បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៦ ទំ. ២៧-៣២
  • ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី២
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​សូម​ផ្ដល់​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ​»​
  • ​«​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង​»​
  • ​«​សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»​
  • ​«​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​»​
  • ព្រះយេហូវ៉ាផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើងរាល់ថ្ងៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • «ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្ដឡើយ»
    ចូរចាំយាមចុះ!
  • ការទទួលជោគជ័យពីភាពទន់ខ្សោយជាមនុស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ការធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងល្អប្រសើរជាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៦ ទំ. ២៧-៣២

ចូរ​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​គំរូ ភាគ​ទី២

​«​បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ​»។—ម៉ាថាយ ៦:៨

តើ​អ្នក​ចាំ​ឬ​ទេ?

  • តើ​ការ​សុំ​«​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ​»​រួម​បញ្ចូល​អ្វី?

  • តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​«​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង​»​?

  • ពេល​យើង​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​«​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​»​ តើ​លោក​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

១​-​៣​. ហេតុ​អ្វី​បង​ស្រី​ម្នាក់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​គាត់​ត្រូវ​ការ?

ឡាណា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ម្នាក់​មិន​ដែល​ភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​ពេល​គាត់​បាន​ទៅ​លេង​ប្រទេស​អាល្លឺម៉ង់​នៅ​ឆ្នាំ​២០១២​ឡើយ។ គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ពីរ​របស់​គាត់។ កាល​ដែល​គាត់​នៅ​លើ​រថភ្លើង​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​អាកាសយានដ្ឋាន គាត់​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​រក​ឃើញ​បុគ្គល​ម្នាក់​ដើម្បី​គាត់​អាច​ផ្សព្វ​ផ្សាយ​ដល់​បុគ្គល​នោះ។ ពេល​គាត់​មក​ដល់​អាកាសយានដ្ឋាន គាត់​បាន​ឃើញ​ថា​ជើង​ហោះហើរ​របស់​គាត់​ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ស្អែក​វិញ។ បង​ឡាណា​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដោយ​សារ​គាត់​នៅ​សល់​លុយ​តែ​បន្ដិច​បន្តួច ហើយ​គាត់​ត្រូវ​ការ​កន្លែង​មួយ​ដើម្បី​ស្នាក់​នៅ​យប់​នោះ។

២ ពេល​បង​ឡាណា​បាន​បញ្ចប់​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ស្រាប់​តែ​គាត់​បាន​ឮ​មនុស្ស​ម្នាក់​និយាយ​ថា​៖ ​«​សួស្តី​ឡាណា ហេតុ​អ្វី​ឡាណា​នៅ​ទី​នេះ?​»។ អ្នក​ដែល​និយាយ​នោះ​គឺ​ជា​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ធ្លាប់​រៀន​នៅ​សាលា​ជា​មួយ​គាត់។ ពេល​នោះ បុរស​នោះ​នៅ​ជា​មួយ​នឹង​ម្ដាយ​និង​ជីដូន​របស់​គាត់​ដែល​មក​ដើម្បី​ជូន​ដំណើរ​បុរស​នោះ​ដោយ​សារ​គាត់​នឹង​ចាក​ចេញ​ទៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ពេល​បង​ឡាណា​បាន​ប្រាប់​ពួក​គេ​អំពី​ស្ថានភាព​របស់​គាត់ ម្ដាយ​និង​ជីដូន​របស់​បុរស​នោះ​បាន​អញ្ជើញ​បង​ឡាណា​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ។ ពួក​គេ​បាន​សួរសំណួរ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ជំនឿ​របស់​គាត់​និង​កិច្ច​ការ​ជា​អ្នក​ត្រួស​ត្រាយ។

៣ នៅ​ព្រឹក​បន្ទាប់ ក្រោយ​ពី​បរិភោគ​អាហារ​ពេល​ព្រឹក បង​ឡាណា​បាន​ឆ្លើយ​នឹង​សំណួរ​ថែម​ទៀត​របស់​ពួក​គេ​អំពី​គម្ពីរ។ បង​ឡាណា​បាន​សុំ​ពួក​គេ​នូវ​ព័ត៌មាន​សម្រាប់​ទាក់​ទង​ដើម្បី​ឲ្យ​អ្នក​ណា​ម្នាក់​អាច​បន្ត​ឆ្លើយ​សំណួរ​របស់​ពួក​គេ។ បង​ឡាណា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ហើយ​គាត់​នៅ​តែ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ដឹង​អំពី​អ្វី​ដែល​គាត់​ត្រូវ​ការ ហើយ​បាន​ជួយ​គាត់។—ទំនុក​តម្កើង ៦៥:២

យើង​មិន​ចាំ​បាច់​បារម្ភ​អំពី​សេចក្ដី​ត្រូវ​ការ​នៅ​អនាគត​ឡើយ

៤​. តើ​យើង​នឹង​ពិភាក្សា​សេចក្ដី​ត្រូវ​ការ​អ្វី​ខ្លះ?

៤ ពេល​មាន​បញ្ហា​កើត​ឡើង​ភ្លាម​ៗ យើង​ស្រួល​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​សប្បាយ​ចិត្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (​ទំនុក​តម្កើង ៣៤:១៥; សុភាសិត ១៥:៨​) ប៉ុន្តែ សេចក្ដី​អធិដ្ឋាន​គំរូ​របស់​លោក​យេស៊ូ​បង្រៀន​យើង​ថា​មាន​សេចក្ដី​ត្រូវ​ការ​ផ្សេង​ៗ​ដ៏​សំខាន់​ជាង​ដែល​យើង​ត្រូវ​អធិដ្ឋាន​សុំ។ នៅ​អត្ថបទ​នេះ យើង​នឹង​ពិភាក្សា​អំពី​របៀប​ដែល​សំណូម​ពរ​ទាំង​បួន​ចុង​ក្រោយ​នៃ​សេចក្ដី​អធិដ្ឋាន​គំរូ​អាច​ជួយ​យើង​ឲ្យ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។—សូម​អាន ម៉ាថាយ ៦:១១​-​១៣

​«​សូម​ផ្ដល់​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ​»​

៥, ៦​. ហេតុ​អ្វី​លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​សុំ​«​អាហារ​ដែល​យើង​ត្រូវ​ការ​»​ ទោះ​ជា​យើង​មាន​អាហារ​បរិបូរ​ក៏​ដោយ?

៥ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​សុំ​«​អាហារ​ដែល​យើង​ត្រូវ​ការ​»​ មិន​គ្រាន់​តែ​«​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​»​ប៉ុណ្ណោះ​ទេ។ នៅ​ប្រទេស​អាហ្វ្រិក បង​ប្រុស​វីកទឺរ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​ពន្យល់​ថា​៖ ​«​ជា​រឿយ​ៗ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ដែល​ប្រពន្ធ​របស់​ខ្ញុំ​និង​ខ្ញុំ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ម្ហូប​អាហារ ហើយ​ក៏​មិន​ចាំ​បាច់​បារម្ភ​អំពី​អ្នក​ណា​នឹង​បង់​ថ្លៃ​ជួល​ផ្ទះ​ឲ្យ​យើង​ដែរ។ រាល់​ថ្ងៃ​បង​ប្អូន​របស់​យើង​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ថែ​រក្សា​យើង។ ប៉ុន្តែ​ខ្ញុំ​ក៏​អធិដ្ឋាន​ឲ្យ​ពួក​អ្នក​ដែល​កំពុង​ជួយ​យើង​ដែរ​ដើម្បី​ពួក​គេ​អាច​ចិញ្ចឹម​ជីវិត​បាន​ទោះ​ជា​មាន​បញ្ហា​សេដ្ឋកិច្ច​ក៏​ដោយ​»។

៦ យើង​ប្រហែល​ជា​មាន​អាហារ​បរិបូរ ប៉ុន្តែ​បង​ប្អូន​ជា​ច្រើន​របស់​យើង​ក្រី​ក្រ។ ម្យ៉ាង​ទៀត បង​ប្អូន​ខ្លះ​បាន​រង​ទុក្ខ​លំបាក​ដោយ​សារ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ។ យើង​មិន​ត្រឹម​តែ​អាច​អធិដ្ឋាន​ឲ្យ​ពួក​គាត់ តែ​យើង​ក៏​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ពួក​គាត់​បាន​ដែរ។ ជា​ឧទាហរណ៍ យើង​អាច​ចែក​រំលែក​អ្វី​ដែល​យើង​មាន​ឲ្យ​ពួក​គាត់។ យើង​ក៏​អាច​ដាក់​វិភាគ​ទាន​ជា​ទៀង​ទាត់​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​ដែរ។ យើង​ដឹង​ថា​វិភាគ​ទាន​របស់​យើង​អាច​ជួយ​បង​ប្អូន​របស់​យើង​ដែល​ត្រូវ​ការ​ជំនួយ។—យ៉ូហាន​ទី១ ៣:១៧

៧​. តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​បង្រៀន​ថា​យើង​មិន​គួរ​«​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ​»​?

៧ ក្រោយ​ពី​លោក​យេស៊ូ​បាន​បង្រៀន​សេចក្ដី​អធិដ្ឋាន​គំរូ លោក​បាន​បង្រៀន​យើង​មិន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​វត្ថុ​ទ្រព្យ។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​ផ្កា​ព្រៃ លោក​«​នឹង​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​មាន​ជំនឿ​តិច មែន​ទេ? ដូច្នេះ កុំ​ខ្វល់​ខ្វាយ​ឲ្យ​សោះ​ថា​៖ . . . ‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?›​»។ ក្រោយ​មក លោក​បាន​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ​»។ (​ម៉ាថាយ ៦:៣០​-​៣៤​) យើង​មិន​ចាំ​បាច់​បារម្ភ​អំពី​សេចក្ដី​ត្រូវ​ការ​នៅ​អនាគត​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ជា​រៀង​រាល់​ថ្ងៃ។ ជា​ឧទាហរណ៍ យើង​អាច​អធិដ្ឋាន​សុំ​កន្លែង​ដើម្បី​រស់​នៅ ការ​ងារ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​របស់​យើង និង​ប្រាជ្ញា​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​អំពី​សុខភាព​របស់​យើង។ ប៉ុន្តែ មាន​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​ដែល​យើង​ត្រូវ​អធិដ្ឋាន​សុំ។

៨​. តើ​ពាក្យ​របស់​លោក​យេស៊ូ​ស្តី​អំពី​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៨ ពាក្យ​របស់​លោក​យេស៊ូ​អំពី​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ពាក្យ​មួយ​ទៀត​របស់​លោក ដែល​ថា​៖ ​«​មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​ព្រះ​យេហូវ៉ា​មក​»។ (​ម៉ាថាយ ៤:៤​) ដូច្នេះ យើង​គួរ​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​បន្ត​បង្រៀន​យើង​និង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​នៅ​ជិត​ស្និទ្ធ​នឹង​លោក។

​«​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង​»​

៩​. ហេតុ​អ្វី​អំពើ​ខុស​ឆ្គង​របស់​យើង​គឺ​ប្រៀប​ដូច​ជា​បំណុល?

៩ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង[​ឬ​តាម​កំណត់​សម្គាល់ លុប​បំណុល​របស់​យើង​ចោល​]​»។ (​ម៉ាថាយ ៦:១២; លូកា ១១:៤​) អំពើ​ខុស​ឆ្គង​របស់​យើង​គឺ​ប្រៀប​ដូច​ជា​បំណុល។ នៅ​ឆ្នាំ​១៩៥១ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ពន្យល់​ថា ពេល​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គឺ​ប្រៀប​ដូច​ជា​យើង​ជំពាក់​បំណុល​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ស្ដាប់​បង្គាប់​លោក។ ដូច្នេះ ពេល​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ យើង​មិន​បាន​ជូន​លោក​នូវ​អ្វី​ដែល​យើង​ត្រូវ​ជូន​លោក​ឡើយ។ ទស្សនាវដ្ដី​ប៉ម​យាម​នោះ​បាន​ពន្យល់​ថា បើ​ព្រះ​យេហូវ៉ា​ចង់​ធ្វើ លោក​អាច​ឈប់​រាប់​យើង​ជា​មិត្ត​របស់​លោក ហើយ​បាន​បន្ថែម​ទៀត​ថា​៖ ​«​កាល​ណា​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​យើង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ទេ​»។—យ៉ូហាន​ទី១ ៥:៣

ចូរ​អរគុណ​ព្រះ​យេហូវ៉ា​ជា​និច្ច ចំពោះ​ថ្លៃ​លោះ​ដែល​ជា​អំណោយ ដ៏​មាន​តម្លៃ

១០​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង ហើយ​តើ​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា?

១០ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ណាស់​ដែល​លោក​បាន​ផ្ដល់​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​ដើម្បី​លោក​អាច​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង! ជា​រៀង​រាល់​ថ្ងៃ យើង​ត្រូវ​ការ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ ជិត​២.០០០​ឆ្នាំ​មុន លោក​យេស៊ូ​បាន​ស្លាប់​ដើម្បី​យើង ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នោះ។ យើង​គួរ​អរគុណ​ព្រះ​យេហូវ៉ា​ជា​និច្ច​ចំពោះ​អំណោយ​ដ៏​មាន​តម្លៃ​នេះ។ គ្មាន​យើង​ណា​ម្នាក់​អាច​បង់​ថ្លៃ​លោះ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រំដោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​នោះ​ទេ។ (​សូម​អាន ទំនុក​តម្កើង ៤៩:៧​-​៩; ពេត្រុស​ទី១ ១:១៨, ១៩​) ពាក្យ​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ​ដែល​ថា​«​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង​»​រំលឹក​យើង​ថា ដូច​យើង​ត្រូវ​ការ​ថ្លៃ​លោះ នោះ​បង​ប្អូន​របស់​យើង​ក៏​ត្រូវ​ការ​ថ្លៃ​លោះ​ដែរ។ ព្រះ​យេហូវ៉ា​ក៏​ចង់​ឲ្យ​យើង​គិត​អំពី​ពួក​គាត់​និង​អំពី​ចំណង​មិត្តភាព​របស់​ពួក​គាត់​ជា​មួយ​នឹង​លោក​ដែរ។ នេះ​រួម​បញ្ចូល​ការ​ឆាប់​អភ័យ​ទោស​ឲ្យ​ពួក​គាត់​ពេល​ពួក​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​យើង។ ធម្មតា​អំពើ​ខុស​ឆ្គង​ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​កំហុស​តូច​តាច​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​យើង​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​យើង យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គាត់។ យើង​ក៏​បង្ហាញ​ដែរ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​អភ័យ​ទោស​ឲ្យ​យើង។—កូឡុស ៣:១៣

១១​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

១១ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជួន​កាល​យើង​ប្រហែល​ជា​ពិបាក​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ (​លេវីវិន័យ ១៩:១៨​) បើ​យើង​ចាប់​ផ្ដើម​និយាយ​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​ចំពោះ​យើង បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​កាន់​ជើង​យើង ហើយ​នេះ​នឹង​ប៉ះពាល់​ដល់​សាមគ្គី​ភាព​របស់​ក្រុម​ជំនុំ។ បើ​យើង​ឲ្យ​ស្ថានភាព​នោះ​បន្ត​កើត​ឡើង នោះ​បង្ហាញ​ថា​យើង​មិន​ឲ្យ​តម្លៃ​ចំពោះ​ថ្លៃ​លោះ​ដែល​ជា​អំណោយ​ពី​ព្រះ ហើយ​យើង​នឹង​មិន​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នោះ​ឡើយ។ (​ម៉ាថាយ ១៨:៣៥​) ពេល​យើង​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ព្រះ​យេហូវ៉ា​ក៏​មិន​អាច​អភ័យ​ទោស​ឲ្យ​យើង​ដែរ។ (​សូម​អាន ម៉ាថាយ ៦:១៤, ១៥​) ម្យ៉ាង​ទៀត បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង នោះ​យើង​មិន​ត្រូវ​បន្ត​ធ្វើ​អ្វី​ដែល​លោក​ស្អប់​ឡើយ។—យ៉ូហាន​ទី១ ៣:៤, ៦

​«​សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»​

១២, ១៣​. (​ក​) តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​លោក​យេស៊ូ​ក្រោយ​ពី​លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក? (​ខ​) ហេតុ​អ្វី​យើង​មិន​គួរ​បន្ទោស​អ្នក​ឯ​ទៀត បើ​យើង​ចុះ​ចាញ់​ការ​ល្បួង? (​គ​) តើ​លោក​យេស៊ូ​បាន​បង្ហាញ​អ្វី​ពេល​លោក​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់?

១២ ពាក្យ​នៃ​សេចក្ដី​អធិដ្ឋាន​គំរូ​ដែល​ថា​«​សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»​រំលឹក​យើង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​យេស៊ូ​មិន​យូរ​ក្រោយ​ពី​លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ សកម្មពល​របស់​ព្រះ​បាន​នាំ​លោក​ទៅ​តំបន់​ស្ងាត់​ជ្រងំ ​«​ហើយ​មេ​កំណាច​បាន​ល្បួង​លោក​»។ (​ម៉ាថាយ ៤:១; ៦:១៣​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ស្ថានភាព​នោះ​កើត​ឡើង? ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​បណ្ដាល​មក​ពី​អាដាម​និង​អេវ៉ា​បាន​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ការ​បះបោរ​របស់​ពួក​គេ​បាន​លើក​ឡើង​នូវ​សំណួរ​ផ្សេង​ៗ​ដែល​ត្រូវ​ការ​ពេល​ដើម្បី​ឆ្លើយ ជា​ឧទាហរណ៍ តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្សជាតិ​ឲ្យ​មាន​គុណ​វិបត្ដិ​ណា​មួយ​ឬ? ពេល​មាន​ការ​ល្បួង​ពី​«​មេ​កំណាច​»​ តើ​មនុស្ស​ល្អ​ឥត​ខ្ចោះ​អាច​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ឬ​ទេ? ប្រសិនបើ​មនុស្ស​ធ្វើ​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ដោយ​គ្មាន​ព្រះ​គ្រប់​គ្រង​លើ​ពួក​គេ តើ​នោះ​នឹង​ប្រសើរ​ជាង​ឬ​ទេ? (​លោកុប្បត្តិ ៣:៤, ៥​) នៅ​អនាគត ពេល​សំណួរ​ទាំង​អស់​នេះ​នឹង​ត្រូវ​ឆ្លើយដល់​កម្រិត​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត បុគ្គល​គ្រប់​រូប​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​ដឹង​ថា​របៀប​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត។

យើង​អាច​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​បាន សូម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាង​ខ្លាំង​ក៏​ដោយ

១៣ ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ ដូច្នេះ​លោក​មិន​ដែល​ល្បួង​អ្នក​ណា​ម្នាក់​ដោយ​សេចក្ដី​អាក្រក់​ទេ។ ប៉ុន្តែ​គឺ​សាថាន​ទេ​ដែល​ជា​«​មេ​ល្បួង​»។ (​ម៉ាថាយ ៤:៣​) សាថាន​ព្យាយាម​ល្បួង​យើង​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ ប៉ុន្តែ​យើង​មាន​ជម្រើស។ យើង​ម្នាក់​ៗ​អាច​សម្រេច​ចិត្ត​ថា​តយុទ្ធ​នឹង​ការ​ល្បួង​ឬ​ក៏​មិន​តយុទ្ធ។ (​សូម​អាន យ៉ាកុប ១:១៣​-​១៥​) ពេល​សាថាន​ល្បួង​លោក​យេស៊ូ ភ្លាម​ៗ​លោក​បាន​បដិសេធ​វា​ដោយ​ដក​ស្រង់​ពាក្យ​ពី​បណ្ដាំ​របស់​ព្រះ។ លោក​យេស៊ូ​បាន​ស្មោះ​ត្រង់​នឹង​ព្រះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ សាថាន​មិន​បាន​ឈប់​ព្យាយាម​នោះ​ទេ។ វា​បាន​រង់​ចាំ​«​រហូត​ដល់​មាន​ឱកាស​ល្អ​មួយ​ទៀត​»​ដើម្បី​ល្បួង​លោក​យេស៊ូ។ (​លូកា ៤:១៣​) ប៉ុន្តែ​ទោះ​ជា​សាថាន​បាន​ធ្វើ​អ្វី​ក៏​ដោយ លោក​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង​របស់​លោក​ជា​និច្ច។ លោក​បាន​បង្ហាញ​ថា​មនុស្ស​ល្អ​ឥត​ខ្ចោះ​អាច​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​បាន សូម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាង​ខ្លាំង​ក៏​ដោយ។ ប៉ុន្តែ សាថាន​ព្យាយាម​ល្បួង​អ្នក​កាន់​តាម​លោក​យេស៊ូ​រួម​ទាំង​អ្នក​ដើម្បី​មិន​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​នៅ​ស្មោះ​ត្រង់​នឹង​លោក​បាន ហើយ​លោក​ចង់​ជួយ​យើង

១៤​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​តយុទ្ធ​នឹង​សេចក្ដី​ល្បួង?

១៤ សំណួរ​ដែល​បាន​លើក​ឡើង​អំពី​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​មិន​ទាន់​ឆ្លើយ​នៅ​ឡើយ។ ដូច្នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាថាន​ល្បួង​យើង។ ព្រះ​យេហូវ៉ា​មិន​«​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។ តាម​ពិត លោក​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​នៅ​ស្មោះ​ត្រង់​នឹង​លោក​បាន ហើយ​លោក​ចង់​ជួយ​យើង។ ប៉ុន្តែ លោក​មិន​ដែល​បង្ខំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ទេ។ លោក​ឲ្យ​យើង​មាន​ចិត្ត​សេរី។ ដូច្នេះ​លោក​អនុញ្ញាត​ឲ្យ​យើង​សម្រេច​ចិត្ត​ដោយ​ខ្លួន​យើង​ថាយើង​នឹង​ស្មោះ​ត្រង់​ចំពោះ​លោក ឬ​មិន​ស្មោះ​ត្រង់។ ដើម្បី​កុំ​ឲ្យ​ចុះ​ចាញ់​សេចក្ដី​ល្បួង យើង​ត្រូវ​ធ្វើ​អ្វី​ពីរ​យ៉ាង គឺ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ហើយ​បន្ត​អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក។ តើ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង​យ៉ាង​ដូច​ម្ដេច​ដើម្បី​តយុទ្ធ​នឹង​សេចក្ដី​ល្បួង?

១៥, ១៦​. (​ក​) តើ​យើង​ត្រូវ​តយុទ្ធ​នឹង​សេចក្ដី​ល្បួង​ណា​ខ្លះ? (​ខ​) បើ​យើង​ចុះ​ចាញ់​សេចក្ដី​ល្បួង តើ​យើង​គួរ​បន្ទោស​អ្នក​ណា?

១៥ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​ជួយ​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​សេចក្ដី​ល្បួង​របស់​សាថាន។ ព្រះ​យេហូវ៉ា​ក៏​បាន​ផ្ដល់​ឲ្យ​យើង​ដែរ​នូវ​គម្ពីរ​និង​ក្រុម​ជំនុំ​ដើម្បី​ព្រមាន​យើង​អំពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ ជា​ឧទាហរណ៍ លោក​ព្រមាន​យើង​មិន​ឲ្យ​ចំណាយ​ពេល​វេលា លុយ និង​កម្លាំង​ច្រើន​ពេក​ទៅ​លើ​អ្វី​ដែល​យើង​មិន​សូវ​ត្រូវ​ការ។ បង​ប្រុស​អេស្ពិន​និង​បង​ស្រី​យ៉ានណា​រស់​នៅ​ក្នុង​ប្រទេស​អ្នក​មាន​នៅ​ទ្វីប​អឺរ៉ុប។ អស់​ជា​ច្រើន​ឆ្នាំ ពួក​គាត់​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ប្រទេស​នោះ​ក្នុង​តំបន់​មួយ​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ។ ពេល​ពួក​គាត់​មាន​កូន ពួក​គាត់​បាន​ឈប់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ឥឡូវ​ពួក​គាត់​មាន​កូន​ពីរ​នាក់។ បង​អេស្ពិន​និយាយ​ថា​៖ ​«​ជា​ញឹក​ញាប់ យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​កុំ​ឲ្យ​យើង​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ល្បួង ដោយ​សារ​នៅ​ឥឡូវ​នេះ​យើង​មិន​អាច​ចំណាយ​ពេល​ច្រើន​ក្នុង​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ​ដូច​ពី​មុន​បាន​ឡើយ។ យើង​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​រក្សា​ជំនឿ​មាំ​មួន​និង​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។

១៦ សេចក្ដី​ល្បួង​មួយ​ទៀត​ដែល​យើង​ត្រូវ​តយុទ្ធ​នោះ​គឺ​ការ​មើល​រូប​អាសអាភាស។ បើ​យើង​ចុះ​ចាញ់​សេចក្ដី​ល្បួង​នេះ យើង​មិន​អាច​បន្ទោស​សាថាន​បាន​ទេ។ ហេតុ​អ្វី? ដោយ​សារ​សាថាន​និង​ពិភព​លោក​របស់​វា​មិន​អាច​បង្ខំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​បាន​ឡើយ។ មនុស្ស​ខ្លះ​មើល​រូប​អាសអាភាស​ដោយ​សារ​ពួក​គេ​មិន​បាន​បោះ​បង់​ចោល​គំនិត​មិន​ត្រឹម​ត្រូវ។ ប៉ុន្តែ បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​បាន​តយុទ្ធ​នឹង​សេចក្ដី​ល្បួង​នេះ ហើយ​យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។—កូរិនថូស​ទី១ ១០:១២, ១៣

​«​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​»​

១៧​. (​ក​) តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​«​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​»​? (​ខ​) ហេតុ​អ្វី​មិន​យូរ​ទៀត​យើង​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត?

១៧ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​«​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​»​? គឺ​យើង​មិន​ត្រូវ​«​រួម​ចំណែក​ក្នុង​ពិភព​លោក​»​ ហើយ​មិន​ត្រូវ​«​ស្រឡាញ់​ពិភព​លោក​នេះ ឬ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​ឡើយ​»។ (​យ៉ូហាន ១៥:១៩; យ៉ូហាន​ទី១ ២:១៥​-​១៧​) យើង​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត​ណាស់ ពេល​ព្រះ​យេហូវ៉ា​ដក​សាថាន​ចេញ ហើយ​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ! ប៉ុន្តែ​ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​ចាំ​ថា​សាថាន​«​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។ វា​នឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដែល​វា​អាច​ធ្វើ​បាន​ដើម្បី​បញ្ឈប់​យើង​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ យើង​ត្រូវ​បន្ត​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ការពារ​យើង​ពី​សាថាន។—ការ​បើក​បង្ហាញ ១២:១២, ១៧

១៨​. បើ​យើង​ចង់​រួច​ជីវិត​នៅ​ទី​បញ្ចប់​នៃ​ពិភព​លោក​របស់​សាថាន តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៨ តើ​អ្នក​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្មាន​សាថាន​ឬ​ទេ? បើ​ដូច្នេះ ចូរ​បន្ត​អធិដ្ឋាន​សុំ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ សុំ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ ហើយ​សុំ​ឲ្យ​គោល​បំណង​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី។ ចូរ​ពឹង​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច​ឲ្យ​លោក​ថែ​រក្សា​អ្នក ហើយ​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​នៅ​ស្មោះ​ត្រង់​នឹង​លោក។ ចូរ​ធ្វើ​អ្វី​ទាំង​អស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​គំរូ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក