ជីវប្រវត្ដិ
ខ្ញុំបានទៅជាសាសនទូត ទោះបីជាខ្ញុំជាមនុស្សអៀនខ្លាំងក៏ដោយ
កាលដែលខ្ញុំនៅក្មេង ខ្ញុំជាមនុស្សអៀន ហើយខ្លាចមនុស្ស។ ប៉ុន្តែយូរៗទៅ ព្រះយេហូវ៉ាបានជួយខ្ញុំឲ្យទៅជាសាសនទូតដែលស្រឡាញ់មនុស្ស។ តើតាមរបៀបណា? ដំបូង គឺតាមរយៈការណែនាំរបស់ឪពុកខ្ញុំ។ បន្ទាប់មក គឺគំរូល្អរបស់ក្មេងស្រីជំទង់ម្នាក់។ ក្រោយមក គឺពាក្យសប្បុរសនិងប្រកបដោយការអត់ធ្មត់របស់ប្ដីខ្ញុំ។ សូមឲ្យខ្ញុំរៀបរាប់អំពីដំណើរជីវិតរបស់ខ្ញុំ។
ខ្ញុំបានកើតនៅឆ្នាំ១៩៥១ នៅក្រុងវីយែន ប្រទេសអូទ្រីស។ ឪពុកម្ដាយរបស់ខ្ញុំកាន់សាសនាកាតូលិក។ ខ្ញុំជាមនុស្សអៀន ប៉ុន្តែខ្ញុំជឿលើព្រះ ហើយអធិដ្ឋានជារឿយៗ។ ពេលខ្ញុំមានអាយុ៩ឆ្នាំ ឪពុកខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ហើយក្រោយមក ម្ដាយខ្ញុំក៏ចាប់ផ្ដើមសិក្សាដែរ។
ខ្ញុំនឹងប្អូនស្រីរបស់ខ្ញុំ អេលីសាបិត(នៅខាងឆ្វេង)
មិនយូរក្រោយមក យើងបានចូលរួមកិច្ចប្រជុំជាមួយក្រុមជំនុំដូប្លីង ក្រុងវីយែន។ យើងធ្វើអ្វីៗជាច្រើនជាមួយគ្នាជាក្រុមគ្រួសារ ដូចជាយើងបានអាននិងសិក្សាគម្ពីរ ចូលរួមកិច្ចប្រជុំ ហើយបម្រើជាអ្នកស្ម័គ្រចិត្តនៅសន្និបាតជាដើម។ កាលដែលខ្ញុំនៅក្មេង ឪពុករបស់ខ្ញុំជួយខ្ញុំឲ្យស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង។ តាមពិត ឪពុករបស់ខ្ញុំតែងតែអធិដ្ឋានឲ្យខ្ញុំនិងប្អូនស្រីរបស់ខ្ញុំទៅជាអ្នកត្រួសត្រាយ។ ប៉ុន្តែនៅពេលនោះ ខ្ញុំមិនមានគោលដៅនោះទេ។
ខ្ញុំចាប់ផ្ដើមកិច្ចបម្រើពេញពេល
ខ្ញុំបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៦៥ ពេលខ្ញុំមានអាយុ១៤ឆ្នាំ។ ប៉ុន្តែ ខ្ញុំពិបាកផ្សព្វផ្សាយដល់មនុស្សដែលខ្ញុំមិនស្គាល់។ ម្យ៉ាងទៀត ខ្ញុំមានអារម្មណ៍ថាខ្លួនអន់ជាងអ្នកឯទៀត ហើយចង់ឲ្យមនុស្សស្រករខ្ញុំស្រឡាញ់ចូលចិត្តខ្ញុំ។ ដូច្នេះ មិនយូរក្រោយពីខ្ញុំបានទទួលការជ្រមុជទឹក ខ្ញុំបានចាប់ផ្ដើមសេពគប់ជាមួយនឹងអ្នកដែលមិនបម្រើព្រះយេហូវ៉ា។ ទោះបីជាខ្ញុំចូលចិត្តសេពគប់ជាមួយនឹងពួកគេក្ដី សមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសខ្ញុំ ដោយសារខ្ញុំចំណាយពេលច្រើនពេកជាមួយនឹងអ្នកដែលមិនមែនជាសាក្សី។ ប៉ុន្តែ ខ្ញុំពិបាកឈប់សេពគប់ជាមួយនឹងពួកគេ។ តើអ្វីបានជួយខ្ញុំ?
ខ្ញុំរៀនច្រើនពីប្អូនដូរ៉ូធី(នៅខាងឆ្វេង)
នៅគ្រានោះ ប្អូនស្រីម្នាក់ឈ្មោះដូរ៉ូធីដែលមានអាយុ១៦ឆ្នាំបានចូលរួមក្រុមជំនុំរបស់យើង។ ខ្ញុំពិតជាកោតស្ងើចចំពោះចិត្តខ្នះខ្នែងរបស់គាត់ក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ខ្ញុំមានអាយុច្រើនជាងគាត់បន្តិច តែខ្ញុំមិនសូវផ្សព្វផ្សាយច្រើនទេ។ ដូច្នេះ ខ្ញុំគិតក្នុងចិត្តថា ‹ឪពុកម្ដាយរបស់ខ្ញុំជាសាក្សី ប៉ុន្តែក្រុមគ្រួសាររបស់ប្អូនដូរ៉ូធីមិននៅក្នុងសេចក្ដីពិតទេ។ គាត់រស់នៅជាមួយម្ដាយដែលឈឺ តែគាត់តែងតែផ្សព្វផ្សាយ›។ ដោយសារគំរូល្អរបស់គាត់ ខ្ញុំក៏ចង់ធ្វើច្រើនជាងសម្រាប់ព្រះយេហូវ៉ាដែរ។ មិនយូរក្រោយមក ប្អូនដូរ៉ូធីនិងខ្ញុំបានទៅជាដៃគូត្រួសត្រាយជាមួយគ្នា។ ដំបូង យើងបានត្រួសត្រាយជំនួយ ហើយក្រោយមក យើងត្រួសត្រាយពេញពេល។ ដោយសារប្អូនដូរ៉ូធីចូលចិត្តផ្សព្វផ្សាយខ្លាំងណាស់ ខ្ញុំក៏ចាប់ផ្ដើមចូលចិត្តផ្សព្វផ្សាយខ្លាំងណាស់ដែរ។ គាត់ជួយខ្ញុំឲ្យចាប់ផ្ដើមការសិក្សាគម្ពីរដំបូងរបស់ខ្ញុំ។ យូរៗទៅ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្រួលជាងនិយាយជាមួយមនុស្សនៅមាត់ទ្វារផ្ទះ នៅតាមផ្លូវ និងនៅកន្លែងផ្សេងទៀត។
ក្នុងអំឡុងឆ្នាំទី១ដែលខ្ញុំបម្រើជាអ្នកត្រួសត្រាយពេញពេល បងប្រុសជនជាតិអូទ្រីសម្នាក់ឈ្មោះហែនបានរើមកក្រុមជំនុំរបស់ខ្ញុំ។ គាត់បានរៀនសេចក្ដីពិតនៅប្រទេសកាណាដា ពេលទៅលេងបងប្រុសរបស់គាត់ដែលជាសាក្សី។ បងហែនបានត្រូវចាត់ឲ្យមកក្រុមជំនុំខ្ញុំនៅក្រុងវីយែន ជាអ្នកត្រួសត្រាយពិសេស។ ខ្ញុំចូលចិត្តគាត់តាំងពីខ្ញុំជួបគាត់លើកដំបូងមកម្ល៉េះ។ ប៉ុន្តែ គាត់ចង់បម្រើជាសាសនទូត ហើយខ្ញុំមិនចង់បម្រើជាសាសនទូតទេ។ ដូច្នេះ ដំបូងខ្ញុំបានលាក់អារម្មណ៍របស់ខ្ញុំចំពោះគាត់។ ប៉ុន្តែក្រោយមក បងហែននិងខ្ញុំចាប់ផ្ដើមស្វែងយល់ចិត្តគ្នា ហើយរៀបការ។ បន្ទាប់មក យើងចាប់ផ្ដើមត្រួសត្រាយជាមួយគ្នានៅប្រទេសអូទ្រីស។
ខ្ញុំចាប់ផ្ដើមមានគោលដៅទៅជាសាសនទូត
បងហែនច្រើនតែនិយាយជាមួយខ្ញុំថាគាត់ចង់ធ្វើជាសាសនទូត។ គាត់មិនដែលបង្ខំខ្ញុំឲ្យធ្វើជាសាសនទូតទេ តែគាត់បានសួរសំណួរដែលជំរុញចិត្តខ្ញុំឲ្យគិតអំពីគោលដៅនោះដូចជា «ដោយសារយើងមិនមានកូន តើយើងអាចធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ាបានទេ?»។ ដោយសារខ្ញុំជាមនុស្សអៀន ខ្ញុំភ័យខ្លាចធ្វើជាសាសនទូត។ ពិតមែនថាខ្ញុំជាអ្នកត្រួសត្រាយ ប៉ុន្តែភារកិច្ចជាសាសនទូតមើលទៅពិបាកពេកសម្រាប់ខ្ញុំ។ ទោះជាយ៉ាងនោះក៏ដោយ បងហែនបន្តជួយខ្ញុំឲ្យគិតអំពីការបម្រើជាសាសនទូត។ ម្យ៉ាងទៀត គាត់បានលើកទឹកចិត្តខ្ញុំមិនឲ្យផ្ដោតអារម្មណ៍ទៅលើការភ័យខ្លាចរបស់ខ្ញុំទេ តែផ្ដោតទៅលើការជួយអ្នកឯទៀតវិញ។ យោបល់របស់គាត់ពិតជាបានជួយខ្ញុំ។
បងហែនដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមក្នុងក្រុមជំនុំភាសាស៊ែប៊ីក្រូអាស៊ីតូចមួយ នៅក្រុងសាលបឺក ប្រទេសអូទ្រីស នាឆ្នាំ១៩៧៤
បន្តិចម្ដងៗ ខ្ញុំចាប់ផ្ដើមចង់បម្រើជាសាសនទូត។ ដូច្នេះ យើងបានដាក់ពាក្យសុំចូលសាលាគីលាត។ ប៉ុន្តែ បងប្រុសដែលជាអ្នកត្រួតពិនិត្យការិយាល័យសាខានៅពេលនោះបានឲ្យយោបល់ខ្ញុំថា ខ្ញុំគួររៀនភាសាអង់គ្លេសឲ្យស្ទាត់ជាងសិន។ ក្រោយពីព្យាយាមនិយាយភាសាអង់គ្លេសឲ្យបានស្ទាត់ជាងអស់បីឆ្នាំ យើងភ្ញាក់ផ្អើលដែលយើងបានទទួលភារកិច្ចបម្រើនៅក្រុមជំនុំភាសាស៊ែប៊ីក្រូអាស៊ី នៅក្រុងសាលបឺក ប្រទេសអូទ្រីស។ យើងបានផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាស៊ែប៊ីក្រូអាស៊ីអស់៧ឆ្នាំ ហើយមានមួយឆ្នាំក្នុងអំឡុងពេលនោះ យើងបានធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលនៅក្រុមជំនុំភាសាស៊ែប៊ីក្រូអាស៊ី។ ភាសានោះគឺពិបាក ប៉ុន្តែយើងមានសិស្សគម្ពីរជាច្រើន។
នៅឆ្នាំ១៩៧៩ បងប្អូនប្រុសដែលនាំមុខនៅការិយាល័យសាខា បានសុំយើងឲ្យទៅលេងប្រទេសប៊ុលហ្គារីមួយរយៈពេលខ្លី។ ដោយសារកិច្ចការផ្សព្វផ្សាយនៅទីនោះបានត្រូវគេដាក់បម្រាម ពួកគេបានសុំយើងឲ្យធ្វើជាទៅលេងប្រទេសនោះ។ ពួកគេបានប្រាប់យើងថាសូមកុំផ្សព្វផ្សាយនៅទីនោះ ប៉ុន្តែសូមយកសៀវភៅផ្សេងៗដែលមានទំហំតូចៗដោយសម្ងាត់ សម្រាប់បងស្រីប្រាំនាក់ដែលរស់នៅក្រុងសូហ៊្វីយ៉ា ដែលជារដ្ឋធានីរបស់ប្រទេសប៊ុលហ្គារី។ ខ្ញុំភ័យខ្លាចជាខ្លាំង ប៉ុន្តែព្រះយេហូវ៉ាបានជួយខ្ញុំឲ្យបំពេញភារកិច្ចនោះ។ ពេលឃើញចិត្តក្លាហានរបស់បងស្រីទាំងនោះ និងអំណរដែលពួកគេមានទោះជាពួកគេប្រថុយនឹងការចាប់ដាក់គុកក៏ដោយ នោះជំរុញចិត្តខ្ញុំឲ្យខំអស់ពីសមត្ថភាពធ្វើអ្វីណាក៏ដោយដែលអង្គការរបស់ព្រះយេហូវ៉ាសុំខ្ញុំឲ្យធ្វើ។
ក្រោយមក យើងបានដាក់ពាក្យសុំចូលសាលាគីលាតម្ដងទៀត ហើយលើកនេះយើងបានត្រូវអញ្ជើញ។ យើងគិតថាយើងនឹងចូលរៀនសាលានោះជាភាសាអង់គ្លេស នៅសហរដ្ឋអាម៉េរិក។ ប៉ុន្តែ នៅខែវិច្ឆិកា ឆ្នាំ១៩៨១ វគ្គសិក្សាគីលាតក្រៅប្រទេសបានចាប់ផ្ដើមនៅការិយាល័យសាខានាក្រុងវីសបាដិន ប្រទេសអាល្លឺម៉ង់។ ដូច្នេះ យើងបានចូលរៀនវគ្គសិក្សានោះជាភាសាអាល្លឺម៉ង់ដែលងាយស្រួលជាងសម្រាប់ខ្ញុំ។ ប៉ុន្តែ តើយើងនឹងត្រូវចាត់ឲ្យទៅបម្រើនៅទីណា?
ការបម្រើនៅប្រទេសដែលមានសង្គ្រាម
យើងបានត្រូវចាត់ឲ្យបម្រើនៅប្រទេសកេនយ៉ា! ប៉ុន្តែ ការិយាល័យសាខាកេនយ៉ាបានសួរយើងថា តើយើងសុខចិត្តបម្រើនៅប្រទេសអ៊ូហ្គង់ដាដែលជាប្រទេសជិតខាងឬទេ? ជាង១០ឆ្នាំមុននោះ រដ្ឋាភិបាលអ៊ូហ្គង់ដាបានត្រូវដួលរលំ ដោយសាររដ្ឋប្រហារយោធាដែលបានដឹកនាំដោយឧត្តមសេនីយ៍អ៊ីឌី អាមីន។ ក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីនោះ ការគ្រប់គ្រងរបស់គាត់បាននាំឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយមនុស្សរាប់លាននាក់រងទុក្ខវេទនា។ ក្រោយមក នៅឆ្នាំ១៩៧៩ រដ្ឋាភិបាលអ៊ូហ្គង់ដាបានត្រូវដួលរលំម្ដងទៀត។ ខ្ញុំភ័យពេលគិតអំពីការរើទៅប្រទេសដែលមានសង្គ្រាម។ ប៉ុន្តែ សាលាគីលាតបានជួយយើងឲ្យទុកចិត្តព្រះយេហូវ៉ា។ ដូច្នេះយើងបាននិយាយថា យើងព្រមទៅ!
ស្ថានភាពនៅប្រទេសអ៊ូហ្គង់ដាគ្មានសុវត្ថិភាពទេ។ រដ្ឋាភិបាលមិនអាចផ្គត់ផ្គង់ទឹក អគ្គិសនី និងអ្វីចាំបាច់ផ្សេងទៀតទេ។ ម្យ៉ាងទៀត ទូរស័ព្ទមិនដំណើរការ មនុស្សបាញ់គ្នាទៅវិញទៅមក ហើយលួចរបស់គ្នា ជាពិសេសនៅពេលយប់។ ដូច្នេះ ពេលមេឃងងឹត មនុស្សចូលទៅក្នុងផ្ទះ។ ពួកគេសង្ឃឹម ហើយថែមទាំងអធិដ្ឋានថានឹងគ្មានអ្នកណានឹងមកលួចអ្វីពីពួកគេឬសម្លាប់ពួកគេ។ ទោះបីជាមានការពិបាកទាំងនេះក៏ដោយ បងប្អូននៅទីនោះបានរក្សាជំនឿយ៉ាងរឹងមាំ។
យើងធ្វើម្ហូបនៅផ្ទះរបស់ក្រុមគ្រួសារវ៉ាអ៊ីស្វា
នៅឆ្នាំ១៩៨២ ខ្ញុំនិងបងហែនបានទៅដល់ក្រុងកំប៉ាឡាដែលជារាជធានីរបស់ប្រទេសអ៊ូហ្គង់ដា។ ក្នុងអំឡុងប្រាំខែដំបូង យើងបានស្នាក់នៅផ្ទះរបស់បងប្រុសសេម វ៉ាអ៊ីស្វា និងបងស្រីគ្រីស្ទីណា វ៉ាអ៊ីស្វា ព្រមទាំងជាមួយនឹងកូនប្រាំនាក់របស់ពួកគាត់ និងសាច់ញាតិបួននាក់របស់ពួកគាត់។ ភាគច្រើន បងសេមនិងបងគ្រីស្ទីណា ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់បរិភោគអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែ ពួកគេតែងតែសប្បាយចែករំលែកអ្វីតិចតួចដែលពួកគេមានជាមួយយើង។ ពេលនៅជាមួយពួកគេ ខ្ញុំនិងបងហែនបានរៀនមេរៀនដែលបានជួយយើងក្នុងជីវិតជាសាសនទូត។ ជាឧទាហរណ៍ យើងបានរៀនឲ្យចេះសន្សំសំចៃទឹក ដោយងូតទឹកតែប៉ុន្មានលីត្រ ហើយប្រើទឹកដែលយើងបានងូតនោះដើម្បីចាក់បង្គន់។ នៅឆ្នាំ១៩៨៣ ខ្ញុំនិងបងហែនបានរកឃើញផ្ទះផ្ទាល់ខ្លួនមួយដែលមានសុវត្ថិភាពគួរសមនៅតំបន់មួយនាក្រុងកំប៉ាឡា។
យើងពិតជាចូលចិត្តកិច្ចបម្រើផ្សាយនៅទីនោះ។ ខ្ញុំចាំថាមានខែមួយ យើងបានស្នើផ្ដល់ទស្សនាវដ្ដីជាង៤.០០០ក្បាល! ប៉ុន្តែអ្វីដែលល្អជាងនោះ គឺប្រតិកម្មរបស់មនុស្សចំពោះសេចក្ដីពិត។ ពួកគេគោរពព្រះ ហើយចង់និយាយអំពីគម្ពីរ។ តាមធម្មតា ខ្ញុំនិងបងហែនមានសិស្សគម្ពីរ១០ទៅ១៥នាក់រៀងៗខ្លួន ហើយយើងបានរៀនច្រើនពីសិស្សគម្ពីររបស់យើង។ ជាឧទាហរណ៍ ទោះជាពួកគេត្រូវដើរទៅកិច្ចប្រជុំរៀងរាល់សប្ដាហ៍ក្ដី ពួកគេមិនដែលត្អូញត្អែរ ហើយតែងតែញញឹម។
នៅឆ្នាំ១៩៨៥និងឆ្នាំ១៩៨៦ មានសង្គ្រាមពីរទៀតនៅប្រទេសអ៊ូហ្គង់ដា។ យើងច្រើនតែឃើញកូនក្មេងធ្វើជាទាហាន ហើយកាន់កាំភ្លើង និងយាមនៅកុងត្រូល។ ក្នុងអំឡុងពេលនោះ យើងអធិដ្ឋានសុំឲ្យមានសមត្ថភាពវែកញែកនិងចិត្តស្ងប់ កាលដែលយើងស្វែងរកអ្នកចាប់អារម្មណ៍ក្នុងកិច្ចបម្រើផ្សាយ។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។ យើងច្រើនតែភ្លេចការភ័យខ្លាចរបស់យើង ពេលដែលយើងជួបបុគ្គលដែលស្ដាប់ដំណឹងរាជាណាចក្រ។
ខ្ញុំ បងហែន និងបងថិតយ៉ាណា(នៅពាក់កណ្ដាល)
យើងក៏ចូលចិត្តផ្សព្វផ្សាយដល់ជនជាតិបរទេសដែរ។ ជាឧទាហរណ៍ យើងបានជួបនិងសិក្សាគម្ពីរជាមួយបងប្រុសមូរ៉ាត់ អ៊ីបាធូលីន និងបងស្រីឌីលបា អ៊ីបាធូលីន ជាប្ដីប្រពន្ធមួយគូពីតំបន់ថាថាស្ថាន(ប្រទេសរុស្ស៊ីកណ្ដាល)។ បងមូរ៉ាត់គឺជាគ្រូពេទ្យ។ ពួកគាត់បានចូលក្នុងសេចក្ដីពិត ហើយនៅតែបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ក្រោយមក ខ្ញុំបានជួបបងស្រីថិតយ៉ាណា វីលេស្កាពីប្រទេសអ៊ុយក្រែន ដែលនៅពេលនោះធ្លាក់ទឹកចិត្តយ៉ាងខ្លាំងរហូតដល់គាត់ចង់សម្លាប់ខ្លួន។ ក្រោយពីបងថិតយ៉ាណាបានទទួលការជ្រមុជទឹក គាត់បានរើទៅប្រទេសអ៊ុយក្រែនវិញ ហើយក្រោយមកបានបម្រើជាអ្នកបកប្រែសៀវភៅផ្សេងៗរបស់យើង។
ភារកិច្ចថ្មី
នៅឆ្នាំ១៩៩១ ពេលខ្ញុំនិងបងហែនទៅដើរលេងនៅប្រទេសអូទ្រីស ការិយាល័យសាខានៅតំបន់នោះបានទាក់ទងយើង ហើយប្រាប់យើងអំពីភារកិច្ចថ្មីរបស់យើង គឺយើងត្រូវបម្រើនៅប្រទេសប៊ុលហ្គារី។ ក្រោយពីរបបកុម្មុយនីស្តនៅទ្វីបអឺរ៉ុបខាងកើតបានត្រូវដួលរលំ កិច្ចការរបស់សាក្សីព្រះយេហូវ៉ានៅប្រទេសប៊ុលហ្គារីបានត្រូវទទួលស្គាល់តាមផ្លូវច្បាប់។ ដូចខ្ញុំបានរៀបរាប់នៅខាងលើ ខ្ញុំនិងបងហែនធ្លាប់យកសៀវភៅរបស់យើងដោយសម្ងាត់ចូលក្នុងប្រទេសនោះ កាលដែលកិច្ចការរបស់យើងបានត្រូវដាក់បម្រាម។ ប៉ុន្តែឥឡូវ យើងបានត្រូវចាត់ឲ្យបម្រើនៅទីនោះ។
យើងបានទទួលការណែនាំថាសូមកុំត្រឡប់ទៅប្រទេសអ៊ូហ្គង់ដាវិញ។ ដូច្នេះ យើងមិនបានត្រឡប់ទៅប្រទេសអ៊ូហ្គង់ដាដើម្បីរៀបចំអីវ៉ាន់ ឬលាបងប្អូនរបស់យើងនៅទីនោះទេ។ ផ្ទុយទៅវិញ យើងបានទៅបេតអែលអាល្លឺម៉ង់ ទទួលឡានមួយ ហើយបើកឡាននោះទៅប្រទេសប៊ុលហ្គារី។ យើងបានត្រូវចាត់ឲ្យទៅក្រុមមួយដែលមានអ្នកផ្សាយ២០នាក់ នៅក្រុងសូហ៊្វីយ៉ា។
យើងជួបការពិបាកថ្មីនៅប្រទេសប៊ុលហ្គារី។ ទី១ យើងមិនចេះភាសានោះទេ។ ទី២ គឺមានតែសៀវភៅសេចក្ដីពិតដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់(The Truth That Leads to Eternal Life) និងសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំជាភាសាប៊ុលហ្គារី។ ទី៣ យើងពិបាកចាប់ផ្ដើមការសិក្សាគម្ពីរ។ ទោះជាយ៉ាងនោះក៏ដោយ ក្រុមតូចរបស់យើងខ្នះខ្នែងផ្សព្វផ្សាយ។ ប៉ុន្តែ សាសនាអូធូដុក្សមិនចូលចិត្តកិច្ចការផ្សព្វផ្សាយរបស់យើងទេ ហើយចាប់ផ្ដើមបៀតបៀនយើង។
នៅឆ្នាំ១៩៩៤ រដ្ឋាភិបាលលែងទទួលស្គាល់សាក្សីព្រះយេហូវ៉ាជាសាសនា ហើយជនជាតិប៊ុលហ្គារីភាគច្រើនគិតថា យើងជាសាសនាដែលបង្កគ្រោះថ្នាក់។ បងប្អូនខ្លះបានត្រូវគេចាប់ខ្លួន។ អ្នកផ្សាយព័ត៌មានបានផ្សាយកុហកអំពីយើងដោយអះអាងថា សាក្សីព្រះយេហូវ៉ាចង់ឲ្យកូនរបស់ពួកគេស្លាប់ និងលើកទឹកចិត្តបងប្អូនរួមជំនឿឲ្យសម្លាប់ខ្លួន ដោយសារពួកគេមិនព្រមចាក់បញ្ចូលឈាម។ យ៉ាងនេះ ខ្ញុំនិងបងហែនពិបាកផ្សព្វផ្សាយ។ យើងច្រើនតែជួបមនុស្សដែលខឹង ស្រែកដាក់យើង ហៅប៉ូលិសឲ្យមកចាប់យើង ហើយថែមទាំងគប់យើង។ យើងពិបាកនាំចូលសៀវភៅផ្សេងៗរបស់យើងចូលក្នុងប្រទេសនោះ ហើយក៏ពិបាកជួលសាលសម្រាប់ប្រជុំដែរ។ ប៉ូលិសថែមទាំងសម្រុកចូល ហើយបញ្ឈប់មហាសន្និបាតមួយរបស់យើងទៀតផង។ ខ្ញុំនិងបងហែនមិនដែលត្រូវគេស្អប់បែបនេះទេ។ នេះខុសគ្នាឆ្ងាយណាស់ពីតំបន់ផ្សាយនៅប្រទេសអ៊ូហ្គង់ដា ដែលមានមនុស្សចង់រៀនគម្ពីរនិងរួសរាយរាក់ទាក់! តើអ្វីបានជួយយើងឲ្យសម្របខ្លួននឹងភារកិច្ចថ្មីនេះ?
ការចំណាយពេលជាមួយបងប្អូនជាអ្វីដែលបានជួយយើង។ ពួកគេសប្បាយដែលបានរកឃើញសេចក្ដីពិត ហើយឲ្យតម្លៃចំពោះជំនួយដែលយើងបានផ្ដល់ឲ្យពួកគេ។ យើងទាំងអស់ជិតស្និទ្ធនឹងគ្នា ហើយគាំទ្រគ្នាទៅវិញទៅមក។ យើងបានរៀនពីបទពិសោធន៍នេះថា យើងអាចសប្បាយនឹងភារកិច្ចណាក៏ដោយ បើយើងបន្តស្រឡាញ់មនុស្ស។
យើងនៅការិយាល័យសាខាប៊ុលហ្គារី នាឆ្នាំ២០០៧
ប៉ុន្តែយូរៗទៅ យើងងាយស្រួលផ្សព្វផ្សាយជាង។ នៅឆ្នាំ១៩៩៨ អង្គការរបស់យើងបានត្រូវទទួលស្គាល់តាមផ្លូវច្បាប់ម្ដងទៀត ហើយមិនយូរក្រោយមក សៀវភៅផ្សេងៗរបស់យើងជាច្រើនបានត្រូវបកប្រែជាភាសាប៊ុលហ្គារី។ ក្រោយមក នៅឆ្នាំ២០០៤ អគារការិយាល័យសាខាថ្មីបានត្រូវសម្ពោធ។ សព្វថ្ងៃនេះ នៅប្រទេសប៊ុលហ្គារីមានក្រុមជំនុំ៥៧ ដែលមានអ្នកផ្សាយ២.៩៥៣នាក់។ នៅឆ្នាំកិច្ចបម្រើ២០២៤ មានអ្នកចូលរួមពិធីរំលឹកចំនួន៦.៤៧៥នាក់។ ពីមុនមានតែបងស្រីប្រាំនាក់ប៉ុណ្ណោះនៅក្រុងសូហ៊្វីយ៉ា ប៉ុន្តែឥឡូវ យើងមានក្រុមជំនុំ៩! យើងពិតជាបានឃើញ«មនុស្សមួយចំនួនតូច . . . ទៅជាមនុស្ស១.០០០នាក់»មែន!—អេ. ៦០:២២
ការស៊ូទ្រាំនឹងទុក្ខលំបាកផ្ទាល់ខ្លួន
ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមានបញ្ហាសុខភាពជាច្រើន។ អស់ប៉ុន្មានដង គ្រូពេទ្យបានរកឃើញថាខ្ញុំមានដុំសាច់។ នៅពេលមួយគេថែមទាំងបានរកឃើញថា ខ្ញុំមានដុំសាច់មួយដុះក្នុងខួរក្បាលទៀតផង។ ដូច្នេះ ខ្ញុំទទួលការព្យាបាលដោយប្រើកាំរស្មី ហើយវះកាត់អស់១២ម៉ោងនៅប្រទេសឥណ្ឌាដើម្បីយកសាច់មួយចំណែកធំចេញពីដុំសាច់នោះ។ ក្រោយវះកាត់រួចហើយ យើងបានបន្តស្នាក់នៅការិយាល័យសាខាឥណ្ឌាដើម្បីសម្រាកព្យាបាល។ បន្ទាប់មក យើងត្រឡប់ទៅភារកិច្ចរបស់យើងវិញនៅប្រទេសប៊ុលហ្គារី។
បងហែនក៏ចាប់ផ្ដើមរងទុក្ខដោយសារជំងឺតំណពូជដ៏កម្រមួយ។ គាត់ពិបាកដើរ និយាយ និងគ្រប់គ្រងចលនា។ កាលដែលជំងឺនោះកាន់តែធ្ងន់ឡើង គាត់ត្រូវពឹងផ្អែកលើខ្ញុំកាន់តែខ្លាំងឡើងៗ។ ជួនកាល ខ្ញុំអស់កម្លាំងជាខ្លាំង ហើយបារម្ភថាខ្ញុំមិនអាចបន្តថែរក្សាគាត់បាន។ ប៉ុន្តែ ប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះបូប៊ី ច្រើនតែណាត់ផ្សព្វផ្សាយជាមួយនឹងបងហែន។ គាត់មិនខ្មាសគេទេដែលបងហែនពិបាកនិយាយ ឬពិបាកគ្រប់គ្រងចលនា។ ពេលខ្ញុំពិបាកជួយបងហែន ខ្ញុំតែងតែមានបូប៊ីនៅជួយ។ ទោះបីជាខ្ញុំនិងបងហែនសម្រេចចិត្តមិនមានកូនក្នុងរបៀបរបបពិភពលោកនេះដើម្បីបម្រើព្រះយេហូវ៉ាច្រើនជាងក្ដី ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាបានឲ្យបូប៊ីជាកូនរបស់យើង!—ម៉ាក. ១០:២៩, ៣០
បងហែនក៏មានជំងឺមហារីកដែរ។ គួរឲ្យស្ដាយណាស់ ប្ដីជាទីស្រឡាញ់របស់ខ្ញុំបានស្លាប់នៅឆ្នាំ២០១៥។ ក្រោយពីបងហែនបានស្លាប់ ខ្ញុំមានអារម្មណ៍ខ្វះទំនុកចិត្ត ហើយពិបាកជឿថាលែងមានគាត់ក្នុងជីវិតរបស់ខ្ញុំទៀត។ ប៉ុន្តែ ក្នុងការចងចាំរបស់ខ្ញុំគឺហាក់ដូចជាគាត់នៅរស់! (លូក. ២០:៣៨) កាលដែលខ្ញុំធ្វើកិច្ចការប្រចាំថ្ងៃ ខ្ញុំច្រើនតែចាំពាក្យសប្បុរសនិងយោបល់ដ៏ល្អរបស់គាត់។ ខ្ញុំសប្បាយចិត្តជាខ្លាំងដែលយើងបានបម្រើព្រះយេហូវ៉ាជាមួយគ្នាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំ។
ខ្ញុំសប្បាយចិត្តដែលមានការគាំទ្រពីព្រះយេហូវ៉ា
ព្រះយេហូវ៉ាពិតជាបានជួយខ្ញុំឲ្យស៊ូទ្រាំនឹងទុក្ខលំបាកទាំងអស់ដែលខ្ញុំជួប។ លោកក៏បានជួយខ្ញុំឲ្យយកឈ្នះភាពអៀនខ្មាស ហើយទៅជាសាសនទូតដែលស្រឡាញ់មនុស្ស។ (២ធី. ១:៧) ដោយសារព្រះយេហូវ៉ា ឥឡូវខ្ញុំនិងប្អូនស្រីរបស់ខ្ញុំបម្រើក្នុងកិច្ចបម្រើពេញពេល។ សព្វថ្ងៃនេះ គាត់និងប្ដីរបស់គាត់ធ្វើដំណើរទៅតំបន់ផ្សេងៗនៅទ្វីបអឺរ៉ុបដើម្បីធ្វើទស្សនកិច្ចនៅក្រុមជំនុំភាសាស៊ែប៊ី។ សេចក្ដីអធិដ្ឋានរបស់ឪពុកខ្ញុំកាលពីច្រើនឆ្នាំមុនបានត្រូវតបឆ្លើយ។
ការសិក្សាគម្ពីរជួយខ្ញុំឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្ត។ ក្នុងគ្រាដ៏លំបាក ខ្ញុំបានរៀនឲ្យអធិដ្ឋាន«អស់ពីចិត្តកាន់តែខ្លាំងជាងមុនទៅទៀត»ដូចលោកយេស៊ូបានធ្វើ។ (លូក. ២២:៤៤) របៀបមួយដែលសេចក្ដីអធិដ្ឋានរបស់ខ្ញុំបានត្រូវតបឆ្លើយ គឺតាមរយៈសេចក្ដីស្រឡាញ់ និងចិត្តសប្បុរសរបស់បងប្អូនក្នុងក្រុមជំនុំណាជៀលដា នាក្រុងសូហ៊្វីយ៉ា។ ពួកគេអញ្ជើញខ្ញុំឲ្យសេពគប់ជាមួយនឹងពួកគេ ហើយច្រើនតែប្រាប់ខ្ញុំថាពួកគេស្រឡាញ់ខ្ញុំ។ នេះនាំឲ្យខ្ញុំមានអំណរជាខ្លាំង។
ខ្ញុំច្រើនតែគិតអំពីការប្រោសឲ្យរស់ឡើងវិញ។ ខ្ញុំស្រមៃឃើញឪពុកម្ដាយរបស់ខ្ញុំនៅមុខផ្ទះរបស់យើង ទាំងមានវ័យក្មេងដូចកាលដែលពួកគាត់រៀបការ។ ខ្ញុំក៏ស្រមៃឃើញប្អូនស្រីរបស់ខ្ញុំរៀបចំអាហារ ហើយឃើញបងហែនឈរនៅជិតសេះរបស់គាត់។ ការស្រមៃបែបនេះជួយខ្ញុំឲ្យដឹងគុណព្រះយេហូវ៉ា ហើយមិនមានគំនិតអវិជ្ជមាន។
កាលដែលខ្ញុំគិតអំពីជីវិតរបស់ខ្ញុំនិងសម្លឹងទៅថ្ងៃអនាគត ខ្ញុំយល់ស្របទាំងស្រុងនឹងពាក្យរបស់ដាវីឌដែលបានកត់ទុកនៅចម្រៀងសរសើរព្រះ ២៧:១៣, ១៤ដែលថា៖ «តើជីវិតខ្ញុំនឹងទៅជាយ៉ាងណា បើខ្ញុំមិនជឿជាក់ថាខ្ញុំនឹងឃើញគុណធម៌របស់ព្រះយេហូវ៉ា ក្នុងចំណោមមនុស្សរស់? ចូរសង្ឃឹមលើព្រះយេហូវ៉ា ចូរក្លាហានហើយរឹងមាំឡើង ចូរសង្ឃឹមលើព្រះយេហូវ៉ាចុះ»។