខាងស្ដាំ៖ បងស្រីម្នាក់កត់សម្គាល់មនុស្សពីរនាក់ជក់បារី។