បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៣ ទំ. ១៥-ទំ. ១៦ វ. ៨
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • «នេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ពួកអ្នកដែលរាប់ជាគួរនឹងរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៣ ទំ. ១៥-ទំ. ១៦ វ. ៨

សំណួរ​ពី​អ្នក​អាន

កាល​ពី​មុន សៀវភៅ​របស់​យើង​ច្រើន​តែ​បាន​រៀប​រាប់​អំពី​និមិត្តរូប​និង​អ្វី​ដែល​ពិត​ប្រាកដ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​នេះ សៀវភៅ​របស់​យើង​កម្រ​រៀប​រាប់​អំពី​អ្វី​ទាំង​នោះ​ណាស់។ ហេតុ​អ្វី​ដូច្នេះ?

ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៥០ ជា​ភាសា​អង់គ្លេស បាន​ឲ្យ​និយម​ន័យ​នៃ​«​និមិត្តរូប​»​និង​«​អ្វី​ដែល​ពិត​ប្រាកដ​»​ ដោយ​បាន​ពន្យល់​ថា និមិត្តរូប​គឺ​បុគ្គល​ម្នាក់ ព្រឹត្ដិការណ៍​មួយ ឬ​វត្ថុ​មួយ​ដែល​ជា​តំណាង​អ្នក​ណា​ម្នាក់ ឬ​អ្វី​មួយ​ដែល​ប្រសើរ​ជាង​នៅ​អនាគត។ អ្វី​ដែល​ពិត​ប្រាកដ​គឺ​បុគ្គល ព្រឹត្ដិការណ៍ ឬ​វត្ថុ​ដែល​និមិត្តរូប​នោះ​ជា​តំណាង។ និមិត្តរូប​បាន​ត្រូវ​ហៅ​ថា​ស្រមោល ហើយ​អ្វី​ដែល​ពិត​ប្រាកដ​បាន​ត្រូវ​ហៅ​ថា​រូប​ពិត។

កាល​ពី​មុន​សៀវភៅ​របស់​យើង​បាន​រៀប​រាប់​ថា​បុរស​ស្ត្រី​ស្មោះ​ត្រង់ ដូច​ជា​ដេបូរ៉ា អេលីហ៊ូវ យែបថា យ៉ូប រ៉ាហាប រេបិកា និង​បុគ្គល​ជា​ច្រើន​ទៀត​គឺ​ជា​និមិត្តរូប​ដែល​ជា​តំណាង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ឬ​ក៏​«​មនុស្ស​មួយ​ក្រុម​ធំ​»។ (​ការ​បើក​បង្ហាញ ៧:៩​) ជា​ឧទាហរណ៍ យើង​បាន​និយាយ​ថា យែបថា យ៉ូប និង​រេបិកា​ជា​តំណាង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​ថា​ដេបូរ៉ា និង​រ៉ាហាប​ជា​តំណាង​មនុស្ស​មួយ​ក្រុម​ធំ។ ប៉ុន្តែ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ យើង​មិន​បាន​ប្រៀប​ប្រដូច​បែប​នោះ​ទៀត​ទេ។ ហេតុ​អ្វី​ដូច្នោះ?

បទ​គម្ពីរ​ពិត​ជា​បាន​បង្រៀន​ថា​បុគ្គល​ខ្លះ​ក្នុង​គម្ពីរ​គឺ​ជា​និមិត្តរូប​ដែល​ជា​តំណាង​អ្នក​ណា​ម្នាក់ ឬ​អ្វី​មួយ​ដែល​ប្រសើរ​ជាង​នៅ​អនាគត។ ជា​ឧទាហរណ៍ នៅ​កាឡាទី ៤:២១​-​៣១ សាវ័ក​ប៉ូល​សំដៅ​លើ​«​អត្ថន័យ​ជា​និមិត្តរូប​»​ដែល​ទាក់​ទង​នឹង​ស្ត្រី​ពីរ​នាក់។ ស្ត្រី​ទី១​គឺ​ហាកា ដែល​ជា​ស្ត្រី​បម្រើ​របស់​អាប្រាហាំ។ ប៉ូល​ពន្យល់​ថា​នាង​ជា​តំណាង​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​តាម​រយៈ​ច្បាប់​ម៉ូសេ។ ស្ត្រី​ទី២​គឺ​«​ស្ត្រី​ដែល​មាន​សេរី​ភាព​»​ ពោល​គឺ​សារ៉ា​ដែល​ជា​ប្រពន្ធ​របស់​អាប្រាហាំ។ នាង​ជា​តំណាង​ភរិយា​របស់​ព្រះ ដែល​ជា​ផ្នែក​ស្ថាន​សួគ៌​នៃ​អង្គ​ការ​របស់​លោក។ ប៉ូល​ក៏​បាន​រៀប​រាប់​ដែរ​អំពី​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​រវាង​ម៉េលគីសេដិក​ដែល​ជា​ស្តេច​ផង​ជា​សង្ឃ​ផង និង​លោក​យេស៊ូ។ (​ហេប្រឺ ៦:២០; ៧:១​-​៣​) មួយ​វិញ​ទៀត ប៉ូល​បាន​ប្រៀប​ប្រដូច​អ្នក​ប្រកាស​ទំនាយ​អេសាយ​ទៅ​នឹង​លោក​យេស៊ូ ហើយ​ប្រដូច​កូន​របស់​អេសាយ​ទៅ​នឹង​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ (​ហេប្រឺ ២:១៣, ១៤​) ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​ធ្វើ​ការ​ប្រៀប​ប្រដូច​ទាំង​អស់​នេះ ដើម្បី​យើង​អាច​ប្រាកដ​ថា​និមិត្តរូប​និង​អ្វី​ដែល​ពិត​ប្រាកដ​ទាំង​នេះ​គឺ​ត្រឹម​ត្រូវ។

ប៉ុន្តែ ទោះ​ជា​ពេល​គម្ពីរ​បង្ហាញ​ថា​បុគ្គល​ម្នាក់​គឺ​ជា​និមិត្តរូប​ក៏​ដោយ យើង​មិន​គួរ​សន្មត​ថា​គ្រប់​ព័ត៌មាន​ល្អិត​ល្អន់ ឬ​គ្រប់​ព្រឹត្ដិការណ៍​ក្នុង​ជីវិត​របស់​បុគ្គល​នោះ​ជា​តំណាង​អ្វី​មួយ​ដែល​ប្រសើរ​ជាង​នៅ​អនាគត​ឡើយ។ ជា​ឧទាហរណ៍ ប៉ូល​ពន្យល់​ថា​ម៉េលគីសេដិក​ជា​តំណាង​លោក​យេស៊ូ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ូល​មិន​បាន​រៀប​រាប់​អំពី​ពេល​ដែល​ម៉េលគីសេដិក​បានយកនំ​ប៉័ង​និង​ស្រា​មក​ឲ្យ​អាប្រាហាំ​ក្រោយ​ពី​គាត់​បាន​វាយ​ឈ្នះ​ស្តេច​បួន​អង្គ​នោះ​ទេ។ ដូច្នេះ គ្មាន​មូលហេតុ​ពី​គម្ពីរ​ដែល​ឲ្យ​យើង​ខំ​រក​អត្ថន័យ​បង្កប់​ក្នុង​ព្រឹត្ដិការណ៍​នោះ​ឡើយ។—លោកុប្បត្តិ ១៤:១, ១៨

នៅ​ប៉ុន្មាន​សតវត្សរ៍​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ អ្នក​និពន្ធ​ខ្លះ​បាន​ធ្វើ​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ។ ពួក​គេ​បាន​យល់​ថា​ស្ទើរតែ​គ្រប់​កំណត់​ហេតុ​គម្ពីរ​គឺ​ជា​និមិត្តរូប។ សព្វវចនាធិប្បាយ​មួយ​រៀប​រាប់​អំពី​សេចក្ដី​បង្រៀន​របស់​អូរីហ្គេន អេមប៊្រូស និង​យេរ៉ូម​ដោយ​ពន្យល់​ថា​៖ ​«​ពួក​គេ​បាន​ខំ​ស្វែង​យល់​និមិត្តរូប​នៃ​ហេតុ​ការណ៍​និង​ព្រឹត្ដិការណ៍​នីមួយ​ៗ​ដែល​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ ហើយ​ពួក​គេ​ពិត​ជា​បាន​រក​ឃើញ​អត្ថន័យ​ដែល​ជា​និមិត្តរូប​ទាំង​នោះ​មែន ទោះ​ជា​ហេតុ​ការណ៍​និង​ព្រឹត្ដិការណ៍​ទាំង​នោះ​មិន​សូវ​សំខាន់​ក៏​ដោយ។ សូម្បី​តែ​រឿង​តូច​តាច​បំផុត​និង​ដែល​កើត​ឡើង​ជា​ធម្មតា​ក្ដី ក៏​ពួក​គេ​បាន​គិត​ថា​រឿង​ទាំង​នោះ​លាក់​សេចក្ដី​ពិត​ដែល​ជា[​អាថ៌​កំបាំង​]ជា​ទី​បំផុត . . . ម្យ៉ាង​ទៀត សូម្បី​តែ​ចំនួន​ត្រី​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចាប់​នៅ​យប់​ដែល​លោក​យេស៊ូ​ជា​អ្នក​សង្គ្រោះ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​លេច​មក​ជួប​ពួក​គេ ក៏​អ្នក​និពន្ធ​ជា​ច្រើន​នាក់​បាន​ព្យាយាម​ស្វែង​យល់​ដើម្បី​ដឹង​ថា​លេខ​១៥៣​នោះ​ជា​តំណាង​អ្វី!​»​ (​The International St​and​ard Bible Encyclopaedia​)។

អ្នក​និពន្ធ​ម្នាក់​ទៀត​ឈ្មោះ​អាហ្គូស្ទីន​នៅ​ក្រុង​ហ៊ីប៉ូស បាន​ពន្យល់​ថា​កំណត់​ហេតុ​គម្ពីរ​អំពី​លោក​យេស៊ូ​ឲ្យ​អាហារ​ដល់​មនុស្ស​៥.០០០​នាក់​ដោយ​មាន​នំ​ប៉័ង​ប្រាំ​ដុំ​ដែល​ធ្វើ​ពី​ស្រូវ​គ្រីធី​និង​ត្រី​ពីរ​កន្ទុយ​មាន​អត្ថន័យ​ជា​និមិត្តរូប។ គាត់​បាន​និយាយ​ថា​នំ​ប៉័ង​ប្រាំ​ដុំ​នោះ​ជា​តំណាង​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​ក្នុង​គម្ពីរ។ ម្យ៉ាង​ទៀត ដោយ​សារ​គេ​គិត​ថា​ស្រូវ​គ្រីធី​ថោក​ជាង​ស្រូវ​សាលី នេះ​មាន​ន័យ​ថា​គម្ពីរ​«​សញ្ញា​ចាស់​»​អន់​ជាង​គម្ពីរ​«​សញ្ញា​ថ្មី​»។ មួយ​វិញ​ទៀត គាត់​បាន​ពន្យល់​ថា​ត្រី​ពីរ​កន្ទុយ​នោះ​ជា​តំណាង​ស្តេច​មួយ​អង្គ​និង​សង្ឃ​មួយ​រូប។ បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​ទៀត​បាន​ពន្យល់​ថា​ការ​ដែល​យ៉ាកុប​ទិញ​សិទ្ធិ​កូន​ច្បង​របស់​អេសាវ​ដោយ​ឲ្យ​សម្ល​ក្រហម​មួយ​ចាន នោះ​ជា​តំណាង​ការ​ដែល​លោក​យេស៊ូ​ទិញ​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​សម្រាប់​មនុស្សជាតិ​ដោយ​ឈាម​របស់​លោក!

បើ​ការ​ពន្យល់​ទាំង​នោះ​មើល​ទៅ​ពិបាក​ជឿ នោះ​អ្នក​អាច​យល់​អំពី​ការ​ពិបាក​របស់​មនុស្សជាតិ​ដើម្បី​យល់​រឿង​ទាំង​នោះ។ មនុស្សជាតិ​មិន​អាច​ដឹង​ថា​កំណត់​ហេតុ​គម្ពីរ​មួយ​ណា​ជា​តំណាង​អ្វី​មួយ​ដែល​ប្រសើរ​ជាង​នៅ​អនាគត ឬ​មួយ​ណា​មិន​មែន​ជា​តំណាង​អ្វី​មួយ​នោះ​ឡើយ។ ដូច្នេះ ជា​ការ​ល្អ តើ​យើង​គួរ​ធ្វើ​អ្វី? ពេល​បទ​គម្ពីរ​បង្រៀន​ថា​បុគ្គល​ម្នាក់ ព្រឹត្ដិការណ៍​មួយ ឬ​វត្ថុ​មួយ​ជា​តំណាង​អ្វី​មួយ​ដែល​ប្រសើរ​ជាង​នៅ​អនាគត យើង​នឹង​ទទួល​យក​ការ​ពន្យល់​នោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​គួរ​គិត​ថា​កំណត់​ហេតុ​គម្ពីរ​ណា​មួយ​មាន​អត្ថន័យ​ជា​និមិត្តរូប​ឡើយ បើ​គ្មាន​មូលហេតុ​ពី​គម្ពីរ​ឲ្យ​ធ្វើ​ដូច្នោះ។

ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ពី​ព័ត៌មាន​ល្អិត​ល្អន់​និង​កំណត់​ហេតុ​ដែល​យើង​អាន​ក្នុង​គម្ពីរ? សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) ប៉ូល​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សតវត្សរ៍​ទី១ ដោយ​ប្រាប់​ពួក​គេ​អំពី​ប្រយោជន៍​ដែល​ពួក​គេ​អាច​ទទួល​ពី​កំណត់​ហេតុ​គម្ពីរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ចាប់​តាំង​ពី​ពេល​នោះ​មក គ្រិស្ត​សាសនិក​ទាំង​អស់ ដែល​រួម​បញ្ចូល​«​ចៀម​ឯ​ទៀត​»​បាន​ទទួល​ប្រយោជន៍​ពី​មេរៀន​ដែល​មាន​នៅ​ក្នុង​បទ​គម្ពីរ។—យ៉ូហាន ១០:១៦; ធីម៉ូថេ​ទី២ ៣:១

ហេតុ​នេះ កំណត់​ហេតុ​គម្ពីរ​ភាគ​ច្រើន​មិន​គ្រាន់​តែ​ជាប់​ទាក់​ទង​នឹង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ​«​ចៀម​ឯ​ទៀត​»​ ឬ​គ្រិស្ត​សាសនិក​ក្នុង​អំឡុង​គ្រា​ណា​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ កំណត់​ហេតុ​គម្ពីរ​ភាគ​ច្រើន​បាន​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ ទាំង​នៅ​អតីតកាល​ទាំង​បច្ចុប្បន្នកាល។ ជា​ឧទាហរណ៍ ការ​រង​ទុក្ខ​របស់​យ៉ូប​មិន​គ្រាន់​តែ​ជា​តំណាង​ការ​រង​ទុក្ខ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១​របស់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​តំណាង​ការ​រង​ទុក្ខ​នៃ​រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​ដែរ។ ពួក​គេ​ទាំង​បុរស ទាំង​ស្ត្រី ទាំង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ទាំង​«​ចៀម​ឯ​ទៀត​»​បាន​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​កំណត់​ហេតុ​នោះ។ ពួក​គេ​បាន​«​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ហើយ​ក៏​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា​»។—យ៉ាកុប ៥:១១

ក្នុង​ក្រុម​ជំនុំ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ យើង​ឃើញ​មាន​បង​ស្រី​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ដែល​មាន​ភក្ដី​ភាព​ដូច​ដេបូរ៉ា និង​អ្នក​ចាស់​ទុំ​វ័យ​ក្មេង​ដែល​មាន​ប្រាជ្ញា​ដូច​អេលីហ៊ូវ។ យើង​ក៏​ឃើញ​បង​ប្អូន​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​ចិត្ត​ក្លាហាន​ស្រដៀង​នឹង​យែបថា ព្រម​ទាំង​បង​ប្អូន​ស្មោះ​ត្រង់​ដែល​មាន​ចិត្ត​អត់​ធ្មត់​ដូច​យ៉ូប។ យើង​មាន​ចិត្ត​ដឹង​គុណ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន​»​គឺ​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ ‹ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ›!

ដូច្នេះ​ដោយ​មាន​មូលហេតុ​ទាំង​នេះ យើង​មិន​គួរ​ព្យាយាម​រក​អត្ថន័យ​ជា​និមិត្តរូប ឬ​ការ​សម្រេច​នៅ​អនាគត​ក្នុង​គ្រប់​កំណត់​ហេតុ​គម្ពីរ​ឡើយ។ ផ្ទុយ​ទៅ​វិញ សព្វ​ថ្ងៃ​នេះ​សៀវភៅ​របស់​យើង​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​សេចក្ដី​បង្រៀន​ដ៏​សំខាន់​ពី​បទ​គម្ពីរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក