តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌ឬទេ?
«ខ្ញុំនឹងប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា[ថា] . . . អស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្ដិធម៌»។—ចោទិយកថា ៣២:៣, ៤
១, ២. (ក) តើណាបោតនិងកូនប្រុសៗរបស់គាត់បានរងអំពើអយុត្ដិធម៌អ្វី? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាគុណសម្បត្ដិពីរយ៉ាងអ្វី?
បុរសអាក្រក់ពីរនាក់បានចោទប្រកាន់បុរសម្នាក់ថាគាត់បានប្រព្រឹត្តបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ។ អ្វីដែលពួកគេបាននិយាយគឺជាពាក្យកុហក។ ប៉ុន្តែ បុរសម្នាក់នោះបានជាប់ទោស ហើយបានត្រូវប្រហារជីវិត។ សូមស្រមៃគិតថាមនុស្សដែលស្រឡាញ់យុត្ដិធម៌មានអារម្មណ៍យ៉ាងណាកាលដែលពួកគេបានឃើញបុរសនោះដែលគ្មានទោសនិងកូនប្រុសៗរបស់គាត់បានត្រូវគេគប់ដុំថ្មសម្លាប់! នេះមិនមែនជារឿងព្រេងទេ។ នេះគឺជាអ្វីដែលពិតជាបានកើតឡើងចំពោះណាបោតដែលជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ គាត់បានរស់នៅសម័យដែលស្តេចអ័ហាប់គ្រប់គ្រងលើស្រុកអ៊ីស្រាអែល។—ពង្សាវតារក្សត្រទី១ ២១:១១-១៣; ពង្សាវតារក្សត្រទី២ ៩:២៦
២ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះណាបោត។ យើងក៏នឹងពិចារណាអំពីកំហុសធ្ងន់ធ្ងរមួយរបស់អ្នកចាស់ទុំដ៏ស្មោះត្រង់ម្នាក់ក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសម័យដើម។ ឧទាហរណ៍ទាំងពីរនេះ នឹងបង្ហាញយើងអំពីរបៀបដែលចិត្តរាបទាបនិងការសុខចិត្តអភ័យទោសឲ្យអ្នកឯទៀតគឺសំខាន់ចាំបាច់ បើយើងចង់មានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។
អំពើអយុត្ដិធម៌ដ៏គួរឲ្យខ្លោចផ្សា
៣, ៤. តើណាបោតជាបុរសបែបណា ហើយហេតុអ្វីគាត់មិនព្រមលក់ចម្ការទំពាំងបាយជូររបស់គាត់ទៅឲ្យស្តេចអ័ហាប់?
៣ ណាបោតមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា នៅពេលមួយដែលជនជាតិអ៊ីស្រាអែលភាគច្រើនបានធ្វើតាមគំរូដ៏អាក្រក់របស់ស្តេចអ័ហាប់និងយេសិបិលដែលជាមហាក្សត្រីដ៏អាក្រក់ដែលជាប្រពន្ធរបស់គាត់។ ពួកគេបានគោរពបូជាព្រះបាលដែលជាព្រះមិនពិត ហើយពួកគេមិនបានគោរពព្រះយេហូវ៉ា ឬច្បាប់របស់លោកទេ។ ប៉ុន្តែ ណាបោតបានឲ្យតម្លៃចំពោះចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាលើសជាងជីវិតរបស់គាត់ទៅទៀត។
៤ សូមអាន ពង្សាវតារក្សត្រទី១ ២១:១-៣។ ពេលអ័ហាប់បានសុំទិញចម្ការទំពាំងបាយជូររបស់ណាបោត ឬឲ្យគាត់នូវចម្ការទំពាំងបាយជូរដ៏ល្អប្រសើរជាងនោះដើម្បីដោះដូរ ណាបោតបានបដិសេធ។ ហេតុអ្វី? ដោយបង្ហាញការគោរព គាត់បានពន្យល់ថា៖ «សូមព្រះយេហូវ៉ាទ្រង់ឃាត់កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកឰយុកោទូលបង្គំដល់ព្រះករុណាឡើយ»។ ណាបោតបានបដិសេធការស្នើសុំរបស់ស្តេចអ័ហាប់ ដោយសារការលក់មត៌ករបស់គ្រួសារដាច់ឲ្យអ្នកឯទៀត គឺខុសច្បាប់របស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែល។ (លេវីវិន័យ ២៥:២៣; ជនគណនា ៣៦:៧) ណាបោតបានស្ដាប់បង្គាប់ព្រះយេហូវ៉ា។
៥. តើយេសិបិលបានធ្វើអ្វីដើម្បីបានចម្ការទំពាំងបាយជូររបស់ណាបោត?
៥ ពេលណាបោតមិនព្រមលក់ចម្ការទំពាំងបាយជូររបស់គាត់ ស្តេចអ័ហាប់និងប្រពន្ធរបស់គាត់បានរៀបចំគម្រោងដ៏អាក្រក់។ ដើម្បីបានចម្ការទំពាំងបាយជូរនោះ មហាក្សត្រីយេសិបិលបានរៀបចំគម្រោងឲ្យបុរសពីរនាក់ចោទប្រកាន់ណាបោតចំពោះបទឧក្រិដ្ឋមួយដែលគាត់មិនបានប្រព្រឹត្ត។ ជាលទ្ធផល ទាំងណាបោតទាំងកូនប្រុសៗរបស់គាត់បានត្រូវគេសម្លាប់។ តើព្រះយេហូវ៉ាបានធ្វើអ្វីចំពោះអំពើអយុត្ដិធម៌ដ៏គួរឲ្យខ្លោចផ្សានេះ?
ភាពយុត្ដិធម៌របស់ព្រះ
៦, ៧. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកស្រឡាញ់យុត្ដិធម៌ ហើយហេតុអ្វីនេះបានធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្ដិរបស់ណាបោតទទួលការសម្រាលទុក្ខ?
៦ ភ្លាមៗនោះ ព្រះយេហូវ៉ាបានចាត់អេលីយ៉ាឲ្យទៅជួបអ័ហាប់។ អេលីយ៉ាបានប្រាប់គាត់ថាគាត់ជាឃាតករនិងជាចោរ។ តើព្រះយេហូវ៉ាបានសម្រេចចិត្តធ្វើអ្វី? អ័ហាប់ ប្រពន្ធនិងកូនប្រុសៗរបស់គាត់នឹងត្រូវគេសម្លាប់ដូចណាបោតនិងកូនប្រុសៗរបស់គាត់បានត្រូវគេសម្លាប់ដែរ។—ពង្សាវតារក្សត្រទី១ ២១:១៧-២៥
៧ ក្រុមគ្រួសារនិងមិត្តភក្ដិរបស់ណាបោតបានកើតទុក្ខយ៉ាងខ្លាំងចំពោះការប្រព្រឹត្តដ៏អាក្រក់របស់អ័ហាប់។ ប៉ុន្តែ ព្រះយេហូវ៉ាបានឃើញអំពើអយុត្ដិធម៌នោះ ហើយលោកបានចាត់វិធានការភ្លាមៗដើម្បីដោះស្រាយបញ្ហានោះ។ នេះពិតជាបានធ្វើឲ្យពួកគាត់ទទួលការសម្រាលទុក្ខមែន។ ទោះជាយ៉ាងនោះក៏ដោយ ចិត្តរាបទាបនិងទំនុកចិត្តរបស់ពួកគាត់ទៅលើព្រះយេហូវ៉ា ទំនងជាបានត្រូវសាកល្បងដោយអ្វីដែលបានកើតឡើងនៅពេលក្រោយមក។
អេលីយ៉ាបានប្រាប់អ័ហាប់ថា ដោយសារអ័ហាប់បានបន្ទាបខ្លួន ព្រះយេហូវ៉ានឹងមិនដាក់ទោសក្រុមគ្រួសាររបស់គាត់រហូតដល់ក្រោយពីគាត់បានស្លាប់
៨. ពេលអ័ហាប់បានឮបណ្ដាំរបស់ព្រះយេហូវ៉ា តើគាត់មានប្រតិកម្មយ៉ាងណា ហើយតើនេះនាំឲ្យមានលទ្ធផលអ្វី?
៨ ពេលអ័ហាប់បានឮអំពីអ្វីដែលព្រះយេហូវ៉ាបានសម្រេចចិត្តធ្វើចំពោះគាត់«ទ្រង់ក៏ហែកព្រះពស្ត្រទ្រង់ រួចស្លៀកសំពត់ធ្មៃវិញ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ»។ ស្តេចអ័ហាប់បានបន្ទាបខ្លួន! តើនេះនាំឲ្យមានលទ្ធផលអ្វី? ព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាថា៖ «ដោយព្រោះ[អ័ហាប់]បានបន្ទាបខ្លួននៅមុខអញ នោះអញមិននាំសេចក្ដីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ គឺអញនឹងនាំសេចក្ដីវេទនានោះ មកលើជំនួរវង្សទ្រង់ក្នុងគ្រានៃបុត្រទ្រង់វិញ»។ (ពង្សាវតារក្សត្រទី១ ២១:២៧-២៩; ពង្សាវតារក្សត្រទី២ ១០:១០, ១១, ១៧) ព្រះយេហូវ៉ាដែលជាអ្នកដែល«លមើលចិត្ត» ហើយជាអ្នកដែលអាចឃើញថាយើងពិតជាមនុស្សបែបណា លោកបានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ័ហាប់។—សុភាសិត ១៧:៣
ចិត្តរាបទាបការពារយើង
៩. ហេតុអ្វីចិត្តរាបទាបបានការពារក្រុមគ្រួសារនិងមិត្តភក្ដិរបស់ណាបោត?
៩ ពេលក្រុមគ្រួសារនិងមិត្តភក្ដិរបស់ណាបោតបានឮថាក្រុមគ្រួសាររបស់អ័ហាប់នឹងមិនត្រូវទទួលទោសរហូតដល់ក្រោយអ័ហាប់ស្លាប់ នេះប្រហែលជាបានសាកល្បងជំនឿរបស់ពួកគាត់ទៅលើព្រះ។ ប៉ុន្តែ ចិត្តរាបទាបនឹងជួយពួកគាត់ឲ្យការពារជំនឿរបស់ពួកគាត់។ ហេតុអ្វី? បើពួកគាត់មានចិត្តរាបទាប ពួកគាត់នឹងបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានទំនុកចិត្តថាព្រះមិនអាចប្រព្រឹត្តដោយអយុត្ដិធម៌ទេ។ (សូមអាន ចោទិយកថា ៣២:៣, ៤) នៅពេលអនាគត ណាបោត កូនប្រុសៗនិងក្រុមគ្រួសាររបស់គាត់នឹងទទួលភាពយុត្ដិធម៌ដ៏ល្អឥតខ្ចោះកាលដែលព្រះយេហូវ៉ាប្រោសមនុស្សសុចរិតឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥; យ៉ូហាន ៥:២៨, ២៩) បុគ្គលដែលមានចិត្តរាបទាបដឹងថា«ព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្ដី»។ (សាស្ដា ១២:១៤) ព្រះយេហូវ៉ាពិនិត្យពិចារណាអំពីអ្វីផ្សេងៗដែលយើងមិនដឹង។ ដូច្នេះ ចិត្តរាបទាបការពារយើងពីការបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា។
ចិត្តរាបទាបការពារយើង ពីការបាត់បង់ជំនឿ ទៅលើព្រះយេហូវ៉ា
១០, ១១. (ក) តើទស្សនៈដែលយើងមានចំពោះភាពយុត្ដិធម៌អាចត្រូវសាកល្បងក្នុងស្ថានភាពអ្វីខ្លះ? (ខ) តើចិត្តរាបទាបនឹងការពារយើងយ៉ាងដូចម្ដេច?
១០ បើអ្នកចាស់ទុំធ្វើការសម្រេចចិត្តដែលអ្នកមិនយល់ ឬដែលអ្នកមិនយល់ស្រប តើអ្នកនឹងមានប្រតិកម្មយ៉ាងណា? ជាឧទាហរណ៍ បើអ្នកឬបុគ្គលណាម្នាក់ដែលអ្នកស្រឡាញ់បាត់បង់ភារកិច្ចណាមួយក្នុងកិច្ចបម្រើព្រះយេហូវ៉ា តើអ្នកនឹងធ្វើអ្វី? ចុះយ៉ាងណា បើគូអាពាហ៍ពិពាហ៍ កូនប្រុសស្រី ឬមិត្តភក្ដិជិតស្និទ្ធរបស់អ្នកបានត្រូវបណ្ដាច់មិត្តភាព ហើយអ្នកមិនយល់ស្របនឹងការសម្រេចចិត្តរបស់ពួកអ្នកចាស់ទុំ តើអ្នកនឹងធ្វើយ៉ាងណា? ចុះបើអ្នកគិតថាគឺជាការខុសដែលពួកអ្នកចាស់ទុំបង្ហាញសេចក្ដីមេត្ដាករុណាចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គង តើអ្នកនឹងធ្វើអ្វី? ស្ថានភាពបែបនេះអាចសាកល្បងជំនឿរបស់យើងទៅលើព្រះយេហូវ៉ានិងរបៀបដែលលោកបានរៀបចំក្រុមជំនុំនៅសព្វថ្ងៃនេះ។ តើតាមរបៀបណាចិត្តរាបទាបនឹងការពារអ្នក បើអ្នកបានត្រូវសាកល្បងដោយស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនេះ? សូមយើងពិចារណារបៀបពីរយ៉ាង។
តើអ្នកនឹងមានប្រតិកម្មយ៉ាងណា បើពួកអ្នកចាស់ទុំជូនដំណឹង អំពីការសម្រេចចិត្តណាមួយដែលអ្នកមិនយល់ស្រប? (សូមមើលវគ្គ១០, ១១)
១១ ទី១ បើយើងមានចិត្តរាបទាប យើងនឹងទទួលស្គាល់ថាយើងមិនដឹងអ្វីៗទាំងអស់អំពីរឿងនោះទេ។ ទោះជាយើងគិតថាយើងដឹងអ្វីៗទាំងអស់អំពីស្ថានភាពណាមួយក្ដី មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលដឹងអំពីអ្វីដែលមាននៅក្នុងចិត្តរបស់បុគ្គលណាម្នាក់។ (សាំយូអែលទី១ ១៦:៧) ពេលយើងចាំអំពីចំណុចនេះ ដោយចិត្តរាបទាបយើងនឹងទទួលស្គាល់ថាសមត្ថភាពរបស់យើងមានកម្រិត ហើយថាយើងត្រូវកែប្រែរបៀបគិតគូររបស់យើង។ ទី២ បើយើងបានឃើញឬរងអំពើអយុត្ដិធម៌ ចិត្តរាបទាបនឹងជួយយើងឲ្យចេះស្ដាប់បង្គាប់និងមានចិត្តអត់ធ្មត់ ហើយរង់ចាំឲ្យព្រះយេហូវ៉ាដោះស្រាយ។ គម្ពីរចែងថា៖ «ពួកអ្នកដែលកោតខ្លាចដល់ព្រះ . . . គេនឹងមានសេចក្ដីសុខស្រួលវិញ»។ គម្ពីរក៏ចែងដែរថា៖ «តែមិនបានសេចក្ដីសុខស្រួលដល់មនុស្សអាក្រក់ទេ ឯអាយុគេ . . . ក៏មិនបានយឺនយូរដែរ»។ (សាស្ដា ៨:១២, ១៣) បើយើងរក្សាចិត្តរាបទាប យើងនឹងទទួលប្រយោជន៍ ហើយអ្នកឯទៀតដែលពាក់ព័ន្ធនឹងរឿងនោះក៏នឹងទទួលប្រយោជន៍ដែរ។—សូមអាន ពេត្រុសទី១ ៥:៥
ពេលមួយដែលមានពុតត្បុតក្នុងក្រុមជំនុំ
១២. តើយើងនឹងពិចារណានៅឥឡូវនេះអំពីកំណត់ហេតុអ្វី ហើយហេតុអ្វី?
១២ គ្រិស្តសាសនិកសម័យដើមនៅក្រុងអាន់ទីយ៉ូកនាស្រុកស៊ីរីបានជួបប្រទះនឹងស្ថានភាពមួយដែលបានសាកល្បងចិត្តរាបទាបរបស់ពួកគាត់និងការសុខចិត្តអភ័យទោសឲ្យអ្នកឯទៀត។ សូមយើងប្រើកំណត់ហេតុនោះដើម្បីពិចារណាអំពីចិត្តគំនិតរបស់យើងចំពោះការអភ័យទោសឲ្យអ្នកឯទៀត។ នេះប្រហែលជានឹងជួយយើងឲ្យយល់អំពីមូលហេតុដែលព្រះយេហូវ៉ាអាចប្រើមនុស្សមិនល្អឥតខ្ចោះដោយនៅតែរក្សាខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់លោក។
១៣, ១៤. តើសាវ័កពេត្រុសបានទទួលភារកិច្ចអ្វី ហើយតើគាត់បានបង្ហាញយ៉ាងណាថាគាត់មានចិត្តក្លាហាន?
១៣ សាវ័កពេត្រុសជាអ្នកចាស់ទុំដែលគ្រិស្តសាសនិកភាគច្រើននៅសម័យដើមបានស្គាល់។ គាត់ជាមិត្តភក្ដិរបស់លោកយេស៊ូ ហើយគាត់បានទទួលភារកិច្ចដ៏សំខាន់។ (ម៉ាថាយ ១៦:១៩) ជាឧទាហរណ៍ នៅឆ្នាំ៣៦ គ.ស. ពេត្រុសបានត្រូវចាត់ឲ្យទៅផ្សព្វផ្សាយដល់កូនេលាសនិងពួកអ្នកផ្ទះរបស់គាត់។ ហេតុអ្វីនេះគឺពិសេស? ពីព្រោះកូនេលាសមិនមែនជាជនជាតិយូដា គាត់ជាជនជាតិដទៃដែលមិនបានកាត់ចុងស្បែក។ ពេលកូនេលាសនិងពួកអ្នកផ្ទះរបស់គាត់បានទទួលសកម្មពលបរិសុទ្ធ ពេត្រុសបានទទួលស្គាល់ថាពួកគាត់អាចទទួលការជ្រមុជទឹកជាគ្រិស្តសាសនិក។ គាត់បាននិយាយថា៖ «តើមានអ្នកណាអាចហាមអ្នកទាំងនេះ មិនឲ្យទទួលការជ្រមុជទឹក ក្រោយពីពួកគេបានទទួលសកម្មពលបរិសុទ្ធដូចយើងដែរឬទេ?»។—សកម្មភាព ១០:៤៧
១៤ នៅឆ្នាំ៤៩ គ.ស. ពួកសាវ័កនិងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានជួបជុំគ្នាដើម្បីសម្រេចចិត្តថា គ្រិស្តសាសនិកដែលជាជនជាតិដទៃត្រូវកាត់ចុងស្បែកឬយ៉ាងណា។ នៅកិច្ចប្រជុំនោះ ពេត្រុសបានរំលឹកបងប្អូនដោយចិត្តក្លាហានថាគាត់បានឃើញដោយផ្ទាល់ភ្នែកនូវជនជាតិដទៃដែលមិនបានកាត់ចុងស្បែកទទួលសកម្មពលបរិសុទ្ធ។ គឺបទពិសោធន៍របស់ពេត្រុសដែលបានជួយគណៈអភិបាលឲ្យធ្វើការសម្រេចចិត្ត។ (សកម្មភាព ១៥:៦-១១, ១៣, ១៤, ២៨, ២៩) គ្រិស្តសាសនិកជនជាតិយូដានិងគ្រិស្តសាសនិកជនជាតិដទៃ ច្បាស់ជាមានចិត្តកតញ្ញូដែលពេត្រុសមានចិត្តក្លាហាន ហើយហ៊ានប្រាប់អំពីអ្វីដែលបានកើតឡើង។ គ្រិស្តសាសនិកនៅសម័យដើមទំនងជាស្រួលទុកចិត្តបុរសដ៏ស្មោះត្រង់និងដែលមានភាពចាស់ទុំនេះ!—ហេប្រឺ ១៣:៧
១៥. ពេលដែលពេត្រុសនៅក្រុងអាន់ទីយ៉ូកនាស្រុកស៊ីរី តើគាត់បានធ្វើខុសអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៥ មិនយូរក្រោយពីកិច្ចប្រជុំនៅក្រុងយេរូសាឡិមនោះ ពេត្រុសបានទៅក្រុងអាន់ទីយ៉ូកនៅស្រុកស៊ីរី។ កាលដែលគាត់នៅទីនោះ គាត់បានចំណាយពេលជាមួយនឹងបងប្អូនជនជាតិដទៃ។ យើងអាចស្រមៃគិតថាពួកគាត់ពិតជាចូលចិត្តរៀនពីបទពិសោធន៍និងចំណេះដឹងរបស់ពេត្រុស។ ប៉ុន្តែ ពេលដែលពេត្រុសស្រាប់តែឈប់បរិភោគអាហារជាមួយនឹងពួកគាត់ ពួកគាត់ច្បាស់ជាភ្ញាក់ផ្អើលនិងឈឺចិត្ត។ ពេត្រុសបាននាំឲ្យគ្រិស្តសាសនិកជនជាតិយូដាឯទៀត រួមទាំងបាណាបាសឲ្យធ្វើដូចគាត់។ ហេតុអ្វីអ្នកចាស់ទុំគ្រិស្តសាសនិកនេះដែលមានបទពិសោធន៍ច្រើនបានធ្វើខុសធ្ងន់ធ្ងរដែលអាចនាំឲ្យក្រុមជំនុំបែកបាក់គ្នា? សំខាន់ជាងនេះទៅទៀត តើយើងអាចរៀនអ្វីពីកំហុសរបស់ពេត្រុសដែលអាចជួយយើង បើពាក្យសម្ដីឬការប្រព្រឹត្តរបស់អ្នកចាស់ទុំធ្វើឲ្យយើងឈឺចិត្ត?
តើគ្រិស្តសាសនិកជនជាតិដទៃដែលពេត្រុសបានធ្វើឲ្យឈឺចិត្ត នឹងប្រព្រឹត្តយ៉ាងណាចំពោះអំពើអយុត្ដិធម៌នេះ?
១៦. តើពេត្រុសបានត្រូវកែតម្រង់យ៉ាងដូចម្ដេច ហើយតើនេះនាំឲ្យមានសំណួរអ្វីខ្លះ?
១៦ សូមអាន កាឡាទី ២:១១-១៤។ ពេត្រុសបានចាប់ផ្ដើមខ្លាចមនុស្ស។ (សុភាសិត ២៩:២៥) ពេត្រុសបានដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះជនជាតិដទៃ។ ប៉ុន្តែ គាត់នៅតែខ្លាចថាគ្រិស្តសាសនិកជនជាតិយូដាពីក្រុងយេរូសាឡិមដែលបានកាត់ចុងស្បែក នឹងមិនពេញចិត្តគាត់បើគាត់សេពគប់ជាមួយនឹងគ្រិស្តសាសនិកជនជាតិដទៃទាំងនោះ។ សាវ័កប៉ូលបានប្រាប់ពេត្រុសថាគាត់ជាមនុស្សមានពុត។ ហេតុអ្វី? ពីព្រោះប៉ូលបានឮពេត្រុសនិយាយការពារជនជាតិដទៃនៅឯកិច្ចប្រជុំក្នុងក្រុងយេរូសាឡិម នាឆ្នាំ៤៩ គ.ស.។ (សកម្មភាព ១៥:១២; កាឡាទី ២:១៣) តើគ្រិស្តសាសនិកជនជាតិដទៃដែលពេត្រុសបានធ្វើឲ្យឈឺចិត្តនឹងប្រព្រឹត្តយ៉ាងណា? តើពួកគាត់នឹងអនុញ្ញាតឲ្យបញ្ហានោះបណ្ដាលឲ្យពួកគាត់ជំពប់ដួលឬទេ? តើពេត្រុសនឹងបាត់បង់ភារកិច្ចដោយសារកំហុសរបស់គាត់ឬទេ?
ចូរអភ័យទោសឲ្យអ្នកឯទៀត
១៧. តើពេត្រុសបានទទួលប្រយោជន៍យ៉ាងណាពីការអភ័យទោសរបស់ព្រះយេហូវ៉ា?
១៧ ពេត្រុសមានចិត្តរាបទាប ហើយបានទទួលយកការកែតម្រង់ពីប៉ូល។ បទគម្ពីរមិនបានចែងថាពេត្រុសបានបាត់បង់ភារកិច្ចណាមួយរបស់គាត់ឡើយ។ តាមពិតក្រោយមក ក្រោមការដឹកនាំរបស់ព្រះគាត់បានសរសេរសំបុត្រពីរដែលបានទៅជាផ្នែកមួយនៃគម្ពីរ។ ក្នុងសំបុត្រទី២របស់គាត់ គាត់ថែមទាំងហៅប៉ូលថា«បងប្រុសជាទីស្រឡាញ់របស់យើង»។ (ពេត្រុសទី២ ៣:១៥) កំហុសរបស់ពេត្រុសច្បាស់ជាបានធ្វើឲ្យគ្រិស្តសាសនិកជនជាតិដទៃឈឺចិត្ត។ ប៉ុន្តែ លោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំបានបន្តប្រើគាត់។ (អេភេសូរ ១:២២) បងប្អូនក្នុងក្រុមជំនុំនោះមានឱកាសយកតម្រាប់លោកយេស៊ូនិងបិតារបស់លោកដោយអភ័យទោសឲ្យពេត្រុស។ យើងសង្ឃឹមថា គ្មានអ្នកណាម្នាក់បានអនុញ្ញាតឲ្យកំហុសរបស់មនុស្សដែលមិនល្អឥតខ្ចោះនោះធ្វើឲ្យខ្លួនជំពប់ដួលឡើយ។
១៨. ជាពិសេស តើនៅពេលណាយើងត្រូវមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌?
១៨ គ្មានអ្នកចាស់ទុំដែលល្អឥតខ្ចោះក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសម័យដើម ហើយក៏គ្មានអ្នកចាស់ទុំដែលល្អឥតខ្ចោះក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសព្វថ្ងៃនេះដែរ។ គម្ពីរចែងថា៖ «យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»។ (យ៉ាកុប ៣:២, កំ.ស.) យើងស្រួលទទួលស្គាល់ចំណុចនេះ។ ប៉ុន្តែតើយើងនឹងធ្វើអ្វី ពេលភាពមិនល្អឥតខ្ចោះរបស់បងប្អូនណាម្នាក់ប៉ះពាល់ដល់យើង? តើយើងនឹងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌ឬទេ? ជាឧទាហរណ៍ តើអ្នកនឹងប្រព្រឹត្តយ៉ាងណា បើអ្នកចាស់ទុំណាម្នាក់និយាយអ្វីដែលមើលទៅដូចជាលម្អៀង? ចុះយ៉ាងណា បើអ្នកចាស់ទុំណាម្នាក់និយាយអ្វីមួយដោយមិនគិត ដែលធ្វើឲ្យអ្នកឈឺចិត្តឬទើសចិត្ត តើអ្នកនឹងអនុញ្ញាតឲ្យបញ្ហានោះនាំឲ្យអ្នកជំពប់ដួលឬទេ? ជាជាងសន្និដ្ឋានភ្លាមៗថាបងប្រុសនោះមិនសមធ្វើជាអ្នកចាស់ទុំ តើអ្នកនឹងរង់ចាំដោយចិត្តអត់ធ្មត់ដើម្បីឲ្យលោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំដោះស្រាយបញ្ហានោះឬទេ? ជាជាងផ្ដោតអារម្មណ៍ទៅលើកំហុសនោះ តើអ្នកនឹងចាំអំពីកិច្ចបម្រើយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំរបស់បងប្រុសនោះឬទេ? បើបងប្អូនប្រុសណាម្នាក់ដែលបានធ្វើខុសចំពោះអ្នក បន្តបម្រើជាអ្នកចាស់ទុំឬទទួលភារកិច្ចថែមទៀត តើអ្នកនឹងអរសប្បាយចំពោះគាត់ឬទេ? បើអ្នកសុខចិត្តអភ័យទោសឲ្យគាត់ អ្នកបង្ហាញថាអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។—សូមអាន ម៉ាថាយ ៦:១៤, ១៥
១៩. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៩ ដោយសារយើងស្រឡាញ់ភាពយុត្ដិធម៌ យើងពិតជាទន្ទឹងរង់ចាំគ្រាដែលព្រះយេហូវ៉ានឹងលុបបំបាត់អំពើអយុត្ដិធម៌ទាំងអស់ដែលបណ្ដាលមកពីសាថាននិងរបៀបរបបពិភពលោកដ៏អាក្រក់របស់វា។ (អេសាយ ៦៥:១៧) ទម្រាំដល់ពេលនោះ កាលដែលយើងរងអំពើអយុត្ដិធម៌ សូមយើងទទួលស្គាល់ដោយចិត្តរាបទាបថាយើងប្រហែលជាមិនដឹងអ្វីៗទាំងអស់អំពីរឿងនោះ ហើយអភ័យទោសដោយស្មោះដល់ពួកអ្នកដែលធ្វើខុសចំពោះយើង។ បើយើងធ្វើដូច្នេះ យើងនឹងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។