បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៩ ទំ. ២៧-៣២
  • ចូរនឹកឃើញពួកអ្នកដែលចូលរួមក្នុងកិច្ចបម្រើពេញពេល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរនឹកឃើញពួកអ្នកដែលចូលរួមក្នុងកិច្ចបម្រើពេញពេល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១
  • អ្នក​បម្រើ​ពេញ​ពេល​នៅ​សព្វ​ថ្ងៃ​នេះ
  • របៀប​ដែល​យើង​អាច​ជួយ​អ្នក​ត្រួស​ត្រាយ
  • របៀប​ដែល​យើង​អាច​ជួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល
  • ចូរ​គាំ​ទ្រ​សមាជិក​ក្រុម​គ្រួសារ​បេតអែល
  • ការ​ជួយ​អ្នក​បម្រើ​ពេញ​ពេល​នៅ​ប្រទេស​ផ្សេង
  • របៀបបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ពរនៃកិច្ចបំរើជាអ្នកត្រួសត្រាយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ប្អូនៗយុវវ័យ! តើអ្នកមានបំណងអ្វីចំពោះជីវិតរបស់អ្នក?
    ប្អូនៗយុវវ័យ! តើអ្នកមានបំណងអ្វីចំពោះជីវិតរបស់អ្នក?
  • សូមឲ្យលោកធ្វើឲ្យគ្រប់ទាំងគម្រោងរបស់អ្នកបានសម្រេច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៩ ទំ. ២៧-៣២

ចូរ​នឹក​ឃើញ​ពួក​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល

​«​យើង​តែង​នឹក​ឃើញ​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ហើយ​ការ​ខំ​ប្រឹង​ព្យាយាម​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​»។—ថែស្សាឡូនិច​ទី១ ១:៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណាខ្លះ​បង​ប្អូន​ប្រុស​ស្រី​នៅ​សតវត្សរ៍​ទី១​បាន​បម្រើ​ព្រះ​យេហូវ៉ា ហើយ​តើ​តាម​របៀប​ណា​បង​ប្អូន​ឯ​ទៀត​បាន​ជួយ​ពួក​គាត់?

  • ស្តី​អំពី​អ្នក​បម្រើ​ពេញ​ពេល​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ស្ងើចសរសើរ​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​បង​ប្អូន​ណា​ម្នាក់​ដែល​បម្រើ​ពេញ​ពេល?

១​. តើ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បាន​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

សាវ័ក​ប៉ូល​បាន​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ប្រុស​ស្រី​របស់​គាត់​ដែល​បាន​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ គាត់​បាន​សរសេរ​ថា​៖ ​«​យើង​តែង​នឹក​ឃើញ​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ហើយ​ការ​ខំ​ប្រឹង​ព្យាយាម​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់ ថែម​ទាំង​របៀប​ដែល​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដោយ​សារ​មាន​សេចក្ដី​សង្ឃឹម​លើ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​នៅ​ចំពោះ​មុខ​ព្រះ​ដែល​ជា​បិតា​របស់​យើង​»។ (​ថែស្សាឡូនិច​ទី១ ១:៣​) ព្រះ​យេហូវ៉ា​ក៏​នឹក​ឃើញ ហើយ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​អស់​ដែល​រាស្ត្រ​របស់​លោក​ធ្វើ​ដើម្បី​បម្រើ​លោក ទោះ​ជា​ពួក​គាត់​អាច​ធ្វើ​ច្រើន ឬ​តិច​ក្ដី។—ហេប្រឺ ៦:១០

២​. នៅ​ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិភាក្សា​អំពី​អ្វី?

២ ទាំង​នៅ​សម័យ​មុន​ទាំង​នៅ​សម័យ​នេះ គ្រិស្ត​សាសនិក​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន ដើម្បី​ចូល​រួម​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ នៅ​អត្ថបទ​នេះ យើង​នឹង​ពិភាក្សា​អំពី​អ្វី​ដែល​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី១​បាន​ធ្វើ ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​នឹង​រៀន​ដែរ​អំពី​អ្វី​ដែល​អ្នក​បម្រើ​ពេញ​ពេល​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ ហើយ​យើង​នឹង​ឃើញ​របៀប​ដែល​យើង​អាច​ជួយ​ពួក​គាត់។

គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១

៣, ៤​. (​ក​) តើ​បង​ប្អូន​ប្រុស​ស្រី​នៅ​សតវត្សរ៍​ទី១​បាន​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ណាខ្លះ? (​ខ​) តើ​តាម​របៀប​ណា​អ្នក​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី១​អាច​បង់​ចំណាយ​ផ្សេង​ៗ​របស់​ពួក​គាត់?

៣ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ ហើយ​លោក​បាន​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ។ (​លូកា ៣:២១​-​២៣; ៤:១៤, ១៥, ៤៣​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ពួក​សាវ័ក​របស់​លោក​បាន​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​កិច្ច​ការ​នោះ​បាន​បន្ត​ចម្រើន​ឡើង។ (​សកម្មភាព ៥:៤២; ៦:៧​) គ្រិស្ត​សាសនិក​ខ្លះ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​បម្រើ​ជា​សាសនទូត។ ជា​ឧទាហរណ៍ ភីលីព​បាន​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ស្រុក​ប៉ាឡេស្ទីន។ (​សកម្មភាព ៨:៥, ៤០; ២១:៨​) ប៉ូល​ដែល​ជា​សាសនទូត​ម្នាក់​ទៀត បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​ជា​ច្រើន​ដែល​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​គាត់។ (​សកម្មភាព ១៣:២​-​៤; ១៤:២៦; កូរិនថូស​ទី២ ១:១៩​) គ្រិស្ត​សាសនិក​ឯ​ទៀត រួម​មាន​ម៉ាកុស លូកា​និង​ស៊ីលវេនុស (​ស៊ីឡាស​) បាន​សរសេរ​សៀវភៅ​គម្ពីរ ឬ​បាន​ធ្វើ​ជា​លេខាធិការ​របស់​អ្នក​សរសេរ​គម្ពីរ។ (​ពេត្រុស​ទី១ ៥:១២​) បង​ស្រី​ជា​ច្រើន​នាក់​បាន​បម្រើ​ជា​មួយ​នឹង​បង​ប្រុស​ដូច​នេះ។ (​សកម្មភាព ១៨:២៦; រ៉ូម ១៦:១, ២​) ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច យើង​អាច​អាន​អំពី​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​របស់​បង​ប្អូន​ប្រុស​ស្រី​ទាំង​នេះ។ កំណត់​ហេតុ​ទាំង​នេះ​រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​របស់​អ្នក​បម្រើ​លោក ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់។

៤ តើ​តាម​របៀប​ណា​អ្នក​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី១​អាច​បង់​ចំណាយ​ផ្សេង​ៗ​របស់​ពួក​គាត់? ពួក​គាត់​មិន​បាន​តម្រូវ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ជួយ​ទេ ដូច្នេះ​ជួនកាល​ពួក​គាត់​បាន​ធ្វើ​ការ​មិន​ពេញ​ពេល។ (​កូរិនថូស​ទី១ ៩:១១​-​១៥​) ប៉ុន្តែ ពួក​គាត់​បាន​ទទួល​យក​ជំនួយ។ បង​ប្អូន​រួម​ជំនឿ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ទៅ​បរិភោគ​អាហារ ឲ្យ​កន្លែង​ស្នាក់​នៅ ឬ​ជួយ​ពួក​គាត់​តាម​របៀប​ផ្សេង​ទៀត។ បុគ្គល​ម្នាក់​ៗ​និង​ក្រុម​ជំនុំ​ទាំង​មូល​ចង់​ជួយ​ពួក​គាត់។—សូម​អាន សកម្មភាព ១៦:១៤, ១៥; ភីលីព ៤:១៥​-​១៨

អ្នក​បម្រើ​ពេញ​ពេល​នៅ​សព្វ​ថ្ងៃ​នេះ

៥​. តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​និយាយ​យ៉ាង​ណា​អំពី​ជីវិត​របស់​ពួក​គាត់​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល?

៥ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ បង​ប្អូន​ជា​ច្រើន​នាក់​ខំ​ព្យាយាម​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​តាម​របៀប​ផ្សេង​ៗ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ប្រភេទ​ផ្សេង​ៗ​នៃ​កិច្ច​បម្រើ​ពេញ​ពេល​»​) តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជីវិត​ដែល​ពួក​គាត់​បាន​ជ្រើស​រើស? អ្នក​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត បើ​អ្នក​សួរ​បង​ប្អូន​របស់​អ្នក​នូវ​សំណួរ​នេះ។ បង​ប្រុស​ម្នាក់​ធ្លាប់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល អ្នក​ត្រួស​ត្រាយ​ពិសេស សាសនទូត និង​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៅ​ប្រទេស​ក្រៅ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ការចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​ចំណោម​ការ​សម្រេច​ចិត្ត​ដ៏​ប្រសើរ​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ។ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​រវាង​ការ​សិក្សា​នៅ​សកលវិទ្យាល័យ ការ​ងារ​ពេញ​ពេល​និង​ការ​ត្រួស​ត្រាយ​ពេញ​ពេល។ ប៉ុន្តែ​តាម​រយៈ​បទ​ពិសោធន៍​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​មិន​ភ្លេច​ការ​លះ​បង់​ដែល​យើង​ធ្វើ​ដើម្បី​បម្រើ​លោក​ពេញ​ពេល​ឡើយ។ ខ្ញុំ​អាច​ប្រើ​ភាព​ប៉ិន​ប្រសប់ ឬ​សមត្ថភាព​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​តាម​របៀប​ផ្សេង​ៗ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន​បើ​ខ្ញុំ​បាន​ជ្រើស​រើស​អាជីព​ក្នុង​ពិភព​លោក​»។ ប្រពន្ធ​របស់​គាត់​និយាយ​ថា​៖ ​«​ភារកិច្ច​នីមួយ​ៗ​បាន​ជួយ​ខ្ញុំ​ឲ្យ​ជឿន​ទៅ​មុខ។ យើង​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​ការ​ពារ ហើយ​ណែនាំ​យើង​ម្ដង​ហើយ​ម្ដង​ទៀត​តាម​របៀប​ផ្សេង​ៗ​ដែល​យើង​មិន​អាច​ពិសោធ​បាន​ទេ បើ​យើង​បន្ត​ធ្វើ​តែ​អ្វី​ដែល​ស្រួល​សម្រាប់​ខ្លួន​យើង។ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​ចំពោះ​ជីវិត​របស់​យើង​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​»។ តើ​អ្នក​ចង់​មាន​អារម្មណ៍​ដូច្នេះ​ចំពោះ​ជីវិត​របស់​អ្នក​ឬ​ទេ?

​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​ចំណោម​ការ​សម្រេច​ចិត្ត​ដ៏​ប្រសើរ​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ​»

៦​. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​បម្រើ​របស់​យើង?

៦ បង​ប្អូន​ខ្លះ​មិន​អាច​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​ពួក​គាត់​កំពុង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ពួក​គាត់​អាច​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា។ យើង​ដឹង​ថា​កិច្ច​បម្រើ​របស់​ពួក​គាត់​មាន​តម្លៃ​ចំពោះ​លោក។ ជា​ឧទាហរណ៍ នៅ​ភីលេម៉ូន ១​-​៣ ប៉ូល​បាន​ផ្ដាំ​សួរ​សុខទុក្ខ​បង​ប្អូន​ទាំង​អស់​នៅ​ក្រុម​ជំនុំ​នា​ក្រុង​កូឡុស ហើយ​បាន​លើក​ឈ្មោះ​របស់​ពួក​គាត់​ខ្លះ។ (​សូម​អាន​) ប៉ូល​បាន​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​ធ្វើ​ការ​របស់​ពួក​គាត់ ហើយ​ព្រះ​យេហូវ៉ា​ក៏​ដូច្នោះ​ដែរ។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក។ ប៉ុន្តែ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​គាំ​ទ្រ​អ្នក​បម្រើ​ពេញ​ពេល?

របៀប​ដែល​យើង​អាច​ជួយ​អ្នក​ត្រួស​ត្រាយ

៧, ៨​. តើ​ការ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​តម្រូវ​អ្វី ហើយ​តើ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​អ្នក​ត្រួស​ត្រាយ​តាម​របៀប​ណាខ្លះ?

៧ ដូច​អ្នក​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​នៅ​សតវត្សរ៍​ទី១ អ្នក​ត្រួស​ត្រាយ​សព្វ​ថ្ងៃ​នេះ​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​ខ្លាំង​ណាស់។ អ្នក​ត្រួស​ត្រាយ​ជា​ច្រើន​នាក់​ចំណាយ​ពេល​ប្រហែល​ជា​៧០​ម៉ោង​រាល់​ខែ​ដើម្បី​ផ្សព្វ​ផ្សាយ។ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​ពួក​គាត់?

៨ បង​ស្រី​ម្នាក់​ឈ្មោះ​សារី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​បាន​និយាយ​ថា​៖ ​«​អ្នក​ត្រួស​ត្រាយ​មើល​ទៅ​ដូច​ជា​មាំ​មួន ដោយ​សារ​ពួក​គាត់​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​រាល់​ថ្ងៃ។ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​»។ (​រ៉ូម ១:១១, ១២​) បង​ស្រី​ម្នាក់​ទៀត​ដែល​បាន​ត្រួស​ត្រាយ​អស់​ជា​ច្រើន​ឆ្នាំ​បាន​និយាយ​អំពី​អ្នក​ត្រួស​ត្រាយ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​ថា​៖ ​«​ពួក​គាត់​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​ដោយ​ឥត​ឈប់​ឈរ។ ពួក​គាត់​ដឹង​គុណ ពេល​បង​ប្អូន​ឯ​ទៀត​ស្នើ​សុំ​ជូន​គាត់​ទៅ​ផ្សព្វ​ផ្សាយ អញ្ជើញ​ពួក​គាត់​បរិភោគ​អាហារ ជូន​លុយ​ពួក​គាត់​បន្ដិច​បន្តួច​សម្រាប់​ចាក់​សាំង ឬ​ផ្ដល់​ជំនួយ​ឯ​ទៀត​ជា​លុយ​កាក់។ អ្វី​ទាំង​នេះ​បង្ហាញ​ថា​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់​»។

៩, ១០​. តើ​បង​ប្អូន​ខ្លះ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​ត្រួស​ត្រាយ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់?

៩ របៀប​មួយ​ទៀត​ដែល​យើង​អាច​ជួយ​អ្នក​ត្រួស​ត្រាយ​គឺ​ដោយ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គាត់។ បង​ស្រី​ពីរ​នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​បាន​និយាយ​ថា​ពួក​គាត់​ត្រូវ​ការ​បង​ប្អូន​ប្រុស​ស្រី​ថែម​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គាត់​ក្នុង​អំឡុង​ពេល​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​និង​នៅ​ពេល​រសៀល។ បង​ស្រី​ម្នាក់​ដែល​ឥឡូវ​នេះ​បម្រើ​នៅ​បេតអែល​នា​ក្រុង​ប៊្រុគ្លីន​នឹក​ឃើញ​ជំនួយ​ដែល​គាត់​បាន​ទទួល​ពេល​គាត់​ត្រួស​ត្រាយ។ គាត់​និយាយ​ថា​៖ ​«​បង​ស្រី​ម្នាក់​ដែល​មាន​ឡាន​បាន​និយាយ​ថា​៖ ‹កាល​ណា​បង​គ្មាន​ដៃ​គូ​ផ្សព្វ​ផ្សាយ សូម​ហៅ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង›។ គាត់​ពិត​ជា​បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ត្រួសត្រាយ​»។ បង​សារី​និយាយ​ថា​៖ ​«​ក្រោយ​ពេល​ផ្សព្វ​ផ្សាយ អ្នក​ត្រួស​ត្រាយ​ដែល​នៅ​លីវ​ច្រើន​តែ​នៅ​ម្នាក់​ឯង។ ម្ដង​ម្កាល​អ្នក​អាច​អញ្ជើញ​បង​ប្អូន​ប្រុស​ស្រី​ដែល​នៅ​លីវ​ឲ្យ​មក​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក។ ការ​អញ្ជើញ​ពួក​គាត់​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ឯ​ទៀត​ក៏​ជួយ​ពួក​គាត់​ឲ្យ​នៅ​មាំ​មួន​ដែរ​»។

១០ បង​ស្រី​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​អស់​ជិត​៥០​ឆ្នាំ​បាន​និយាយ​អំពី​ជំនួយ​ដែល​គាត់​និង​បង​ស្រី​នៅ​លីវ​ឯ​ទៀត​បាន​ទទួល ដោយ​ថា​៖ ​«​ពួក​អ្នក​ចាស់​ទុំ​របស់​យើង​បាន​ទៅ​លេង​អ្នក​ត្រួស​ត្រាយ​ប្រហែល​ជា​ពីរ​ខែ​ម្ដង។ ពួក​គាត់​បាន​សួរ​អំពី​សុខភាព ការ​ងារ​របស់​យើង ហើយ​ចង់​ដឹង​ថា​តើ​យើង​មាន​កង្វល់ ឬ​យ៉ាង​ណា។ ពួក​គាត់​បាន​សួរ​យ៉ាង​ស្មោះ។ ពួក​គាត់​បាន​មក​លេង​ផ្ទះ​ដែល​យើង​ជួល​ដើម្បី​ពួក​គាត់​អាច​ដឹង​ថា​យើង​ត្រូវ​ការ​ជំនួយ​ឬ​មិន​ត្រូវ​ការ​»។ ពួក​អ្នក​ចាស់​ទុំ​ទាំង​នេះ​និង​បង​ប្អូន​ឯ​ទៀត​ដូច​ពួក​គាត់ ធ្វើ​តាម​គំរូ​របស់​អូណេស៊ិភ័រ។ គាត់​ត្រូវ​ថែ​ទាំ​គ្រួសារ​របស់​គាត់ ប៉ុន្តែ​គាត់​ក៏​បាន​ផ្ដល់​ជំនួយ​ដែល​ប៉ូល​ត្រូវ​ការ​ដែរ។—ធីម៉ូថេ​ទី២ ១:១៨

១១​. តើ​កិច្ច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​តម្រូវ​អ្វី?

១១ កិច្ច​បម្រើ​ពេញ​ពេល​មួយ​ប្រភេទ​ទៀត​គឺ​កិច្ច​ការ​ត្រួស​ត្រាយ​ពិសេស។ អ្នក​ត្រួស​ត្រាយ​ពិសេស​ជា​ច្រើន​នាក់​ចំណាយ​ពេល​ប្រហែល​ជា​១៣០​ម៉ោង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ពួក​គាត់​ក៏​ជាប់​រវល់​ក្នុង​សកម្មភាព​ឯ​ទៀត​របស់​ក្រុម​ជំនុំ​ដែរ។ ការិយាល័យ​សាខា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ដិច​បន្តួច​ឲ្យ​ពួក​គាត់​រាល់​ខែ ពី​ព្រោះ​ពួក​គាត់​មាន​ពេល​តែ​បន្ដិច​បន្តួច ឬ​គ្មាន​ពេល​ដើម្បី​ធ្វើ​ការ​ងារ​ទេ។ ប្រាក់​ឧបត្ថម្ភ​នេះ​ជួយ​បង់​ចំណាយ​ដែល​ចាំ​បាច់​របស់​អ្នក​ត្រួស​ត្រាយ​ពិសេស ហើយ​ជួយ​ពួក​គាត់​ឲ្យ​ប្រើ​ពេល​វេលា​ភាគ​ច្រើន​របស់​ពួក​គាត់​សម្រាប់​កិច្ច​បម្រើ​ផ្សាយ។

១២​. តើ​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​អាច​ជួយ​អ្នក​ត្រួស​ត្រាយ​ពិសេស​យ៉ាង​ដូច​ម្ដេច?

១២ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​ត្រួស​ត្រាយ​ពិសេស? អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​សាខា​មួយ ហើយ​ដែល​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​ពិសេស​ជា​ច្រើន​នាក់​និយាយ​ថា​៖ ​«​អ្នក​ចាស់​ទុំ​ត្រូវ​និយាយ​ជា​មួយ​នឹង​ពួក​គាត់ សួរ​ឲ្យ​ដឹង​អំពី​ស្ថានភាព​របស់​ពួក​គាត់ ហើយ​បន្ទាប់​មក​សម្រេច​ចិត្ត​អំពី​របៀប​ដែល​អ្នក​ចាស់​ទុំ​អាច​ជួយ​អ្នក​ត្រួស​ត្រាយ​ពិសេស​ទាំង​នោះ។ សាក្សី​ខ្លះ​គិត​ថា​អ្នក​ត្រួស​ត្រាយ​ពិសេស​បាន​ទទួល​ការ​ថែ​ទាំ​ទាំង​ស្រុង ពី​ព្រោះ​ពួក​គាត់​មាន​ប្រាក់​ឧបត្ថម្ភ ប៉ុន្តែ​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​ពួក​គាត់​តាម​របៀប​ច្រើន​យ៉ាង​»។ ម្យ៉ាង​ទៀត ដូច​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដែរ អ្នក​ត្រួស​ត្រាយ​ពិសេស​ដឹង​គុណ​បង​ប្អូន ពេល​បង​ប្អូន​ប្រុស​ស្រី​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គាត់។ តើ​អ្នក​អាច​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គាត់​ឬ​ទេ?

របៀប​ដែល​យើង​អាច​ជួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល

១៣, ១៤​. (​ក​) តើ​យើង​គួរ​នឹក​ឃើញ​អ្វី​អំពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ភរិយា​របស់​ពួក​គាត់? (​ខ​) តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​បង​ប្អូន​ដែល​កំពុង​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល?

១៣ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ភរិយា​របស់​ពួក​គាត់​គឺ​ជា​បង​ប្រុស​និង​បង​ស្រី​ដែល​មាន​បទ​ពិសោធន៍ មាន​ជំនឿ​មាំ​មួន ហើយ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា​ពួក​គាត់​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដែរ។ ពួក​គាត់​ក៏​ត្រូវ​ការ​បង​ប្អូន​ប្រុស​ស្រី​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ ម្យ៉ាង​ទៀត ពួក​គាត់​ដឹង​គុណ​បង​ប្អូន ពេល​បង​ប្អូន​អញ្ជើញ​ពួក​គាត់​ឲ្យ​ចូល​រួម​កម្សាន្ត​សប្បាយ ឬ​ធ្វើ​អ្វី​មួយ​ដែល​គាត់​ចូល​ចិត្ត​ជា​មួយ​គ្នា។ ពេល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ឬ​ភរិយា​របស់​ពួក​គាត់​នៅ​មន្ទីរ​ពេទ្យ ឬ​ទើប​នឹង​ធូរ​ស្បើយ​ពី​ជំងឺ​មួយ យើង​អាច​ជួយ​ពួក​គាត់​ដោយ​ទៅ​លេង​ពួក​គាត់ ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់។ លូកា​ដែល​ជា​«​គ្រូ​ពេទ្យ​ជា​ទី​ស្រឡាញ់​»​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប៉ូល​និង​អ្នក​ឯ​ទៀត​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ។—កូឡុស ៤:១៤; សកម្មភាព ២០:៥–២១:១៨

១៤ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ភរិយា​របស់​ពួក​គាត់​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​និង​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ជិត​ស្និទ្ធ។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​បាន​សរសេរ​ថា​៖ ​«​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ហាក់​ដូច​ជា​ដឹង​ថា​ពេល​ណា​ខ្ញុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។ ពួក​គេ​សួរ​សំណួរ​សមរម្យ ហើយ​នេះ​ជួយ​ខ្ញុំ​ឲ្យ​និយាយ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ។ ដោយ​ចេះ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ពួក​គេ​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​»។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដឹង​គុណ​យ៉ាង​ខ្លាំង ពេល​បង​ប្អូន​ប្រុស​ស្រី​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ពួក​គាត់ ហើយ​ទៅ​ជា​មិត្ត​ពិត​ប្រាកដ​របស់​ពួក​គាត់។

ចូរ​គាំ​ទ្រ​សមាជិក​ក្រុម​គ្រួសារ​បេតអែល

១៥, ១៦​. ហេតុ​អ្វី​កិច្ច​ការ​ដែល​បង​ប្អូន​នៅ​បេតអែល​ធ្វើ​គឺ​ជា​កិច្ច​ការ​សំខាន់ ហើយ​តើ​យើង​អាច​ជួយ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៥ បង​ប្អូន​ដែល​កំពុង​បម្រើ​នៅ​បេតអែល​ធ្វើ​កិច្ច​ការ​សំខាន់​ចាំ​បាច់​ដែល​គាំ​ទ្រ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ បើ​អ្នក​មាន​សមាជិក​ក្រុម​គ្រួសារ​បេតអែល​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក ឬ​នៅ​តំបន់​របស់​អ្នក តើ​តាម​របៀប​ណា​អ្នក​អាច​នឹក​ឃើញ​ពួក​គាត់?

១៦ ពេល​ពួក​គាត់​ទើប​នឹង​មក​ដល់​បេតអែល ពួក​គាត់​ប្រហែល​ជា​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង ហើយ​នឹក​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ដែល​នៅ​ផ្ទះ។ សមាជិក​ថ្មី​ទាំង​នេះ​នៃ​ក្រុម​គ្រួសារ​បេតអែល​ដឹង​គុណ​បង​ប្អូន ពេល​បង​ប្អូន​ឯ​ទៀត​នៅ​បេតអែល​និង​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់​រាប់​អាន​ពួក​គាត់ ហើយ​ទៅ​ជា​មិត្ត​ភក្ដិ​របស់​ពួក​គាត់។ (​ម៉ាកុស ១០:២៩, ៣០​) ម៉ោង​ធ្វើ​ការ​ធម្មតា​នៅ​បេតអែល​ធ្វើ​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​បេតអែល​ស្រួល​ចូល​រួម​កិច្ច​ប្រជុំ​និង​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​រាល់​សប្ដាហ៍។ ប៉ុន្តែ ជួនកាល​សមាជិក​ក្រុម​គ្រួសារ​បេតអែល​មាន​កិច្ច​ការ​បន្ថែម។ ពេល​ក្រុម​ជំនុំ​យល់​អំពី​រឿង​នេះ ហើយ​បង្ហាញ​ថា​ពួក​គាត់​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​ដែល​សមាជិក​ក្រុម​គ្រួសារ​បេតអែល​ធ្វើ នោះ​គឺ​ជា​ការ​ល្អ។—សូម​អាន ថែស្សាឡូនិច​ទី១ ២:៩

ការ​ជួយ​អ្នក​បម្រើ​ពេញ​ពេល​នៅ​ប្រទេស​ផ្សេង

១៧, ១៨​. តើ​អ្នក​បម្រើ​ពេញ​ពេល​នៅ​ប្រទេស​ផ្សេង​មាន​ភារកិច្ច​អ្វី​ខ្លះ?

១៧ អ្នក​បម្រើ​ពេញ​ពេល​ខ្លះ​ទទួល​យក​ភារកិច្ច​នៅ​ប្រទេស​ផ្សេង។ ពួក​គាត់​ប្រហែល​ជា​ត្រូវ​បរិភោគ​អាហារ​ថ្មី រៀន​ភាសា​ថ្មី ហើយ​ត្រូវ​សម្រប​ខ្លួន​តាម​ទំនៀម​ទម្លាប់​ថ្មី​និង​របៀប​រស់​នៅ​ថ្មី។ តើ​អ្នក​បម្រើ​ពេញ​ពេល​នៅ​ប្រទេស​ផ្សេង​មាន​ភារកិច្ច​អ្វី​ខ្លះ?

១៨ បង​ប្អូន​ខ្លះ​ជា​សាសនទូត ហើយ​ពួក​គាត់​ចំណាយ​ពេល​ភាគ​ច្រើន​របស់​ពួក​គាត់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ពួក​គាត់​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​អ្នក​បង្រៀន​ដ៏​ប៉ិន​ប្រសប់ ហើយ​ពួក​គាត់​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់​នូវ​អ្វី​ដែល​ពួក​គាត់​បាន​រៀន។ ការិយាល័យ​សាខា​ផ្ដល់​ឲ្យ​សាសនទូត​នូវ​កន្លែង​រស់​នៅ​ដ៏​សាមញ្ញ​មួយ​និង​ប្រាក់​ឧបត្ថម្ភ​ដែល​ជួយ​ពួក​គាត់បង់​ចំណាយ​ផ្សេង​ៗ​ដែល​សំខាន់​ចាំ​បាច់។ បង​ប្អូន​ខ្លះ​ទៀត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​ផ្សេង​ដើម្បី​បម្រើ​នៅ​ការិយាល័យ​សាខា ឬ​ជួយ​សង់​ការិយាល័យ​សាខា ការិយាល័យ​បក​ប្រែ សាល​សន្និបាត ឬ​សាល​ប្រជុំ។ ការិយាល័យ​សាខា ឬ​បង​ប្អូន​នៅ​ក្នុង​តំបន់​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​អ្វី​ៗ​ដែល​ពួក​គាត់​ត្រូវ​ការ​ដូច​ជា​ម្ហូប​អាហារ​និង​កន្លែង​ស្នាក់​នៅ​ជា​ដើម។ ដូច​សមាជិក​ក្រុម​គ្រួសារ​បេតអែល​ដែរ បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​កិច្ច​ការ​សាងសង់​ចូល​រួម​កិច្ច​ប្រជុំ​និង​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ ក្រុម​ជំនុំ​ទទួល​ប្រយោជន៍​ពី​បង​ប្អូន​ប្រុស​ស្រី​ទាំង​នោះ។

១៩​. តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​អ្នក​បម្រើ​ពេញ​ពេល​ដែល​បាន​មក​បម្រើ​នៅ​ប្រទេស​របស់​អ្នក?

១៩ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​អ្នក​បម្រើ​ពេញ​ពេល​ដែល​បាន​មក​បម្រើ​នៅ​ប្រទេស​របស់​អ្នក? សូម​ចាំ​ថា​ពេល​ពួក​គាត់​មក​ដល់​លើក​ដំបូង ពួក​គាត់​ប្រហែល​ជា​មិន​ធ្លាប់​បរិភោគ​ម្ហូប​អាហារ​នៅ​ប្រទេស​របស់​អ្នក​ទេ។ ដូច្នេះ ពេល​អ្នក​អញ្ជើញ​ពួក​គាត់​ទៅ​បរិភោគ​អាហារ អ្នក​អាច​សួរ​ពួក​គាត់​ថា​ចង់​សាក​អ្វី​ថ្មី ឬ​មាន​អ្វី​ដែល​ពួក​គាត់​មិន​ចូល​ចិត្ត​បរិភោគ។ ពេល​ពួក​គាត់​កំពុង​ព្យាយាម​រៀន​ភាសា​របស់​អ្នក​និង​ទំនៀម​ទម្លាប់​ប្រទេស​របស់​អ្នក ពួក​គាត់​នឹង​មិន​រៀន​ចេះ​ភ្លាម​ៗ​ឡើយ។ ដូច្នេះ សូម​អត់​ធ្មត់​ចំពោះ​ពួក​គាត់ ហើយ​ជួយ​ពួក​គាត់​ដោយ​ចិត្ត​សប្បុរស។ ពួក​គាត់​ចង់​រៀន!

២០​. តើ​យើង​អាច​ជួយ​អ្នក​បម្រើ​ពេញ​ពេល​និង​ឪពុក​ម្ដាយ​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

២០ កាល​ដែល​ពេល​វេលា​កន្លង​ទៅ អ្នក​បម្រើ​ពេញ​ពេល​ដែល​រស់​នៅ​ឆ្ងាយ​ពី​ប្រទេស​របស់​ខ្លួន​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​អំពី​របៀប​ជួយ​ឪពុក​ម្ដាយ​វ័យ​ចាស់។ បើ​ឪពុក​ម្ដាយ​ជា​សាក្សី ពួក​គាត់​ចង់​យ៉ាង​ខ្លាំង​ឲ្យ​កូន​បន្ត​បម្រើ​នៅ​កន្លែង​ដែល​កូន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ។ (​យ៉ូហាន​ទី៣ ៤​) អ្នក​បម្រើ​ពេញ​ពេល​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ពួក​គាត់​អាច​ធ្វើ ដើម្បី​ថែ​ទាំ​ឪពុក​ម្ដាយ​របស់​ពួក​គាត់ ហើយ​ទៅ​លេង​ឪពុក​ម្ដាយ​ឲ្យ​បាន​ញឹក​ញាប់​បំផុត​តាម​ដែល​ពួក​គាត់​អាច​ធ្វើ​បាន។ ប៉ុន្តែ ពួក​អ្នក​ដែល​រស់​នៅ​ជិត​ឪពុក​ម្ដាយ​របស់​អ្នក​បម្រើ​ពេញ​ពេល​ក៏​អាច​ជួយ​បាន​ដែរ។ បង​ប្អូន​ទាំង​នោះ​អាច​ស្នើ​សុំ​ជួយ​ឪពុក​ម្ដាយ​របស់​អ្នក​បម្រើ​ពេញ​ពេល បើ​ពួក​គាត់​ត្រូវ​ការ​ជំនួយ។ យើង​មិន​គួរ​ភ្លេច​ថា​អ្នក​បម្រើ​ពេញ​ពេល​រវល់​ខ្លាំង​ណាស់​ក្នុង​ការ​គាំ​ទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ដែល​ជា​កិច្ច​ការ​សំខាន់​បំផុត​នៅ​ផែន​ដី​សព្វ​ថ្ងៃ​នេះ។ (​ម៉ាថាយ ២៨:១៩, ២០​) តើ​អ្នក​អាច​នឹក​ឃើញ​អ្នក​បម្រើ​ពេញ​ពេល​ដោយ​ជួយ​ឪពុក​ម្ដាយ​របស់​ពួក​គាត់​ឬ​ទេ?

២១​. តើ​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជំនួយ​និង​ការ​លើក​ទឹក​ចិត្ត​ដែល​អ្នក​ឯ​ទៀត​ផ្ដល់​ឲ្យ?

២១ មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ធ្វើ​ការ ពី​ព្រោះ​ពួក​គេ​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន។ ប៉ុន្តែ ពួក​អ្នក​ដែល​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ខំ​ប្រឹង​ធ្វើ​ការ ពី​ព្រោះ​ពួក​គាត់​ចង់​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ៗ​ប្រសើរ​បំផុត​ដែល​ពួក​គាត់​មាន ហើយ​ចង់​ជួយ​អ្នក​ឯ​ទៀត។ ដូច្នេះ​ពួក​គាត់​ដឹង​គុណ​ចំពោះ​ជំនួយ​ណា​ក៏​ដោយ​ដែល​បង​ប្អូន​ឯ​ទៀត​ផ្ដល់​ឲ្យ។ បង​ស្រី​ម្នាក់​ដែល​បម្រើ​ពេញ​ពេល ហើយ​ដែល​បាន​រើ​ទៅ​បម្រើ​នៅ​ប្រទេស​ក្រៅ​បាន​និយាយ​ថា​៖ ​«​សូម្បី​តែ​សំបុត្រ​ថ្លែង​អំណរ​គុណ​ដ៏​ខ្លី​មួយ​ក៏​ដោយ ក៏​បង្ហាញ​ថា​បង​ប្អូន​ឯ​ទៀត​កំពុង​គិត​អំពី​យើង ហើយ​បង្ហាញ​ថា​ពួក​គាត់​សប្បាយ​នឹង​អ្វី​ដែល​យើង​កំពុង​ធ្វើ​»។

២២​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​បម្រើ​ពេញ​ពេល?

២២ ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​បាន​ជ្រើស​រើស​របៀប​រស់​នៅ​មួយ​ដែល​ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​និង​ស្កប់​ចិត្ត។ នេះ​ជា​របៀប​រស់​នៅ​ដ៏​ប្រសើរ​បំផុត​នៅ​សព្វ​ថ្ងៃ​នេះ។ អ្នក​បម្រើ​ពេញ​ពេល​អាច​រៀន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​និង​រៀន​មេរៀន​ផ្សេង​ៗ​ដែល​ចាំ​បាច់​នៅ​ពេល​ឥឡូវ​នេះ​និង​នៅ​ក្នុង​ពិភព​លោក​ថ្មី។ មិន​យូរ​ទៀត អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​កិច្ច​ការ​ដែល​ពិត​ជា​នាំ​ឲ្យ​ពួក​គេ​ស្កប់​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ។ សូម​យើង​បន្ត​នឹក​ឃើញ​«​ការ​ខំ​ប្រឹង​ព្យាយាម​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​»​និង​«​កិច្ច​ការ​»​ដែល​ពួក​អ្នក​បម្រើ​ពេញ​ពេល​បាន​«​ធ្វើ​ដោយ​ជំនឿ​»។—ថែស្សាឡូនិច​ទី១ ១:៣

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ពេល​យើង​នឹក​ឃើញ​បង​ប្អូន​យើង យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ព្យាយាម​របស់​ពួក​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​គិត​ដែរ​អំពី​របៀប​ដែល​យើង​អាច​ជួយ​ពួក​គាត់ ហើយ​ក្រោយ​មក​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ

  • កិច្ច​បម្រើ​ពេញ​ពេល: គោល​បំណង​ក្នុង​ជីវិត​នៃ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​គឺ​ការ​បម្រើ​លោក។ ប៉ុន្តែ អ្នក​បម្រើ​ពេញ​ពេល​ព្រម​ព្រៀង​ជា​មុន​ថា​ចំណាយ​ពេល​ជាក់​លាក់​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឬ​ក្នុង​កិច្ច​ការ​ផ្សេង​ទៀត​ដែល​គាំ​ទ្រ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

ប្រភេទ​ផ្សេង​ៗ​នៃ​កិច្ច​បម្រើ​ពេញ​ពេល

  • អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ជា​ធម្មតា​ចំណាយ​ពេល​៧០​ម៉ោង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ អ្នក​ត្រួស​ត្រាយ​ខ្លះ​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។

  • អ្នក​ត្រួស​ត្រាយ​ពិសេស ជា​ធម្មតា​ចំណាយ​ពេល​១៣០​ម៉ោង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ពួក​គាត់​ច្រើន​តែ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុម​ជំនុំ​មួយ​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។

  • អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​តាម​របៀប​ផ្សេង​ទៀត។

  • សមាជិក​ក្រុម​គ្រួសារ​បេតអែល បម្រើ​នៅ​ការិយាល័យ​សាខា ឬ​ការិយាល័យ​បក​ប្រែ។ ពួក​គាត់​ជួយ​ផ្គត់​ផ្គង់​សៀវភៅ​និង​ការ​ណែនាំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ​នៅ​ក្នុង​តំបន់​ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ការិយាល័យ​សាខា​នោះ។

  • សាសនទូត ជា​ធម្មតា​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ប្រទេស​មួយ​ទៀត។ សាសនទូត​ជា​ច្រើន​នាក់​ចំណាយ​ពេល​១៣០​ម៉ោង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។

  • អ្នក​បម្រើ​អន្តរជាតិ​និង​អ្នក​ស្ម័គ្រ​ចិត្ត​អន្តរជាតិ ទៅ​ប្រទេស​ផ្សេង​ៗ​ដើម្បី​ជួយ​ក្នុង​ការ​សាងសង់​ការិយាល័យ​សាខា ការិយាល័យ​បក​ប្រែ សាល​សន្និបាត​និង​សាល​ប្រជុំ។

  • អ្នក​បម្រើ​ផ្នែក​សាងសង់​សាល​ប្រជុំ បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​សាងសង់​សាល​ប្រជុំ​និង​ដើម្បី​ជួយ​ក្នុង​ផ្នែក​សាងសង់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក