«នេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក»
«លោកបានលាក់អ្វីៗទាំងនេះយ៉ាងល្អពីអ្នកប្រាជ្ញនិងអ្នកចេះដឹង ហើយបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ»។—លូកា ១០:២១
១. ហេតុអ្វីលោកយេស៊ូ«ត្រេកអរពន់ពេកដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ»? (សូមមើលរូបភាពនៅដើមអត្ថបទ)
សូមស្រមៃគិត តើលោកយេស៊ូមានទឹកមុខបែបណា ពេលលោក«ត្រេកអរពន់ពេកដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ»? លោកប្រហែលជាមានទឹកមុខញញឹមពព្រាយ ហើយភ្នែករបស់លោកបញ្ជាក់អំពីក្ដីរំភើបរីករាយ។ ប៉ុន្តែ ហេតុអ្វីលោករីករាយដូច្នេះ? ពីព្រោះលោកទើបតែបានចាត់អ្នកកាន់តាមលោកឲ្យទៅផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ដូច្នេះ លោកចង់ដឹងយ៉ាងខ្លាំងថាតើពួកអ្នកកាន់តាមលោកបំពេញភារកិច្ចរបស់ពួកគាត់យ៉ាងណា ពីព្រោះមានសត្រូវដ៏ខ្លាំងក្លាជាច្រើននាក់ដែលប្រឆាំងនឹងដំណឹងល្អ។ សត្រូវទាំងនេះរួមមានពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី ពួកគេជាមនុស្សឆ្លាត ហើយបានរៀនសូត្រខ្ពង់ខ្ពស់។ ពួកគេចង់ឲ្យមនុស្សចាត់ទុកលោកយេស៊ូថាគ្រាន់តែជាជាងឈើប៉ុណ្ណោះ ហើយចាត់ទុកពួកអ្នកកាន់តាមលោកថាជាមនុស្ស«មិនបានរៀនសូត្រ»។ (សកម្មភាព ៤:១៣; ម៉ាកុស ៦:៣) ទោះជាយ៉ាងនោះក៏ដោយ ពេលអ្នកកាន់តាមលោកត្រឡប់មកពីបំពេញភារកិច្ចរបស់ពួកគាត់វិញ ពួកគាត់មានអំណរយ៉ាងខ្លាំង។ ពួកគាត់បានផ្សព្វផ្សាយ ទោះជាមានការប្រឆាំងពីមនុស្ស សូម្បីតែពីពួកវិញ្ញាណអាក្រក់ក៏ដោយ! ហេតុអ្វីពួកគាត់នៅតែមានអំណរនិងចិត្តក្លាហាន?—សូមអាន លូកា ១០:១, ១៧-២១
រាស្ត្ររបស់ព្រះបានកែលម្អសេចក្ដីបង្រៀនរបស់ពួកគេ ដោយធ្វើឲ្យច្បាស់ជាងនិងស្រួលយល់ជាង
២. (ក) ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូដូចកូនតូចៗ? (ខ) តើអ្វីបានជួយអ្នកកាន់តាមលោកយេស៊ូឲ្យយល់សេចក្ដីពិតដ៏ជ្រាលជ្រៅពីគម្ពីរ?
២ លោកយេស៊ូបានមានប្រសាសន៍ទៅព្រះយេហូវ៉ាថា៖ «ឱបិតា ជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះពីអ្នកប្រាជ្ញនិងអ្នកចេះដឹង តែបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ ពីព្រោះនេះគឺសមស្របតាមបំណងប្រាថ្នារបស់លោកជាបិតា»។ (ម៉ាថាយ ១១:២៥, ២៦) ហេតុអ្វីលោកយេស៊ូបានហៅអ្នកកាន់តាមលោកថាកូនតូចៗ? ពីព្រោះមិនដូចពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីដែលបានរៀនសូត្រខ្ពង់ខ្ពស់ ហើយដែលបានគិតថាពួកគេមានប្រាជ្ញា ពួកអ្នកកាន់តាមលោកយេស៊ូសុខចិត្តទទួលការបង្រៀនដូចកូនតូចៗ។ ពួកគាត់បានរៀនឲ្យចេះមានចិត្តរាបទាប និងមិនអួតខ្លួន។ (ម៉ាថាយ ១៨:១-៤) ដោយសារពួកគាត់មានចិត្តរាបទាប ព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយពួកគាត់ឲ្យយល់សេចក្ដីពិតដ៏ជ្រាលជ្រៅពីគម្ពីរ។ ប៉ុន្តែ ពួកអ្នកដឹកនាំសាសនាយូដាបានត្រូវសាថានធ្វើឲ្យចិត្តគំនិតរបស់ពួកគេទៅជាងងឹត។ ម្យ៉ាងទៀត ចិត្តអំណួតរបស់ពួកគេផ្ទាល់ក៏ធ្វើឲ្យចិត្តគំនិតរបស់ពួកគេទៅជាងងឹតដែរ។
៣. តើយើងនឹងពិភាក្សាអ្វីនៅអត្ថបទនេះ?
៣ លោកយេស៊ូមានអំណរយ៉ាងខ្លាំង កាលដែលលោកឃើញរបៀបដែលព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សដែលមានចិត្តរាបទាបបានស្គាល់សេចក្ដីពិតដ៏ជ្រាលជ្រៅពីគម្ពីរ ទោះជាពួកគេបានរៀនសូត្រច្រើន ឬតិចក៏ដោយ។ ព្រះពេញចិត្តរបៀបបង្រៀននេះ ហើយលោកមិនបានផ្លាស់ប្ដូរឡើយ។ តើតាមរបៀបណាលោកបង្ហាញថាលោកនៅតែពេញចិត្តនឹងរបៀបបង្រៀននេះ? ក្នុងអត្ថបទនេះ យើងនឹងរៀនរបៀបដែលព្រះយេហូវ៉ាធ្វើឲ្យមនុស្សដែលមានចិត្តរាបទាបនៅសព្វថ្ងៃនេះស្គាល់សេចក្ដីពិតដ៏ជ្រាលជ្រៅពីគម្ពីរ។
ការពន្យល់សេចក្ដីពិតដ៏ជ្រាលជ្រៅដល់មនុស្សទាំងអស់
៤. តើតាមរបៀបណាទស្សនាវដ្ដីប៉មយាមស្រួលយល់គឺជាអំណោយមួយ?
៤ ក្នុងប៉ុន្មានឆ្នាំនេះ អង្គការរបស់ព្រះបានលើកបញ្ជាក់អំពីសារៈសំខាន់នៃការបង្រៀនតាមរបៀបដែលច្បាស់ជាងនិងស្រួលយល់ជាង។ យើងនឹងពិចារណាឧទាហរណ៍បី។ ទី១ យើងមានទស្សនាវដ្ដីប៉មយាមស្រួលយល់។a (សូមមើលកំណត់សម្គាល់) ទស្សនាវដ្ដីនេះជាអំណោយមួយដែលបានជួយមនុស្សជាច្រើន ដែលរួមមានអ្នកដែលពិបាកអាន ឬពិបាកយល់ភាសា។ គ្រួសារជាច្រើនបានឃើញថាដោយសារទស្សនាវដ្ដីប៉មយាមស្រួលយល់នេះ កូនរបស់ពួកគេយល់អត្ថបទក្នុងទស្សនាវដ្ដីប៉មយាមបានច្បាស់ជាង។ បងប្អូនជាច្រើននាក់បានសរសេរសំបុត្រថ្លែងអំណរគុណដល់គណៈអភិបាល។ បងស្រីម្នាក់បាននិយាយថាគាត់ធ្លាប់ខ្លាចឆ្លើយសំណួរនៅពេលសិក្សាទស្សនាវដ្ដីប៉មយាម។ ប៉ុន្តែ ឥឡូវគាត់មិនខ្លាចទៀតទេ! ក្រោយពីបានប្រើទស្សនាវដ្ដីប៉មយាមស្រួលយល់ គាត់បានសរសេរថា៖ «ឥឡូវខ្ញុំឆ្លើយច្រើនដង ហើយខ្ញុំលែងខ្លាចទៀតហើយ! ខ្ញុំអរគុណព្រះយេហូវ៉ានិងគណៈអភិបាល»។
៥. តើសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធដែលបានត្រូវកែសម្រួលឡើងវិញផ្ដល់ប្រយោជន៍អ្វីខ្លះ?
៥ ទី២ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធបានត្រូវកែសម្រួលឡើងវិញ ហើយដែលបានចេញផ្សាយជាភាសាអង់គ្លេសនាកិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៣។b (សូមមើលកំណត់សម្គាល់) ឥឡូវបទគម្ពីរជាច្រើនប្រើពាក្យតិចជាង ប៉ុន្តែអត្ថន័យមិនបានផ្លាស់ប្ដូរទេ ហើយបទគម្ពីរទាំងនោះស្រួលយល់ជាង។ ជាឧទាហរណ៍ យ៉ូប ១០:១ ដែលមាន២៧ពាក្យទៅជា១៩ពាក្យ ហើយសុភាសិត ៨:៦ ដែលមាន២០ពាក្យទៅជា១៣ពាក្យ។ ខគម្ពីរទាំងពីរនោះគឺច្បាស់ជាងនៅក្នុងសេចក្ដីបកប្រែថ្មីនេះ។ បងប្រុសដែលបានត្រូវរើសតាំងម្នាក់ដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំបាននិយាយថា៖ «ខ្ញុំទើបនឹងអានសៀវភៅយ៉ូបក្នុងសេចក្ដីបកប្រែថ្មី ហើយខ្ញុំមានអារម្មណ៍ថាហាក់ដូចជាខ្ញុំបានយល់សៀវភៅនេះជាលើកទី១!»។ បងប្អូនជាច្រើនក៏បាននិយាយស្រដៀងគ្នាដែរ។
៦. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការយល់ដឹងច្បាស់ជាងអំពីម៉ាថាយ ២៤:៤៥-៤៧?
៦ ទី៣ សូមគិតអំពីការសម្រិតសម្រាំងខ្លះខាងការយល់ដឹងអំពីបទគម្ពីរមួយចំនួននាពេលថ្មីៗនេះ។ ជាឧទាហរណ៍ ការយល់ដឹងច្បាស់ជាងអំពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលបានចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣។ (ម៉ាថាយ ២៤:៤៥-៤៧) អត្ថបទនោះបានពន្យល់ថាខ្ញុំបម្រើដ៏ស្មោះត្រង់គឺជាគណៈអភិបាល។ រីឯ«ខ្ញុំបម្រើឯទៀត»ជាពួកអ្នកដែលបានត្រូវរើសតាំង និងជា«ចៀមឯទៀត»។ ពួកគាត់ទាំងអស់គ្នាជាអ្នកដែលទទួលអាហារពីខ្ញុំបម្រើដ៏ស្មោះត្រង់។ (យ៉ូហាន ១០:១៦) យើងរំភើបចិត្តដែលរៀនអំពីសេចក្ដីពិតទាំងនេះ ហើយសប្បាយនឹងបង្រៀនសេចក្ដីពិតទាំងនេះដល់អ្នកឯទៀត! តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាលោកពេញចិត្តនឹងសេចក្ដីបង្រៀនដែលច្បាស់ ហើយស្រួលយល់?
ការពន្យល់ដែលស្រួលយល់ជាងអំពីកំណត់ហេតុគម្ពីរ
៧, ៨. ស្តីអំពីកំណត់ហេតុក្នុងគម្ពីរដែលជាតំណាងអ្វីមួយដែលវិសេសជាងនៅពេលអនាគត តើមានឧទាហរណ៍ណាខ្លះ?
៧ បើអ្នកបានបម្រើព្រះយេហូវ៉ាយូរឆ្នាំហើយ អ្នកទំនងជាបានកត់សម្គាល់ថាសៀវភៅរបស់យើងបានផ្លាស់ប្ដូររបៀបពន្យល់កំណត់ហេតុខ្លះក្នុងគម្ពីរ។ កាលពីមុន សៀវភៅយើងធ្លាប់ចែងថាកំណត់ហេតុខ្លះជានិមិត្តរូបនៃអ្វីដែលវិសេសជាងនៅពេលអនាគត។ កំណត់ហេតុនោះបានត្រូវហៅថានិមិត្តរូប។ អ្វីដែលនិមិត្តរូបនោះជាតំណាងបានត្រូវហៅថាអ្វីដែលពិតប្រាកដ។ តើមានមូលហេតុត្រឹមត្រូវដើម្បីពន្យល់កំណត់ហេតុគម្ពីរតាមរបៀបនេះឬទេ? គឺមានមែន។ ជាឧទាហរណ៍ លោកយេស៊ូបានមានប្រសាសន៍អំពី«សញ្ញាសម្គាល់នៃយ៉ូណាស ជាអ្នកប្រកាសទំនាយ»។ (សូមអាន ម៉ាថាយ ១២:៣៩, ៤០) លោកយេស៊ូបានពន្យល់ថារយៈពេលដែលយ៉ូណាសនៅក្នុងពោះត្រីជាតំណាងរយៈពេលដែលលោកយេស៊ូនឹងនៅក្នុងផ្នូរ។
ពេលយើងសិក្សាកំណត់ហេតុក្នុងគម្ពីរនិងអ្វីដែលកំណត់ហេតុទាំងនេះជាតំណាង នោះពង្រឹងជំនឿរបស់យើង
៨ មានកំណត់ហេតុឯទៀតក្នុងគម្ពីរដែលជាតំណាងអ្វីមួយដែលវិសេសជាងនៅពេលអនាគត។ សាវ័កប៉ូលបានរៀបរាប់អំពីកំណត់ហេតុបែបនោះខ្លះ។ ជាឧទាហរណ៍ ទំនាក់ទំនងរបស់អាប្រាហាំជាមួយនឹងហាកា ជាតំណាងចំណងមិត្តភាពរបស់ព្រះយេហូវ៉ាជាមួយនឹងប្រជាជាតិអ៊ីស្រាអែល ហើយទំនាក់ទំនងរបស់អាប្រាហាំជាមួយនឹងសារ៉ា ជាតំណាងចំណងមិត្តភាពរបស់ព្រះយេហូវ៉ាជាមួយនឹងផ្នែកនៅស្ថានសួគ៌នៃអង្គការរបស់ព្រះ។ (កាឡាទី ៤:២២-២៦) ស្រដៀងគ្នាដែរ ត្រសាល វិហារ ថ្ងៃជម្រះភាពខុសឆ្គង សម្ដេចសង្ឃនិងចំណុចឯទៀតនៃច្បាប់ម៉ូសេ គឺជា«ស្រមោលនៃពរដែលនឹងមកដល់»។ (ហេប្រឺ ៩:២៣-២៥; ១០:១) ពេលយើងសិក្សាកំណត់ហេតុទាំងនេះក្នុងគម្ពីរនិងអ្វីដែលកំណត់ហេតុទាំងនេះជាតំណាង នោះពង្រឹងជំនឿរបស់យើង។ ប៉ុន្តែ តើនេះមានន័យថាបុគ្គលម្នាក់ៗ ព្រឹត្ដិការណ៍នីមួយៗ និងវត្ថុនីមួយៗដែលបានត្រូវរៀបរាប់នៅក្នុងគម្ពីរជាតំណាងអ្នកណាម្នាក់ ឬអ្វីមួយឬទេ?
៩. កាលពីមុន តើកំណត់ហេតុគម្ពីរអំពីណាបោតបានត្រូវពន្យល់យ៉ាងដូចម្ដេច?
៩ កាលពីមុន សៀវភៅរបស់យើងច្រើនតែពន្យល់ថាបុគ្គលម្នាក់ៗ ព្រឹត្ដិការណ៍នីមួយៗ ឬវត្ថុនីមួយៗនៅក្នុងកំណត់ហេតុខ្លះជាតំណាងអ្នកណាម្នាក់ ឬអ្វីមួយ។ ជាឧទាហរណ៍ យេសិបិលដែលជាមហាក្សត្រីដ៏អាក្រក់បានប្រហារជីវិតណាបោត ដើម្បីឲ្យអ័ហាប់ដែលជាប្ដីរបស់នាងអាចយកចម្ការទំពាំងបាយជូររបស់ណាបោត។ (ពង្សាវតារក្សត្រទី១ ២១:១-១៦) នៅឆ្នាំ១៩៣២ ទស្សនាវដ្ដីប៉មយាមបានពន្យល់ថាអ័ហាប់និងយេសិបិលជាតំណាងសាថាននិងអង្គការរបស់វា រីឯណាបោតជាតំណាងលោកយេស៊ូ ហើយការស្លាប់របស់ណាបោតជាតំណាងការប្រហារជីវិតលោកយេស៊ូ។ ប៉ុន្តែ នៅឆ្នាំ១៩៦១ សៀវភៅជាភាសាអង់គ្លេសដែលមានចំណងជើងថា«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»បានចែងថា ណាបោតជាតំណាងអ្នកដែលបានត្រូវរើសតាំង ហើយយេសិបិលជាតំណាងពិភពគ្រិស្តសាសនា។ ម្យ៉ាងទៀត ការបៀតបៀនដែលយេសិបិលបានធ្វើទៅលើណាបោត ជាតំណាងការបៀតបៀនពួកអ្នកដែលបានត្រូវរើសតាំង ក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ អស់ជាច្រើនឆ្នាំ ការពន្យល់ទាំងនេះបានពង្រឹងជំនឿរាស្ត្ររបស់ព្រះ។ ដូច្នេះ ហេតុអ្វីសព្វថ្ងៃនេះការពន្យល់របស់យើងគឺផ្សេងពីមុន?
១០. (ក) ពេលពន្យល់កំណត់ហេតុខ្លះក្នុងគម្ពីរ តើតាមរបៀបណាខ្ញុំបម្រើដ៏ស្មោះត្រង់ចេះប្រុងប្រយ័ត្នជាង? (ខ) សព្វថ្ងៃនេះ តើសៀវភៅរបស់យើងផ្ដោតអារម្មណ៍ច្រើនជាងទៅលើអ្វី?
១០ ច្រើនឆ្នាំក្រោយមក ព្រះយេហូវ៉ាបានជួយ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឲ្យចេះពិចារណាច្រើនជាង ឬចេះប្រុងប្រយ័ត្នជាង។ តើតាមរបៀបណា? ឥឡូវនេះ លុះត្រាតែមានមូលដ្ឋានច្បាស់លាស់ក្នុងបទគម្ពីរ ទើបខ្ញុំបម្រើដ៏ស្មោះត្រង់ហ៊ាននិយាយថាកំណត់ហេតុមួយក្នុងគម្ពីរជាតំណាងអ្វីដែលវិសេសជាង។ ការពន្យល់ពីមុនខ្លះអំពីនិមិត្តរូបនិងអ្វីដែលពិតប្រាកដ គឺពិបាកយល់ ពិបាកចាំ និងពិបាកអនុវត្ត។ សំខាន់បំផុត ការផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើកំណត់ហេតុគម្ពីរថាអាចជាតំណាងអ្វី បានធ្វើឲ្យបាត់បង់មេរៀនដែលត្រូវអនុវត្ត។ ដូច្នេះ សព្វថ្ងៃនេះ សៀវភៅរបស់យើងផ្ដោតអារម្មណ៍ច្រើនជាងទៅលើមេរៀនដែលស្រួលយល់និងមានប្រយោជន៍ស្តីអំពីជំនឿ ការស៊ូទ្រាំ ភក្ដីភាពចំពោះព្រះ និងគុណសម្បត្ដិដ៏មានតម្លៃឯទៀតដែលយើងអាចរៀនពីកំណត់ហេតុគម្ពីរc (សូមមើលកំណត់សម្គាល់)។
១១. (ក) សព្វថ្ងៃនេះ តើយើងយល់កំណត់ហេតុអំពីណាបោតយ៉ាងដូចម្ដេច ហើយតើគំរូរបស់គាត់ជួយយើងយ៉ាងណា? (ខ) ក្នុងអំឡុងប៉ុន្មានឆ្នាំនេះ ហេតុអ្វីសៀវភៅរបស់យើងកម្រនិយាយអំពីនិមិត្តរូបនិងអ្វីដែលពិតប្រាកដ? (សូមមើល«សំណួរពីអ្នកអាន»នៅក្នុងលេខនេះ)
១១ សព្វថ្ងៃនេះ ការយល់ដឹងអំពីកំណត់ហេតុស្តីអំពីណាបោត គឺកាន់តែច្បាស់ជាង ហើយស្រួលយល់ជាង។ ណាបោតមិនបានស្លាប់ដោយសារគាត់ជាតំណាងលោកយេស៊ូ ឬពួកអ្នកដែលបានត្រូវរើសតាំងទេ។ ផ្ទុយទៅវិញ គាត់បានស្លាប់ដោយសារគាត់បានតាំងចិត្តរក្សាភក្ដីភាពចំពោះព្រះ។ គាត់នៅតែធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា ទោះជាអ្នកគ្រប់គ្រងដែលមានអំណាចខ្លាំងបានបៀតបៀនគាត់យ៉ាងសាហាវក៏ដោយ។ (ជនគណនា ៣៦:៧; ពង្សាវតារក្សត្រទី១ ២១:៣) នេះពិតជាគំរូដ៏ល្អសម្រាប់អ្នកបម្រើទាំងអស់របស់ព្រះនៅសព្វថ្ងៃនេះដែលប្រហែលជាបានស៊ូទ្រាំនឹងការបៀតបៀនស្រដៀងគ្នា។ (សូមអាន ធីម៉ូថេទី២ ៣:១២) គ្រិស្តសាសនិកទាំងអស់អាចយល់ អាចចាំ និងអាចអនុវត្តមេរៀននោះ ហើយពង្រឹងជំនឿរបស់ខ្លួន។
១២. (ក) តើយើងមិនគួរសន្និដ្ឋានយ៉ាងណាអំពីកំណត់ហេតុគម្ពីរ? (ខ) ហេតុអ្វីយើងអាចមានការពន្យល់ច្បាស់លាស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ? (សូមមើលកំណត់សម្គាល់)
១២ តើយើងគួរសន្និដ្ឋានថាកំណត់ហេតុគម្ពីរមានសុទ្ធតែមេរៀនដែលយើងអាចអនុវត្តបាន ហើយគ្មានអត្ថន័យផ្សេងទៀតឬ? មិនមែនទេ។ ប៉ុន្តែ ជាជាងពន្យល់កំណត់ហេតុខ្លះថាជានិមិត្តរូបនិងជាអ្វីដែលពិតប្រាកដ សព្វថ្ងៃនេះសៀវភៅរបស់យើងផ្ដោតអារម្មណ៍ច្រើនជាងទៅលើរបៀបដែលកំណត់ហេតុមួយក្នុងគម្ពីរជាប់ទាក់ទងនឹងកំណត់ហេតុមួយទៀត។ ជាឧទាហរណ៍ ទោះជាណាបោតមានការបៀតបៀន ហើយបានស្លាប់ក្ដី គាត់បានរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះ។ នេះពិតជាបានរំលឹកយើងអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់គ្រិស្តនិងអ្នកដែលបានត្រូវរើសតាំង។ ម្យ៉ាងទៀត នេះក៏បានរំលឹកយើងអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់«ចៀមឯទៀត»ដែរ។ ដូច្នេះ យើងអាចឃើញច្បាស់ថាព្រះយេហូវ៉ាកំពុងបង្រៀនយើងតាមរបៀបដែលស្រួលយល់d (សូមមើលកំណត់សម្គាល់)។
ការពន្យល់ដែលស្រួលយល់ជាងអំពីឧទាហរណ៍របស់លោកយេស៊ូ
១៣. តើឧទាហរណ៍អ្វីខ្លះបង្ហាញថាសព្វថ្ងៃនេះយើងពន្យល់ឧទាហរណ៍ខ្លះរបស់លោកយេស៊ូតាមរបៀបដែលច្បាស់ជាងនិងស្រួលយល់ជាង?
១៣ លោកយេស៊ូគ្រិស្តជាអ្នកបង្រៀនដ៏ឧត្តមបំផុតដែលធ្លាប់រស់នៅ។ លោកចូលចិត្តប្រើឧទាហរណ៍ដើម្បីបង្រៀន។ (ម៉ាថាយ ១៣:៣៤) ឧទាហរណ៍គឺមានប្រសិទ្ធភាព ពីព្រោះឧទាហរណ៍ជួយយើងឲ្យយល់គំនិតដែលពិបាកយល់ ដែលអាចធ្វើឲ្យយើងគិត ហើយអាចមានឥទ្ធិពលលើចិត្តរបស់យើង។ ច្រើនឆ្នាំក្រោយមក សៀវភៅរបស់យើងបានពន្យល់ឧទាហរណ៍របស់លោកយេស៊ូតាមរបៀបដែលច្បាស់ជាងនិងស្រួលយល់ជាង។ ជាឧទាហរណ៍ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ ជួយយើងឲ្យយល់ច្បាស់ជាងអំពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីដំបែ គ្រាប់មូស្ដាត និងអួន។ សព្វថ្ងៃនេះ យើងអាចឃើញថា ឧទាហរណ៍ទាំងនេះសំដៅលើរាជាណាចក្រព្រះ ដែលបានជួយមនុស្សជាច្រើនឲ្យបោះបង់ចោលពិភពលោកដ៏អាក្រក់នេះ និងឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។
ឧទាហរណ៍គឺមានប្រសិទ្ធភាពពីព្រោះឧទាហរណ៍ជួយយើងឲ្យយល់គំនិតដែលពិបាកយល់ ដែលអាចធ្វើឲ្យយើងគិត ហើយអាចមានឥទ្ធិពលលើចិត្តរបស់យើង
១៤. (ក) តើយើងធ្លាប់ពន្យល់យ៉ាងណាអំពីឧទាហរណ៍ស្តីអំពីជនជាតិសាម៉ារីដែលមានចិត្តសប្បុរស? (ខ) សព្វថ្ងៃនេះ តើយើងយល់យ៉ាងណាអំពីឧទាហរណ៍របស់លោកយេស៊ូ?
១៤ តើតាមរបៀបណាយើងអាចយល់ឧទាហរណ៍ ឬរឿងល្អិតល្អន់ជាងដែលលោកយេស៊ូបានមានប្រសាសន៍? រឿងខ្លះទាំងនេះ គឺជានិមិត្តរូប ឬជាទំនាយ។ រឿងខ្លះទៀតផ្ដល់មេរៀនមួយដែលយើងអាចអនុវត្តបាន។ ប៉ុន្តែ តើតាមរបៀបណាយើងដឹងថា រឿងណាខ្លះគឺជានិមិត្តរូប ហើយរឿងណាខ្លះមិនមែនជានិមិត្តរូប? ច្រើនឆ្នាំក្រោយមក យើងយល់ច្បាស់ជាង។ ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលយើងធ្លាប់ពន្យល់ឧទាហរណ៍របស់លោកយេស៊ូស្តីអំពីជនជាតិសាម៉ារីដែលមានចិត្តសប្បុរស។ (លូកា ១០:៣០-៣៧) នៅឆ្នាំ១៩២៤ ទស្សនាវដ្ដីប៉មយាមចែងថាជនជាតិសាម៉ារីជាតំណាងលោកយេស៊ូ ហើយថាផ្លូវដែលចុះពីក្រុងយេរូសាឡិមទៅក្រុងយេរីខូជាតំណាងស្ថានភាពរបស់មនុស្សជាតិដែលកាន់តែអាក្រក់ទៅ តាំងពីមានការបះបោរប្រឆាំងនៅសួនអេដែន។ ម្យ៉ាងទៀត ពួកចោរនៅតាមផ្លូវជាតំណាងក្រុមហ៊ុនធំៗនិងពាណិជ្ជករដែលមានចិត្តលោភលន់ រីឯសង្ឃនិងបុរសពីកុលសម្ព័ន្ធលេវីជាតំណាងពិភពគ្រិស្តសាសនា។ ប៉ុន្តែ សព្វថ្ងៃនេះសៀវភៅរបស់យើងប្រើឧទាហរណ៍នោះដើម្បីរំលឹកគ្រិស្តសាសនិកទាំងអស់ថាមិនត្រូវប្រកាន់ពូជសាសន៍ឡើយ។ យើងត្រូវជួយអស់អ្នកដែលត្រូវការជំនួយ ជាពិសេសដោយជួយពួកគេឲ្យរៀនសេចក្ដីពិតអំពីព្រះ។ ការដែលយើងឃើញរបៀបដែលព្រះយេហូវ៉ាធ្វើឲ្យយើងយល់ច្បាស់នូវសេចក្ដីពិតនាំឲ្យយើងមានអំណរ។
១៥. តើយើងនឹងពិភាក្សាអ្វីខ្លះនៅអត្ថបទបន្ទាប់?
១៥ នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់។ (ម៉ាថាយ ២៥:១-១៣) តើលោកយេស៊ូចង់ឲ្យពួកអ្នកកាន់តាមលោកនៅគ្រាចុងក្រោយបង្អស់យល់យ៉ាងណាអំពីឧទាហរណ៍ដែលមានឥទ្ធិពលខ្លាំងនោះ? តើបុគ្គលម្នាក់ៗ វត្ថុនីមួយៗ ឬព្រឹត្ដិការណ៍នីមួយៗនៅក្នុងឧទាហរណ៍នោះជាតំណាងអ្នកណាម្នាក់ ឬអ្វីមួយដែលវិសេសជាងនៅពេលអនាគត ឬក៏លោកចង់ឲ្យយើងរៀនមេរៀនដែលអាចអនុវត្តបាន ដែលនឹងជួយយើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់? យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
a ទស្សនាវដ្ដីប៉មយាមស្រួលយល់បានចេញដំបូងជាភាសាអង់គ្លេសនៅខែកក្កដា ឆ្នាំ២០១១។ តាំងពីពេលនោះមក ទស្សនាវដ្ដីប៉មយាមស្រួលយល់បានចេញជាភាសាខ្លះទៀត។
b សេចក្ដីបកប្រែពិភពលោកថ្មីដែលបានត្រូវកែសម្រួលឡើងវិញនឹងចេញជាភាសាផ្សេងទៀត។
c ក្នុងទស្សនាវដ្ដីប៉មយាមមានអត្ថបទដែលរៀបរាប់អំពីបុគ្គលផ្សេងៗក្នុងគម្ពីរ។ អត្ថបទទាំងនោះផ្ដោតអារម្មណ៍ទៅលើមេរៀនដែលយើងអាចអនុវត្ត មិនមែនផ្ដោតអារម្មណ៍ទៅលើនិមិត្តរូប ឬអ្វីដែលពិតប្រាកដទេ។ ជាឧទាហរណ៍ ទស្សនាវដ្ដីប៉មយាម ខែកក្កដា–កញ្ញា ឆ្នាំ២០១៤ មានអត្ថបទដែលមានចំណងជើងថា«ចូរយកតម្រាប់តាមជំនឿរបស់ពួកគាត់» ម៉ារៀ។
d បណ្ដាំរបស់ព្រះក៏មានព័ត៌មានដែលប្រហែលជា«ពិបាកយល់» រួមទាំងផ្នែកខ្លះនៃសំណេររបស់ប៉ូលផងដែរ។ ប៉ុន្តែ អស់អ្នកដែលសរសេរគម្ពីរបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធ។ សកម្មពលរបស់ព្រះជួយគ្រិស្តសាសនិកពិតនៅសព្វថ្ងៃនេះឲ្យយល់គម្ពីរ «សូម្បី តែសេចក្ដីជ្រាលជ្រៅរបស់ព្រះ»។—ពេត្រុសទី២ ៣:១៦, ១៧; កូរិនថូសទី១ ២:១០